ជំពូក ១៨

1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ 2 «ចូរប្រកាសដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយប្រាប់ពួកគេថា «យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ 3 អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តនូវអំពើដែលជនជាតិអេស៊ីបធ្លាប់ប្រព្រឹត្ត នៅក្នុងស្រុកដែលអ្នករាល់គ្នារស់នៅឡើយ។ អ្នករាល់គ្នាក៏មិនត្រូវប្រព្រឹត្តដូចជនជាតិកាណាននៅក្នុងស្រុក ដែលយើងនឹងនាំអ្នករាល់គ្នាចូលទៅរស់នៅដែរ។ កុំកាន់តាមច្បាប់របស់ពួកគេឡើយ។ 4 ច្បាប់របស់យើងដែលអ្នករាល់គ្នាត្រូវប្រកាន់ភ្ជាប់ ហើយបញ្ជារបស់យើងអ្នករាល់គ្នាត្រូវរក្សា ដូច្នេះ អ្នករាល់គ្នាត្រូវដើរក្នុងសេចក្តីដែលយើងបានបង្គាប់មក ពីព្រោះយើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ 5 អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង។ អ្នកប្រតិបត្តិតាមនឹងមានជីវិតដោយសារច្បាប់ និងវិន័យទាំងនោះ។ ព្រោះយើងជាព្រះអម្ចាស់។ 6 ក្នុងចំណោមអ្នករាល់គ្នាមិនត្រូវឲ្យមានអ្នកណាម្នាក់រួមរ័កជាមួយសាច់ញាតិរបស់ខ្លួនឡើយ។ យើងជាព្រះអម្ចាស់។ 7 មិនត្រូវបង្អាប់កិត្តិយសឪពុកអ្នក ដោយរួមដំណេកជាមួយម្តាយរបស់អ្នកឡើយ។ គាត់ជាម្តាយរបស់អ្នក! អ្នកមិនត្រូវបង្អាប់កិត្តិយសរបស់គាត់ទេ។ 8 ក៏មិនត្រូវរួមដំណេកជាមួយប្រពន្ធរបស់ឪពុកអ្នកដែរ អ្នករាល់គ្នាមិនត្រូវបង្អាប់កិត្តិយសឪពុករបស់អ្នកដោយប្រព្រឹត្តរបៀបដូច្នេះទេ។ 9 មិនត្រូវរួមដំណេកជាមួយបងស្រី ឬប្អូនស្រីរបស់អ្នកឡើយ ទោះបីនាងជាបងប្អូនរួមឪពុកតែមួយ ឬជាបងប្អូនរួមម្តាយក្តី ទោះបីនាងជាកូនមានខាន់ស្លា ឬអត់ខាន់ស្លាក្តី។ អ្នករាល់គ្នាមិនត្រូវរួមដំណេកជាមួយបងឬប្អូនស្រីរបស់អ្នកឡើយ។ 10 កុំរួមដំណេកជាមួយកូនស្រីរបស់កូនប្រុសអ្នកឡើយ ក៏មិនត្រូវជាមួយកូនស្រីរបស់កូនស្រីអ្នកដែរ។ ធ្វើដូច្នេះអ្នកនឹងបន្ថោកខ្លួនរបស់អ្នក។ 11 កុំរួមដំណេកជាមួយកូនស្រីរបស់ប្រពន្ធឪពុកអ្នកឡើយ នាងជាកូនស្រីរបស់ឪពុកអ្នកដែរ។ នាងគឺជាបងប្អូនស្រីរបស់អ្នក ដូច្នេះ អ្នកមិនត្រូវរួមដំណេកជាមួយនាងគេទេ។ 12 កុំរួមដំណេកជាមួយបង ឬប្អូនស្រីរបស់ឪពុកអ្នកឡើយ។ គាត់ជាសាច់ញាតិជិតដិតរបស់ឪពុកអ្នក។ 13 កុំរួមដំណេកជាមួយបង ឬប្អូនស្រីម្តាយរបស់អ្នកឡើយ។ គាត់ជាសាច់ញាតិជិតដិតរបស់ម្តាយអ្នក។ 14 កុំបន្ថោកបង ឬប្អូនប្រុសឪពុករបស់អ្នក ដោយរួមដំណេកជាមួយប្រពន្ធរបស់គាត់ឡើយ។ កុំចូលក្បែរគាត់ដោយគោលបំណងបែបនោះឡើយ ព្រោះគាត់ជាម្តាយមីងរបស់អ្នក។ 15 កុំរួមដំណេកជាមួយកូនប្រសារស្រីរបស់អ្នកឡើយ។ នាងជាប្រពន្ធកូនប្រុសរបស់អ្នក។ 16 កុំរួមដំណេកជាមួយប្រពន្ធបងប្រុស ឬប្អូនប្រុសរបស់អ្នកឡើយ កុំបន្ថោកគាត់ដោយប្រព្រឹត្តរបៀបនេះឡើយ។ 17 មិនត្រូវរួមដំណេកជាមួយម្តាយផង កូនស្រីផងនោះទេ ឬមិនត្រូវរួមដំណេកជាមួយចៅស្រីជាកូនរបស់កូនស្រី ឬកូនប្រុសរបស់អ្នកឡើយ។ 18 នៅពេលប្រពន្ធរបស់អ្នកនៅមានជីវិតរស់នៅនៅឡើយ អ្នកមិនត្រូវរៀបការជាមួយបងថ្លៃ ឬប្អូនថ្លៃស្រីរបស់អ្នកនិងមិនត្រូវរួមដំណេកជាមួយនាងឡើយ។ 19 កុំរួមដំណេកជាមួយស្រ្តីដែលកំពុងមានរដូវឡើយ។ នាងជាមនុស្សមិនបរិសុទ្ធក្នុងកំឡុងពេលនោះ។ 20 កុំរួមដំណេកជាមួយប្រពន្ធអ្នកជិតខាង ដែលនាំឲ្យខ្លួនរបស់អ្នកទៅជាសៅហ្មងជាមួយនាងឡើយ។ 21 មិនត្រូវយកកូនរបស់អ្នកទៅដុតក្នុងភ្លើងឡើយ ធ្វើដូច្នេះគឺអ្នកយកពួកគេធ្វើជាយញ្ញបូជាថ្វាយដល់ព្រះម៉ាឡុក ព្រោះអ្នកមិនត្រូវបង្អាប់ព្រះនាមនៃព្រះរបស់អ្នកឡើយ។ យើងគឺជាព្រះអម្ចាស់។ 22 មិនត្រូវរួមដំណេកជាមួយមនុស្សប្រុសដូចគ្នា ដូចរួមដំណេកជាមួយមនុស្សស្រីឡើយ។ 23 មិនត្រូវរួមរ័កជាមួយសត្វធាតុ ដែលនាំឲ្យខ្លួនរបស់អ្នកទៅជាសៅហ្មងឡើយ។ ហើយមនុស្សស្រីក៏មិនត្រូវរួមរ័កជាមួយសត្វដែរ។ ព្រោះវាជាអំពើដ៏ថោកទាបបំផុត។ 24 មិនត្រូវបណ្តោយឲ្យខ្លួនរបស់អ្នកទៅជាសៅហ្មង ដោយសារអំពើណាមួយ ក្នុងចំណោមអំពើអស់ទាំងនោះ ដ្បិតយើងបានបណ្តេញប្រជាជាតិទាំងឡាយចេញពីមុខអ្នករាល់គ្នា។ 25 ដីបានក្លាយទៅជាសៅហ្មង ដូច្នេះហើយបានជាយើងដាក់ទោសពួកគេ ធ្វើឲ្យពួកគេខ្ចាត់ខ្ចាយចេញពីទឹកដីរបស់ខ្លួន។ 26 អ្នករាល់គ្នាត្រូវប្រតិបត្តិតាមច្បាប់ និងវិន័យរបស់យើង ហើយអ្នករាល់គ្នាមិនត្រូវប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងអស់នោះឡើយ ទោះបីអ្នករាល់គ្នាដែលជាម្ចាស់ស្រុក ទោះបីជាជនបរទេសដែលរស់នៅក្នុងចំណោមអ្នករាល់ក្តី។ 27 នេះគឺជាអំពើអាក្រក់ដែលប្រជាជននៅក្នុងស្រុកនោះបានប្រព្រឹត្ត ដែលនាំឲ្យទឹកដីទៅជាសៅហ្មង។ 28 ដូច្នេះ ចូរប្រុងប្រយ័ត្ន នោះទឹកដីនឹងមិនត្រូវសៅហ្មងទេ ហើយអ្នករាល់គ្នាក៏មិនត្រូវខ្ចាត់ខ្ចាយចេញពីទឹកដី ដូចជាតិសាសន៍ដែលនៅមុនអ្នករាល់គ្នាដែរ។ 29 អ្នកណាដែលប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយ ក្នុងចំណោមអំពើទាំងនោះ ត្រូវដកចេញពីចំណោមប្រជាជនរបស់គេ។ 30 អ្នករាល់គ្នាត្រូវរក្សាបទបញ្ជារបស់យើង មិនត្រូវប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយ ដូចដែលអ្នករស់នៅក្នុងស្រុកនេះពីមុនធ្លាប់ប្រព្រឹត្តនោះឡើយ ដូច្នេះ អ្នករាល់គ្នានឹងមិនត្រូវសៅហ្មងដោយសារអំពើទាំងនោះទេ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។