ជំពូក ២០

1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ 2 «ចូរប្រាប់ទៅជនជាតិអ៊ីស្រាអែលទាំងអស់ថាៈ «ប្រសិនបើជនជាតិអ៊ីស្រាអែលណាម្នាក់ ឬជនបរទេសណាម្នាក់ដែលរស់ក្នុងចំណោមអ្នករាល់ប្រគល់កូនប្រុស ឬកូនស្រីរបស់ពួកគេឲ្យគេយកជាសែនព្រះម៉ាឡុក គឺអ្នកនោះត្រូវទទួលទោសដល់ស្លាប់។ មនុស្សទាំងអស់ត្រូវគប់សម្លាប់គេនឹងដុំថ្ម។ 3 រីឯយើង យើងនឹងប្រឆាំងនឹងបុរសនោះ ហើយនឹងកាត់គេចេញពីចំណោមប្រជាជនរបស់គេ ដ្បិត គេបានប្រគល់កូនចៅរបស់គេទៅឲ្យព្រះម៉ូឡុក ដែលនាំឲ្យទីសក្ការៈរបស់យើងទៅជាសៅហ្មង​ ហើយបន្ថោកនាមដ៏វិសុទ្ធរបស់យើង។ 4 ប្រសិនបើ ប្រជាជននៅក្នុងស្រុកធ្វើមិនដឹងមិនឮរឿងដែលបុរសនោះ យកកូនចៅរបស់ខ្លួនទៅអោយព្រះម៉ាឡុក ហើយពួកគេមិនសម្លាប់បុរសនោះទេ 5 នោះយើងនឹងប្រឆាំងនឹងបុរសនោះព្រមទាំងអំបូររបស់គេ ហើយយើងនឹងកាត់បុរសនោះចេញពីប្រជាជាតិរបស់គេ ព្រមទាំងអស់អ្នកដែលបណ្តោយខ្លួនប្រព្រឹត្តពេស្យាជាមួយព្រះម៉ាឡុកដូចបុរសនោះដែរ។ 6 នរណាដែលទៅរកអ្នកដែលអន្ទងមនុស្សស្លាប់ ឬអន្ទងព្រលឹងមនុស្សស្លាប់ អ្នកនោះបានប្រព្រឹត្តខ្លួនពេស្យាចារជាមួយអំពើទាំងនោះ យើងនឹងប្រឆាំងនឹងពួកគេ យើងនឹងកាត់គេចេញពីចំណោមប្រជាជាតិរបស់គេ។ 7 ដូច្នេះ អ្នករាល់គ្នាត្រូវញែកខ្លួនរបស់អ្នករាល់គ្នាឲ្យបានវិសុទ្ធ ដើម្បីជាប្រជាជនដ៏វិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ 8 ត្រូវប្រកាន់ និងប្រតិបត្តិតាមច្បាប់របស់យើង។ យើងជាព្រះអម្ចាស់ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។ 9 នរណាដែលជេរប្រមាថឪពុក ម្តាយរបស់ខ្លួន នឹងត្រូវទទួលទោសដល់ស្លាប់។ អ្នកនោះត្រូវទទួលខុសត្រូវលើការស្លាប់របស់គេ ព្រោះគេបានជេរប្រមាថឪពុក​ម្តាយរបស់គេ។ 10 បុរសណាដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយស្ត្រីដែលមានប្តីហើយ គឺគេបានប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធអ្នកជិតខាងរបស់ខ្លួន អ្នកទាំងពីរ៖ ទាំងបុរស ទាំងស្រ្តី ដែលប្រព្រឹត្តអំពើផិតក្បត់នោះ ត្រូវទទួលទោសដល់ស្លាប់។ 11 បុរសដែលរួមដំណេកជាមួយប្រពន្ធចុងឪពុករបស់ខ្លួន គឺគេបានបន្ថោកកិត្តិយសឪពុករបស់គេ ដោយបានរួមដំណេកជាមួយនាង។ អ្នកទាំងពីរ ទាំងបុរសនោះ ទាំងស្រ្តីជាប្រពន្ធចុង ត្រូវទទួលទោសដល់ស្លាប់។ ពួកគេត្រូវទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ 12 ប្រសិនបើ បុរសណាម្នាក់រួមដំណេកជាមួយកូនប្រសារស្រីរបស់ខ្លួន គេទាំងពីរនាក់ត្រូវទទួលទោសដល់ស្លាប់។ ពួកគេបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើម។ ពួកគេត្រូវទទួលខុសត្រូវលើសេចក្តីស្លាប់របស់ខ្លួន។ 13 ប្រសិនបើ មនុស្សណាម្នាក់រួមដំណេកជាមួយប្រុសដូចគ្នា ដូចជាការរួមដំណេកជាមួយស្រ្តី ពួកគេទាំងពីរបានប្រព្រឹត្តអំពើដ៏គួរស្អប់ខ្ពើម។ ពួកគេត្រូវទទួលទោសដល់ស្លាប់។ 14 ប្រសិនបើបុរសម្នាក់រៀបការកូនស្រីផង រៀបការជាមួយម្តាយផង នេះជារឿងដ៏ថោកទាប។ ពួកគេត្រូវដុតសម្លាប់ ទាំងបុរសនោះ និងស្ត្រីទាំងពីរនាក់ ដូច្នេះនឹងមិនឮមានអំពើដ៏ថោកទាបក្នុងចំណោមអ្នករាល់គ្នាទេ។ 15 ប្រសិនបើ បុរសណាម្នាក់ដេកជាមួយសត្វចតុបាត បុរសនោះត្រូវទទួលទោសដល់ស្លាប់ ហើយអ្នករាល់គ្នាត្រូវសម្លាប់នោះចោល។ ប្រសិនបើ ស្ត្រីណាម្នាក់រួមរ័ក្សជាមួយសត្វ ត្រូវសម្លាប់ស្រ្តីនោះ រួមទាំងសត្វផង។ 16 ពួកគេត្រូវទទួលខុសត្រូវលើសេចក្តីស្លាប់របស់ពួកគេ។ 17 ប្រសិនបើ បុរសណាម្នាក់រួមដំណេកជាមួយបងឬប្អូនស្រីរបស់គាត់ ទោះជាមួយបងប្អូនស្រីរួមឪពុកក្តី ទោះជាមួយបងប្អូនស្រីរួមម្តាយក្តី ប្រសិនបើ អ្នកទាំងពីររួមដំណេកជាមួយគ្នា គេប្រព្រឹត្តអំពើដ៏អាម៉ាស់បំផុត។ ត្រូវកាត់ពួកគេចេញពីចំណោមប្រជាជននៅចំពោះមុខមនុស្សទាំងអស់ ព្រោះគេបានរួមដំណេកជាមួយបងប្អូនស្រីរបស់គាត់។​ បុរសនោះត្រូវទទួលខុសត្រូវលើកុំហុសរបស់គាត់។ 18 ប្រសិនបើបុរសណាម្នាក់រួមដំណេកជាមួយស្រ្តីដែលកំពុងមានរដូវ ហើយបានរួមដំណេកជាមួយនាង ដោយគាត់បានឃើញឈាមរបស់នាងដែលហូរ ហើយនាងក៏បានបង្ហាញឈាមរបស់នាង។ ត្រូវកាត់គេទាំងពីរនាក់ចេញពីចំណោមប្រជាជនរបស់គេ។ 19 មិនត្រូវរួមដំណេកជាមួយបង ឬប្អូនស្រីរបស់ម្តាយនាក់ទេ ក៏មិនត្រូវរួមដំណេកជាមួយបង ឬប្អូនស្រីរបស់ឪពុកអ្នកដែរ ព្រោះអ្នកអាចបន្ថោកកិត្តិយសសាច់ញាតិជិតដិតរបស់អ្នក។ អ្នកត្រូវទទួលខុសត្រូវលើកំហុសរបស់អ្នក។ 20 ប្រសិនបើបុរសណាម្នាក់រួមដំណេកជាមួយម្តាយមីងរបស់គាត់ នោះគាត់បានបន្ថោកកិត្តិយសឪពុកមាររបស់គាត់។ នៅពេលដែលពួកគេស្លាប់ យើងនឹងដាក់ទោសពួកគេទាំងពីរនាក់ ហើយនៅពេលដែលពួកគេស្លាប់ យើងនឹងយកកេរ្ត៍មរតកពីកូនៗរបស់ពួកគេ ជាកេរ្ត៍មរតកដែលពួកគេសក្កិសមនឹងទទួលពីឪពុកម្តាយរបស់ពួកគេ។ 21 ប្រសិនបើ បុរសណាម្នាក់យកប្រពន្ធបង ឬប្អូនប្រុសរបស់ខ្លួនមកធ្វើជាប្រពន្ធ ក្នុងពេលដែលបង ឬប្អូនប្រុសរបស់ខ្លួននៅរស់នៅឡើង វាជាការដែលអាប់ឱនកិត្តិយសបំផុត។ គេបានបន្ថោកបងប្អូនប្រុសរបស់គេ ហើយយើងនឹងយកទ្រព្យសម្បត្តិដែលកូនៗរបស់ពួកគេត្រូវទទួលពីឪពុកម្តាយនោះចេញពីពួកគេ។ 22 ចូរកាន់តាមច្បាប់ និងវិន័យរបស់យើង ព្រមទាំងប្រតិបត្តិតាមផង អ្នករាល់គ្នាត្រូវគោរពតាមច្បាប់ទាំងអស់នេះ ដូច្នេះ អ្នករាល់គ្នានឹងមិនត្រូវខ្ចាត់ខ្ចាយចេញពីទឹកដីដែលយើងបាននាំអ្នករាល់គ្នាចូលមករស់នៅនេះទេ។ 23 អ្នករាល់គ្នាមិនត្រូវប្រព្រត្តិដូចជាប្រជាជាតិទាំងឡាយដែលយើងបានដេញចេញពីមុខអ្នករាល់គ្នានោះទេ ព្រោះពួកគេបានធ្វើកិច្ចការទាំងនោះ ជាកិច្ចការដែលយើងស្អប់ខ្ពើម។ 24 យើងប្រាប់អ្នករាល់គ្នាថា៖ «អ្នករាល់គ្នានឹងកាន់កាប់ទឹកដីរបស់ពួកគេ យើងនឹងប្រគល់ស្រុកនេះឲ្យអ្នករាល់គ្នាជាកម្មសិទ្ធិ ទឹកដីដែលពេញទៅដោយទឹកដោះ និងទឹកឃ្មុំ។ យើងគឺព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបានញែកអ្នករាល់គ្នាចេញពីចំណោមប្រជាជាតិទាំងឡាយ។ 25 អ្នករាល់គ្នាត្រូវចេះសម្គាល់មើលរវាងសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ រវាងបក្សីមិនបរិសុទ្ធ និងបក្សីដែលបរិសុទ្ធ។ អ្នករាល់គ្នាមិនត្រូវបណ្តោយខ្លួនរបស់អ្នករាល់គ្នាឲ្យសៅហ្មង ដោយសារសត្វជើងបួន ឬបក្សី ឬសត្វលូនវារ ដែលយើងចាត់ទុកជាសត្វមិនបរិសុទ្ធសម្រាប់អ្នករាល់គ្នានោះទេ។ 26 អ្នករាល់គ្នាត្រូវតែវិសុទ្ធសម្រាប់យើង ដ្បិត យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ យើងបានញែកអ្នករាល់គ្នាពីចំណោមជាតិសាសន៍ទាំងឡាយ ដើម្បីឲ្យអ្នករាល់គ្នាជាប្រជារាស្ត្ររបស់យើង។ 27 បុរស ឬស្ត្រីណាដែលចេះអន្ទងមនុស្សស្លាប់ ឬព្រលឹង ត្រូវទទួលទោសដល់ស្លាប់។ ត្រូវយកដុំថ្មគប់សម្លាប់ពួកគេ។ ពួកគេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន»។