ជំពូក ១៥

1 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេ និងលោកអើរ៉ុនថា៖ 2 «ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលថា នៅពេលដែលបុរសណាម្នាក់មានជំងឺកាមរោគ ហើយមានខ្ទុះ ចេញពីខ្លួនរបស់គាត់មក គាត់នឹងក្លាយជាមនុស្សមិនបរិសុទ្ធ។ 3 ភាពមិនបរិសុទ្ធរបស់គាត់ គឺព្រោះតែជំងឺកាមរោគនេះ។ ទោះបីខ្ទុះហូរចេញមក ឬមិនហូរចេញពីរាងកាយរបស់គាត់មកក្តី។ 4 គ្រែដែលគាត់ដេក នឹងទៅជាមិនបរិសុទ្ធ ហើយអ្វីៗដែលគាត់អង្គុយពីលើនឹងទៅជាមិនបរិសុទ្ធទាំងអស់។ 5 អ្នកណាដែលប៉ះនឹងគ្រែដេករបស់គាត់ ត្រូវបោកសម្លៀកបំពាក់របស់គេ ហើយងូតទឹកសម្អាតខ្លួនរបស់គាត់ ហើយគាត់នឹងមិនបរិសុទ្ធរហូតដល់ពេលល្ងាច។ 6 អ្នកណាដែលអង្គុយលើអ្វីដែលមនុស្សមានជំងឺកាមរោគបានអង្គុយ អ្នកនោះត្រូវបោកសម្លៀកបំពាក់របស់គេ ហើយងូតទឹកសម្អាតខ្លួនរបស់គេ តែគេនឹងនៅមិនបរិសុទ្ធរហូតដល់ល្ងាច។ 7 អ្នកណាដែលប៉ះរូបកាយមនុស្សដែលមានហូរខ្ទុះដោយសារកាមរោគត្រូវបោកសម្លៀកបំពាក់របស់គេ និងត្រូវងូតទឹកសម្អាតខ្លួនរបស់គេ ហើយគេមិនបរិសុទ្ធដល់ល្ងាច។ 8 ប្រសិនបើ អ្នកជំងឺនោះស្តោះទឹកមាត់លើមនុស្សដែលបរិសុទ្ធ មនុស្សដែលបរិសុទ្ធនោះត្រូវបោកសម្លៀកបំពាក់របស់គេ និងត្រូវងូតទឹកសម្អាត់ខ្លួន ហើយគេត្រូវស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 9 កែបសេះ ឬកែបលាដែលអ្នកជម្ងឺអង្គុយលើ ក៏ទៅជាមិនបរិសុទ្ធដែរ។ 10 អ្នកណាដែលប៉ះនឹងវត្ថុអ្វីពីក្រោមអ្នកជំងឺ គេនឹងនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច ហើយអ្នកដែលលើកកាន់របស់អស់ទាំងនោះ ត្រូវបោកសម្លៀកបំពាក់របស់គេ ហើយងូតទឹកសម្អាតខ្លួនរបស់គេដែរ គេត្រូវស្ថិតក្នុងភាពមិនបរិសុទ្ធបែបនេះរហូតដល់ល្ងាច។ 11 បើអ្នកជំងឺបានប៉ះអ្នកណាម្នាក់ដោយមិនបានលាងដៃជាមុន អ្នកនោះត្រូវបោកសម្លៀកបំពាក់របស់គេ និងងូតទឹកសម្អាតខ្លួនរបស់គេ ហើយគេត្រូវស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 12 ចំណែកផើងដី ដែលត្រូវអ្នកជំងឺប៉ះ ត្រូវបំបែកចោលទាំងអស់ តែបើផើងដែលធ្វើពីឈើត្រូវយកទឹកមកលាងសម្អាត។ 13 ពេលណាដែលខ្ទុះរបស់អ្នកជំងឺកាមរោគនោះឈប់ហូរ គាត់ត្រូវរង់ចាំប្រាំពីរថ្ងៃ ទើបគាត់អាចធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ គាត់ត្រូវបោកសម្លៀកបំពាក់របស់គាត់ ហើយគាត់ត្រូវងូតទឹកសម្អាតខ្លួនរបស់គាត់ក្នុងទឹកជ្រោះ។ នោះ គាត់បានបរិសុទ្ធហើយ។ 14 នៅថ្ងៃទីប្រាំបីគាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរក្បាល ជូនលោកបូជាចារ្យ នៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ។ 15 បូជាចារ្យត្រូវលើកតង្វាយនោះថ្វាយព្រះអម្ចាស់ មួយសម្រាប់យញ្ញបូជារំដោះបាប និងមួយផ្សេងទៀតសម្រាប់យញ្ញបូជាដុតទាំងមូល ហើយលោកធ្វើពិធីរំដោះបាបឲ្យគេនៅចំពោះព្រះអម្ចាស់ពីការហូរខ្ទុះនោះ។ 16 ប្រសិនបើ បុរសម្នាក់ហូរទឹកកាម គេត្រូវលាងសម្អាតខ្លួនប្រាណទាំងមូល និងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 17 សម្លៀកបំពាក់ឬកម្រាលដែលទឹកកាមហូរលើ ត្រូវបោកសម្អាត ហើយវាស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 18 ប្រសិនបើ បុរស និងស្ត្រីម្នាក់បានរួមរ័កជាមួយគ្នា នោះគេទាំងពីរនាក់ត្រូវលាងសម្អាតខ្លួន ហើយស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។ 19 កាលណាស្ត្រីម្នាក់ធ្លាក់ឈាម ដោយសារនាងមានរដូវ នាងត្រូវស្ថិតក្នុងភាពមិនបរិសុទ្ធរយៈពេលប្រាំពីរថ្ងៃ ហើយអ្នកដែលប៉ះនាង នឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។ 20 អំឡុងពេលដែលនាងមានរដូវអ្វីៗដែលនាងដេកលើ នឹងទៅជាមិនបរិសុទ្ធ ហើយអ្វីដែលនាងអង្គុយពីលើក៏ទៅជាមិនបរិសុទ្ធដែរ។ 21 ប្រសិនបើ អ្នកណាម្នាក់ប៉ះគ្រែនាងដេក គេត្រូវបោកសម្លៀកបំពាក់របស់គេ ហើយគេនឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 22 អ្នកណាដែលប៉ះកៅអីដែលនាងអង្គុយ គេត្រូវបោកសម្លៀកបំពាក់របស់គេ ហើយអ្នកនោះត្រូវស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។ 23 ប្រសិនបើ អ្នកណាម្នាក់បានប៉ះវត្ថុអ្វីដែល នៅលើគ្រែ ឬកៅអី ដែលនាងបានដេកឬអង្គុយ គេនឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 24 ប្រសិនបើ មានបុរសណាម្នាក់រួមដំណេកជាមួយនាង ហើយប្រសិនបើ មានភាពមិនបរិសុទ្ធរបស់នាងហូរប៉ះគាត់ នោះគាត់នឹងទៅជាមិនបរិសុទ្ធអស់រយៈពេលប្រាំពីរថ្ងៃ។ គ្រែដែលគាត់ដេកពីលើនឹងទៅជាមិនបរិសុទ្ធ។ 25 ប្រសិនបើ ស្ត្រីណាម្នាក់ធ្លាក់ឈាមយូរថ្ងៃ ដែលខុសពីធម្មតាពីពេលវេលារដូវរបស់នាង ឬប្រសិនបើ នាងធ្លាក់ឈាមយូរហួសលើសពីពេលវេលានៃការមានរដូវរបស់នាង ក្នុងអំឡុងពេលនៃការហូរភាពមិនបរិសុទ្ធរបស់នាង ដូច្នេះ នាងក៏នឹងមិនបរិសុទ្ធដូចជាពេលដែលនាងមានរដូវដែរ។ នាងជាមនុស្សមិនបរិសុទ្ធ។ 26 រាល់គ្រែដែលនាងដេក នៅអំឡុងពេលដែលនាងធ្លាក់ឈាម នឹងទៅជាមិនបរិសុទ្ធដូចជាអំឡុងពេលដែលនាងមានរដូវដែល ហើយអ្វីៗដែលនាងអង្គុយពីលើនឹងទៅជាមិនបរិសុទ្ធដូចជាអំឡុងពេលដែលនាងមានរដូវដែរ។ 27 ប្រសិនបើ មាននរណាប៉ះពាល់របស់អស់ទាំងនោះ គេនឹងទៅជាមិនបរិសុទ្ធ គាត់ត្រូវបោកសម្លៀកបំពាក់នឹងងូតទឹកសម្អាតខ្លួនរបស់គាត់ ហើយគាត់នឹងស្ថិតក្នុងភាពមិនបរិសុទ្ធរហូតដល់ពេលល្ងាច។ 28 ប៉ុន្តែប្រសិនបើនាង បានស្អាតពីការធ្លាក់ឈាមរបស់នាងហើយ នោះនាងត្រូវរាប់ប្រាំពីរថ្ងៃបន្ថែមទៀតសម្រាប់ខ្លួននាង បន្ទាប់ពីនោះមកនាងនឹងបានបរិសុទ្ធ។ 29 លុះដល់ថ្ងៃទីប្រាំបី នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរ ទៅជូនបូជាចារ្យ នៅត្រង់ច្រកព្រះពន្លាជួបព្រះអម្ចាស់។ 30 បូជាចារ្យត្រូវថ្វាយសត្វស្លាបទីមួយជាយញ្ញបូជាលោះបាប ហើយសត្វស្លាបមួយទៀតជាតង្វាយដុតទាំងមូល លោកធ្វើពិធីរំដោះបាបសម្រាប់គាត់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់សម្រាប់ភាពមិនបរិសុទ្ធដោយសារការធ្លាក់ឈាមរបស់គាត់។ 31 នេះគឺជារបៀបដែលអ្នករាល់គ្នាត្រូវញែកជនជាតិអ៊ីស្រាអែល ចេញពីភាពមិនបរិសុទ្ធរបស់ពួកគេ ដូច្នេះ ពួកគេនឹងមិនស្លាប់ដោយសារភាពមិនបរិសុទ្ធរបស់ពួកគេ ដោយធ្វើឲ្យសៅហ្មងទីសក្ការៈរបស់យើង ជាកន្លែងដែលយើងនៅក្នុងចំណោមអ្នករាល់គ្នា។ 32 នេះជាច្បាប់ដែលស្ថិតស្ថេរសម្រាប់អ្នកដែលមានហូរវត្ថុរាវសម្រាប់មនុស្សប្រុសដែលមានហូរទឹកកាមចេញពីខ្លួនរបស់គាត់ នឹងធ្វើឲ្យគាត់មិនបរិសុទ្ធ 33 សម្រាប់ស្ត្រីណាដែលមានរដូវ សម្រាប់នរណាដែលមានលំហូរសារធាតុរាវទោះបីបុរសក្តី ឬស្ត្រីក្តី ហើយសម្រាប់បុរសដែលរួមដំណេកជាមួយស្ត្រីដែលមិនបរិសុទ្ធ។