ជំពូក ១៦

1 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកម៉ូសេ បន្ទាប់ពីកូនប្រុសទាំងពីររបស់លោកអើរ៉ុនបានស្លាប់ទៅ នៅពេលដែលគេបានចូលទៅក្បែរព្រះអម្ចាស់ ហើយក៏បានស្លាប់ទៅ។ 2 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ទៅកាន់អើរ៉ុន ជាបងប្រុសរបស់អ្នកថា កុំឲ្យចូលទៅទីសក្ការៈគ្រប់ពេលវេលាឡើយ ពោលគឺទៅក្នុងទីដ៏សក្ការៈបំផុតនៅពីក្រោយវាំងនន ពីមុខហិបនៃសម្ពន្ធមេត្រី។ ប្រសិនបើគាត់ចូលទៅគាត់នឹងស្លាប់ ព្រោះយើងនឹងលេចមកនៅក្នុងពពកនៅលើសម្ពន្ធមេត្រី។ 3 ហើយនេះគឺជារបៀបដែលលោកអើរ៉ុនត្រូវធ្វើ នៅពេលដែលគាត់ចូលទៅក្នុងទីសក្ការៈបំផុត។ 4 គាត់ត្រូវនាំយកគោឈ្មោលស្ទាវមួយ សម្រាប់យញ្ញបូជារំដោះបាប ហើយនិងចៀមឈ្មោលមួយសម្រាប់តង្វាយដុតទាំងមូល។ គាត់ត្រូវពាក់អាវវែងសក្ការៈ ដែលធ្វើពីអំបោះធ្មៃ និងស្លៀកខោខ្លីខាងក្នុងធ្វើពីអំបោះធ្មៃ ពាក់ខ្សែក្រវ៉ាត់ធ្វើពីអំបោះធ្មៃ ហើយពាក់ឆ្នួតក្បាលធ្វើពីអំបោះធ្មៃ។ ដោយសារនេះជាសម្លៀកបំពាក់បរិសុទ្ធ។ គាត់ត្រូវងូតទឹកសម្អាតខ្លួនរបស់គាត់ជាមុនសិន មុនស្លៀកសម្លៀកបំពាក់។ 5 គាត់ត្រូវទទួលពពែឈ្មោលពីរក្បាលពីសហគមន៍ សម្រាប់ថ្វាយជាយញ្ញបូជាលោះបាប មួយសម្រាប់ ថ្វាយជាយញ្ញរំដោះបាប និងមួយទៀតសម្រាប់តង្វាយដុតទាំងមូល។ 6 បន្ទាប់មក លោកអើរ៉ុនត្រូវថ្វាយយញ្ញបូជាលោះបាប សម្រាប់ខ្លួនលោក ធ្វើពិធីរំដោះបាបរបស់លោក និងក្រុមគ្រួសាររបស់លោក។ 7 គាត់ត្រូវយកពពែពីរ ថ្វាយជាយញ្ញបូជាលោះបាប និងតង្វាយដុតទាំងមូលដូចពីមុនដែរ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 8 លោកត្រូវបោះឆ្នោតសម្រាប់ពពែទាំងពីរនោះ​ មួយថ្វាយព្រះអម្ចាស់ ហើយមួយទៀតគឺឲ្យលោកអាសាអែល។ 9 បន្ទាប់ពី លោកចាប់ឆ្នោតហើយ ពពែឈ្មោលដែលត្រូវថ្វាយព្រះអម្ចាស់ គឺត្រូវថ្វាយជាយញ្ញបូជាលោះបាប។ 10 ប៉ុន្តែ ​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សម្រាប់​បំបរ‌បង់​ទៅ នោះ​ត្រូវ​យក​មក​ដាក់​ទាំង​រស់​នៅ​ចំពោះ​ព្រះ‌អម្ចាស់ ដើម្បី​ធ្វើ​ពិធីរំដោះ​បាប រួច​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​បំបរ​បង់នៅ​ទី​រហោ‌ស្ថាន។ 11 បន្ទាប់មក លោកអើរ៉ុនត្រូវថ្វាយគោបាជាតង្វាយលោះបាប សម្រាប់ខ្លួនរបស់លោក។ គាត់ត្រូវធ្វើពិធីរំដោះបាប សម្រាប់រូបលោកផ្ទាល់​ និងសម្រាប់ក្រុមគ្រួសារលោកផងដែរ។ 12 លោកត្រូវយកភាជន៍ដែលពេញទៅដោយរងើកភ្លើង ដែលយកចេញពីអាសនៈនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ព្រមទាំងយកគ្រឿងក្រអូបម៉ដ្តពីរក្តាប់មកជាមួយ ចូលទៅក្នុងវាំងននទីសក្ការៈ។ 13 នៅទីនោះលោកត្រូវដុតគ្រឿងក្រអូបនៅក្នុងភ្លើងនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដូច្នេះ ផ្សែងនៃគ្រឿងក្រអូប នឹងហើរឡើងទៅលើគម្របហិប ដែលគ្របពីលើបន្ទះថ្មនៃសន្ធិសញ្ញា។ ធ្វើដូច្នេះ នោះលោកនឹងមិនត្រូវស្លាប់ឡើយ។ 14 គាត់ត្រូវយកឈាមគោបាមក ហើយជ្រលក់ម្រាមដៃរបស់លោកចូលក្នុងឈាមនោះ រួចប្រោះខាងមុខគម្របហិប។ គាត់ត្រូវយកម្រាមដៃធ្វើពិធីប្រោះឈាមនៅខាងមុខហិប ចំនួនប្រាំពីរដង។ 15 បន្ទាប់មក លោកត្រូវចាក់កពពែសម្រាប់យញ្ញបូជាលោះបាបប្រជាជន ហើយយកឈាមតង្វាយនោះចូលទៅក្នុងវាំងនន។ ហើយគាត់ត្រូវប្រោះឈាមពពែឈ្មោលនេះ ទៅលើគំរបហិប និងផ្នែកខាងមុខគម្របហិប ដូចគាត់បានប្រោះឈាមគោបាដែរ។ 16 គាត់ត្រូវធ្វើពិធីនេះ ដើម្បីជម្រះទីសក្ការៈឲ្យបរិសុទ្ធ រួចផុតពីភាពសៅហ្មងរបស់ប្រជាជនអ៊ីស្រាអែល ព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងប៉ុន្មានរបស់ពួកគេ។ គាត់ក៏ត្រូវធ្វើពិធីប្រោះឈាមនេះលើព្រះពន្លាជួបព្រះអម្ចាស់ ដែលព្រះអង្គគង់នៅកណ្តាលចំណោមពួកគេ ដែលជាមនុស្សមិនបរិសុទ្ធ។ 17 នៅពេលដែលលោកអើរ៉ុន ចូលទៅធ្វើពិធីជម្រះបាបនៅក្នុងទីសក្ការៈ រហូតដល់ពេលដែលគាត់បញ្ចប់ពិធី ហើយចេញមកវិញ គឺមិនត្រូវឲ្យមានអ្នកណាម្នាក់ស្ថិតនៅក្នុងពន្លាជួបព្រះអម្ចាស់ឡើយ គាត់ត្រូវធ្វើពិធីរំដោះបាបឲ្យខ្លួនគាត់ផ្ទាល់ ក្រុមគ្រួសាររបស់គាត់ និងសហគមន៍អ៊ីស្រាអែលទាំងមូល។ 18 គាត់ត្រូវចេញមកខាងមុខអាសនៈ ដែលស្ថិតនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ហើយធ្វើពិធីជម្រះអាសនៈ គឺគាត់ត្រូវយកឈាមគោបា និងឈាមពពែឈ្មោល ទៅលាបជុំវិញស្នែងទាំងបួនរបស់អាសនៈ។ 19 គាត់ត្រូវជ្រលក់ម្រាមដៃទៅក្នុងឈាម ហើយប្រោះប្រាំពីរដង ដើម្បីជម្រះអាសនៈឲ្យបានបរិសុទ្ធ រួចផុតពីភាពសៅហ្មងទាំងឡាយរបស់ប្រជាជនអ៊ីស្រាអែល និងញែកថ្វាយព្រះអម្ចាស់។ 20 នៅពេលដែលគាត់បានបញ្ចប់ការធ្វើពិធីជំរះទីសក្ការៈ ជំរះព្រះពន្លាជួបព្រះអម្ចាស់ និងជំរះអាសនៈរួចរាល់ហើយ គាត់ត្រូវយកពពែដែលនៅរស់មក។ 21 អើរ៉ុនត្រូវដាក់ដៃទាំងពីររបស់គាត់ទៅលើក្បាលពពែរស់នោះ ហើយលន់តួកំហុសព្រមទាំងអំពើទុច្ចរិត និងអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែល។ បន្ទាប់មកលោកត្រូវផ្ទេរអំពើបាបទាំងអស់ទៅលើក្បាលពពែនោះ ហើយដេញវាទៅវាលរហោស្ថាន ដោយបុរសម្នាក់ដែលបានជ្រើសរើសរួចជាស្រេច។ 22 ពពែនោះនាំយកអំពើបាបទាំងអស់របស់ជនជាតិអ៊ីស្រាអែលទៅកាន់ទីស្មសាន។ បុរសដែលដេញពពែនោះទៅដល់វាលរហោស្ថានហើយ គេត្រូវលែងវាទៅ។ 23 លោកអើរ៉ុនត្រូវត្រឡប់ចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ហើយគាត់ត្រូវដោះសម្លៀកបំពាក់ដែលធ្វើអំពីអំបោះធ្មៃ ដែលគាត់ពាក់សម្រាប់បំពេញមុខងារក្នុងទីសក្ការៈ ហើយទុកសម្លៀកបំពាក់នៅទីនោះ។ 24 គាត់ត្រូវងូតទឹកសម្អាតខ្លួននៅក្នុងទីសក្ការៈ ហើយស្លៀកសម្លៀកបំពាក់ធម្មតាវិញ បន្ទាប់មក គាត់ត្រូវចេញទៅខាងក្រៅ ហើយថ្វាយតង្វាយដុតទាំងមូលរបស់គាត់ និង ថ្វាយតង្វាយដុតទាំងមូលរបស់ប្រជាជនអ៊ីស្រាអែល ដើម្បីលោះបាបរបស់គាត់ និងបាបរបស់ប្រជាជន។ 25 គាត់ត្រូវដុតខ្លាញ់នៃយញ្ញបូជាលោះបាបនៅលើអាសនៈ។ 26 ហើយបុរសដែលដេញពពែទៅវាលរហោស្ថាន ឲ្យអាសាអែល ត្រូវបោកសម្លៀកបំពាក់របសគាត់ និងងូតទឹកសម្អាតខ្លួនរបស់គាត់ បន្ទាប់មក គាត់អាចត្រឡប់មកក្នុងជំរំបាន។ 27 ឯគោបានិងពពែឈ្មោល ដែលគេសម្លាប់សម្រាប់លោះបាប ហើយយកឈាមរបស់វាសម្រាប់ពិធីលោះបាបក្នុងទីសក្ការៈ ត្រូវយកវាទៅខាងក្រៅជំរំ។ ពួកគេត្រូវដុតពួកវា ទាំងស្បែក ទាំងសាច់ និងគ្រឿងក្នុង។ 28 អ្នកដែលដុតផ្នែកទាំងនោះ ត្រូវបោកសម្លៀកបំពាក់របស់គាត់ ហើយងូតទឹកសម្អាតខ្លួនរបស់គាត់ បន្ទាប់មកគេអាចត្រឡប់មកក្នុងជំរំវិញ។ 29 នេះគឺជាច្បាប់ដែលអ្នករាល់គ្នាត្រូវប្រកាន់រហូតតទៅ នៅក្នុងខែទីប្រាំពីរ ថ្ងៃទីដប់ អ្នករាល់គ្នាត្រូវតមអាហារ ហើយមិនត្រូវធ្វើការអ្វីឡើយ គឺទាំងអ្នករាល់គ្នាជាម្ចាស់ស្រុក ទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា 30 ព្រោះនៅថ្ងៃនោះ គេនឹងធ្វើពិធីលោះបាបអ្នករាល់គ្នា ដើម្បីជម្រះអ្នករាល់គ្នាឲ្យបានបរិសុទ្ធ។ 31 នោះជាថ្ងៃសប្ប័ទ ជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ហើយត្រូវតមអាហារ និងមិនត្រូវធ្វើការងារអ្វីឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវប្រកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។ 32 មានតែមហាបូជាចារ្យ ដែលទទួលការចាក់ប្រេងតែងតាំង និងឲ្យបំពេញមុខងារជាបូជាចារ្យស្នងឳពុករបស់គាត់តែប៉ុណ្ណោះ ដែលអាចធ្វើពិធីលោះបាប និងពាក់សម្លៀកបំពាក់ធ្វើអំពីអំបោះធ្មៃ ដែលជាសម្លៀកបំពាក់ដ៏បរិសុទ្ធបាន។ 33 គាត់ត្រូវធ្វើពិធីជម្រះទីសក្ការៈបំផុត ព្រះពន្លាជួបព្រះអម្ចាស់ ហើយនិងអាសនៈ ឲ្យបានបរិសុទ្ធ ព្រមទាំងជម្រះបាបបូជាចារ្យ និងប្រជាជនទាំងអស់ក្នុងសហគមន៍។ 34 នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវប្រកាន់ភ្ជាប់ជារៀងរហូតឥតប្រែប្រួល ដើម្បីជម្រះបាបប្រជាជនអ៊ីស្រាអែល ពីអំពើបាបរបស់គេ ជារៀងរាល់ឆ្នាំ»។ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលបានបង្គាប់មកតាមរយៈលោកម៉ូសេ។