ជំពូក ១៤

1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «នេះជាច្បាប់ស្តីពីពិធីសម្រាប់ជម្រះកាយមនុស្សឃ្លង់ឲ្យបានបរិសុទ្ធនៅថ្ងៃធ្វើពិធីជម្រះកាយ។ 3 បូជាចារ្យត្រូវចេញទៅក្រៅជំរំ ដើម្បីពិនិត្យមនុស្សឃ្លង់ ប្រសិនបើឃើញថាជំងឺឃ្លង់បានជាសះស្បើយហើយ។ 4 បូជាចារ្យត្រូវបញ្ជាឲ្យគេយកសត្វស្លាបរស់ពីរក្បាលដែលបរិសុទ្ធ ព្រមទាំងយកឈើតាត្រៅ អំបោះក្រហម និងមែកហ៊ីសុប។ 5 បូជាចារ្យត្រូវបញ្ជាឲ្យគេ អារកសត្វមួយនៅលើផើងដែលធ្វើពីដី ដែលមានទឹកជ្រោះនៅក្នុងនោះ។ 6 បូជាចារ្យយកសត្វស្លាបមួយទៀត ព្រមទាំងយកឈើតាត្រៅ អំបោះ រោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប ហើយយករបស់ទាំងអស់នេះមកជ្រលក់ក្នុងឈាមសត្វស្លាបដែលបានសម្លាប់នៅលើទឹកជ្រោះ។ 7 បន្ទាប់មកលោកបូជាចារ្យប្រោះឈាមនោះប្រាំពីរដងលើមនុស្សដែលបានជាពីជំងឺឃ្លង់នោះ ហើយបន្ទាប់មក លោកត្រូវប្រកាសថាគាត់បានបរិសុទ្ធ។ លោកបូជាចារ្យត្រូវលែងសត្វស្លាបដែលនៅរស់ឲ្យហើរទៅវាល។ 8 មនុស្សដែលទើបនឹងបានបរិសុទ្ធនោះត្រូវបោកសម្លៀកបំពាក់របស់គាត់ កោរសក់របស់គាត់ចេញ ព្រមទាំងងូតទឹកសម្អាតខ្លួនរបស់គាត់ ទើបគាត់បានបរិសុទ្ធ។ បន្ទាប់មក គាត់ចូលទៅក្នុងជំរំវិញ ប៉ុន្តែ គាត់ត្រូវរស់នៅក្រៅត្រសាលរបស់គាត់រយៈពេលប្រាំពីរថ្ងៃទៀត។ 9 លុះដល់ថ្ងៃទីប្រាំពីរ គាត់ត្រូវកោរសក់ដែលនៅលើក្បាលរបស់គាត់ ទាំងពុកចង្កា រោមចិញ្ចើម។ រោម ដែលមាននៅលើខ្លួនរបស់គាត់ក៏ត្រូវកោរចេញទាំងអស់ ហើយគាត់ត្រូវបោកសម្លៀកបំពាក់របស់គាត់ ហើយជម្រះខ្លួនរបស់គាត់ក្នុងទឹក បន្ទាប់មក គាត់នឹងបានបរិសុទ្ធ។ 10 នៅថ្ងៃទីប្រាំបីគាត់ត្រូវនាំយក ចៀមឈ្មោលល្អឥតខ្ចោះពីរ ចៀមញីអាយុមួយឆ្នាំដែលល្អឥតខ្ចោះមួយ ហើយម្សៅម៉ដ្តបីរង្វាល់លាយជាមួយប្រេងសម្រាប់ជាតង្វាយម្សៅ និងប្រេងកន្លះលីត។ 11 បូជាចារ្យដែលធ្វើពិធីជម្រះកាយនាំអ្នកដែលបានជា និងតង្វាយរបស់គាត់ ចូលទៅចំពោះព្រះអម្ចាស់នៅត្រង់ច្រកចូលព្រះពន្លាជួបព្រះអម្ចាស់។ 12 លោកបូជាចារ្យត្រូវយកចៀមឈ្មោលមួយមកថ្វាយជាយញ្ញបូជាលោះបាប ជាមួយនឹងប្រេងកន្លះលីត លោកលើករបស់ទាំងនោះសម្រាប់ថ្វាយនៅចំពោះព្រះអម្ចាស់។ 13 គាត់ត្រូវសម្លាប់ចៀមនៅកន្លែងដែលពួកគេសម្លាប់សត្វសម្រាប់យញ្ញបូជារំដោះបាប និងតង្វាយដុតទាំងមូល នៅក្នុងទីសក្ការៈ ដ្បិត យញ្ញបូជាលោះបាបក៏ដូចជាយញ្ញបូជារំដោះបាប សាច់នៃតង្វាយនេះគឺជាចំណែករបស់បូជាចារ្យព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។ 14 បូជាចារ្យត្រូវយកចំណែកខ្លះនៃឈាមយញ្ញបូជាលោះបាប លាបលើស្លឹកត្រចៀកស្តាំ លើមេដៃស្តាំ និងមេជើងស្តាំរបស់អ្នកទទួលពិធីជម្រះកាយនោះ។ 15 បន្ទាប់មក គាត់ត្រូវយកប្រេងកន្លះលីត ហើយចាក់ទៅក្នុងបាតដៃឆ្វេងរបស់គាត់ 16 រួចយកដៃស្តាំរបស់លោកជ្រលក់ទៅក្នុងប្រេងដែលនៅក្នុងបាតដៃឆ្វេងរបស់លោក ហើយប្រោះប្រាំពីរដងនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 17 បូជាចារ្យយកប្រេងដែលសល់នៅក្នុងដៃរបស់លោក លាបលើត្រចៀកស្តាំ មេដៃស្តាំ និង មេជើងស្តាំ របស់អ្នកដែលទទួលពិធីជម្រះកាយនោះ គឺលាបលើឈាមសត្វដែលថ្វាយជាយញ្ញបូជាលោះបាបនោះ។ 18 ឯឈាមដែលនៅសល់ក្នុងបាតដៃរបស់បូជាចារ្យ លោកត្រូវលាបលើក្បាលរបស់អ្នកដែលទទួលពិធីជម្រះកាយ ហើយធ្វើពិធីរំដោះបាបឲ្យគាត់នៅចំពោះព្រះអម្ចាស់។ 19 បន្ទាប់មក បូជាចារ្យត្រូវថ្វាយយញ្ញបូជារំដោះបាប និងធ្វើពិធីលោះគាត់ឲ្យរួចពីភាពសៅហ្មង ព្រោះតែភាពសៅហ្មងរបស់គាត់ ​ហើយលោកត្រូវចាក់កសម្លាប់សត្វសម្រាប់តង្វាយដុត។ 20 បូជាចារ្យត្រូវថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈ។ លោកត្រូវធ្វើពិធីរំដោះបាបជាថ្មីម្តងទៀត ទើបគេបានបរិសុទ្ធ។ 21 ប្រសិនបើ សាមីុខ្លួនជាអ្នកក្រមិនមានលទ្ធភាពថ្វាយតង្វាយគ្រប់ចំនួនទេ គេត្រូវយកកូនចៀមមួយជាយញ្ញបូជាលោះបាបដើម្បីបូជាចារ្យលើកថ្វាយព្រះអម្ចាស់ ធ្វើពិធីលោះគាត់ ព្រមទាំងម្សៅម៉ដ្តមួយរង្វាល់លាយជាមួយប្រេង និងប្រេងកន្លះលីតផ្សេងទៀត។ 22 គាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរ តាមលទ្ធភាពដែលគាត់អាចធ្វើបាន គឺមួយសម្រាប់យញ្ញបូជាលោះបាប និងមួយទៀតសម្រាប់តង្វាយដុតទាំងមូល។ 23 នៅថ្ងៃទីប្រាំបីគាត់ត្រូវយកតង្វាយទាំងនោះទៅជូនបូជាចារ្យ​សម្រាប់ការជម្រះកាយរបស់គាត់ នៅត្រង់ទ្វារព្រះពន្លាជួបព្រះអម្ចាស់ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 24 បូជាចារ្យយកកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជាលោះបាប ព្រះអម្ចាស់ និងប្រេងលើកឡើងថ្វាយព្រះអម្ចាស់។ 25 គាត់ត្រូវចាក់កសម្លាប់កូនចៀមសម្រាប់យញ្ញបូជាលោះបាប ហើយយកឈាមខ្លះនៃយញ្ញបូជាបោះលាបលើត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់អ្នកទទួលពិធីជម្រះកាយ។ 26 បូជាចារ្យចាក់ប្រេងខ្លះទៅក្នុងបាតដៃឆ្វេងរបស់គាត់ 27 ហើយយកម្រាមដៃស្តាំរបស់គាត់ជ្រលក់ទៅក្នុងប្រេងដែលនៅក្នុងបាតដៃឆ្វេង រួចប្រោះចំនួនប្រាំពីរដងនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 28 បូជាចារ្យយកប្រេងដែលនៅក្នុងបាតដៃរបស់គាត់លាបលើស្លឹកត្រចៀកស្តាំ មេដៃស្តាំ និងមេជើងឆ្វេង​ របស់អ្នកដែលទទួលពិធីជម្រះកាយនោះ នៅពីលើកន្លែងដែលលាបឈាមនៃតង្វាយលោះបាប។ 29 ចំណែក ប្រេងដែលសល់នៅក្នុងបាតដៃរបស់គាត់ត្រូវចាក់ទៅលើក្បាលរបស់អ្នកដែលទទួលពិធីជម្រះកាយ ធ្វើពិធីរំដោះបាបឲ្យគេ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 30 គាត់ត្រូវថ្វាយលលក ឬព្រាបជំទើរមួយ តាមដែលគាត់អាចធ្វើទៅបាន 31 មួយសម្រាប់យញ្ញបូជារំដោះបាប ហើយមួយទៀតជាតង្វាយដុតទាំងមូល​ រួមជាមួយតង្វាយម្សៅ។ បន្ទាប់មក បូជាចារ្យធ្វើពិធីរំដោះបាបឲ្យគេនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 32 នេះគឺជាច្បាប់សម្រាប់ធ្វើពិធីកាយឲ្យអ្នកដែលជាពីជំងឺឃ្លង់ ហើយគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការថ្វាយតង្វាយ»។ 33 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 34 «នៅពេលដែលអ្នករាល់គ្នាចូលទៅរស់នៅក្នុងទឹកដីកាណាន​ ដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នាជាមរតក ហើយប្រសិនបើ យើងធ្វើឲ្យមានផ្សិតនៅតាមផ្ទះ នៅក្នុងទឹកដីជាកម្មសិទ្ធិរបស់អ្នករាល់គ្នា 35 នោះអ្នកដែលជាម្ចាស់ផ្ទះត្រូវទៅជួបបូជាចារ្យ និងជម្រាបគាត់អំពីរឿងនេះ។​ គេត្រូវនិយាយថា​ ខ្ញុំបានឃើញមានអ្វីម៉្យាងដូចជាផ្សិតក្នុងផ្ទះរបស់ខ្ញុំ។ 36 បូជាចារ្យត្រូវបញ្ជាឲ្យគេរើឥវ៉ាន់ចេញពីផ្ទះ មុនពេលដែលគាត់ចូលទៅពិនិត្យស្នាមនៅក្នុងផ្ទះ ដូច្នេះ នឹងមិនមានអ្វីនៅក្នុងផ្ទះដែលធ្វើឲ្យមិនបរិសុទ្ធទេ។ 37 គាត់ត្រូវពិនិត្យស្នាមនោះ ប្រសិនបើ ឃើញថាមានស្នាមនៅលើជញ្ជាំង ហើយស្នាមនោះមានពណ៌បៃតង ឬក្រហមព្រឿងៗ​ ឬស្នាមនោះខូងរូងចូលទៅក្នុងជញ្ជាំង។ 38 ប្រសិនបើ ផ្ទះនោះមានស្នាម បូជាចារ្យត្រូវចេញទៅខាងក្រៅហើយបិទទ្វារផ្ទះនោះរយៈពេលប្រាំពីរថ្ងៃ។ 39 លុះដល់ថ្ងៃទីប្រាំពីរបូជាចារ្យ ត្រូវត្រឡប់ទៅពិនិត្យស្លែរសាជាថ្មី ប្រសិនបើ ឃើញថាស្លែររាលដាលលើជញ្ជាំងផ្ទះថែមទៀត។ 40 ប្រសិនបើមាន បូជាចារ្យត្រូវបញ្ជាឲ្យយកថ្មដែលបានរកឃើញថាមានស្លែរនោះចេញ ហើយយកវាចេញទៅកន្លែងដែលមិនបរិសុទ្ធ នៅក្រៅទីក្រុង។ 41 លោកត្រូវឲ្យគេកោសជញ្ជាំងផ្ទះទាំងអស់ ហើយពួកគេត្រូវយកកម្ទេចដែលកោសនោះទៅបោះចោលនៅខាងក្រៅទីក្រុង នៅកន្លែងដែលមិនបរិសុទ្ធ។ 42 ពួកគេត្រូវយកថ្មទៅដាក់ជំនួសនៅកន្លែងដែលគេបានយកចេញនោះ ហើយត្រូវយកបាយអរថ្មីមកបូក។ 43 ប្រសិនបើ បន្ទាប់ពីយកថ្មចេញ ហើយកោសស្នាមដែលមាននោះ និងបិទសាជាថ្មី តែស្នាមស្លែរដុះឡើងសាជាថ្មីទៀតនោះ 44 បូជាចារ្យត្រូវមកពិនិត្យម្តងទៀត មើលថា តើមានស្នាមស្លែរនៅក្នុងផ្ទះដែរឬទេ។ ប្រសិនបើ ឃើញថាមានស្លែរ នោះបានសេចក្តីថា ស្លែរដែលមិនអាចកម្ចាត់បាន ហើយផ្ទះនោះមិនបរិសុទ្ធ។ 45 ផ្ទះនោះត្រូវកម្ទេចចោល។ ទាំងថ្ម ទាំងឈើ ទាំងបាយអរ រួចយកអ្វីៗទាំងអស់នោះទៅចោលនៅទីមិនបរិសុទ្ធ នៅខាងក្រៅទីក្រុង។ 46 បន្ថែមលើនេះ អ្នកដែលចូលទៅក្នុងផ្ទះអំឡុងពេលដែលបិទទ្វារ អ្នកនោះមិនបរិសុទ្ធរហូតដល់ពេលល្ងាច។ 47 អ្នកដេកក្នុងផ្ទះនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយអ្នកដែលបរិភោគក្នុងផ្ទះនោះ ក៏ត្រូវបោកសម្លៀកបំពាក់របស់ខ្លួនដែរ។ 48 ប្រសិនបើ ក្រោយពីគេបូកបាយអរហើយ បូជាចារ្យចូលទៅក្នុងផ្ទះពិនិត្យ ហើយឃើញថា ស្នាមស្លែរនោះមិនមានទៀត នោះលោកត្រូវប្រកាសថា ផ្ទះនោះបរិសុទ្ធ។ 49 លោកបូជាចារ្យត្រូវយកសត្វស្លាបពីរក្បាល ឈើតាត្រៅ អំបោះរោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីស៊ុប មកធ្វើពិធីជម្រះបាបពីក្នុងផ្ទះនោះ។ 50 លោកត្រូវអារកសត្វស្លាបទីមួយនៅលើផើងដែលធ្វើពីដី ដែលដាក់ទឹកជ្រោះ។ 51 ហើយលោកត្រូវយកដើមតាត្រៅ មែកហ៊ីស៊ុប អំបោះរោមចៀមពណ៌ក្រហមទុំ និងសត្វស្លាបមួយទៀតដែលនៅរស់ ជ្រលក់ទៅក្នុងឈាមសត្វស្លាប ដែលគេអារកលាយជាមួយទឹកជ្រោះ ហើយប្រោះប្រាំពីរដងទៅលើផ្ទះនោះ។ 52 លោកបូជាចារ្យត្រូវជម្រះផ្ទះនោះដោយឈាមសត្វស្លាបលាយជាមួយទឹកជ្រោះ ជាមួយនឹងសត្វស្លាបដែលនៅរស់ ឈើតាត្រៅ មែកហ៊ីស៊ុប និងអំបោះរោមចៀមពណ៌ក្រហមទុំ។ 53 ប៉ុន្តែ លោកត្រូវលែងសត្វស្លាបដែលនៅរស់នោះអោយហើរទៅទីវាល។ លោកធ្វើពិធីរំដោះបាបចេញពីផ្ទះ ហើយផ្ទះនោះនឹងបានបរិសុទ្ធ។ 54 នេះជាច្បាប់ស្តីអំពីរោគឃ្លង់គ្រប់បែបយ៉ាងទាំងអស់ និង រោគអង្គែស៊ី 55 និងច្បាប់ស្តីអំពីផ្សិតនៅលើសម្លៀកបំពាក់ ការដុះស្លែរនៅក្នុងផ្ទះ 56 សម្រាប់ការកើតកន្ទួល កើតភ្លឺ និងកើតស្រែង 57 ដែលជួយឲ្យគេអាចកំណត់លើមនុស្ស ឬវត្ថុដែលបរិសុទ្ធឬ មិនបរិសុទ្ធ។ ទាំងនេះជាច្បាប់ស្តីអំពីរោគឃ្លង់ និងស្លែរ។