1 ប៉ុន្តែ លោកសូលនៅតែនិយាយគំរាមកំហែង រហូតដល់សម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់ទៀតផង លោកទៅជួបលោកមហាបូជាចារ្យ 2 ហើយសុំលិខិតឲ្យលោកអាចចូលទៅក្នុងសាលាប្រជុំនៅក្រុងដាម៉ាស ដើម្បីរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមផ្លូវរបស់ព្រះអម្ចាស់ មិនថាជាប្រុស ឬស្ត្រីក្ដី គាត់នឹងចាប់ចងពួកគេនាំយកមកក្រុងយេរូសាឡិម។ 3 នៅពេលដែលលោកកំពុងធ្វើដំណើរមានការមួយបានកើតឡើង ពេលគាត់ចូលទៅជិតក្រុងដាម៉ាស រំពេចនោះមានពន្លឺមួយចាំងមកជុំវិញលោក ពីស្ថានសួគ៌មក 4 ហើយលោកក៏ដួលនៅលើដី ហើយបានឮសូរសម្លេងមួយពោលមកលោកថា៖ «សូល សូល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?»។ 5 លោកសូលបានឆ្លើយថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?»។ ព្រះអម្ចាស់មានបន្ទូលថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។ 6 ប៉ុន្តែ ចូរក្រោកឡើង ចូលទៅក្នុងទីក្រុង ហើយនៅទីនោះគេនឹងប្រាប់អ្នកថា អ្នកត្រូវធ្វើអ្វីខ្លះ»។ 7 មនុស្សដែលបានធ្វើដំណើរជាមួយលោកសូល ឈរស្ងៀមរកនិយាយអ្វីមិនចេញ បានឮសម្លេង ប៉ុន្តែមិនបានឃើញមាននរណាឡើយ។ 8 លោកសូលក៏ក្រោកឡើងពីដីហើយនៅពេលលោកបើកភ្នែកលោកឡើង លោកមើលអ្វីមិនឃើញអ្វីសោះឡើយ ដូច្នេះ ពួកគេក៏ដឹកដៃលោក ហើយនាំលោកចូលទៅក្នុងក្រុងដាម៉ាស។ 9 ក្នុងរយៈពេលបីថ្ងៃ លោកមិនអាចមើលអ្វីឃើញ ហើយលោកក៏មិនបានហូបបាយ ឬក៏ពិសាទឹកដែរ។ 10 នៅពេលនោះ មានសិស្សម្នាក់ ដែលនៅក្រុងដាម៉ាស ឈ្មោះថាអាណាណាស។ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ក្នុងនិមិត្តថា៖ «អាណាណាស!» គាត់ទូលតបថា៖ «មើល៍ ទូលបង្គំនៅទីនេះហើយព្រះអម្ចាស់!»។ 11 ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើង ហើយទៅតាមផ្លូវមួយហៅថាត្រង់ ហើយទៅដល់ផ្ទះយូដាសសួររកបុរសម្នាក់មកពីស្រុកតើសុស ឈ្មោះសូល ដ្បិតលោកកំពុងតែអធិស្ឋាន។ 12 លោកសូលបានឃើញក្នុងនិមិត្តថា មានបុរសម្នាក់ ឈ្មោះអាណាណាស ចូលមកដាក់ដៃលើលោក ដើម្បីឲ្យលោកមើលឃើញឡើងវិញ»។ 13 ប៉ុន្តែ លោកអាណាណាសទូលថា៖ «ព្រះអម្ចាស់អើយ! ទូលបង្គំបានឮមនុស្សជាច្រើនពីបុរសនេះ លោកបានធ្វើបាបប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គនៅក្រុងយេរូសាឡិមជាខ្លាំង។ 14 លោកបានទទួលសិទ្ធិអំណាចពីលោកនាយកបូជាចារ្យ ដើម្បីចាប់ចងអស់អ្នកដែលអង្វររកព្រះនាមព្រះអង្គនៅទីនេះ»។ 15 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់វិញថា៖ «ទៅចុះ! ដ្បិតលោកគឺជាភាជនៈដែលខ្ញុំបានជ្រើសរើស ដើម្បីប្រើនាំឈ្មោះខ្ញុំទៅចំពោះសាសន៍ដទៃ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រាអែលផង។ 16 ដ្បិត យើងនឹងបង្ហាញគាត់ឲ្យដឹងថា គាត់ត្រូវរងទុក្ខច្រើនយ៉ាងណា ដោយព្រោះតែឈ្មោះរបស់ខ្ញុំ»។ 17 ដូច្នេះ លោកអាណាណាសបានចេញទៅ ហើយបានចូលទៅក្នុងផ្ទះនោះ។ ដាក់ដៃរបស់លោកលើលោកសូល ហើយលោកមានប្រសាសន៍ថា៖ «បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបានលេចមកឲ្យបងឃើញនៅតាមផ្លូវ ពេលបងធ្វើដំណើរមកនោះ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចមើលឃើញឡើងវិញ និងឲ្យបងបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ»។ 18 រំពេចនោះ មានអ្វីមួយដូចស្រកាត្រីជ្រុះពីភ្នែករបស់លោកសូល លោកក៏មើលឃើញឡើងវិញ លោកបានក្រោកឡើង ហើយបានទទួលពិធីជ្រមុជទឹក។ 19 លោកក៏បរិភោគ ហើយបានមានកម្លាំងឡើងវិញ។ លោកបានស្នាក់នៅជាមួយពួកសិស្សនៅក្រុងដាម៉ាសអស់ពេលជាច្រើនថ្ងៃ។ 20 ភ្លាមនោះ លោកប្រកាសពីព្រះយេស៊ូនៅក្នុងសាលាប្រជុំនានាថា ព្រះអង្គជាបុត្រារបស់ព្រះជាម្ចាស់។ 21 អស់អ្នកដែលបានឮលោកមានការភ្ញាក់ផ្អើល ហើយពោលថា៖ «តើមិនមែនជាលោកនេះទេឬដែលបានបំផ្លាញ អស់អ្នកដែលនៅក្រុងយេរូសាឡិម ដែលអង្វររកព្រះនាមយេស៊ូនោះ? លោកបានមកទីនេះ ដើម្បីចាប់ចងពួកគេបញ្ជូនទៅនាយកបូជាចារ្យទេតើ»។ 22 ប៉ុន្តែ លោកសូលមានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយលោកបានផ្ចាញ់ផ្ចាល់ពីចំណោមសាសន៍យូដា ដែលរស់នៅក្រុងដាម៉ាស ដោយបង្ហាញថា ព្រះយេស៊ូជាព្រះគ្រិស្ដ។ 23 ច្រើនថ្ងៃក្រោយមក ជនជាតិយូដាបានដាក់ផែនការសម្លាប់លោក 24 ប៉ុន្តែ ផែនការរបស់ពួកគេ បានដឹងដល់លោកសូល។ ពួកគេបានឃ្លាំមើលនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃដើម្បីសម្លាប់លោក។ 25 ប៉ុន្តែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតលោកចុះតាមកំពែងក្រុង។ 26 នៅពេលលោកមកដល់ក្រុងយេរូសាឡិម លោកសូលចង់ចូលរួមជាមួយពួកសិស្ស តែពួកគេទាំងអស់គ្នាខ្លាចលោក គេមិនជឿថាលោកជាសិស្សម្នាក់ដែរនោះទេ។ 27 ប៉ុន្តែ លោកបារណាបាសបានទទួលលោក ហើយនាំលោកទៅជួបពួកសាវក ហើយលោកបានប្រាប់ពួកគេពីការដែលលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ ហើយអំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយនឹងប្រាប់អំពីលោកសូលមានប្រកាសដោយចិត្តក្លាហាននៅក្រុងដាម៉ាសផង ក្នុងព្រះនាមព្រះយេស៊ូ។ 28 លោកបានជួបពួកគេ នៅពេលពួកគេចុះឡើងក្រុងយេរូសាឡិម។ លោកបានមានប្រកាសដោយចិត្តក្លាហានក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថែមទៀតផង 29 ហើយបានជជែកវែកញែកជាមួយសាសន៍យូដាដែលនិយាយភាសាក្រិក តែពួកគេបែរជាព្យាយាមចង់សម្លាប់លោកទៅវិញ។ 30 នៅពេលពួកបងប្អូនបានដឹងពីការនេះ ពួកគេនាំលោកចុះទៅក្រុងសេសារា ហើយបានបញ្ជូនលោកទៅក្រុងតើសុស។ 31 ដូច្នេះ ក្រុមជំនុំក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារីទាំងមូលបានប្រកបដោយសេចក្ដីសុខសាន្ត និងបានរឹងមាំឡើង ហើយដើរដោយកោតខ្លាចព្រះអម្ចាស់ ព្រមទាំងបានទទួលការលួងលោមចិត្តដោយព្រះវិញ្ញាណដ៏វិសុទ្ធផង ហើយក្រុមជំនុំក៏រីកចម្រើនដែរ។ 32 គ្រានោះ លោកពេត្រុសបានធ្វើដំណើរទៅតាមតំបន់គ្រប់ទីកន្លែង លោកក៏បានចុះទៅរកពួកអ្នកជឿ ដែលរស់នៅក្រុងលីដាដែរ។ 33 នៅទីនោះ លោកឃើញបុរសម្នាក់ឈ្មោះអេណាស ដែលឈឺដេកលើគ្រែរបស់គាត់អស់រយៈពេលប្រាំបីឆ្នាំមកហើយ ព្រោះគាត់ជាមនុស្សខ្វិន។ 34 លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេណាស! ព្រះយេស៊ូគ្រិស្ដប្រោសអ្នកឲ្យជាហើយ។ ក្រោកឡើង ហើយរៀបចំគ្រែអ្នកចុះ!» ហើយលោកបានក្រោកឡើងភ្លាម។ 35 ដូច្នេះ មនុស្សគ្រប់គ្នាដែលរស់ក្រុងលីដា និងស្រុកសារ៉ូនបានឃើញបុរសនោះជាដូច្នេះ ពួកគេក៏បែរមករកព្រះអម្ចាស់វិញ។ 36 ឥឡូវនេះ នៅក្រុងយ៉ុបប៉េ មានសិស្សម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកថា «ឌ័រកាស»។ ស្រី្តម្នាក់នេះតែងតែប្រព្រឹត្តអំពើល្អ និងធ្វើទានជាច្រើនជាមួយអ្នកក្រ។ 37 នៅគ្រានោះ នាងបានធ្លាក់ខ្លួនឈឺ ហើយក៏ស្លាប់ទៅ នៅពេលពួកគេបានលាងសាកសពនាងហើយ ពួកគេបានដាក់នាងនៅបន្ទប់ខាងលើ។ 38 ដោយសារក្រុងលីដានៅជិតក្រុងយ៉ុបប៉េ ហើយពួកសិស្សឮថា លោកពេត្រុសនៅទីនោះ ពួកគេបានចាត់បុរសពីរនាក់ឲ្យទៅរក ហើយអង្វរលោកថា៖ «សូមមេត្តាមករកយើងជាប្រញាប់»។ 39 លោកពេត្រុសក៏ក្រោកឡើង ហើយចេញដំណើរទៅជាមួយពួកគេ។ ពេលលោកបានទៅដល់ ពួកគេបាននាំលោកឡើងទៅបន្ទប់ខាងលើ ហើយពួកស្ត្រីមេម៉ាយទាំងឡាយបានឈរនៅជិតលោក ទាំងយំសោក ហើយបង្ហាញអាវវែង និងអាវក្រៅដែលនាងឌ័រកាសបានធ្វើ កាលនាងរស់នៅជាមួយពួកគេនៅឡើយ។ 40 លោកពេត្រុសបានឲ្យពួកគេទាំងអស់គ្នាចេញទៅក្រៅបន្ទប់ លោកលុតជង្គង់ចុះ ហើយបានអធិស្ឋាន រួចមក លោកបែរទៅរកសព លោកមានប្រសាសន៍ថា៖ «តេប៊ីថាអើយ ចូរក្រោកឡើង»។ ពេលនោះ នាងបានបើកភ្នែករបស់នាង ហើយបានឃើញលោកពេត្រុស នាងក៏ក្រោកអង្គុយ។ 41 ដូច្នេះ លោកពេត្រុសចាប់ដៃនាង ហើយលើកនាងឲ្យក្រោកឈរឡើង ហើយពេលលោកហៅពួកអ្នកជឿ និងពួកស្ត្រីមេម៉ាយ លោកបានបង្ហាញនាងឌ័រកាស ដែលមានជីវិតរស់ដល់ពួកគេ។ 42 រឿងនេះបានដឹងដល់អ្នកក្រុងយ៉ុបប៉េទាំងមូល ហើយមានមនុស្សជាច្រើនបានជឿលើព្រះអម្ចាស់។ 43 នៅគ្រានោះ លោកពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េជាយូរ ជាមួយបុរសម្នាក់ឈ្មោះស៊ីម៉ូនជាអ្នកសម្លាប់ស្បែក។