ជំពូក ៨

1 លោក​សូលក៏​បានឯកភាពនឹង​ការ​សម្លាប់​លោក​​ដែរ។ ដូច្នេះ ការបៀតបៀនជាខ្លាំងបានចាប់ផ្តើមមាននៅថ្ងៃនោះ ដល់ក្រុមជំនុំដែលនៅក្នុងក្រុងយេរូសាឡិម ហើយពួកអ្នក​ជឿ​គ្រប់រូបបាន​បែកខ្ញែក​គ្នា​ទៅទូទាំង​តំបន់​យូដា និង​ស្រុក​សាម៉ារី លើកលែង​តែ​ពួកសាវកប៉ុណ្ណោះ​។ 2 ពួក​អ្នក​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់ បាន​នាំ​គ្នា​បញ្ចុះ​សព​លោក​ស្ទេផាន និង​ទួញ​សោក​ជា​ខ្លាំង​ចំពោះលោក។ 3 ប៉ុន្តែ ​លោក​សូលបានធ្វើទុក្ខដល់​ក្រុមជំនុំជាខ្លាំង លោកបានចូលពី​​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ចាប់ទាំង​ប្រុស​ទាំង​ស្រី​យកពួកគេ​ទៅដាក់គុក។ 4 ប៉ុន្តែ ពួកអ្នកជឿដែល​បែកខ្ញែក​គ្នា​នោះ បានចេញទៅប្រកាសពី​ព្រះបន្ទូល។ 5 លោក​ភីលីព​បាន​ធ្វើ​ដំណើរចុះ​ទៅ​ក្រុង​របស់​សាម៉ារី ហើយ​ប្រកាស​ប្រាប់​ពួកគេ​អំពី​ព្រះគ្រិស្ដ។ 6 នៅពេលបណ្តាជនជាច្រើនបានឮ ហើយឃើញពីទីសម្គាល់ដែលលោកភីលីពបានធ្វើ ពួក​គេបានយកចិត្តទុកដាក់ស្តាប់អ្វីដែលលោក​មាន​ប្រសាសន៍។ 7 ​មាន​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ដែលវាបានចូល ដោយស្រែកឮជាខ្លាំង និង​មាន​មនុស្ស​ខ្វិន មនុស្ស​ស្លាប់​ដៃ​ជើង​ជា​ច្រើន​បាន​ជា។ 8 ដូច្នេះ មាន​អំណរ​សប្បាយជាខ្លាំងនៅក្នុងក្រុងនោះ។ 9 ប៉ុន្តែ មាន​បុរស​ម្នាក់នៅក្នុងទីក្រុង ឈ្មោះ​ស៊ីម៉ូន ជាម្នាក់ដែលប្រព្រឹត្តអំពើអាបធ្មប់តាំងពីយូរណាស់មកហើយ លោកធ្លាប់ធ្វើ​ឲ្យ​ប្រជាជន​នៅ​ស្រុក​សាម៉ារី​ស្ងើច​សរសើរ​​ជា​ខ្លាំង ហើយ​ប្រកាស​ថា​គាត់​ជា​មនុស្សសំខាន់​មួយ​រូប។ 10 សាសន៍​សាម៉ារីទាំងអស់ ទាំងអ្នកតូចដល់អ្នកធំ​យកចិត្តទុកដាក់ស្តាប់​គាត់​ ពួកគេ​ពោល​ថា៖ «លោក​នេះ​ហើយ​ជាអំណាច​របស់​ព្រះជាម្ចាស់​ ដែល​ហៅថាមហិមា»។ 11 ពួកគេ​បានស្តាប់​តាមគាត់​ ព្រោះ​គាត់​បាន​​ធ្វើឲ្យពួកគេ​ស្ងើច​សរសើរ​អស់​រយៈ​ពេល​ជាយូរមក​ហើយដោយសារអំពើអាបធ្មប់របស់គាត់។ 12 ប៉ុន្តែ ពេលពួក​គេបាន​ជឿ​លោកភីលីព នៅពេលលោកប្រកាសដំណឹងល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និង​អំពី​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ទាំង​ប្រុស ទាំង​ស្រី។ 13 សូម្បីតែលោក​ស៊ីម៉ូនខ្លួនឯង​​ក៏​បាន​ជឿ​ដែរ ថែម​ទាំង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ ហើយ​បន្ទាប់ពីគាត់ជ្រមុជទឹកហើយ គាត់​នៅ​ជាមួយ​នឹង​លោក​ភីលីព​ជានិច្ច។ ពេល​គាត់​បាន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ធំៗ​ដែល​កើត​ឡើង គាត់​បានការភ្ញាក់ផ្អើលជាខ្លាំង។ 14 ឥឡូវនេះ នៅពេលពួកសាវកនៅ​ក្រុង​យេរូសាឡិម​បាន​ឮ​​ថា អ្នក​ស្រុក​សាម៉ារី​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ពួកគេបាន​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន​ឲ្យទៅ​ជួប​ពួកគេ។ 15 ពេលពួកគេបានចុះទៅ​ដល់ បានអធិស្ឋាន​ឲ្យ​ពួក​គេ​ ដើម្បីឲ្យបាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ 16 ដ្បិត​ រហូតមកដល់ពេលនោះ ព្រះវិញ្ញាណ​មិន​ទាន់​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា​ម្នាក់នៅ​ឡើយ​ទេ ពួកគេ​បានត្រឹម​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹកក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ​ប៉ុណ្ណោះ។ 17 បន្ទាប់មក លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ដាក់​ដៃលើ​ពួគគេ ហើយពួក​គេ​ក៏​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ 18 ឥឡូវន​េះ ពេល​លោក​ស៊ីម៉ូន​ឃើញ​ថា ​ព្រះវិញ្ញាណត្រូវបានប្រទាន​មក​អ្នក​ជឿដោយ​សារការដាក់​ដៃ​លើ​របស់ពួកសាវកដូច្នោះ គាត់​បាន​ប្រាក់​​ជូនប្រាក់ដល់ពួកគេ 19 គាត់និយាយ​ថា៖ «សូម​​ប្រគល់​​អំណាច​នេះឲ្យខ្ញុំ​ផង ដើម្បី​ឲ្យ​អ្នកណាដែលខ្ញុំ​ដាក់​ដៃ​លើ​ អ្នក​នោះ​នឹង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែរ»។ 20 ប៉ុន្តែ លោក​ពេត្រុស​តប​ទៅ​គាត់​ថា៖ «ចូរ​ឲ្យប្រាក់​របស់​អ្នក​វិនាស​​ជា​មួយ​អ្នក​ទៅ ដោយសារអ្នកគិត​ថា អាចទទួល​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​បានដោយសារប្រាក់! 21 អ្នក​គ្មាន​ចំណែក ឬមិនអាចចូលរួម​ក្នុង​កិច្ចការ​នេះ​ឡើយ ដោយសារ​ចិត្ត​របស់​អ្នក​មិន​ត្រឹមត្រូវជាមួយ​ព្រះជាម្ចាស់។ 22 ដូច្នេះ ចូរប្រែចិត្ត​ចេញពីគំនិត​អាក្រក់​របស់អ្នក ហើយអធិស្ឋានទៅ​ព្រះអម្ចាស់ ដើម្បីឲ្យព្រះអង្គអត់ទោស​ឲ្យ​អ្នកចំពោះចំណត់ចិត្តរបស់អ្នក 23 ដ្បិត​ ខ្ញុំ​ឃើញ​ថា ​អ្នក​មានជាតិពុលនៃភាពជូរល្វីង ហើយនៅក្នុងចំណងនៃអំពើបាបដែរ»។ 24 លោក​ស៊ីម៉ូន​បានឆ្លើយ ហើយនិយាយ​ថា៖ «សូម​អធិស្ឋានដល់​ព្រះអម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យអ្វីដែលលោកមានប្រសាសន៍បាន​កើត​ឡើង​ចំពោះ​ខ្ញុំឡើយ»។ 25 នៅពេលពួកគេបានធ្វើបន្ទាល់ និងថ្លែង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​រួច​ហើយ លោកពេត្រុស និងលោកយ៉ូហានបាន​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ទាំង​ប្រកាសដំណឹងល្អ​ក្នុង​ភូមិ​នានារបស់ សាសន៍​សាម៉ារី​ផង។ 26 ឥឡូវនេះ ទេវតារបស់​ព្រះអម្ចាស់​មានប្រសាសន៍​មក​​លោក​ភីលីព​ ហើយពោលថា៖ «សូម​ក្រោក​ឡើង ហើយធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​កាសា (​​ផ្លូវ​នេះស្ងាត់ណាស់​)»។ 27 លោក​ភីលីពបាន​ក្រោក​ឡើង​ចេញ​​ទៅ។ មើល៍ មានបុរសមកពី​អេត្យូម្នាក់ ជា​មនុស្ស​កម្រៀវ ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​មហាក្សត្រិយានី​កានដេស​នៅ​ស្រុក​អេត្យូពី។ ​លោក​ជា​អ្នកទទួលខុសត្រូវលើ​ព្រះរាជទ្រព្យ​ទាំង​អស់របស់ព្រះនាង។ លោក​បាន​មកក្រុង​យេរូសាឡិម ​ដើម្បីថ្វាយបង្គំ​​ព្រះជាម្ចាស់ 28 លោក​បាន​​ត្រឡប់​ទៅ​វិញ​ ហើយអង្គុយលើ​រទេះ​សេះ ព្រមទាំង​អាន​គម្ពីរ​ព្យាការី​អេសាយផងដែរ។ 29 ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ ហើយ​ចូល​ទៅ​ជិត​រទេះ​សេះ​នេះ​ទៅ»។ 30 ដូច្នេះ លោក​ភីលីព​ក៏​រត់​ទៅ​ឯគាត់ ហើយ​ឮ​គាត់​អាន​គម្ពីរ​ព្យាការី​អេសាយ ហើយលោក​សួរ​​ថា៖ «តើ​លោក​យល់​អ្វី​ដែល​លោក​កំពុង​តែ​អាន​នេះ​​ទេ?»។ 31 សាសន៍អេត្យូពី​តប​មក​វិញ​ថា៖ «តើខ្ញុំអាច​យល់ដូចម្តេច​បាន ទាល់តែមាននរណាម្នាក់​ណែនាំខ្ញុំ​?»។ លោក​ក៏សូមឲ្យ​លោក​ភីលីព​ឡើង​ជិះ​រទេះ​សេះ ហើយអង្គុយ​ជា​មួយគាត់។ 32 ឥឡូវនេះ ​អត្ថបទ​គម្ពីរ​ដែល​សាសន៍អេត្យូពីកំពុង​អាន​គឺដូច្នេះថា «លោក​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀមដែល​គេ​នាំ​ទៅ​សម្លាប់ និងដូចជាកូនចៀម​ដែល​ស្ងៀម​នៅ​មុខ​អ្នក​កាត់​រោមដែរ លោកមិនបានបើកមាត់របស់លោកទេ 33 នៅពេលគេ​បន្ទាប​បន្ថោកលោក ​គេ​មិនបាន​រក​យុត្តិធម៌​ជូន​លោក​ទេ។ តើ​នរណា​អាច​តំណាល​អំពី​ពូជពង្សរបស់​លោក​បាន? ដ្បិត ​ជីវិត​របស់​លោកបានដកចេញ​ពី​ផែនដី​​​ហើយ»។ 34 មនុស្ស​កម្រៀវ​នោះបានសួរ​លោក​ភីលីព​ ហើយពោលថា៖ «សូម​ប្រាប់​ខ្ញុំ​ផង តើ​ព្យាការី​មាន​ប្រសាសន៍ សំដៅ​លើ​អ្នក​ណា? ពី​ខ្លួន​លោក​ផ្ទាល់ ឬ​ពី​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត?»។ 35 លោក​ភីលីព​ក៏​ចាប់ផ្តើមនិយាយ ហើយចាប់ផ្តើមជាមួយបទគម្ពីរនោះ គាត់បានប្រកាស់ពីដំណឹងល្អ​ព្រះយេស៊ូ​ដល់​លោក។ 36 នៅពេលពួកគេធ្វើ​ដំណើរ​តាមផ្លូវ ពួកគេបានទៅដល់​កន្លែង​មួយ​មាន​ទឹក មនុស្សកម្រៀវនោះមាន​ប្រសាសន៍​ថា៖ «មើល៍ ​មាន​ទឹកនៅទី​នេះ។ តើ​មាន​អ្វី​ឃាត់​ខ្ញុំ មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹកបាន?»។ 37 លោក​ភីលីព​មាន​ប្រសាសន៍​​ថា៖ «បើ​លោក​ជឿ​​អស់​ពី​ចិត្ត​នោះ លោក​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន»។ សាសន៍អេត្យូពីនោះ​ឆ្លើយ​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់»។ 38 ដូច្នេះ សាសន៍អេត្យូពីបាន​បញ្ជា​​រទេះ​សេះឲ្យឈប់។ ពួកគេបាន​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​លោក​ភីលីព​ និងមនុស្សកម្រៀវនោះ ហើយលោកភីឡីពក៏​ជ្រមុជ​ទឹក​ជូន​គាត់។ 39 ពេលពួកគេឡើង​ពី​ទឹក​មក​វិញ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ ហើយមនុស្សកម្រៀវក៏​លែង​ឃើញ​លោក​ទៀត​ ហើយលោកក៏បន្ត​ដំណើរ​ទៅ​មុខ​ដោយ​អំណរសប្បាយ។ 40 ប៉ុន្តែ ​លោក​ភីលីពបានបង្ហាញខ្លួន​នៅ​ឯ​ក្រុង​អាសូតវិញ​ ហើយលោក​ធ្វើ​ដំណើរ​ទៅតំបន់នោះ ប្រកាសដំណឹងល្អគ្រប់ទីក្រុងទាំងអស់ រហូត​ទៅ​ដល់​ក្រុង​សេសារា។