ជំពូក ៧

1 លោក​មហាបូជាចារ្យបាន​សួរ​ថា៖ «តើ​ការទាំងអស់នេះពិត​មែនទេ?» 2 លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «ឱ​បង​ប្អូន និង​លោក​ឪពុកអើយ សូម​ស្តាប់ខ្ញុំសិន កាលព្រះជាម្ចាស់បានលេចមកដល់លោកអប្រាហាំ​ជា​ឪពុករបស់​យើងឃើញ នៅពេលលោករស់​នៅ​ឯ​ស្រុក​មេសូប៉ូតាមា គឺ​មុន​ពេល​លោក​ទៅរស់​នៅ​ស្រុក​ខារ៉ាន 3 ព្រះជាម្ចាស់​មាន​ព្រះបន្ទូលទៅលោក​ថា៖ «ចូរ​ចេញ​ពី​ស្រុក​កំណើត​ និង​ញាតិសន្ដាន​របស់​អ្នក ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ដែល​យើង​នឹង​បង្ហាញ​អ្នក»​។ 4 បន្ទាប់មក លោកបាន​ចេញ​ពី​ស្រុក​ខាល់ដេ ហើយទៅ​រស់​នៅ​ក្នុង​ស្រុក​ខារ៉ាន។ បន្ទាប់ពី​ឪពុក​របស់​លោក​ស្លាប់​ទៅ ព្រះជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ទីនោះ​មក​នៅ​ស្រុក​នេះ ជាស្រុកដែលអស់លោក​រស់​នៅ​សព្វ​ថ្ងៃ។ 5 ព្រះជាម្ចាស់​មិនបាន​ប្រទាន​ទឹកដី​​ឲ្យលោក​ឡើយ ​សូម្បី​តែ​ដី​ដើម្បី​ដាក់​បាត​ជើងក៏​គ្មានផង។ ប៉ុន្តែ សេចក្តី​សន្យានោះ បើទោះបីជាលោកអប្រាហាំគ្មានកូននៅឡើយក្តី ព្រះអង្គនឹង​ប្រទានទឹកដី​នេះដល់​លោក និង​ឲ្យពូជពង្ស​របស់​លោក​ទៅ​ជំនាន់​ក្រោយគាត់ទុកជាកេរ្ត៍អាករ។ 6 ព្រះជាម្ចាស់​មាន​ព្រះបន្ទូលទៅលោក​យ៉ាងដូច្នេះថា ពូជពង្ស​របស់​លោក​នឹង​រស់នៅ​មួយរយៈលើ​ទឹក​ដី​បរទេស ហើយប្រជាជននៅស្រុក​នោះ​នឹង​យក​ពួកគេ​ធ្វើ​ជា​ខ្ញុំទាសករ ព្រម​ទាំងប្រព្រឹត្តអាក្រក់ជាមួយពួកគេអស់​រយៈ​ពេល​បួន​រយ​ឆ្នាំ។ 7 ប៉ុន្តែ យើង​នឹង​ជំនុំជម្រះប្រជា​ជាតិ​ដែល​ពួកគេបម្រើ» នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់​មក ពួកគេ​នឹង​ចាក​ចេញ​ពី​​នោះ មក​គោរព​ថ្វាយបង្គំ​យើង​នៅទី​កន្លែង​នេះវិញ»។ 8 នោះ ព្រះជាម្ចាស់​បាន​ប្រទាន​សម្ពន្ធមេត្រីនៃការកាត់ស្បែកឲ្យ​លោក​អប្រាហាំ ដូច្នេះ លោកអប្រាហាំជាឪពុករបស់​លោក​អ៊ីសាក ហើយបានកាត់ស្បែកឲ្យគាត់នៅថ្ងៃទី​បី​ថ្ងៃ លោក​អ៊ីសាជាឪពុករបស់លោកយ៉ាកុប ហើយលោកយ៉ាកុបជាឪពុកនៃបុព្វបុរស​ទាំង​ដប់ពីរ​រូប​។ 9 ដោយសារពួក​បុព្វបុរស​មាន​ចិត្ត​ច្រណែននឹង​លោក​យ៉ូសែប ពួកគេបាន​លក់​លោក​ឲ្យអ្នក​ស្រុក​អេស៊ីប ប៉ុន្តែព្រះជាម្ចាស់​​គង់​ជា​មួយ​លោក 10 ហើយ​សង្គ្រោះលោក​ពី​ទុក្ខ​វេទនារបស់គាត់​ទាំង​អស់។ ព្រះអង្គ​ប្រទាន​ឲ្យ​លោកយ៉ូសែប​មាន​ប្រាជ្ញា​ នៅចំពោះ​ព្រះបាទ​ផារ៉ោនជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះបាទផារ៉ោន​បាន​តែងតាំង​លោក ឲ្យ​គ្រប់គ្រង​ស្រុក​អេស៊ីប និង​ត្រួតត្រាដំណាក់របស់ស្តេច​ទាំង​មូល​ផង។ 11 នៅគ្រានោះ មានគ្រោះ​ទុរ្ភិក្សនៅក្នុង​ស្រុក​អេស៊ីប និង​ស្រុក​កាណានទាំងមូល ហើយបណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង ហើយបុព្វបុរស​របស់​យើងគ្មានអាហារទេ។ 12 ប៉ុន្តែ ​លោក​យ៉ាកុបបាន​ឮ​​ថា មាន​ស្រូវនៅ​ស្រុក​អេស៊ីប​ លោក​បានចាត់​ពួក​បុព្វបុរស​របស់​យើងឲ្យទៅ​ជា​លើក​ទី​មួយ។ 13 នៅ​ដំណើរលើក​ទី​ពីររបស់ពួកគេ លោក​យ៉ូសែប​បាន​បង្ហាញបង​ប្អូន​របស់​លោកឲ្យ​ស្គាល់​លោក ហើយព្រះបាទផារោនក៏ស្គាល់ក្រុមគ្រួសាររបស់លោកយ៉ូសែបដែរ។ 14 លោក​យ៉ូសែប​បាន​ចាត់​បងប្អូនរបស់លោកឲ្យត្រឡប់ទៅវិញ ដើម្បីទៅប្រាប់​លោក​យ៉ាកុបជា​ឪពុកលោក និង​ញាតិសន្ដាន​លោកទាំង​អស់​ឲ្យមកស្រុកអេស៊ីប ដែល​មាន​គ្នាទាំងអស់​ចិតសិប​ប្រាំ​នាក់។ 15 ដូច្នេះ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លោក​ស្លាប់​ទៅ ព្រមទាំងពួក​បុព្វបុរស​យើងផងដែរ។ 16 ពួកគេ​បាន​ដឹក​សព​លោក​ទៅ​ស៊ីគែម ហើយបានបញ្ចុះក្នុង​ផ្នូរ ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​កូន​របស់​លោក​ហេម័រនៅ​​ស៊ីគែម​នោះ។ 17 នៅ​ពេល​​សន្យា​ជិតមកដល់ ជាសេចក្តីសន្យាដែលព្រះជាម្ចាស់​លោក​អប្រាហាំ ប្រជាជន​របស់​យើង​បាន​ចម្រើនកាន់តែចច្រើនឡើង​នៅ​ស្រុក​អេស៊ីប។ 18 រហូតដល់មាន​ស្ដេចអេស៊ីប​ថ្មី​ឡើង​គ្រង​រាជ្យ​ ស្តេចនោះ​មិន​ស្គាល់​លោក​យ៉ូសែប​ទេ។ 19 ស្ដេច​ថ្មី​នោះ​បាន​ប្រើ​ល្បិចអាក្រក់​ ហើយបោកបញ្ឆោតបុព្វបុរស​យើង គឺ​ពួកគេបាន​បង្ខំបុព្វបុរស​របស់​យើង ឲ្យដាក់កូនងែតនៅកន្លែងគ្រោះថ្នាក់ ដើម្បី​កុំ​ឲ្យ​ពួកគេមាន​ជីវិត​រស់​ទៀត។ 20 នៅសម័យ លោកម៉ូសេកើតមក ហើយ​លោក​ជា​ទារក​មួយ​ដ៏​ស្អាតនៅចំពោះ​ព្រះជាម្ចាស់ ហើយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះឪពុកម្ដាយរបស់លោក​អស់​រយៈ​ពេល​បី​ខែ។ 21 នៅពេលគេដាក់​លោក​ចោលនៅខាងក្រៅ បុត្រី​របស់​ស្ដេច​ផារ៉ោន​បាន​រើស​លោក​យក​មក​ចិញ្ចឹម​ហើយថែរក្សាធ្វើ​ជា​បុត្ររបស់ព្រះនាងផ្ទាល់។ 22 លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំតាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​ របស់​ជន​ជាតិ​អេស៊ីប ហើយលោកពូកែវោហារ ហើយ​ប៉ិនប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។ 23 ប៉ុន្តែនៅពេល​លោក​អាយុ​ប្រហែលសែសិប​ឆ្នាំ លោក​មានដួង​ចិត្តនៃការ​សួរ​សុខ​ទុក្ខ​​បង​ប្អូន​រួម​ជាតិ​របស់​លោកដែលជាកូនចៅ​អ៊ីស្រាអែល។ 24 លោក​បាន​ឃើញ​ជន​ជាតិអ៊ីស្រាអែលម្នាក់ត្រូវ​គេ​ធ្វើ​បាប លោកម៉ូសេ​ក៏​ការពារគាត់ ហើយ​បានសងសឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាបនោះ ដោយ​បានវាយ​សម្លាប់​ជន​ជាតិ​អេស៊ីប​នោះ​ទៅ។ 25 លោកបានគិត​ថា បង​ប្អូន​របស់​លោក​នឹង​យល់​ថា ព្រះជាម្ចាស់​នឹង​ប្រើដៃលោកសង្គ្រោះពួកគេ ប៉ុន្តែ ពួក​គេ​ពុំ​បាន​យល់​ទេ។ 26 នៅ​ថ្ងៃ​បន្ទាប់ លោក​​បានមកជួប​ឃើញ​ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​កំពុង​ឈ្លោះ​គ្នា លោកព្យាយាម​សម្រុះសម្រួលពួក​គេ​ឲ្យត្រូវគ្នាវិញ លោកមានប្រសាសន៍ថា៖ «អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុអ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?» 27 ប៉ុន្តែ ម្នាក់​ដែល​ធ្វើ​ខុសនឹងអ្នកជិតខាងរបស់គាត់ បាន​ច្រាន​លោក​​ចេញ ហើយ​និយាយ​ថា៖ «តើអ្នកណាបាន​តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅក្រម​លើ​យើង? 28 តើ​លោក​ចង់​សម្លាប់​ខ្ញុំ​ ដូច​លោក​បាន​សម្លាប់​ជនជាតិអេស៊ីប​ម្នាក់​ពី​ម្សិលមិញ​​ដែរ​ឬ?»​។ 29 លោក​ម៉ូសេបានរត់គេច​ខ្លួន​ បន្ទាប់ពីបានឮការនេះ គាត់បានក្លាយជាជនបរទេសទៅ​នៅ​ទឹកដី​ម៉ាឌាន នៅទី​នោះលោក​បាន​កូន​ប្រុស​ពីរ​នាក់។ 30 នៅពេលសែសិប​ឆ្នាំ​បានកន្លង​ផុតទៅ មាន​ទេវតាមួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យលោក​ឃើញ នៅ​ទី​រហោស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែលឆេះ​ក្នុងគុម្ពោត​មួយ។ 31 កាលលោកម៉ូសេបានឃើញអណ្តាតភ្លើងនោះ លោក​ងឿងឆ្ងល់នឹងអ្វីដែលបានឃើញនោះ ហើយពេល​លោក​ចូល​ទៅ​ជិតវា ដើម្បី​​មើលវា លោក​ក៏បាន​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​មានព្រះបន្ទូលថា៖ 32 «យើង​ជា​ព្រះជាម្ចាស់​នៃ​បុព្វបុរស​របស់​អ្នករាល់គ្នា គឺ​ជា​ព្រះជាម្ចាស់​របស់​អប្រាហាំ ​អ៊ីសាក និង​​យ៉ាកុប»។ លោក​ម៉ូសេ​ភ័យ​ញ័រ​ជា​ខ្លាំង ហើយមិន​ហ៊ាន​​ទាំងមើល​ផង។ 33 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «ចូរ​ដោះ​ស្បែក​ជើងរបស់អ្នក​ចេញ ដ្បិត ​កន្លែង​ដែល​អ្នក​ឈរ​​ជា​កន្លែង​ដ៏វិសុទ្ធ។ 34 យើង​បាន​ឃើញ​ប្រជារាស្ត្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​បាន​ឮ​សម្លេងថ្ងូររបស់​ពួកគេ​ ហើយយើង​ចុះ​មក​ដើម្បី​សង្គ្រោះពួក​គេ។ ឥឡូវនេះ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​»។ 35 គឺ​លោក​ម៉ូសេនេះហើយ ដែលពួកគេបានបដិសេធ នៅពេលពួកគេនិយាយ​ថា៖ «តើអ្នកណាបាន​តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅក្រម?»។ លោកជាម្នាក់ដែលព្រះជាម្ចាស់​បាន​ចាត់​មក​ក្នុង​ឋានៈ​ទាំងជា​មេ​ដឹក​នាំ និង​ជា​អ្នក​សង្គ្រោះ។ ព្រះជាម្ចាស់បានចាត់លោកដោយ​មាន​ជំនួយ​ពី​ទេវតា ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យលោក​ឃើញ​ក្នុង​គុម្ពបន្លា។ 36 លោក​ម៉ូសេ​បាន​ដឹក​នាំពួកគេ​ចេញ​ពីអេស៊ីប បន្ទាប់ពីបានធ្វើការអស្ចារ្យ​ និង​ទី​សម្គាល់ជាច្រើនក្នុង​ស្រុក​អេស៊ីប និងនៅ​ឯសមុទ្រ​ក្រហម ព្រមទាំង​នៅ​ទី​រហោស្ថានអស់​រយៈ​ពេល​សែសិប​ឆ្នាំ​។ 37 គឺលោក​ម៉ូសេ​នេះ​ហើយ ដែល​បានប្រាប់ទៅ​​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «ព្រះជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ឲ្យងើបឡើងសម្រាប់អ្នករាល់គ្នាពីចំណោមបងប្អូនអ្នករាល់គ្នា ជាព្យាការីដូចជាខ្ញុំដែរ»។ 38 ​នេះគឺជាបុរសម្នាក់ដែលនៅ​ជួបជុំ​គ្នា​ក្នុង​ទី​រហោស្ថានជា​មួយទេវតាដែលបាន​និយាយ​មក​លោកនៅ​លើ​ភ្នំ​ស៊ីណៃ។ ​នេះគឺជាបុរសម្នាក់ដែលបាននៅជាមួយបុព្វបុរសយើង ហើយ​​នេះគឺជាបុរសម្នាក់ដែលបាន​ទទួល​ព្រះបន្ទូល​ដែល​ផ្ដល់ដ៏រស់យក​មក​ប្រគល់​ឲ្យ​យើង​។ 39 ​នេះគឺជាបុរសម្នាក់ដែលបុព្វបុរស​របស់​យើងបានបដិសេធ​មិន​ព្រម​ធ្វើតាម ពួកគេបានច្រានលោកចោលចេញពីពួកគេ ហើយ​នៅក្នុង​ចិត្ត​របស់ពួកគេ ពួកគេចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ 40 ពេលនោះ ពួកគេបាននិយាយ​ទៅ​លោក​អើរ៉ុន​ថា៖ «សូម​ធ្វើ​ជា​រូបព្រះ​ ដែលនឹងដឹក​នាំ​យើង។ រីឯ ​លោក​ម៉ូសេដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹងថា មានអ្វីកើតឡើងចំពោះគាត់ទេ»។ 41 ដូច្នេះ នៅពេលនោះពួកគេ​បាន​ធ្វើ​រូប​កូន​គោ​មួយ ហើយបាន​យក​យញ្ញបូជា​មក​ថ្វាយ​រូប​ព្រះ​នោះ ហើយ​​រីករាយ​ដោយសារ​ស្នាដៃ​របស់​ពួកគេ។ 42 ប៉ុន្តែ ព្រះជាម្ចាស់បានបែរចេញពីពួក​គេ ហើយប្រគល់ពួកគេឲ្យ​ថ្វាយបង្គំ​ផ្កាយ​ទាំងឡាយ​នៅ​លើ​មេឃ ដូចមាន​សេចក្ដី​​ចែង​ទុក​ក្នុងគម្ពីរ​ពួកព្យាការី​ថា៖ «តើ​អ្នក​រាល់​គ្នា​បាន​សម្លាប់​សត្វ និងយក​យញ្ញបូជា សម្រាប់រយៈពេលសែសិបឆ្នាំនៅក្នុងទីរហោស្ថានមកឲ្យយើងមែនទេ? 43 អ្នក​រាល់​គ្នា​បានទទួលពន្លារបស់​ព្រះ​ម៉ូឡុក និង​​ផ្កាយរបស់​ព្រះ​រេមផាន់ និងរូប​សំណាក់ដែលអ្នក​រាល់​គ្នា​បានធ្វើដើម្បី​យក​មក​ថ្វាយបង្គំវា ហើយយើង​នឹងនាំ​អ្នក​រាល់​គ្នា​យក​ទៅ​ហួស​ស្រុក​បាប៊ីឡូន​ទៅ​ទៀត»។ 44 បុព្វបុរស​របស់​យើង​មាន​ព្រះពន្លានៃទីបន្ទាល់ នៅ​ទី​រហោស្ថាន ដូចដែលព្រះជាម្ចាស់បានបង្គាប់ នៅពេលព្រះអង្គមានបន្ទូលមកលោកម៉ូសេ គឺលោកត្រូវធ្វើវា​ឲ្យដូច​គំរូ​ដែល​លោក​បាន​ឃើញ។ 45 នេះគឺជាព្រះបន្លាដែលបុព្វបុរស​របស់​យើង​បាន​ទទួល​ ហើយ​ពួកគេបានសែង​វាចូល​ទៅ​ក្នុង​ទឹក​ដីជាមួយ​លោក​យ៉ូស្វេ។ នៅចំពោះមុខបុព្វបុរសរបស់យើង គឺជាមរតករបស់បុព្វបុរសរបស់យើងដែលព្រះជាម្ចាស់បានបណ្តេញប្រជាជាតិផ្សេងចេញពីទឹកដី ហើយបានយកមកធ្វើជាមរតករបស់ពួកគេផ្ទាល់។ ព្រះពន្លា​នេះ​នៅ​គង់វង្សនៅក្នុងទឹកដី​រហូត​ដល់​ជំនាន់​ព្រះបាទ​ដាវីឌ។ 46 ហើយទ្រង់បានជាទី​គាប់​ព្រះហឫទ័យ​ដល់ព្រះជាម្ចាស់ ហើយ​សូម​​ពី​ព្រះអង្គ ដើម្បីរក​ព្រះដំណាក់​មួយ​ថ្វាយ​ព្រះ​ជាម្ចាស់របស់​លោក​យ៉ាកុប។ 47 ប៉ុន្តែ គឺជា​ព្រះបាទ​សាឡូម៉ូន​​ទេ ដែល​បាន​សង់​ព្រះដំណាក់​ថ្វាយព្រះជាម្ចាស់។ 48 ប៉ុន្តែ ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​ដំណាក់ ​ដែល​ធ្វើដោយ​ដៃ​​ឡើយ ដូច​ព្យាការី​បាន​ថ្លែង​ទុក​មក​​ថា៖ 49 «ស្ថានសួគ៌​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​គឺ​ជា​កំណល់​ទ្រ​ជើង​យើង​»។ ព្រះអម្ចាស់​មាន​ព្រះបន្ទូលថា៖ «តើ​ដំណាក់​បែប​ណាដែលអ្នកអាចសង់ឲ្យ​យើង? តើ​កន្លែងណាសម្រាប់ឲ្យយើង​សម្រាក? 50 តើមិនមែនដៃរបស់​យើង​ទេ ឬ​ដែល​បាន​បង្កើតអ្វីៗ​ទាំង​នោះ​មក?» 51 អស់​លោកជាមនុស្សរឹងចចេស អស់​លោក​មាន​ចិត្ត និង​ត្រចៀក​មិនកាត់ស្បែកអស់លោកតែង​តែ​ប្រឆាំង​ទាស់​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជានិច្ច អស់លោកប្រព្រឹត្តដូចជា​បុព្វបុរស​របស់​អស់​លោកបានប្រព្រឹត្តដែរ។ 52 តើមាន​ព្យាការី​ណា​ម្នាក់ដែល​បុព្វបុរស​របស់​អស់​លោក​មិន​បាន​បៀតបៀន​? ពួកគេបាន​សម្លាប់ពួកព្យាការី ដែលបានបង្ហាញ​ជា​មុន​ថា ព្រះជាម្ចាស់​ដ៏​សុចរិត​នឹង​យាង​មក ហើយឥឡូវនេះ អស់​លោក​បាន​ជាអ្នកក្បត់​ ហើយក៏បានសម្លាប់ព្រះអង្គដែរ 53 អស់​លោក​បាន​ទទួល​ក្រឹត្យវិន័យដែល​ទេវតាបានបង្កើត​ ប៉ុន្តែ ​អស់​លោក​មិន​បានកាន់តាមវាទេ»។ 54 ឥឡូវនេះ នៅពេល​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់បាន​ឮ​សេចក្តីទាំងនេះ ពួកគេមានចិត្តក្តៅក្រហាយ ហើយពួក​គេបាន​សង្កៀត​ធ្មេញរបស់ពួកគេ​ដាក់​លោក​ស្ទេផាន។ 55 ប៉ុន្តែ ចំពោះ​លោក​​វិញ លោក​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​លើ​ស្ថានសួគ៌ ហើយឃើញ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ និង​ឃើញ​ព្រះយេស៊ូ​គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់។ 56 លោក​ស្ទេផានមាន​ប្រសាសន៍​ថា៖ «មើល​៍! ខ្ញុំ​ឃើញ​ស្ថានសួគ៌​បើក​ចំហ និង​ឃើញ​បុត្រ​មនុស្ស គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់»។ 57 នៅត្រង់នេះ សមាជិកក្រុមក្រុម​ប្រឹក្សា​ជាន់​ខ្ពស់បាន​បិទ​ត្រចៀករបស់ពួកគេ ហើយ​ស្រែកដោយសម្លេងខ្លាំងៗ ពួកគេបាននាំ​គ្នា​ស្ទុះ​ទៅ​សង្គ្រប់​ពី​លើ​លោក។ 58 ពួកគេ​បានអូស​លោក​ចេញ​ពី​ទីក្រុង ហើយពួកគេបានយក​ដុំ​ថ្ម​គប់​សម្លាប់​លោកនៅទីនោះ ហើយពួកសាក្សីបានដាក់អាវធំរបស់ពួកគេនៅ​ក្បែរ​ជើង​យុវជន​ម្នាក់​ឈ្មោះ សូល។ 59 នៅ​ពេល​ពួកគេ​ចោលលោកស្ទេផាននឹងដុំ​ថ្ម​សម្លាប់​ លោក​បានស្រែកហៅព្រះអម្ចាស់ ហើយពោល​ថា៖ «ឱព្រះអម្ចាស់យេស៊ូ​អើយ ​សូម​ទទួល​វិញ្ញាណ​របស់​ទូលបង្គំ​ផង»។ 60 លោក​បានលុត​ជង្គង់​ចុះ ហើយ​បន្លឺ​សម្លេងជាខ្លាំង​ថា៖ «ឱព្រះអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ពួក​គេជាមួយនឹងបាបនេះឡើយ»។ នៅពេលលោកនិយាយរួច​ហើយ លោក​ក៏​ស្លាប់​ទៅ​។