ជំពូក ៦

1 នៅគ្រានោះ នៅពេលចំនួន​ពួកសិស្ស​ចេះ​តែ​កើនចម្រើន​ឡើង ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក​បាន​រអ៊ូរទាស់​នឹង​ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេព្រើរ​ ដោយសារពួកគេបានមើលរំលងស្រី្តមេម៉ាយរបស់ពួកគេ នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ។ 2 សិស្សទាំង​ដប់ពីរ​រូបបាន​កោះ​ហៅ​ពួក​សិស្ស​ទាំង​អស់​មកឯពួកគេ ហើយ​មាន​ប្រាប់​ថា៖ «មិន​គួរ​ឲ្យយើង​ខ្ញុំបោះបង់ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដើម្បី​ទៅ​បម្រើនៅតុឡើយ។ 3 ដូច្នេះ បង​ប្អូន​អើយ គួរ​​ជ្រើស​រើស​យក​បុរស​ប្រាំពីរ​នាក់​ក្នុង​ចំណោម​បង​ប្អូន ​ជាអ្នកដែល​​មាន​កេរ្តិ៍ឈ្មោះ​ល្អ ពេញ​ដោយ​ព្រះវិញ្ញាណ និង​មានប្រាជ្ញា យើង​ខ្ញុំ​នឹង​តែងតាំង​ពួកគេ​ឲ្យ​ធ្វើការងារ​នេះ។ 4 ចំណែកយើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​បន្តក្នុងសេចក្តី​អធិស្ឋាន និងក្នុងព័ន្ធកិច្ច​បម្រើ​ព្រះបន្ទូលវិញ»។ 5 សំដីរបស់ពួកគេបាន​ពេញ​ចិត្ត​នឹង​អ្នកទាំងអស់នោះណាស់។ ដូច្នេះ ពួកគេ​ក៏​ជ្រើស​យក​លោក​ស្ទេផាន ជាមនុស្សដែល​ពេញ​ដោយ​ជំនឿ និង​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និងលោក​ភីលីព លោក​ប្រូខូរ៉ុស លោក​នីកាន័រ លោក​ទីម៉ូន លោក​ប៉ាមេណា និង​លោក​នីកូឡាស ជា​អ្នកដែល​ចូល​សាសនា​យូដាមកពី​អន់ទីយ៉ូក។ 6 ពួកអ្នកជឿ​នាំ​បុរសទាំង​នោះ​មក​ជួប​ពួក​សាវក ពួកគេបាន​អធិស្ឋាន ហើយ​ដាក់​ដៃ​ពី​លើ​បុរស​ទាំង​នោះ។ 7 ដូច្នេះ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់បានបន្ត​ផ្សាយ និងចំនួនពួក​សិស្ស​នៅ​ក្រុង​យេរូសាឡិម​បាន​រីកចម្រើនកាន់តែច្រើនឡើង ហើយ​មាន​ពួក​បូជាចារ្យ​ដ៏​ច្រើន​ដែរ បានស្តាប់បង្គាប់ចំពោះ​ជំនឿនេះ​ដែរ។ 8 ​ពេលនោះ លោក​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះគុណ និងអំណាច បានធ្វើការការអស្ចារ្យ និងទីសម្គាល់​ធំៗជាច្រើន​ក្នុង​ចំណោម​ប្រជាជន។ 9 ប៉ុន្តែ មាន​អ្នក​ខ្លះ​ជា​សមាជិក​សាលា​ប្រជុំដែល​ហៅ​ថា សាលា​ប្រជុំ​របស់អ្នកដែលមានសេរីភាព និង​អ្នក​មកពីស្រុក​គីរេន អ្នក​ស្រុក​អលេក្សានទ្រា និង​អ្នក​ខ្លះ​ទៀត​ពី​ស្រុក​គីលីគា និង​អ្នក​ស្រុក​អាស៊ី។ អ្នកទាំងនោះបាន​ជជែកតវ៉ា​ជា​មួយ​លោក​ស្ទេផាន។ 10 ប៉ុន្តែ ពួកគេ​ពុំ​អាច​ឈរទាស់នឹងប្រាជ្ញា និងព្រះវិញ្ញាណដែល​លោក​ស្ទេផានបាននិយាយ​ឡើយ។ 11 ពេលនោះ ពួកគេបាន​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​ស្ទេផាននិយាយពាក្យ​ប្រមាថ​លោក​ម៉ូសេ និងទាស់ជាមួយ​ព្រះជាម្ចាស់»។ 12 ពួកគេ​បាន​ចាក់រុក​ប្រជាជន ពួកចាស់ទុំ និង​ពួក​អាចារ្យ ហើយពួកគេបានមកឯលោក​ស្ទេផានហើយបានចាប់គាត់ព្រមទាំងគាត់បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ 13 ពួកគេបាន​នាំ​សាក្សី​ក្លែងក្លាយ​ដែលនិយាយ​ថា៖ «អ្នក​នេះមិនព្រមឈប់​និយាយពាក្យទាស់​នឹងទីបរិសុទ្ធ និង​ក្រឹត្យវិន័យឡើយ។ 14 ដ្បិត យើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា ​យេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត ដែលនឹងបំផ្លាញទីកន្លែងនេះ ព្រម​ទាំង​ប្ដូរ​ប្រពៃណី​ដែល​លោក​ម៉ូសេ​បាន​ប្រគល់មក​ឲ្យ​យើង​​ផង»។ 15 អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​អស់ បានសម្លឹង​មើលមុខ​លោក​​គ្រប់ៗ​គ្នា ហើយ​ឃើញ​មុខ​របស់​លោក​មានលក្ខណ​ដូច​មុខ​របស់​ទេវតា។