1 ឥឡូវនេះ មានបុរសម្នាក់ឈ្មោះ អាណាណាស ជាមួយនឹងានាងសាភីរ៉ាជាប្រពន្ធរបស់គាត់ បានលក់ដីមួយចំណែក 2 ហើយគាត់បានទុកប្រាក់មួយចំណែក (ប្រពន្ធរបស់គាត់ដ៏ដឹងដែរ) ហើយបានយកប្រាក់មួយចំណែកទៀត ទៅដាក់នឹងជើងរបស់ពួកសាវក។ 3 ប៉ុន្តែ លោកពេត្រុសមានប្រសាសន៍ថា៖ «អាណាណាសអើយ! ហេតុអ្វីបានជាឲ្យសាតាំងចាក់បំពេញចិត្តអ្នក ដល់ថ្នាក់កុហកព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ? 4 កាលពីមិនទាន់លក់ តើដីនោះមិនមែនជាកម្មសិទ្ធិរបស់អ្នក ហើយបន្ទាប់ពីលក់ហើយ តើវាមិនស្ថិតនៅក្រោមអំណាចរបស់អ្នកទេឬ? ចុះហេតុដូចម្ដេចបានជាអ្នកមានគិតការនេះនៅក្នុងចិត្តអ្នកដូច្នេះ? អ្នកមិនបានកុហកមនុស្សទេ ប៉ុន្តែបានកុហកព្រះជាម្ចាស់»។ 5 កាលបានឮទាំងពាក្យនេះហើយ អាណាណាសក៏បានដួល និងដាច់ខ្យល់ស្លាប់ទៅ ហើយអស់អ្នកដែលបានឮ ក៏ស្ញែងខ្លាចជាខ្លាំង។ 6 ពួកយុវជនបានចូលមក ហើយរុំសពគាត់ ព្រមទាំងយកទៅកប់ទៅ។ 7 ប្រហែលបីម៉ោងក្រោយមក ប្រពន្ធរបស់គាត់បានចូលមកដល់ មិនបានដឹងអ្វីបានកើតទេ។ 8 លោកពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំមក តើនាងលក់ដីបានប្រាក់ប៉ុណ្ណឹងមែនឬ?»។ នាងឆ្លើយថា៖ «ចា៎ស! បានប្រាក់ប៉ុណ្ណឹងមែន»។ 9 បន្ទាប់មក លោកពេត្រុសក៏សួរទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នករួមគំនិតគ្នា ដើម្បីល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍! ជើងនៃពួកអ្នកដែលបានបញ្ចុះសពប្ដីនាងមកដល់នៅមាត់ទ្វារហើយ ហើយពួកគេនឹងសែងនាងយកទៅដែរ»។ 10 នាងក៏ដួលនៅទៀបជើងរបស់លោករំពេច ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ហើយ ក៏សែងសពនាងហើយយកទៅបញ្ចុះនៅក្បែរសពប្ដីរបស់នាង។ 11 ក៏ស្ញែងខ្លាចជាខ្លាំងដល់ក្រុមជំនុំទាំងមូល និងអស់អ្នកដែលបានឮពីការទាំងនេះ ។ 12 មានទីសម្គាល់ និងការអស្ចារ្យ ជាច្រើននៅក្នុងចំណោមប្រជាជនតាមរយៈដៃរបស់ពួកសាវក។ ពួកគេទាំងអស់បានមករួមគ្នា គេឈរនៅតាមបាំងសាចសាឡូម៉ូន។ 13 ប៉ុន្តែ គ្មាននរណាហ៊ានមកចូលរួមជាមួយពួកគេឡើយ ទោះជាយ៉ាងណាក្តី ពួកគេបានទទួលការកោតសរសើរពីប្រជាជនគ្រប់ៗគ្នា។ 14 នៅតែមានអ្នកជឿជាច្រើនបានបូកបន្ថែមមកក្នុងព្រះអម្ចាស់ ទាំងប្រុសទាំងស្រី 15 ហើយពួកគេក៏សែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ដើម្បីនៅពេលលោកពេត្រុសមកជិត ហើយឲ្យស្រមោលរបស់លោកបាំងលើអ្នកណាម្នាក់។ នៅពេលដែលលោកដើរកាត់តាមនោះ។ 16 មានមនុស្សយ៉ាងច្រើនកោះករមកពីភូមិនានានៅជុំវិញក្រុងយេរូសាឡិម ទាំងសែងអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយផង ហើយពួកគេបានជាគ្រប់ៗគ្នា។ 17 ប៉ុន្តែ លោកមហាបូជាចារ្យបានក្រោកឡើង និងអស់អ្នកដែលនៅជាមួយលោកផង (គឺពួកខាងគណៈសាឌូស៊ី) ពួកគេមានចិត្តច្រណែនជាខ្លាំង។ 18 ហើយបានមកចាប់ពួកសាវក ហើយយកពួកគេទៅឃុំឃាំងនៅក្នុងគុកសាធារណៈ។ 19 ប៉ុន្តែ នៅពេលយប់ មានទេវតារបស់ព្រះអម្ចាស់បានមកបើកទ្វារគុក ហើយបាននាំពួកគេចេញក្រៅ ហើយពោលថា៖ 20 «ចូរទៅឈរក្នុងព្រះវិហារ ហើយនិយាយទៅកាន់មនុស្សគ្រប់គ្នានូវព្រះបន្ទូលនៃជីវិតនេះចុះ»។ 21 នៅពេលពួកគេបានឮការនេះ ពួកគេបានចូលទៅក្នុងព្រះវិហារតាំងពីមុនថ្ងៃរះ ហើយបានបង្រៀន។ ប៉ុន្តែ លោកមហាបូជាចារ្យបានមកដល់ និងអស់អ្នកដែលនៅជាមួយលោក ព្រមទាំងបានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់ និងក្រុមចាស់ទុំនៃប្រជាជនអ៊ីស្រាអែលទាំងអស់មកជួបជុំគ្នា ហើយចាត់គេឲ្យទៅនាំពួកសាវកពីគុកមក។ 22 ប៉ុន្តែ នៅពេលពួកអាជ្ញាធរដែលបានទៅ ពុំបានឃើញពួកគេនៅក្នុងគុកទេ ហើយពួកគេបានត្រឡប់មករាយការណ៍វិញថា៖ 23 «យើងខ្ញុំឃើញគុកនៅបិទជិត ហើយពួកអ្នកយាមក៏ឈរនៅខាងមុខទ្វារដែរ ប៉ុន្តែ ពេលយើងខ្ញុំបើកទ្វារ យើងខ្ញុំពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះទេ»។ 24 នៅពេលមេឆ្មាំព្រះវិហារ និងពួកនាយកបូជាចារ្យឮសេចក្តីទាំងនេះ ពួកគេងឿងឆ្ងល់ជាខ្លាំងទាក់ទងនឹងពួកគេ និងអំពីអ្វីៗដែលបានកើតឡើងនោះ។ 25 ពេលនោះ មានម្នាក់ចូលមក ហើយជម្រាបពួកគេថា៖ «អស់អ្នកដែលអស់លោកបានចាប់ដាក់គុក កំពុងតែឈរបង្រៀនប្រជាជននៅក្នុងព្រះវិហារឯណោះ»។ 26 ដូច្នេះ មេឆ្មាំបាននាំពួកអជ្ញាធ ហើយចេញទៅចាប់ពួកគេមក ប៉ុន្តែ គ្មានអំពើហិង្សាឡើយ ដ្បិត ពួកគេខ្លាចប្រជាជនយកដុំថ្មគប់ពួកគេ។ 27 នៅពេលបាននាំមកដល់ហើយ ពួកគេក៏ឲ្យឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់។ លោកមហាបូជាចារ្យសួរពួកគេ ហើយមានប្រសាសន៍ថា៖ 28 «យើងបានហាមប្រាមអ្នករាល់គ្នាជាដាច់ខាតហើយថា មិនឲ្យបង្រៀនក្នុងនាមនេះជាដាច់ខាត ប៉ុន្តែ អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡិមទៅវិញ ហើយចង់នាំឈាមរបស់បុរសនេះមកលើយើងថែមទៀតផង»។ 29 ប៉ុន្តែ លោកពេត្រុស និងពួកសាវកបានឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងមនុស្ស។ 30 ព្រះជាម្ចាស់នៃបុព្វបុរសរបស់យើងបានប្រោសព្រះយេស៊ូ ដែលអស់លោកបានសម្លាប់ដោយព្យួរនៅលើឈើនោះឲ្យរស់ឡើងវិញ។ 31 ព្រះជាម្ចាស់បានលើកតម្កើងព្រះអង្គឡើងទៅគង់នៅខាងស្តាំព្រះបិតា ហើយឲ្យធ្វើជាព្រះអង្គម្ចាស់ និងជាព្រះសង្គ្រោះមួយអង្គ ដើម្បីឲ្យប្រជារាស្ត្រអ៊ីស្រាអែលបានប្រែចិត្ត ហើយអស់ទោសឲ្យរួចពីបាប។ 32 យើងខ្ញុំជាសាក្សីអំពីការទាំងនេះ ដូចគ្នាជាមួយព្រះវិញ្ញាណដ៏វិសុទ្ធដែរ ដែលព្រះជាម្ចាស់បានប្រទានដល់អស់អ្នកស្ដាប់បង្គាប់ព្រះអង្គ»។ 33 នៅពេលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ ពួកគេមានការខឹងជាខ្លាំង ហើយចង់សម្លាប់ពួកសាវកផង។ 34 ប៉ុន្តែ មានបុរសខាងគណៈផារីស៊ីម្នាក់ ឈ្មោះកាម៉ាលាល ជាគ្រូបង្រៀនខាងវិន័យ ជាម្នាក់ដែលប្រជាជនគោរពគ្រប់ៗគ្នា បានក្រោកឈរឡើង ហើយបានបង្គាប់ឲ្យគេយកពួកសាវកចេញពីទីនោះមួយភ្លេតសិន។ 35 បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគេថា៖ «អស់លោកជាជនជាតិអ៊ីស្រាអែលអើយ សូមប្រយ័ត្នចំពោះអ្វីដែលអស់លោកចង់ធ្វើដល់អ្នកទាំងនេះ។ 36 ក្នុងពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះថឺដាស បានប្រកាសថាខ្លួនជាអ្នកក្លាហាន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់ចូលរួម។ លោកត្រូវគេប្រហារជីវិត ហើយពួកអ្នកដែលបានចូលរួមជាមួយគាត់ក៏ត្រូវបែកខ្ញែកគ្នាអស់ ហើយលែងធ្វើអ្វីទៀតបាន។ 37 បន្ទាប់ពីបុរសម្នាក់នោះ មានលោកយូដាស ជាអ្នកស្រុកកាលីឡេ បានក្រោកឡើងនៅថ្ងៃដែលគេជំរឿនប្រជាជន ហើយនាំមនុស្សជាច្រើនឲ្យទៅតាមគាត់។ លោកក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលរួមជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ដែរ។ 38 ឥឡូវនេះ ខ្ញុំសូមជម្រាបអស់លោកថា សូមដកខ្លួនពីអ្នកទាំងនេះ ហើយដោះលែងគេទៅ ដ្បិត ប្រសិនបើគម្រោង ឬកិច្ចការនេះមកពីមនុស្ស វានឹងត្រូវវិនាសមិនខាន 39 ប៉ុន្តែប្រសិនបើ មកពីព្រះជាម្ចាស់វិញ អស់លោកពុំអាចបំផ្លាញពួកគេបានឡើយ អស់លោកអាចនឹងប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញទេ»។ ដូច្នេះ ពួកគេយល់ស្របតាម។ 40 បន្ទាប់មក ពួកគេក៏ហៅពួកសាវកមកក្នុងវិញ ហើយវាយពួកគេ ហើយបានបង្គាប់ពួកគេមិនឲ្យប្រកាសអំពីព្រះនាមព្រះយេស៊ូទៀតឡើយ ហើយបានអនុញ្ញាតឲ្យពួកគេទៅ។ 41 ពួកគេបានចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ដោយអំណរ ព្រោះពួកគេបានរាប់ថាមានកិត្តិយស ដោយសារគេមើលងាយព្រោះតែព្រះនាម។ 42 បន្ទាប់ពីនោះមក ពួកគេបង្រៀននៅក្នុងព្រះវិហារ និងពីផ្ទះមួយទៅផ្ទះមួយ ហើយពួកគេបន្តបង្រៀន និងប្រកាសអំពីព្រះយេស៊ូគ្រិស្ដ។