ជំពូក ៤

1 ក្នុងកាលដែលលោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ ស្រាប់​តែ​ពួក​បូជាចារ្យ និងមេ​កង​រក្សា​ព្រះវិហារ ព្រមទាំង​ពួក​ខាង​គណៈសាឌូស៊ី​មករកពួកគេ។ 2 ពួក​គេ​ខឹងជាខ្លាំង​ដោយសារ​លោកពេត្រុស និងលោកយ៉ូហានកំពុងបង្រៀន​ប្រជាជន ហើយ​ប្រកាស​អំពីការរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូ​។ 3 ពួក​គេបានចាប់​អ្នកទាំងពីរ ហើយ​យក​ទៅ​ដាក់គុក​រហូត​ដល់​ព្រឹកស្អែក​ ដ្បិត​ ពេល​នោះ​ល្ងាច​ណាស់​ហើយ។ 4 ប៉ុន្តែ ប្រជាជនភាគច្រើនដែល​បាន​ឮ​ព្រះបន្ទូលបាន​ជឿ ហើយ​ចំនួនបុរសដែលបានជឿមានប្រមាណ​ប្រាំ​ពាន់​នាក់។ 5 លុះ​ដល់ថ្ងៃបន្ទាប់ ពួក​មេ​ដឹក​នាំ ពួក​ព្រឹទ្ធាចារ្យ និង​ពួក​អាចារ្យរបស់ពួកគេបានជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម។ 6 មានលោកអាណ ​មហាបូជាចារ្យនៅទីនោះ និងលោក​កៃផា លោក​យ៉ូហាន និងលោក​អលេក្សានត្រុស ព្រមទាំង​ក្រុម​គ្រួសារ​របស់​មហា​បូជាចារ្យ​ទាំង​អស់ផង។ 7 នៅពេល ពួកគេ​បាន​នាំ​លោក​ពេត្រុស និង​លោក​យ៉ូហាន​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំហើយ ពួកគេ​បានសួរ​ថា៖ «តើអ្នក​បាន​ធ្វើ​ការ​នេះ​សម្អាង​លើ​អំណាច​ និងក្នុង​នាម​នរណា?» 8 ពេល​នោះ លោក​ពេត្រុស​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ក៏មាន​ប្រសាសន៍​ទៅពួក​គេ​ថា៖ «ឱ ​អស់​លោក​ជា​អ្នក​ដឹក​នាំ​ប្រជាជន និង​អស់​លោក​ដែលជាចាស់ទុំអើយ 9 ប្រសិនបើថ្ងៃ​នេះ អស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំ ទាក់ទងនឹងការល្អដែលបានធ្វើដល់​បុរសម្នាក់ដែលឈឺនោះ​ថា​តើបុរសនេះ​បាន​ជាតាម​របៀប​ណា​? 10 សូម​អស់​លោក និង​ប្រជារាស្ត្រ​អ៊ីស្រាអែល​ទាំងអស់​ជ្រាប​ថា នៅក្នុងនាមរបស់ព្រះយេស៊ូគ្រិស្ត ជាអ្នកស្រុកណាសារ៉ែត ដែល​អស់​លោក​បាន​ឆ្កាង ហើយ​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់ពីស្លាប់​ឡើង​វិញ ដោយសារទ្រង់ហើយបុរសដែលឈរនៅចំពោះអ្នកបានជា។ 11 ព្រះយេស៊ូគ្រិស្តជាថ្ម​ដែលអស់​លោក​ជា​អ្នកសង់បាន​បោះ​ចោល ប៉ុន្តែ ព្រះអង្គបាន​ត្រឡប់​មក​ជា​ថ្មដ៏​សំខាន់​បំផុត​វិញ។ 12 គ្មានសេចក្តីសង្គ្រោះនៅ​មនុស្ស​ផ្សេងទៀតឡើុយ ដ្បិត គ្មាននាមណានៅក្រោមមេឃ​ត្រូវបានប្រទានមកនៅក្នុងចំណោមមនុស្ស ដើម្បីឲ្យយើងបានសង្គ្រោះឡើយ»។ 13 នៅពេលពួកគេបានឃើញសេចក្តីក្លាហានរបស់​លោក​ពេត្រុស និង​លោក​យ៉ូហាន​ ហើយបានដឹងថា ពួកគេជា​មនុស្ស​សាមញ្ញ ជាមនុស្សដែលគ្មានចំណេះដឹង ពួកគេភ្ញាក់ផ្អើល ដោយ​គ្រាន់តែដឹងថាលោក​ពេត្រុស និងលោកយ៉ូហានធ្លាប់​នៅ​ជា​មួយ​ព្រះយេស៊ូ។ 14 ដោយសារពួក​គេបានឃើញបុរសម្នាក់ដែលជា កំពុងឈរជាមួយពួកគេ ពួកគេគ្មានអ្វីនិយាយទាស់ពីការនេះឡើយ។ 15 ប៉ុន្តែ បន្ទាប់មក ពួក​គេ​បានបង្គាប់​ឲ្យពួកសាវក​ចេញ​ពី​អង្គ​ប្រជុំ 16 ហើយពួកគេបាន​ពិគ្រោះ​គ្នា​នៅក្នុងចំណោម​ពួកគេ។ ពួកគេនិយាយថា៖ «តើ​យើង​គួរ​ធ្វើ​ដូចម្តេចដល់​បុរសទាំងនេះ? ដ្បិត​ សេចក្តីពិត ដែលជាទីសម្គាល់ជាភស្តតាងបានធ្វើតាមរយៈពួកគេ ហើយបានដឹងដល់មនុស្សគ្រប់គ្នាដែលរស់នៅក្នុង​ក្រុង​យេរូសាឡិម​ ដែល​យើង​មិន​អាច​បដិសេធ​បាន។ 17 ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ ខ្ចរខ្ចាយ​ដល់​ប្រជាជនបន្ថែមទៀត ចូរយើងត្រូវ​ហាមប្រាមពួកគេកុំ​ឲ្យ​ប្រកាស​ប្រាប់​នរណា​អំពី​នាមនេះ​ទៀត​»។ 18 ពួកគេបានហៅលោកពេត្រុស និងលោកយ៉ូហានចូល​មកក្នុង ហើយ​បានបង្គាប់ពួកគេ​មិន​ឲ្យប្រកាស ឬ​បង្រៀន​អំពី​ព្រះនាម​ព្រះយេស៊ូ​ទៀត។ 19 ប៉ុន្តែ លោក​ពេត្រុស និង​លោក​យ៉ូហានបានមាន​ប្រសាសន៍ ហើយពោល​ទៅ​ពួកគេ​ថា៖ «សូម​អស់​លោក​កាត់ក្តីចុះចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ តើគួរ​ឲ្យ​យើង​ខ្ញុំ​ស្តាប់​បង្គាប់​អស់​លោក ឬ​ស្តាប់​បង្គាប់​​ព្រះអង្គ? 20 យើង​ខ្ញុំ​មិនអាចឈប់​ប្រកាស​អំពី​កិច្ចការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ​ហើយបាន​ឮ​នោះ​បាន​​ទេ»។ 21 បន្ទាប់ពី​ការព្រមានសា​ជា​ថ្មីដល់ លោកពេត្រុស និងលោកយ៉ូហាន ពួកគេបានដោះ​លែងអ្នកទាំងពីរ​។ ពួកគេមិនអាចរក​ហេតុណាមួយ ដើម្បី​ដាក់​ទោស​លោក​ទាំង​ពីរ​មិន​បាន ដោយសារ​ប្រជាជន​គ្រប់ៗ​គ្នាលើក​តម្កើង​​ព្រះជាម្ចាស់ ចំពោះ​អ្វី​ដែល​បានធ្វើ​។ 22 បុរស​ដែល​បទពិសោធន៍ជាមួយការ​អស្ចារ្យនៃការប្រោសឲ្យជានេះ មាន​អាយុ​ជាង​សែសិប​ឆ្នាំ​ហើយ។ 23 ក្រោយ​ពីពួកគេមានសេរីភាព​ហើយ លោក​ពេត្រុស និង​លោក​យ៉ូហាននាំ​គ្នា​ទៅ​ជួប​ពួក​បង​ប្អូនរបស់ពួកគេ ហើយរៀប​រាប់​ពីអ្វីគ្រប់យ៉ាង​ដែលនាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​បាន​និយាយមកពួកគេ។ 24 នៅពេលពួក​គេ​បានឮ​ហើយ ពួកគេ​បន្លឺ​សំឡេង​របស់ពួកគេទាំងអស់គ្នា ទូល​ព្រះជាម្ចាស់​ ហើយពោលថា៖ «ឱ ព្រះ​អម្ចាស់អើយ ព្រះអង្គ​បាន​បង្កើត​ស្ថានសួគ៌ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ 25 ព្រះអង្គ​មាន​ព្រះបន្ទូលដោយសារព្រះវិញ្ញាណ​ដ៏វិសុទ្ធតាម​រយៈ​មាត់អ្នក​បម្រើ​របស់​ព្រះអង្គ ជាបុព្វបុរសរបស់យើងគឺជា​ព្រះបាទ​ដាវីឌថា៖ «ហេតុ​អ្វី​បាន​ជាប្រជាជាតិនានានាំ​គ្នាខឹង ហើយ​ប្រជារាស្ត្រ​នានាមាន​គំនិតឥតបានការទៅវិញ? 26 ព្រះអង្គមានព្រះបន្ទូលថា៖ «ពួក​ស្ដេច​នៅ​លើ​ផែនដីបានប្រមូលគ្នា ហើយ​ពួក​មេ​ដឹក​នាំ​ពួតដៃគ្នា​ប្រឆាំងទាស់​នឹង​ព្រះអម្ចាស់ ហើយ​ប្រឆាំងទាស់​នឹង​ព្រះគ្រិស្ដរបស់​ព្រះអង្គ»។ 27 ពិតណាស់ ទាំងស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-ពីឡាត រួមជាមួយ​សាសន៍​ដទៃ​ទៀត និង​ប្រជារាស្ត្រ​អ៊ីស្រាអែល​ បាន​ប្រមូលរួម​គ្នា​នៅក្នុងទីក្រុងនេះ ប្រឆាំង​នឹង​ព្រះយេស៊ូ​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង។ 28 ពួកគេ​​ប្រមូល​គ្នា​ធ្វើ​ដូច​ព្រះហស្តព្រះអង្គ​ និងផែនការរបស់ព្រះអង្គបាន​កំណត់​ទុក​ជា​មុនដែលនឹងកើតឡើង។ 29 ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ សូម​ទតមើល​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​ឲ្យ​ពួក​អ្នក​បម្រើព្រះអង្គ​ ថ្លែង​ព្រះបន្ទូល​ដោយ​ចិត្ត​អង់អាច​ 30 សូម​លាតព្រះហស្តរបស់ព្រះអង្គដើម្បីព្យាបាល និងប្រទានទី​សម្គាល់ ព្រមទាំង​ការអស្ចារ្យតាមរយៈព្រះនាម​ព្រះយេស៊ូជា​អ្នក​បម្រើ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ»។ 31 កាល​ពួក​គេ​អធិស្ឋានរួចហើយ នៅកន្លែងដេលពួកគេជុំគ្នានោះ​ក៏​រញ្ជួយ ហើយពួកគេ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ទាំង​អស់​គ្នា ហើយ​ពួកគេបាន​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ដោយ​ចិត្តក្លាហាន។ 32 អស់អ្នកដែលបានជឿជាច្រើនលើសប់នោះមាន​ចិត្ត​ និងព្រលឹង​តែ​មួយ។ គ្មាន​អ្នក​ណា​ម្នាក់និយាយ​ថា ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ឡើយ ប៉ុន្តែ ពួក​គេ​យក​​អ្វីៗទាំង​អស់មកដាក់រួមគ្នា។ 33 ពួក​សាវកបានប្រកាសពីទីបន្ទាល់របស់ពួកគេ​ប្រកប​ដោយ​អំណាច​ដ៏​មហិមា ​អំពីការរស់ឡើងវិញរបស់​ព្រះអម្ចាស់យេស៊ូ​ ហើយព្រះគុណដ៏លើសលប់ដល់​ពួក​គេ​ទាំង​អស់​គ្នា។ 34 ​គ្មាន​នរណាម្នាក់នៅក្នុង​ចំណោម​ពួក​គេ​ខ្វះ​ខាត​អ្វី​ឡើយ ព្រោះអស់​អ្នក​ដែល​មាន​ដី​ធ្លី ឬ​ផ្ទះ​សម្បែង​បានលក់​ដី​ធ្លី និង​ផ្ទះ​សម្បែង​នោះ ហើយបានយក​ប្រាក់ ដែលពួកគេបានលក់នោះ 35 យកមកវាមកដាក់នៅជើងរបស់ពួក​សាវក ហើយបានបែងចែកដល់មនុស្សម្នាក់ៗតាមដែលគេត្រូវការ។ 36 លោក​យ៉ូសែប ជា​ពួក​លេវី មកពីកោះ​គីប្រុស ជាអ្នកដែលពួក​សាវក​បាន​ដាក់​ឈ្មោះ​គាត់​ថា បារណាបាស (ដែលមានន័យថា កូននៃការ​លើក​ទឹក​ចិត្ត​) 37 ​បាន​លក់​ចម្ការ​ ហើយ​យក​ប្រាក់ ព្រមទាំងយក​មក​ដាក់នៅជើងរបស់ពួក​សាវក​ដែរ។