ជំពូក ៣

1 ឥឡូវនេះ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឡើងចូល​ទៅ​ក្នុងព្រះវិហារនៅម៉ោងប្រាំបួន គឺជាពេលវេលានៃការអធិស្ឋាន។ 2 ពេលនេះ មានបុរស​ម្នាក់​ខ្វិន​ពី​កំណើត​ម្នាក់ត្រូវបានគេសែងមក​ដាក់​នៅ​ខ្លោង​ទ្វារ​ព្រះវិហារ​ឈ្មោះទ្វារ​លម្អ រៀងរាល់ថ្ងៃ ដើម្បី​ឲ្យគាត់បានសុំ​ប្រាក់ពី​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះវិហារ។ 3 នៅពេល​គាត់​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន​​ដើរ​ចូល​ព្រះវិហារ គាត់​ក៏​សុំ​ប្រាក់ពីពួកគេ។ 4 លោក​ពេត្រុស និង​លោក​យ៉ូហាន​សម្លឹង​មើល​មុខ​គាត់ រួច​និយាយ​ថា៖ «សូម​មើល​មក​យើង!»។ 5 បុរស​​ខ្វិនបាន​មើល​ទៅ​ពួកគេ ដោយ​សង្ឃឹម​នឹង​ទទួល​របស់អ្វីមួយពីពួកគេ។ 6 ប៉ុន្តែ លោក​ពេត្រុស​មាន​ប្រសាសន៍​​ថា៖ «​ប្រាក់ និង​មាស ខ្ញុំ​គ្មាន​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន ខ្ញុំ​នឹងឲ្យដល់​អ្នក។ ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដជា​អ្នកស្រុក​ណាសារ៉ែត ចូរ​ដើរ​ចុះ»។ 7 លោក​ពេត្រុសបានលើកគាត់ ដោយចាប់​ដៃ​ស្ដាំ​គាត់ឡើង រំពេច​នោះ​ជើង​របស់​គាត់ និង​សន្លាក់​ឆ្អឹងរឹងមាំ 8 គាត់​​ក៏បាន​ឈរ​ឡើង ហើយបុរស​​ខ្វិនក៏ឈរ​ហើយបានចាប់ផ្តើម​ដើរ​ ហើយគាត់​ចូល​ក្នុង​ព្រះវិហារ​ជា​មួយ​លោកពេត្រុស និងលោកយ៉ូហាន ​ដើរ​ផង លោត​ផង និង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ផង។ 9 មនុស្សទាំង​អស់​បាន​ឃើញ​គាត់​ដើរ និង​សរសើរ​តម្កើង​ព្រះជាម្ចាស់ 10 ពួកគេ​បានឃើញថា​ គឺបុរសនោះ​ហើយ​ដែល​តែង​អង្គុយ​សុំ​ប្រាក់​នៅ​ខ្លោង​ទ្វារ​លម្លរបស់ព្រះវិហារ ហើយពួកគេ​មានការងឿងឆ្លល់ និង ជាការអស្ចារ្យជាខ្លាំង ដោយសារអ្វីដែលបានកើតឡើង​ដល់​គាត់។ 11 នៅពេល គាត់ដើរតាមជាប់នឹង​លោក​ពេត្រុស និង​លោក​យ៉ូហាន​ មនុស្សទាំងអស់បានរត់មកជុំគ្នាជាមួយពួកគេ នៅត្រង់បាំងសាចដែលហៅថា​​ បាំងសាចសាឡូម៉ូន ដោយស្ញប់ស្ញែងជាខ្លាំងផង​។ 12 នៅពេលលោក​ពេត្រុស​ឃើញ​បែបនេះ គាត់បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «បង​ប្អូន​អ៊ីស្រាអែល​អើយ! ហេតុ​អ្វីបាន​ជា​បង​ប្អូន​ស្ញប់ស្ញែង​អំពី​ការ​នេះដូច្នេះ? ហេតុ​អ្វីបាន​ជា​បង​ប្អូន​សម្លឹង​មើល​មក​យើងមិនដាក់ភ្នែក​ដូច្នេះ? ធ្វើដូចជា យើង​ខ្ញុំ​បានធ្វើឲ្យគាត់ដើរ​រួច ដោយសារអំណាចរបស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរពប្រតិបត្តិដល់ព្រះដូច្នេះ? 13 ព្រះជាម្ចាស់របស់​លោក​អប្រាហាំ របស់​លោក​អ៊ីសាក និង​របស់​លោក​យ៉ាកុប ជា​ព្រះជាម្ចាស់​នៃ​បុព្វបុរស​របស់​យើង​ទាំង​អស់​គ្នា បាន​លើកតម្កើងព្រះយេស៊ូ ជា​អ្នក​បម្រើ​របស់ព្រះអង្គ។ ព្រះអង្គគឺជាអ្នកដែលអ្នករាល់គ្នាបានគេបញ្ជូន​ទៅ​ឲ្យ​គេ​កាត់​ទោស និងត្រូវបានបដិសេធ​​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​ព្រះអង្គ​។ 14 អ្នករាល់គ្នាបាន​បដិសេធ​ព្រះ​ដ៏វិសុទ្ធ និងព្រះ​ដ៏​សុចរិត ហើយ​អ្នករាល់គ្នាបានសូម​ដោះ​លែង​ឃាតក​រដល់អ្នករាល់គ្នាជំនួស​វិញ។ 15 បង​ប្អូន​​បានសម្លាប់ស្ថាបនិក​នៃ​ជីវិត ដែលព្រះជាម្ចាស់បាន​ប្រោស​ឲ្យ​​រស់​ពីស្លាប់ឡើង​វិញ ហើយយើង​ខ្ញុំ​ក៏ជា​សាក្សី​អំពីការ​នេះដែរ។​ 16 ឥឡូវនេះ ​ដោយសារជំនឿលើ​ព្រះនាម​របស់ព្រះអង្គ បុរស​ដែល​បង​ប្អូន​ឃើញនិង​ស្គាល់​នេះ​ គឺព្រះនាមព្រះអង្គនេះហើយដែលធ្វើឲ្យគាត់មាន​កម្លាំង​ឡើង​វិញ។ ដោយសារជំនឿតាមរយៈព្រះយេស៊ូបានធ្វើឲ្យគាត់ជាទាំងស្រុង នៅក្នុងវត្តមានរបស់បងប្អូនទាំងអស់គ្នាស្រាប់។ 17 ឥឡូវនេះ បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា​បង​ប្អូន​ទាំង​អស់​គ្នាធ្វើពើជាមិនដឹង ដូចអ្នកដឹងនាំបងប្អូនបានធ្វើដែរ។ 18 ប៉ុន្តែ អ្វីដែលព្រះជាម្ចាស់​បាន​ប្រាប់ជាមុនហើយតាមរយៈមាត់របស់ពួក​ព្យាការី​ទាំង​អស់ គឺ​ថាព្រះគ្រិស្ដ​របស់​ព្រះអង្គ​នឹងត្រូវ​តែ​រង​ទុក្ខ​លំបាក ហើយឥឡូវនេះ ព្រះអង្គបានធ្វើឲ្យសម្រេចហើយ។ 19 ហេតុ​នេះ សូម​ប្រែ​ចិត្ត​ ហើយ​បែរមកវិញ ដើម្បី​ឲ្យបាប​របស់​បង​ប្អូនត្រូវបានលុបចោល ដើម្បីឲ្យមានពេលវេលានៃការធ្វើឲ្យស្រស់បស់ពីព្រះវត្តមានរបស់ព្រះអម្ចាស់ 20 និងដើម្បីឲ្យព្រះអង្គបានចាត់ព្រះគ្រិស្ត ដែលបានត្រៀមទុកសម្រាប់បងប្អូនហើយ គឺព្រះយេស៊ូ។ 21 ព្រះអង្គគឺជាព្រះដែលគង់​នៅ​ស្ថានសួគ៌ រហូត​ដល់ពេលនៃការស្តារអ្វីៗ​ទាំង​អស់​ឡើង​វិញ ដូចដែលព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទុកជាយូរមកហើយ តាម​រយៈ​មាត់របស់ពួក​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ 22 ពិតណាស់ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​ជា​ព្រះ​ជាម្ចាស់នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ពីចំណោម​បង​ប្អូន​អ្នក​រាល់​គ្នា ងើបឡើង។ អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​មកអ្នករាល់គ្នា។ 23 ​អស់​អ្នក​ដែល​មិន​ស្ដាប់​ព្យាការី​នោះ នឹង​ត្រូវ​ដកបំផ្លាញចោលទាំងស្រុងពីចំណោម​ប្រជារាស្ត្រ។ 24 ពិតមែនហើយ ព្យាការី​ទាំង​អស់ ចាត់តាំងពីលោក​សាំយូអែល​​ និងអ្នកនៅតាមក្រោយលោក ពួកគេថ្លែង ហើយប្រកាសប្រាប់ពី​សម័យនេះ។ 25 បង​ប្អូនគឺជា​កូន​ចៅ​របស់ពួក​ព្យាការី និងជាកូនចៅនៃ​សម្ពន្ធមេត្រីដែល​ព្រះជាម្ចាស់​បាន​ធ្វើជា​មួយ​បុព្វបុរសដែរ ដូចជា​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​​លោក​អប្រាហាំ​ថា៖ «តាម​រយៈ​ពូជពង្ស​របស់​អ្នក ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែនដី​នឹង​ទទួល​ពរ ។ 26 បន្ទាប់ពី ព្រះជាម្ចាស់​បានលើកអ្នកបម្រើ​របស់​ព្រះអង្គ​ឡើង ព្រះអង្គនឹងចាត់ទ្រង់មក​រក​បង​ប្អូន​ទាំង​អស់​គ្នា​មុន​គេ ដើម្បី​ប្រទាន​ពរ​ដល់​បង​ប្អូន ដោយបង្វែអ្នកទាំងអស់គ្នា​ឲ្យ​ងាក​ចេញ​ពី​អំពើអាក្រក់របស់អ្នករាល់គ្នា»។