ជំពូក ២

1 នៅ​បុណ្យ​ថ្ងៃ​ទី​ហាសិបបានមកដល់ ពួក​គេទាំងអស់គ្នាបានជួបជុំគ្នានៅក្នុង​កន្លែង​​ដដែល។ 2 រំពេចនោះគឺមានសម្លេងពីស្ថានសួគ៌មក ដូចជាខ្យល់បោកបក់ជា​ខ្លាំង ហើយខ្យល់បានចូលមក​ពេញ​ក្នុង​ផ្ទះ ជាកន្លែង​ដែល​ពួកគេកំពុងអង្គុយ។ 3 មាន​អណ្ដាតដូច​ភ្លើងលេចមកដល់ពួកគេ ដែលបានចែកចាយ ហើយបាន​សណ្ឋិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត​លើ​ពួក​គេ​ម្នាក់ៗ។ 4 ពួកគេបានពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ហើយ​បានចាប់​ផ្ដើម​និយាយជាមួយអ្នកដទៃដោយ​ភាសា​ផ្សេងៗ តាម​ព្រះវិញ្ញាណបាន​ប្រទាន​ឲ្យនិយាយ។ 5 ពេលនេះ គឺមាន​ជន​ជាតិ​យូដាដែលរស់នៅក្នុងក្រុងយេរូសាឡិម ជា​អ្នក​កោតខ្លាចព្រះ បានមក​ពី​ប្រជាជាតិផ្សេងៗនៅក្រោមមេឃ​។ 6 នៅពេលដែលបាន​​ឮ​នោះ ហ្វូងមនុស្សបាន​មករួមគ្នា ហើយ​ ច្របូកច្របល់ ដោយសារ​មនុស្សគ្រប់គ្នាបាន​ឮ​ពួក​គេ​និយាយ​ភាសារបស់គេរៀងៗខ្លួន។ 7 ពួកគេមានការភ្ញាក់ផ្អើល និង​ស្ងើច​សរសើរជាខ្លាំង​។ ពួកគេនិយាយ​ថា៖ «តើអ្នក​ទាំងអស់ដែលនិយាយនេះ សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលីឡេ​មែនទេ? 8 ​ហេតុ​អ្វី​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​របស់​យើង​រៀងៗ​ខ្លួន​ ដែលជាភាសាកំណើតរបស់យើង​ដូច្នេះ? 9 គឺ​​អ្នក​ស្រុក​ផាថុស និងអ្នកស្រុក​មេឌី ព្រមទាំងអ្នកស្រុក​អេឡាំ ហើយនិងអស់​អ្នក​ដែលរស់នៅក្នុងស្រុក​មេសូប៉ូតាមា ស្រុក​យូដា និងស្រុក​កាប៉ាដូគា ស្រុក​ប៉ុនតុស និងស្រុក​អាស៊ី 10 ស្រុក​ព្រីគា និងស្រុក​ប៉ាមភីលា ស្រុក​អេស៊ីប និងផ្នែកមួយនៃស្រុក​លីប៊ី​ដែល​ឆ្ពោះទៅ​ស្រុក​គីរេន និង​អស់​អ្នក​មក​លេងពី​ក្រុង​រ៉ូម 11 ជន​ជាតិ​យូដា និង​អ្នក​ចូល​សាសនា​យូដា អ្នក​កោះ​ក្រែត និងជន​ជាតិ​អារ៉ាប់ យើង​បាន​ឮពួក​គេ​ប្រាប់​អំពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់ ជា​ភាសា​យើង​​ផ្ទាល់!»។ 12 ពួកគេមានការភ្ញាក់ផ្អើល និងមានការងឿងឆ្ងល់ជាខ្លាំង ពួកគេបាន​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ការ​នេះ មាន​ន័យយ៉ាង​ដូច​ម្ដេច?» 13 ប៉ុន្តែ មាន​អ្នកផ្សេងទៀត​និយាយ​ចំអក ហើយនិយាយ​ថា៖ «ពួក​គេ​ស្រវឹង​ស្រាថ្មី​ទេ​តើ»។ 14 ប៉ុន្តែលោក​ពេត្រុស​បានក្រោក​ឈរ​ឡើង​ជា​មួយ​អ្នកដប់​មួយ​នាក់​ទៀត បន្លឺសម្លេង ហើយមានប្រសាសន៍ទៅ​កាន់ពួកគេ​ថា៖ «​ជនជាតិយូដា និង​បង​ប្អូន​ទាំង​អស់​ដែលរស់​នៅ​ក្រុង​យេរូសាឡិម​អើយ! សូម​បង​ប្អូន​ជ្រាប ហើយ​សូមយកចិត្តទុកដាក់​ស្ដាប់​ពាក្យ​របស់​ខ្ញុំ។ 15 ដ្បិត អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង​ស្រា​ ដូច​បង​ប្អូន​ស្មាន​នោះ​ទេ ព្រោះ​ទើប​តែថ្ងៃ​ម៉ោង​បី​នោះទេ។ 16 ប៉ុន្តែ ការនេះ​ជាទំនាយដែល​ព្យាការីយ៉ូអែល​បាន​ថ្លែង​ទុក​មក​ថា៖ 17 «នៅ​ថ្ងៃចុង​ក្រោយ​ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើងនឹងចាក់​វិញ្ញាណយើងលើ​មនុស្សគ្រប់គ្នា​។ កូន​ប្រុស​កូន​ស្រី​របស់​អ្នករាល់គ្នា​នឹង​ថ្លែង​ទំនាយ ពួក​យុវជន​នឹង​ឃើញនិមិត្ត​ ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នានឹង​យល់​សុបិន​។ 18 នឹងចាក់​បង្ហូរវិញ្ញាណរបស់យើង​លើ​អ្នក​បម្រើទាំង​ប្រុស​ទាំង​ស្រីរបស់​យើងដែរ ហើយពួក​គេ​នឹង​ថ្លែង​ទំនាយ។ 19 យើងនឹង​សម្តែងការអស្ចារ្យ​នៅ​លើ​មេឃខាងលើ និង​ទីសម្គាល់ផ្សេងៗ​នៅ​លើ​ផែនដីខាងក្រោម​ មាន​ឈាម មាន​ភ្លើង និង​មាន​កំសួល​ផ្សែង។ 20 ព្រះអាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​ ហើយព្រះចន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម នៅ​ពីមុន​ថ្ងៃដ៏ធំ និង អស្ចារ្យនៃការយាងមករបស់ព្រះអម្ចាស់ 21 មនុស្សគ្រប់គ្នា​ដែលអំពាវនាវរក​ព្រះនាម​ព្រះអម្ចាស់ នឹង​បាន​សង្គ្រោះ​»។ 22 ជនជាតិ​អ៊ីស្រាអែល​អើយ សូម​ស្ដាប់​ពាក្យ​ទាំងនេះ​ចុះ! ព្រះយេស៊ូជា​អ្នក​ភូមិ​ណាសារ៉ែត ជាម្នាក់ដែលព្រះជាម្ចាស់បានបង្ហាញដល់អ្នករាល់គ្នា ដោយ​លោកបាន​ធ្វើ​ការ​ឥទ្ធិឫទ្ធិ ការដ៏អស្ចារ្យ និង​ទី​សម្គាល់ផ្សេងៗ ដែលព្រះជាម្ចាស់បានធ្វើតាមរយៈលោក នៅកណ្តាលចំណោមអ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាបានដឹងស្រាប់។ 23 បុរសនេះ ត្រូវបានព្រះជាម្ចាស់ប្រគល់មកអ្នករាល់គ្នា ដោយសារព្រះជាម្ចាស់​មានផែនការ​រួចហើយ និង​ជ្រាប​ជា​មុន គឺត្រូវ​ឲ្យទៅ​ពួក​ជន​ពាល​សម្លាប់ព្រះអង្គ ហើយឆ្កាងព្រះអង្គនៅលើឈើឆ្កាង។ 24 ប៉ុន្តែ ព្រះជាម្ចាស់​នឹងប្រោស​លោកឲ្យរស់​ឡើង​វិញ ​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ការឈឺចាប់នៃ​សេចក្ដី​ស្លាប់ ព្រោះ​វា​មិន​អាច​ឃុំ​លោក​ទុក​បាន​ឡើយ។ 25 ដ្បិត ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​អំពី​លោកថា៖ «ទូលបង្គំ​បាន​ឃើញ​ព្រះអម្ចាស់នៅ​មុខ​ទូលបង្គំ​ជានិច្ច ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំមិន​ឲ្យទូលបង្គំ​ត្រូវ​រង្គើឡើយ។ 26 ដូច្នេះ​ ​ចិត្ត​ទូលបង្គំ​រីករាយ ហើយអណ្តាតទូលបង្គំ​មាន​អំណរ។ ហើយ​​រូប​កាយ​របស់​ទូលបង្គំក៏​នឹង​រស់នៅដោយ​សេចក្ដី​សង្ឃឹម​ដែរ។ 27 ដ្បិត ​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្ដោយ​ឲ្យសពអ្នកដ៏បរិសុទ្ធ​របស់​ព្រះអង្គឃើញ​រលួយ​ដែរ។ ព្រះអង្គ​បាន​បង្ហាញផ្លូវនៃជីវិត​ឲ្យ​ទូលបង្គំ​។ 28 ព្រះអង្គ​នឹងធ្វើឲ្យ​ទូលបង្គំមានអំណរ​ដ៏​ពេញលេញនៅចំពោះព្រះអង្គ»​។ 29 បង​ប្អូន​អើយ! ខ្ញុំ​អាចនិយាយជាមួយអ្នករាល់គ្នាដោយទុកចិត្ត អំពី​ព្រះបាទ​ដាវីឌ ជា​បុព្វបុរស​របស់​យើង​នោះ​ថា ​បាន​សុគត​ទាំងអស់គ្នា ហើយបាន​កប់ទៅក្នុងផ្នូវ ហើយ​ផ្នូរ​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។ 30 ដូច្នេះហើយ ទ្រង់ជា​ព្យាការី ហើយ​ជ្រាប​ថា ព្រះជាម្ចាស់​បាន​ស្បថនូវសម្បថជា​មួយ​ទ្រង់ថា ព្រះអង្គនឹង​ប្រទាន​ឲ្យមានផលនៃរូបកាយ​ទ្រង់​ នៅលើបល្ល័ង្ករបស់ទ្រង់។ 31 ទ្រង់បាន​ជ្រាបការនេះ​ជា​មុន ហើយបានមានរាជឱង្កា​អំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ដ​ «គឺ​ទ្រង់​ពុំ​ទុក​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់ ឬ​​មិន​ទុក​ឲ្យសព​ព្រះអង្គ​ត្រូវ​រលួយ​ទេ»។ 32 ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់​បាន​ប្រោសព្រះអង្គឲ្យ​រស់​ឡើង​វិញ ដែលយើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។ 33 ហេតុដូច្នេះហើយ ព្រះ​យេស៊ូត្រូវ​បានលើកឡើងគង់នៅខាងស្តាំព្រះជាម្ចាស់ ហើយបានទទួលព្រះបន្ទូលសន្យាព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ពី​ព្រះបិតា ហើយព្រះអង្គ​បានចាក់​បង្ហូរ​ ដូច​បង​ប្អូន​បាន​ឃើញ​ និង​ឮ​ស្រាប់ហើយ។ 34 ដ្បិត ព្រះបាទ​ដាវីឌ​មិន​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌ទេ តែ​ព្រះអង្គ​មាន​រាជឱង្ការ​ថា៖ «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់ព្រះអម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង។ 35 រហូត​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គសិន»។ 36 ហេតុ​នេះ សូម​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា ព្រះជាម្ចាស់បានធ្វើឲ្យទ្រង់ជាព្រះអម្ចាស់ និងជាព្រះគ្រិស្ត គឺព្រះ​យេស៊ូ​នេះហើយ ដែល​បង​ប្អូន​បាន​ឆ្កាង»។ 37 នៅពេល​ពួកគេ​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​មានការប៉ះពាល់​ចិត្ត​ជា​ខ្លាំង ហើយ​សួរ​លោក​ពេត្រុស និង​សាវក​ទាំងអស់​ថា៖ «បង​ប្អូន​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​គួរធ្វើ​ដូច​ម្ដេច?»។ 38 ពេលនោះ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​ពួកគេ​ថា៖ «ចូរ​ប្រែ​ចិត្ត​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដដើម្បី​ទទួលការអត់​ទោសបាបរបស់​បង​ប្អូន ហើយ​បង​ប្អូន​នឹង​ទទួលអំណោយទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ 39 ដ្បិត សេចក្តី​សន្យា​នេះ សម្រាប់​បង​ប្អូន​ និងកូន​ចៅ​របស់​បង​ប្អូន ព្រមទាំងសម្រាប់​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗដែរ តាម​តែ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើងបាន​ត្រាស់​ហៅ»។ 40 លោកបានធ្វើបន្ទាល់ និង​ដាស់​តឿន​ពួក​គេ ដោយ​ពាក្យពេចន៍​ជា​ច្រើន​ទៀតដល់ពួកគេ។ ​លោក​មាន​ប្រសាសន៍​ថា៖ «សូមសង្គ្រោះខ្លួនអ្នករាល់គ្នាឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​នៅជំនាន់នេះ»។ 41 បន្ទាប់មកពួកគេបាន​ទទួល​ពាក្យ​របស់​លោក ហើយបានទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់ថែមទៀត។ 42 ពួកគេបន្ត​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​សាវក និងប្រកបគ្នា​ ដោយធ្វើ​ពិធី​កាច់​នំបុ័ង និង​អធិស្ឋានផង។ 43 សេចក្តី​កោត​ស្ញប់ស្ញែងកើតមានដល់​គ្រប់ៗ​គ្នា ហើយមានការអស្ចារ្យ និង​ទី​សម្គាល់​ផ្សេងៗ​ជា​ច្រើនកើតឡើងតាមរយៈពួកសាវក។ 44 អស់​អ្នក​ដែល​បាន​ជឿ​បានមករួមគ្នា ហើយបាន​យក​របស់​របរទាំងអស់​ដែល​ខ្លួន​មានមក​ដាក់​រួម​គ្នា​។ 45 ហើយពួកគេ​លក់​ទ្រព្យសម្បត្តិ និង​អ្វីៗដែលគេមាន ហើយ​យក​ប្រាក់នោះ​មក​ចែក​គ្នា​ តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់ៗ។ 46 ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេបន្ត​រួម​ចិត្ត​គំនិត​គ្នាតែមួយ នៅក្នុងព្រះវិហារ និងហើយពួកគេបាន​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ហើយពួកគេបានចែក​អាហារ​ដោយអំណរ​ព្រមទាំងបន្ទាបខ្លួនផង។ 47 ពួកគេ​សរសើរ​តម្កើង​ព្រះជាម្ចាស់ ហើយ​​រាប់​អាន​ជាមួយមនុស្ស​ទាំង​អស់​។ ជារៀងរាល់ថ្ងៃ ព្រះអម្ចាស់បាន​បន្ថែម​ចំនួន​អ្នក​ដែល​ព្រះអង្គ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​របស់​គេ​ថែមទៀត។