1 ជូនចំពោះលោកថេវភីល ក្នុងសៀវភៅទីមួយដែលខ្ញុំបានសរសេរ ប្រាប់ពីអ្វីៗទាំងអស់ដែលព្រះយេស៊ូបានចាប់ផ្ដើមធ្វើ ហើយបង្រៀនកន្លងមក 2 រហូតដល់ថ្ងៃដែលព្រះអង្គឡើងទៅស្ថានសួគ៌ បន្ទាប់ពី ព្រះអង្គបានបង្គាប់តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធទៅដល់ក្រុមសាវក ដែលព្រះអង្គបានជ្រើសរើស។ 3 បន្ទាប់ពី ព្រះអង្គបានរងទុក្ខលំបាក ព្រះអង្គបានបង្ហាញថា ទ្រង់នៅមានព្រះជន្មរស់ដល់ពួកគេ ជាមួយភស្តុតាងបញ្ជាក់ជាច្រើនផង។ ដិ្បត អស់រយៈពេលសែសិបថ្ងៃ ព្រះអង្គបានបង្ហាញដល់ពួកគេ ហើយព្រះអង្គមានព្រះបន្ទូលអំពីព្រះរាជ្យនៃព្រះជាម្ចាស់។ 4 នៅពេលព្រះអង្គបានជួបជុំជាមួយពួកគេ ទ្រង់ក៏បង្គាប់ពួកគេមិនឲ្យចាកចេញពីក្រុងយេរូសាឡិមឡើយ ប៉ុន្តែត្រូវរង់ចាំសេចក្តីសន្យារបស់ព្រះបិតា ពីអ្វីដែលព្រះអង្គបានមានបន្ទូលថា៖ «អ្នករាល់គ្នាបានឮពីខ្ញុំហើយ 5 គឺលោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែអ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ នៅក្នុងប៉ុន្មានថ្ងៃទៀត»។ 6 នៅពេលពួកគេបានប្រជុំគ្នា ពួកគេទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើនេះគឺជាពេល ដែលព្រះអង្គនឹងស្តារព្រះរាជ្យដល់អ៊ីស្រាអែលឡើងវិញឬ?» 7 ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «អំពីពេលវេលា ឬរដូវកាលដែលព្រះបិតាបានកំណត់ដោយសិទ្ធិអំណាចព្រះអង្គផ្ទាល់ នោះអ្នករាល់គ្នាមិនចាំបាច់ត្រូវដឹងទេ។ 8 ប៉ុន្តែអ្នករាល់គ្នានឹងទទួលអំណាច នៅពេលព្រះវិញ្ញាណដ៏វិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ ទាំងនៅក្នុងក្រុងយេរូសាឡិម នៅក្នុងស្រុកយូដា និងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតផែនដីផង»។ 9 នៅពេលព្រះអម្ចាស់យេស៊ូបានមានព្រះបន្ទូលសេចក្តីទាំងនេះ នៅពេលពួកគេកំពុងតែមើលទៅខាងលើ ព្រះអង្គត្រូវបានលើឡើង ហើយមានពពកមកបាំងព្រះអង្គចេញពីភ្នែករបស់ពួកគេ។ 10 កាលដែលពួកគេកំពុងតែសម្លឹងមើលទៅសា្ថានសួគ៌យ៉ាងយកចិត្តទុកដាក់ នៅពេលដែលព្រះអង្គយាងឡើងទៅ រំពេចនោះ មានបុរសពីរនាក់ស្លៀកពាក់សឈរនៅជិតពួកគេ។ 11 ពួកគេនិយាយថា៖ «អ្នកស្រុកកាលីឡេអើយ! ហេតុអ្វីបានជាអ្នករាល់គ្នានៅតែឈរមើលទៅស្ថានសួគ៌ដូច្នេះ? ព្រះយេស៊ូដែលត្រូវបានលើកឡើងពីអ្នករាល់គ្នាទៅស្ថានសួគ៌ នឹងត្រឡប់មកវិញក្នុងសភាពដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅស្ថានសួគ៌ដែរ»។ 12 បន្ទាប់មក ពួកបានត្រឡប់ពីភ្នំដើមអូលីវទៅក្រុងយេរូសាឡិមវិញ ដែលនៅជិតក្រុងយេរូសាឡិម ជាដំណើរនៅថ្ងៃសប្ប័ទ។ 13 នៅពេលពួកគេបានមកដល់ហើយ ពួកកេបានឡើងទៅបន្ទប់ខាងលើជាកន្លែងដែលពួកគេធ្លាប់ស្នាក់នៅ។ មានដូចជា លោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់លោកយ៉ាកុប។ 14 ពួកគេទាំងអស់គ្នារួមចិត្តគំនិតគ្នាតែមួយ ក្នុងសេចក្តីឧស្សាហ៍បន្តអធិស្ឋាន។ ក៏មានទាំងពួកស្រីៗដែរ មាននាងម៉ារីជាម្តាយរបស់ព្រះយេស៊ូ ហើយក៏មានបងប្អូនរបស់ព្រះអង្គផងដែរ។ 15 នៅពេលនោះ លោកពេត្រុសបានឈរឡើង នៅកណ្ដាលចំណោមបងប្អូនដែលមានគ្នា១២០នាក់ ហើយមានប្រសាសន៍ថា៖ 16 «បងប្អូនអើយ! ពិតជាសំខាន់ណាស់ដែលបទគម្ពីរសម្រេច ដូចដែលព្រះវិញ្ញាណបានថ្លែងទុកជាមុន តាមរយៈព្រះឱស្ឋរបស់ព្រះបាទដាវីឌទាក់ទងនឹងលោកយូដាស ដែលបាននាំគេមកចាប់ព្រះយេស៊ូ។ 17 ដ្បិតលោកយូដាសជាម្នាក់នៅក្នុងក្រុមរបស់យើង ហើយក៏បានទទួលចំណែកនៅក្នុងព័ន្ធកិច្ចដែរ»។ 18 (ឥឡូវនេះ បុរសម្នាក់នេះបានទិញដីចម្ការមួយកន្លែងដោយប្រើប្រាក់ដែលគាត់បានទទួលមកពីអំពើអាក្រក់របស់គាត់ ហើយគាត់បានដួលផ្កាប់មុខធ្លាយពោះ ចេញពោះវៀនមកក្រៅនៅទីនោះ។ 19 អស់អ្នកដែលរស់នៅក្រុងយេរូសាឡិមដឹងរឿងនេះផងដែរ ដូច្នេះ គេបានហៅចម្ការនោះតាមភាសារបស់គេថា៖ «អាកិលដាម៉ា» ដែលមានន័យថា៖ «ចម្ការឈាម»)។ 20 «ដ្បិតមានសេចក្តីចែកទុកនៅក្នុងកណ្ឌគម្ពីរទំនុកតម្កើងថា៖ «ចូរឲ្យចម្ការរបស់គេក្លាយទៅជាទីចោលស្ងាត់ជ្រងំ ហើយ សូម្បីតែមនុស្សម្នាក់រស់នៅទីនោះក៏គ្មានផង» «ចូរឲ្យម្នាក់ទៀតជំនួសតំណែងនៃការដឹកនាំរបស់គាត់»។ 21 ដូច្នេះ វាគឺជាការចាំបាច់ ដែលបុរសម្នាក់នៅក្នុងចំណោមយើង ដែលបានចូលរួមជាមួយយើង ដែលគ្រប់ពេលព្រះអម្ចាស់យេស៊ូបានយាងចេញ ហើយចូលមកក្នុងចំណោមយើង 22 ចាប់តាំងពីពិធីជ្រមុជលោកយ៉ូហាន រហូតដល់ថ្ងៃដែលត្រូវបានលើកឡើងចេញពីយើង ត្រូវធ្វើបន្ទាល់អំពីការរស់ឡើងវិញរបស់ព្រះអង្គជាមួយយើង»។ 23 ពួកគេបាននាំបុរសពីរនាក់មក គឺលោកយ៉ូសែប ដែលហៅថាបារសាបាសផង និងយូស្ទូសផង និងលោកម៉ាត់ធាស។ 24 ពួកគេបានអធិស្ឋានដោយនិយាយថា៖ «ឱព្រះអម្ចាស់អើយ! ព្រះអង្គជ្រាបដួងចិត្តរបស់មនុស្សទាំងអស់ ដូច្នេះ សូមបង្ហាញដល់អ្នកពីរនាក់នេះ តើព្រះអង្គជ្រើសរើសអ្នកណា 25 ដើម្បីជំនួសនៅក្នុងព័ន្ធកិច្ច និងមុខងារជាសាវកនេះ ដោយសារលោកយូដាសបានធ្វើខុសហើយបានទៅឯកន្លែងរបស់គាត់»។ 26 ពួកគេបានចាប់ឆ្នោតសម្រាប់អ្នកទាំងពីរហើយឆ្នោតបានត្រូវលើលោកម៉ាត់ធាស ហើយលោកក៏ជាសមាជិកក្នុងក្រុមសាវកទាំងដប់មួយរូបដែរ។