ជំពូក ១០

1 ពេលនេះមាន​បុរស​ម្នាក់​ នៅ​ក្រុង​សេសារា ឈ្មោះ​កូនេលាស ជា​នាយ​ទាហាន​នៃកងវរសេនាធំមួយហៅថា «កងវរសេនាធំ​អ៊ីតាលី»។ 2 លោកជាមនុស្សដែលគោរពកោតខ្លាចព្រះ ហើយជាម្នាក់ដែលថ្វាយបង្គំព្រះជាម្ចាស់ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល លោកបាន​ចែក​ប្រាក់ដល់អ្នកដែលខ្វះខាត ហើយអធិស្ឋានទៅព្រះជាម្ចាស់ឥតឈប់ឈរ។ 3 ថ្ងៃ​មួយ ​ម៉ោងប្រហែលជា​ប្រាំបួន ​លោក​បាន​ឃើញក្នុងនិមិត្តយ៉ាងច្បាស់ពី​ទេវតា​​របស់​ព្រះជាម្ចាស់មួយរូបបានមករកលោក។ ទេវតា​នោះ​ពោលមកលោក​ថា៖ «លោក​កូនេលាស​អើយ!»។ 4 លោក​កូនេលាស​សម្លឹង​មើល​ទៅ​ទេវតា ទាំង​ភ័យ​ខ្លាចជាខ្លាំង ហើយតប​ថា៖ «តើ​​មាន​ការ​អ្វី លោក?» ទេវតា​ពោល​មក​លោក​ថា៖ «សេចក្តីអធិស្ឋាន និងអំណោយដែលបានចែកឲ្យអ្នកក្របានឡើងទៅលើ ទុកដូចជាតង្វាយនៃការចងចាំនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់។ 5 ឥឡូវនេះ ចូរ​ចាត់​មនុស្សឲ្យទៅ​ក្រុង​យ៉ុបប៉េ ហើយនាំ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅថា​ពេត្រុស​មក។ 6 លោកកំពុង​ស្នាក់​នៅ​ផ្ទះ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ផ្ទះ​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ»។ 7 ពេល​ទេវតាដែល​បាន​និយាយ​ជា​មួយ​លោក​ចេញ​ផុត​ទៅ លោក​កូនេលាសបាន​ហៅ​អ្នក​បម្រើ​ពីរ​នាក់ និង​ទាហានដែលគោរព​កោតខ្លាចដល់​ព្រះ​ម្នាក់​ ពីចំណោមអស់​អ្នក​ដែលបម្រើលោក។ 8 លោក​កូនេ​លាស​បានប្រាប់អ្វីដែលបានកើតឡើងដល់ពួកគេ​ទាំង​អស់ ហើយបាន​ចាត់ពួកគេ​ឲ្យទៅ​ក្រុង​យ៉ុបប៉េ។ 9 នៅ​ថ្ងៃ​បន្ទាប់ ប្រមាណ​ជាម៉ោងប្រាំមួយ នៅដែលពួកគេកំពុងធ្វើ​ដំណើរ ហើយ​ទៅ​ជិត​ដល់​ក្រុង លោក​ពេត្រុស​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ ដើម្បីអធិស្ឋាន​។ 10 ពេល​នោះ លោក​ឃ្លាន ហើយចង់រកអ្វីមក​បរិភោគ ប៉ុន្តែ ក្នុងកាល​ដែលគេ​កំពុង​តែ​ចម្អិន​ម្ហូប​ចំណីនោះ លោកបានទទួលនូវនិមិត្តមួយ 11 ហើយលោក​បាន​​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយឃើញអ្វីមួយសម្រាប់ដាក់វត្ថុចុះមក​ដូច​កម្រាល​តុ​មួយផ្ទាំង​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង​ចុះ​ពី​លើ​មក​ដល់​ដី។ 12 នៅ​លើ​កម្រាលនោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ និងមាន​សត្វ​លូន​វារ និង​បក្សាបក្សីដែលហើរនៅលើមេឃផង។ 13 បន្ទាប់មក មានសម្លេងមួយបានថ្លែង​មក​លោក​ថា៖ «ពេត្រុស​អើយ! ចូរក្រោយឡើង ចូរសម្លាប់ ហើយបរិភោគ​ទៅ!»។ 14 ប៉ុន្តែ លោក​ពេត្រុស​ទូល​ថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំ​ពុំ​ដែល​ហូប​អ្វី​ដែលស្មោកគ្រោក និងមិនស្អាតឡើយ»។ 15 ប៉ុន្តែ​ ព្រះសូរសៀង​នោះ​បានមកលោកជា​លើក​ទី​ពីរថា៖ «អ្វីៗ​ដែល​ព្រះជាម្ចាស់​បានសម្អាត​ហើយ កុំត្រូវហៅថាស្មោកគ្រោកឡើយ»។ 16 ការ​នេះ​កើត​មាន​​បី​ដង បន្ទាប់មក វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម​មួយរំពេច។ 17 នៅពេលដែលលោក​ពេត្រុស​កំពុងភាន់ភាំងអំពី​អត្ថន័យនៃនិមិត្ត ដែលលោកបានឃើញនោះយ៉ាងដូចម្តេច មើល៍ មនុស្ស​ដែល​លោក​កូនេលាស​ចាត់​ឲ្យ​មក បាន​មក​ឈរនៅ​មាត់​ទ្វារ បន្ទាប់មក ពួកកេបាន​សាក​សួរ​រកផ្លូវទៅ​ផ្ទះ​នោះ។ 18 ពួកគេ​ស្រែក​សួរ​ថា តើលោក​ស៊ីម៉ូន​ ដែលគេហៅ​ថាពេត្រុស ដែលកំពុងតែ​ស្នាក់​នៅទីនោះ។ 19 ពេល​លោក​ពេត្រុស​កំពុង​តែគិត​អំពី​និមិត្ត​នោះ ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​លោក​ថា៖ «មើល៍ មាន​បុរស​បី​នាក់​កំពុង​រក​អ្នក 20 ចូរក្រោកឡើង ហើយ​ចុះ​ទៅ​ក្រោម​ ហើយចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ទៅ។​ កុំ​រារែកក្នុងការទៅជាមួយពួកគេឡើយ ព្រោះយើងបានចាត់គេឲ្យមក»។ 21 ដូច្នេះ លោក​ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម រកបុរសទាំងនោះ ហើយមាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អស់លោក​កំពុង​រក។ តើ​អស់លោក​មក​មាន​ការ​អ្វី?» 22 ពួកគេ​ឆ្លើយ​ថា៖ «នាយ​ទាហានម្នាក់ លោក​កូនេលាស ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ និង​ជា​មនុស្ស​ម្នាក់​ដែល​ជនជាតិ​យូដាសរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់​មួយ​រូប​បាន​មក​ប្រាប់​​ឲ្យមកអញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ឲ្យលោកស្ដាប់​​ព្រះបន្ទូលពីលោក»។ 23 ដូច្នេះ លោក​ពេត្រុស​បានអញ្ជើញ​ពួកគេ​ចូល​ក្នុង​ផ្ទះ​ ហើយឲ្យ​ស្នាក់​នៅ​ជា​មួយលោក។ លុះព្រឹក​ឡើង លោក​បានក្រោកឡើយ ហើយចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ ក៏​មាន​បង​ប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុបប៉េរួមដំណើរ​​ជាមួយលោកដែរ។ 24 មួយថ្ងៃក្រោយមក ពួកគេបាន​ទៅ​ដល់​ក្រុង​សេសារា។ លោក​កូនេលាស​កំពុងរង់ចាំពួកគេ ហើយលោកបានហៅញាតិសន្ដាន និង​មិត្ត​ជិតស្និទ្ធមក​ផ្ទះ​របស់​លោកមកចូលរួមដែរ។ 25 នៅគ្រានោះ ពេល​លោក​ពេត្រុស​មក​ដល់ លោក​កូនេលាស​ចេញ​ទៅ​ទទួល ហើយលុតជង្គង់​ចុះ​ទៀប​ជើង​លោក ដើម្បីថ្វាយបង្គំ។ 26 ប៉ុន្តែ លោក​ពេត្រុសបាន​ចាប់​លើកគាត់​​ឡើង ដោយ​ពោល​ថា៖ «ចូរក្រោក​ឡើង! ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​»។ 27 ពេលលោកពេត្រុសនិយាយ​ជា​មួយ​លោក ហើយលោកបានដើរចូលទៅក្នុង ហើយ​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា។ 28 លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូនដឹងទេថា វិន័យ​របស់​សាសនា​យូដា ហាម​មិន​ឲ្យសាសន៍​យូដា​ទាក់ទង​ជា​មួយ​ ឬសួរសុខទុក្ខជន​ជាតិផ្សេង។ ប៉ុន្តែ ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ថា ខ្ញុំមិន​ត្រូវ​ហៅនរណាម្នាក់ថាស្មោកគ្រោក​ឬមិនស្អាតឡើយ។ 29 ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មក​ដោយគ្មានការតវ៉ាឡើយ ​ពេល​ដែល​បង​ប្អូន​ហៅ​ខ្ញុំ​មក។ ដូច្នេះ ខ្ញុំសុំសួរបងប្អូន ហេតុអ្វីបានជាបង​ប្អូន​ហៅ​ខ្ញុំ​មក​»។ 30 លោក​កូនេលាស​មាន​ប្រសាសន៍​ថា៖ «កាលពី​បួន​ថ្ងៃ​មុន នៅម៉ោងនេះ គឺ​ម៉ោង​ប្រាំបួន ​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ផ្ទះ​ខ្ញុំ ហើយមើល៍ មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ភ្លឺ​ចញ្ចាចមក​ឈរ​នៅ​មុខ​ខ្ញុំ 31 លោក​ពោល​ថា៖ «លោក​កូនេលាស​អើយ ព្រះជាម្ចាស់​បានឮសេចក្តីអធិស្ឋានរបស់​លោក​ហើយ ហើយអំណោយដែលចែកដល់អ្នកក្រក៏​ព្រះជាម្ចាស់​ចងចាំ​ដែរ។ 32 ដូច្នេះ ចូរ​ចាត់នរណាម្នាក់​ឲ្យ​ទៅ​​ក្រុង​យ៉ុបប៉េ​ ហើយហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ថាពេត្រុសឲ្យមករកលោកចុះ។ លោក​កំពុងស្នាក់​នៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក ​នៅ​ជិតមាត់​សមុទ្រ»។ 33 ដូច្នេះ ភ្លាមនោះ ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យទៅរកលោក​។ លោក​បានមក​ល្អហើយ។ ដូច្នេះ ឥឡូវនេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​ ដើម្បីស្តាប់អ្វីៗគ្រប់យ៉ាង ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោកមានប្រសាសន៍ហើយ»។ 34 បន្ទាប់មក លោក​ពេត្រុស​បានបើកមាត់របស់លោក ហើយមាន​ប្រសាសន៍​ថា៖ «ពិតណាស់ ខ្ញុំ​ដឹងហើយ​ថា ព្រះជាម្ចាស់​មិន​រើស​មុខ​នរណាឡើយ។ 35 ផ្ទុយទៅវិញ ជាតិ​សាសន៍​ណាក្តី អ្នក​ណា​ក៏​ដោយ​ដែលថ្វាយបង្គំព្រះអង្គ ហើយ​ប្រព្រឹត្ត​​សុចរិត ព្រះអង្គ​ទទួលអ្នក​នោះ​មិន​ខាន។ 36 បងប្អូនដឹងហើយថា ព្រះបន្ទូលដែលព្រះអង្គ​បាន​ប្រទាន​មក​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល នៅពេលព្រះអង្គបានប្រកាស​ដំណឹងល្អ អំពី​សេចក្ដី​សុខសាន្តតាម​រយៈ​ព្រះយេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់ ​លើ​មនុស្ស​ទាំង​អស់។ 37 បង​ប្អូន​ដឹងពីព្រឹត្តការណ៍​ដែល​កើត​ឡើង​នៅក្នុងស្រុកយូដាទាំងមូល ដែល​បាន​ចាប់​ផ្ដើម​នៅ​ស្រុក​កាលីឡេ បន្ទាប់ពី លោក​យ៉ូហានបាន​ប្រកាស​ពី​ពិធី​ជ្រមុជ​ទឹក 38 គឺព្រឹត្តការណ៍ទាក់ទងនឹងព្រះយេស៊ូ អ្នកស្រុកណាសារ៉ែត ពីការដែលព្រះជាម្ចាស់​បាន​ចាក់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និងអំណាចលើព្រះអង្គ។ ព្រះអង្គបានយាងចុះឡើង ទាំងធ្វើការ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​មារ​សង្កត់សង្កិន​ឲ្យ​បាន​ជា ដ្បិត ​ព្រះជាម្ចាស់​គង់​ជា​មួយ​ព្រះអង្គ។ 39 យើង​ជា​បន្ទាល់​នៃអ្វីៗគ្រប់យ៉ាងដែលព្រះយេស៊ូបាន​ធ្វើ ទាំងនៅ​ក្នុង​ស្រុក​របស់​ជន​ជាតិ​យូដា និង​នៅ​ក្រុង​យេរូសាឡិម។ ពួក​គេ​បាន​សម្លាប់ព្រះអង្គ​ ដោយ​ព្យួរ​ព្រះអង្គនៅ​លើ​ឈើ។ 40 ប៉ុន្តែ ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី និង​ធ្វើឲ្យគេឃើញព្រះអង្គ 41 មិនមែនដល់មនុស្សគ្រប់គ្នាទេ ប៉ុន្តែ ដល់អ្នកធ្វើបន្ទាល់ ដែលព្រះជាម្ចាស់បាន​ជ្រើស​រើស​ជា​មុនប៉ុណ្ណោះ គឺ​យើង​ដែល​បាន​ហូប និងផឹក​ជា​មួយ​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​​រស់​ពីស្លាប់ឡើង​វិញ។ 42 ព្រះអង្គបាន​បង្គាប់​យើង​ឲ្យ​ប្រកាស​ប្រាប់​ប្រជាជន​ ហើយធ្វើ​ជា​បន្ទាល់ថា ព្រះអង្គគឺជាព្រះ ដែលព្រះជាម្ចាស់​បានជ្រើសរើស​ឲ្យ​ជំនុំជម្រះទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ 43 គឺព្រះអង្គហើយ ដែលពួកព្យាការីទាំង​ប៉ុន្មាន​បាន​ធ្វើបន្ទាល់នោះ ដើម្បីអស់​អ្នក​ណាដែល​ជឿ​លើ​ព្រះអង្គ នឹង​ទទួល​ការអត់ទោស​ឲ្យរួច​ពី​បាប តាមរយៈ​ព្រះនាម​ព្រះអង្គ»។ 44 ក្នុងពេលលោក​ពេត្រុស​កំពុង​មាន​ប្រសាសន៍ពីការទាំងនេះនៅឡើយ​ ព្រះវិញ្ញាណ​ដ៏វិសុទ្ធយាង​ចុះ​មក​លើ​អស់​អ្នក​ដែល​ស្ដាប់ព្រះបន្ទូលដែល​លោកថ្លែង។ 45 ពួក​អ្នកដែលជាសមាជិកពួកអ្នកជឿ ដែលបានកាត់ស្បែក គឺអ្នកដែល​មក​ជា​មួយ​លោក​ពេត្រុសទាំងអស់ ពួកគេភ្ញាក់ផ្អើល ព្រោះអំណោយទានរបស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ បានចាក់បង្ហូរឲ្យមកសាសន៍​ដទៃ​ដែរ។ 46 ដ្បិត​ ពួគេ​បាន​ឮ​សាសន៍​ដទៃ​ទាំង​នេះ​និយាយ​ភាសា​ផ្សេងៗ ហើយសរសើរដល់​ព្រះជាម្ចាស់​ផង។ ពេល​នោះ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា៖ 47 «តើនរណាអាចរារាំងយើង មិន​ឲ្យ​បងប្អូនទាំងនេះធ្វើ​ពិធី​ជ្រមុជ​ទឹកបាន ​និងបងប្អូនទាំងនេះដែល​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដូច​ជា​យើង​ដែរ​ឬ​ទេ?» 48 ដូច្នេះ លោក​ក៏​បង្គាប់ឲ្យ​គេ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដល់​ពួកគេ ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ។ បន្ទាប់​មក ពួក​គេ​បានសុំ​ឲ្យ​លោក​ស្នាក់​នៅ​ជា​មួយពួក​គេជាច្រើនថ្ងៃ​​ទៀត។