1 ដូច្នេះ ព្រះបាទអគ្រីប៉ាបានមានរាជឱង្ការទៅលោកប៉ូលថា៖ «អ្នកអាចនិយាយការពារខ្លួនបាន»។ បន្ទាប់មក លោកប៉ូលលើកដៃឡើង ហើយមានប្រសាសន៍ការពារខ្លួនថា៖ 2 «ឱព្រះបាទអគ្រីប៉ាអើយ ទូលបង្គំមានរីករាយណាស់ ដែលអាចឆ្លើយការពារខ្លួននៅចំពោះព្រះករុណាថ្ងៃនេះ ចំពោះសេចក្តីទាំងប៉ុន្មានដែលសាសន៍យូដាចោទទូលបង្គំ 3 ជាពិសេស ដោយសារព្រះករុណាជំនាញខាង ទំនៀមទម្លាប់ និងបញ្ហាផ្សេងៗ របស់ជនជាតិយូដា។ ហេតុនេះ ទូលបង្គំសូមព្រះអង្គ ស្តាប់ទូលបង្គំ ដោយអនុគ្រោះផងចុះ។ 4 ពិតណាស់ ជនជាតិយូដាគ្រប់រូបស្គាល់ពីរបៀបរស់នៅរបស់ទូលបង្គំ តាំងពីយុវវ័យមកម៉េ្លះ នៅក្នុងប្រទេសជាតិរបស់ទូលបង្គំផ្ទាល់ និងនៅក្នុងក្រុងយេរូសាឡិមផង។ 5 ពួកគេបានដឹងតាំងពីដើមមក ហើយពួកគេក៏ទទួលស្គាល់ថាទូលបង្គំរស់នៅក្នុងនាមគណៈផារីស៊ី ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង។ 6 ឥឡូវនេះ ទូលបង្គំឈរនៅទីនេះ ដើម្បីឲ្យគេកាត់ក្តី ដោយសារទូលបង្គំចង់បានសេចក្តីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរសរបស់យើង។ 7 ដ្បិត នេះគឺជាសេចក្តីសង្ឃឹមរបស់កុលសម្ព័ន្ធទាំងដប់ពីររបស់យើង នឹងបានទទួល នៅពេលពួកគេថ្វាយបង្គំព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ។ ឱព្រះបាទអគ្រីប៉ាអើយ ជនជាតិយូដាបានចោទប្រកាន់ទូលបង្គំ ព្រោះតែសេចក្ដីសង្ឃឹមនេះ។ 8 ហេតុអ្វីបានជាអស់លោកគិតថា ការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ គឺជាការដែលមិនគួរឲ្យជឿដូច្នេះ? 9 ពេលមួយ ទូលបង្គំផ្ទាល់ ធ្លាប់គិតថា ទូលបង្គំត្រូវធ្វើកិច្ចការជាច្រើនទាស់នឹងព្រះនាមព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែត។ 10 ទូលបង្គំបានធ្វើការនេះ នៅក្រុងយេរូសាឡិម។ ទូលបង្គំបានចាប់អស់អ្នកដែលជឿជាច្រើននាក់យកទៅឃុំឃាំង ព្រោះទូលបង្គំបានទទួលសិទ្ធិអំណាចពីពួកនាយកបូជាចារ្យ ហើយពេលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំបោះឆ្នោតទាស់នឹងពួកគេដែរ។ 11 ទូលបង្គំបានធ្វើទុក្ខដល់ពួគគេជាច្រើនដង នៅតាមសាលាប្រជុំហើយទូលបង្គំបានបង្ខំឲ្យពួកគេនិយាយប្រមាថ។ ទូលបង្គំខឹងពួកគេជាខ្លាំងហើយទូលបង្គំបានបៀតបៀនាពួកគេ ទោះបីជានៅតាមក្រុងនានានៅបរទេសក្តី។ 12 អំឡុងពេលទូលបង្គំធ្វើការនេះ ទូលបង្គំបានទៅក្រុងដាម៉ាសដោយបានទទួលសិទ្ធិអំណាច និងសេចក្តីបង្គាប់មកពីពួកនាយកបូជាចារ្យ។ 13 ឱព្រះរាជាអើយ នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ ទូលបង្គំបានឃើញពន្លឺមួយចាំងពីលើមេឃមកភ្លឺជាងថ្ងៃ ហើយបានជះពន្លឺជុំវិញលើទូលបង្គំ និងលើអ្នកដែលរួមដំណើរជាមួយទូលបង្គំដែរ។ 14 ពេលយើងខ្ញុំទាំងអស់គ្នាដួលដល់ដី ហើយទូលបង្គំបានឮសម្លេងមួយពោលមកទូលបង្គំ ដោយនិយាយជាភាសាហេព្រើរថា៖ «សូល! សូលអើយ! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ? វាពិបាកសម្រាប់អ្នកក្នុងការទាត់ជន្លួញដូច្នេះ»។ 15 ដូច្នេះ ទូលបង្គំបានតបថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា?»។ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «ខ្ញុំជាយេស៊ូដែលអ្នកបៀតបៀន។ 16 ឥឡូវនេះ ចូរក្រោកឡើង ហើយឈរដោយជើងអ្នកចុះ ព្រោះគោលបំណងដែលខ្ញុំបង្ហាញខ្លួនដល់អ្នក គឺដើម្បីជ្រើសរើសអ្នកឲ្យបម្រើ និងធ្វើជាបន្ទាល់អំពីអ្វីៗដែលអ្នកបានដឹងពីខ្ញុំនៅពេលនេះ ហើយពីអ្វីៗដែលខ្ញុំបង្ហាញដល់អ្នកនៅពេលក្រោយ។ 17 ខ្ញុំនឹងរំដោះអ្នកឲ្យរួចពីប្រជាជន និងពីសាសន៍ដទៃ ដែលខ្ញុំបានចាត់អ្នកឲ្យទៅនោះ 18 ដើម្បីបើកភ្នែករបស់ពួកគេ ហើយឲ្យពួកគេបែរចេញពីសេចក្ដីងងឹតមករកពន្លឺ និងបែរចេញពីអំណាចរបស់មារសាតាំង មករកព្រះជាម្ចាស់វិញ ដើម្បីឲ្យពួកគេអាចទទួលពីព្រះជាម្ចាស់នៅការអត់ទោសឲ្យរួចពីបាប និងទទួលមត៌កដែលខ្ញុំឲ្យដល់អស់អ្នកដែលបានសុចរិតដោយជំនឿលើខ្ញុំ»។ 19 ដូច្នេះ ឱព្រះបាទអ័គ្រីប៉ាអើយ ទូលបង្គំត្រូវស្តាប់បង្គាប់និមិត្តពីស្ថានសួគ៌។ 20 ប៉ុន្តែ ទូលបង្គំបានទៅរកអស់អ្នកនៅក្រុងដាម៉ាសមុនគេ ហើយបន្ទាប់មកនៅក្រុងយេរូសាឡិម និងនៅស្រុកយូដាទាំងមូល ព្រមទាំងសាសន៍ដទៃផងដែរ ខ្ញុំបានប្រាប់ពួកគេឲ្យពួកគេប្រែចិត្ត ហើយបែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើដែលសមនឹងការកែប្រែចិត្តមែន។ 21 ហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ទូលបង្គំនៅក្នុងព្រះវិហារ ព្រមទាំងចង់សម្លាប់ទូលបង្គំផង។ 22 ព្រះជាម្ចាស់បានជួយទូលបង្គំរហូតមកដល់ពេលនេះ ដូច្នេះហើយបានជាទូលបង្គំឈរ ហើយធ្វើបន្តាល់ដល់ទាំងអ្នកតូច និងអ្នកធំ ទូលបង្គំមិនបាននិយាយក្រៅពីអ្វីដែលពួកព្យាការី និងលោកម៉ូសេបានថ្លែងថានឹងត្រូវកើតឡើងនោះឡើយ 23 គឺថាព្រះគ្រិស្ដបានរងទុក្ខ ហើយថាព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីក្រោកឡើង ហើយប្រកាសពីពន្លឺដល់ជនជាតិយូដា និងសាសន៍ដទៃ»។ 24 កាលលោកប៉ូលមានប្រសាសន៍ការពារខ្លួនរួចហើយ លោកភេស្ទុសមានប្រសាសន៍ដោយសម្លេងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ! អ្នកឆ្កួតហើយ គឺអ្នករៀនសូត្រច្រើនពេក បានជាធ្វើឲ្យអ្នកឆ្កួតដូច្នេះ»។ 25 ប៉ុន្តែ លោកប៉ូលតបថា៖ «ឯកឧត្ដមភេស្ទុសអើយ ខ្ញុំបាទមិនឆ្កួតទេ ប៉ុន្តែ ខ្ញុំបាទនិយាយតែពាក្យពិត មានន័យត្រឹមត្រូវតែប៉ុណ្ណោះ។ 26 ដ្បិត ព្រះរាជាក៏ជ្រាបអំពីការទាំងនេះហើយ ដូច្នេះ ខ្ញុំបាទហ៊ាននិយាយនៅចំពោះព្រះអង្គ ដ្បិត ខ្ញុំបាទជឿជាក់ថា គ្មានអ្វីអាចលាក់កំបាំងពីទ្រង់ឡើយ ដ្បិត ការនេះមិនបានកើតឡើងនៅទីសម្ងាត់ឡើយ។ 27 ឱព្រះបាទអគ្រីប៉ាអើយ តើព្រះអង្គជឿពួកព្យាការីឬទេ? ទូលបង្គំដឹងថា ព្រះអង្គជឿ»។ 28 ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «នៅតែបន្តិចទៀត អ្នកអាចនឹងធ្វើឲ្យខ្ញុំទៅជាគ្រិស្ដបរិស័ទហើយ»។ 29 លោកប៉ូលទូលថា៖ «ទូលបង្គំអធិស្ឋានដល់ព្រះជាម្ចាស់ មិនថាបន្តិចទៀត ឬយូរទៀតក្ដី មិនគ្រាន់តែព្រះរាជាប៉ុណ្ណោះទេ ប៉ុន្តែ ដល់អស់អ្នកដែលបានស្តាប់ស្ដាប់ទូលបង្គំនៅថ្ងៃនេះដែរ បានដូចទូលបង្គំដែរ ប៉ុន្តែ មិនមែនដោយជាប់ច្រវាក់ទាំងនេះឡើយ»។ 30 បន្ទាប់មក ព្រះរាជា លោកទេសាភិបាល និងម្ចាស់ក្សត្រីយ៍បេរេនីស ព្រមទាំងអ្នកដែលអង្គុយនៅទីនោះជាមួយពួកគេបានក្រោកឈរឡើង 31 ពេលពួកគេបានចាកចេញពីសាលប្រជុំរួចហើយ ពួកគេបាននិយាយគ្នាទៅវិញទៅមក ដោយពោលថា៖ «បុរសនេះមិនបានធ្វើអ្វីឲ្យសមដល់ស្លាប់ ឬជាប់ច្រវាក់ឡើយ»។ 32 ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅ លោកភេស្ទុសថា៖ «ប្រសិនបើបុរសនេះមិនសុំឡើងទៅដល់សេសារទេ គាត់អាចមានសេរីភាពបាន»។