1 បន្ទាប់ពី លោកភេស្ទុសចូលមកដល់ស្រុកនោះ ហើយបីថ្ងៃក្រោយមក លោកបានចេញពីក្រុងសេសារាឡើងទៅក្រុងយេរូសាឡិម។ 2 ពួកនាយកបូជាចារ្យ និងពួកអ្នកធំរបស់ជនជាតិយូដាបានទៅប្ដឹងពីលោកប៉ូល ហើយពួកគេបានទទូចលោក 3 និងសុំឲ្យលោកមេត្តាអនុគ្រោះបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡិមវិញ ព្រោះពួកគេបានផ្សំគំនិតគ្នា ស្ទាក់ចាំសម្លាប់លោកតាមផ្លូវ។ 4 ប៉ុន្តែ លោកភេស្ទុសបានឆ្លើយថា លោកប៉ូលជាអ្នកទោសនៅក្រុងសេសារាចំណែកខ្លួនលោកផ្ទាល់ នឹងត្រូវត្រឡប់ទៅទីនោះវិញឆាប់ៗនេះហើយ។ 5 ដូច្នេះ លោកមានប្រសាសន៍ថា៖ «អស់អ្នកដែលអាច សូមអញ្ជើញទៅទីនោះជាមួយយើង។ ហើយបើបុរសនោះមានកំហុសអ្វី អ្នករាល់គ្នាចោទប្រកាន់គាត់ទៅ»។ 6 លោកភេស្ទុសបានស្នាក់នៅទីនោះបានមិនលើសប្រាំបី ឬដប់ថ្ងៃឡើយ ហើយលោកចុះទៅក្រុងសេសារាវិញ ហើយនៅថ្ងៃបន្ទាប់ លោកបានអង្គុយនៅទីកាត់ក្ដី ហើយបង្គាប់ឲ្យគេនាំលោកប៉ូលមកជួបលោក។ 7 ពេលគាត់មកដល់ ជនជាតិយូដាដែលមកពីក្រុងយេរូសាឡិមបានឈរនៅក្បែរលោក ហើយពួកគេបាននាំបណ្ដឹងធ្ងន់ៗជាច្រើន តែពួកគេគ្មានភស្ដុតាងអ្វីឡើយ។ 8 លោកប៉ូលបានការពារខ្លួន ដោយមានប្រសាសន៍ថា៖ «ខ្ញុំមិនបានធ្វើអ្វីទាស់នឹងវិន័យរបស់សាសន៍យូដា ឬទាស់នឹងព្រះវិហារ ឬក៏ទាស់នឹងសេសារឡើយ»។ 9 ប៉ុន្តែ លោកភេស្ទុសចង់យកចិត្តជនជាតិយូដា ដូច្នេះ លោកបានឆ្លើយទៅលោកប៉ូល ហើយមានប្រសាសន៍ថា៖ «តើលោកចង់ឡើងទៅក្រុងយេរូសាឡិម ហើយខ្ញុំនឹងកាត់ក្ដីឲ្យអ្នក អំពីរឿងទាំងនេះនៅទីនោះ?»។ 10 លោកប៉ូលតបថា៖ «ខ្ញុំបាទឈរនៅចំពោះមុខទីកាត់ក្តីរបស់សេសារហើយ ជាកន្លែងដែលត្រូវកាត់ក្ដីឲ្យខ្ញុំបាទ។ ខ្ញុំបាទមិនបានធ្វើខុសនឹងសាសន៍យូដាទេ ដូចដែលលោកបានជ្រាបច្បាស់ហើយ។ 11 ប្រសិនបើ ខ្ញុំបាទបានធ្វើខុស ហើយខ្ញុំបាទបានធ្វើអ្វីខុស សមនឹងមានទោសដល់ស្លាប់នោះ ខ្ញុំបាទបដិសេធនឹងស្លាប់ទេ។ ប៉ុន្តែ ប្រសិនបើ ការចោទប្រកាន់របស់ពួកគេមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅឲ្យពួកគេឡើយ។ ខ្ញុំបាទសូមប្តឹងឡើងទៅសេសារវិញ»។ 12 បន្ទាប់ពី លោកភេស្ទុសបានពិភាក្សាជាមួយក្រុមប្រឹក្សាជាន់ខ្ពស់ លោកមានប្រសាសន៍ថា៖ «អ្នកបានសុំប្តឹងឡើងទៅសេសារ ដូច្នេះ អ្នកនឹងទៅជួបសេសារ!»។ 13 ឥឡូវនេះ ប៉ុន្មានថ្ងៃក្រោយមក ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីស យាងមកដល់ក្រុងសេសារា ដើម្បីសួរសុខទុក្ខលោកភេស្ទុសជាផ្លូវការ។ 14 បន្ទាប់ពីស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសបានទូលស្ដេចពីរឿងក្តីលោកប៉ូលដល់ស្តេច លោកទូលថា៖ «លោកភេលិចបានទុកបុរសម្នាក់នៅទីនេះជាអ្នកទោស។ 15 ពេលទូលបង្គំនៅក្នុងក្រុងយេរូសាឡិម ពួកនាយកបូជាចារ្យ និងពួកចាស់ទុំនៃសាសន៍យូដាបាននាំពាក្យបណ្តឹងមកទូលបង្គំ ឲ្យកាត់ទោសគាត់។ 16 ទូលបង្គំបានឆ្លើយទៅពួកគេថា ជនជាតិរ៉ូមមិនមានទំនៀមទម្លាប់បបញ្ជូននរណាម្នាក់ ទៅឲ្យគេសម្លាប់ ដោយមិនបានជួបជាមួយអ្នកដើមចោទនោះទេ និងមិនមានឱកាសដើម្បីឆ្លើយការពារខ្លួនចំពោះពាក្យចោទជាមុនសិននោះឡើយ។ 17 ដូច្នេះ ពេលពួកគេមកជាមួយគ្នានៅទីនេះ ទូលបង្គំមិនរង់ចាំអ្វីឡើយ ប៉ុន្តែ នៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្ដី ហើយទូលបង្គំបានឲ្យគេនាំបុរសនោះមក។ 18 ពេលពួកដើមចោទក៏ឈរឡើង ហើយចោទគាត់ ទូលបង្គំគិតថា ពួកគេមិនបានចោទគាត់ពីអំពើណាមួយដែលធ្ងន់ធ្ងរឡើយ។ 19 ផ្ទុយទៅវិញ ពួកគេបានឈ្លោះគ្នារឿងសាសនារបស់គេផ្ទាល់ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូដែលបានស្លាប់ ហើយលោកប៉ូលអះអាងថាលោករស់ឡើងវិញហើយ។ 20 ទូលបង្គំក៏មិនដឹងច្បាស់ថាត្រូវស៊ើបអង្កេតរឿងនេះយ៉ាងណានោះទេ ហើយទូលបង្គំបានសាកសួរគាត់ផងដែរ ថាតើគាត់ចង់ឡើងទៅក្រុងយេរូសាឡិមឲ្យគេកាត់ក្ដីអំពីរឿងទាំងនេះនៅទីនោះឬទេ។ 21 ប៉ុន្តែ ពេលលោកប៉ូលបានសុំឲ្យឃុំគាត់សិន ក្នុងការដែលរងចាំឲ្យព្រះចៅអធិរាជសម្រេច ទូលបង្គំបានចេញបញ្ជាឲ្យឃុំគាត់ទុក រហូតដល់ពេលទូលបង្គំបញ្ជូនគាត់ទៅសេសារ»។ 22 ព្រះបាទអគ្រីប៉ាបានមានរាជឱង្ការទៅលោកភេស្ទុសថា៖ «ខ្ញុំក៏ចង់ស្ដាប់បុរសនេះដែរ»។ លោកភេស្ទុសទូលថា៖ «នៅថ្ងៃស្អែកព្រះករុណានឹងបានស្ដាប់គាត់ហើយ»។ 23 ដូច្នេះ នៅថ្ងៃបន្ទាប់ ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីសបានយាងមកជាមួយនឹងកម្មវិធីយ៉ាងអធិកអធម ពួកគេបានចូលក្នុងសាលសវនាការ អមដោយពួកនាយទាហាន និងពួកនាម៉ឺននៅក្រុងនោះផងដែរ។ ពេលលោកភេស្ទុសបានបញ្ជាហើយ គេក៏នាំលោកប៉ូលមកឯពួកគេ។ 24 លោកភេស្ទុសមានប្រសាសន៍ថា៖ «សូមទូលព្រះរាជា និងជម្រាបអស់លោកទាំងអស់ដែលនៅទីនេះជាមួយយើងថា បុរសដែលព្រះរាជា និងអស់លោកឃើញនេះ ជាអ្នកដែលជនជាតិយូដាគ្រប់រូប ទាំងនៅក្រុងយេរូសាឡិម និងទាំងនៅទីនេះ បានពិគ្រោះជាមួយខ្ញុំ ហើយពួកគេបានស្រែកមកខ្ញុំថា គាត់មិនត្រូវរស់តទៅទៀតទេ។ 25 ខ្ញុំយល់ឃើញថា គាត់មិនបានប្រព្រឹត្តអ្វីដែលមានទោសដល់ស្លាប់ឡើយ ប៉ុន្តែ ដោយសារគាត់បានសុំឡើងទៅព្រះចៅអធិរាជ ខ្ញុំបានសម្រេចចិត្តបញ្ជូនគាត់ទៅព្រះអង្គ។ 26 ប៉ុន្តែ ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរថ្វាយព្រះចៅអធិរាជឡើយ។ ហេតុនេះហើយបានជាខ្ញុំឲ្យគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបព្រះបាទអគ្រីប៉ាផ្ទាល់ ដើម្បីឲ្យខ្ញុំមានហេតុនឹងសរសេរនៅក្នុងសំណុំរឿងនេះ 27 ដ្បិត មិនសមឲ្យខ្ញុំត្រូវបញ្ជូនអ្នកទោស ហើយមិនបានបញ្ជាក់ពីការចោទប្រកាន់ទាស់នឹងគាត់នោះ»។