ជំពូក ២៤

1 ប្រាំ​ថ្ងៃ​ក្រោយ​មក មហា​បូជាចារ្យ​អាណាណាស និង​ពួកចាស់ទុំមួយ​ចំនួនព្រមទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុសបានទៅដល់ទីនោះ។ អ្នកទាំងអស់នេះបានចោទ​ប្រកាន់​លោក​ប៉ូលនៅចំពោះ​លោក​ទេសាភិបាល។ 2 ពេលលោក​ប៉ូលឈរនៅចំពោះលោកទេសាភិបាល ហើយ​លោក​ទើទូលុសបាន​ចោទ​ប្រកាន់​លោក ហើយមានប្រសាសន៍​ទៅ​លោកទេសាភិបាលថា៖ «ដោយសារ​តែ​ឯកឧត្ដមមានចក្ខុវិស័យ នាំ​ការ​កែ​ទម្រង់​ដល់​ប្រជាជាតិ​របស់យើងខ្ញុំ យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត 3 ដូច្នេះ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ និងស្វាគមន៍​ចំពោះអ្វីៗគ្រប់យ៉ាងដែល​ឯក‌ឧត្ដម​ភេលិចបានធ្វើ។ 4 ដូច្នេះ ខ្ញុំ​បាទ​មិន​ចង់​រំខាន​ឯកឧត្ដម​ច្រើនទេ ខ្ញុំ​បាទ​គ្រាន់​សូមឲ្យ​ឯកឧត្ដមមេត្តា​ស្ដាប់​​ខ្ញុំសង្ខេបខ្លីៗតែប៉ុណ្ណោះ។ 5 ដ្បិតយើង​ខ្ញុំ​យល់​ឃើញ​ថា​ ជន​នេះ​ជា​មនុស្សចង្រៃ ហើយបានជន​ជាតិ​យូដា​ទាំង​អស់​ នៅ​លើ​ពិភព​លោក​ទាំង​មូលប៉ះបោរ។ គាត់​ជា​មេ​ដឹក​នាំ​ម្នាក់នៅក្នុងនិកាយណាសារ៉ែត​។ 6 គាត់​ថែម​ទាំង​បាន​ប្រមាថដល់ព្រះវិហារទៀត​ផង ដូច្នេះហើយ​បាន​ជា​យើង​ខ្ញុំ​ចាប់​គាត់។ 7 ប៉ុន្តែ លោក​មេ​បញ្ជា​ការ​លូស៊ា​បានមក ហើយ​ប្រើ​កម្លាំង ​យក​គាត់​ចេញពី​កណ្តាប់របស់យើង​ខ្ញុំ» ។ 8 សូម​ឯកឧត្ដម​សួរ​ប៉ូល​ពីបញ្ហា​ទាំង​អស់ផ្ទាល់​តែ​ម្ដង​ទៅ ឯកឧត្ដម​នឹងបាន​ជ្រាប​ អំពីការដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។ 9 ជន​ជាតិ​យូដា​បាន​គាំទ្រ​ពាក្យ​ចោទ​ប្រកាន់​នេះ និង​បញ្ជាក់​ថាការចោទប្រកាន់ទាំងនេះ ពិត​ជា​ត្រឹម​ត្រូវ​មែន។ 10 ប៉ូន្តែ ពេលលោក​ទេសាភិបាល​បាន​ធ្វើ​សញ្ញា​ប្រាប់​លោក​ប៉ូលឲ្យ​មាន​ប្រសាសន៍ លោក​ប៉ូល​បានឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ដឹង​ថា ច្រើនឆ្នាំដែលឯកឧត្តមបានធ្វើជាអ្នកកាត់ក្តីដល់ប្រជាជាតិនេះ ដូច្នេះ ខ្ញុំ​បាទ​រីករាយនឹងពន្យល់ពីខ្លួនខ្ញុំបាទដល់ឯកឧត្តម។ 11 ឯកឧត្តមនឹងជ្រាបថា ខ្ញុំបាទបានឡើងមកក្រុងយេរូសាឡិមនេះមិនលើសពីដប់ពីរថ្ងៃទេ 12 ពេលពួកគេចាប់ខ្ញុំបាននៅក្នុងព្រះវិហារ ខ្ញុំបាទមិនបានឈ្លោះជាមួយនរណាឡើយ ហើយខ្ញុំបាទក៏មិនបានបង្ករចលាចលនៅក្នុងបណ្តាជន ឬនៅក្នុងសាលាប្រជុំ ឬក៏នៅក្នុងទីក្រុងដែរ។ 13 ពួកគេគ្មាន​ភស្ដុតាងដើម្បីបង្ហាញដល់ឯកឧត្តមអំពីការចោទប្រកាន់ ដែលពួកគេបានធ្វើទាស់នឹងខ្ញុំបាទដែរ។ 14 ប៉ុន្តែ ខ្ញុំ​បាទ​ទទួលស្គាល់ចំពោះ​ឯកឧត្ដម​ថា យោងទៅតាមមាគា៌ដែលពួកគេហៅថានិកាយខុសឆ្គង ខ្ញុំ​បាទបានបម្រើព្រះជាម្ចាស់របស់បុព្វបុរសរបស់យើង។ ហើយខ្ញុំបាទស្មោះត្រង់ចំពោះសេចក្តី​​ដែល​មាននៅ​ក្នុង​គម្ពីរ​វិន័យ និង​គម្ពីរ​ព្យាការីទាំងអស់។ 15 ​ខ្ញុំ​បាទ​​ទុកចិត្តលើព្រះជាម្ចាស់ ដូច​លោក​ទាំង​នេះ​ដែរ​ថា ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​នឹង​រស់​ឡើង​វិញ។ 16 ដូច្នេះហើយ​បាន​ជា​ខ្ញុំ​បាទតែងតែខិត​ខំ​ជាខ្លាំង ដើម្បីឲ្យ​មាន​មនសិការស្អាតនៅ​ចំពោះ​ព្រះជាម្ចាស់ និង​ចំពោះ​មនុស្ស​លោក។ 17 ឥឡូវនេះ បន្ទាប់ពីបានចាកចេញច្រើនឆ្នាំ ខ្ញុំបាទបានត្រឡប់មកជួយប្រជាជាតិខ្ញុំវិញ ហើយបាននាំយកប្រាក់ជាច្រើន។ 18 នៅ​ពេល​ខ្ញុំ​បាទ​បានធ្វើការនេះ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី​បានឃើញខ្ញុំបាទធ្វើពិធីជម្រះកាយនៅក្នុងព្រះវិហារ គ្មាន​ការ​ប្រជុំ​បណ្ដាជន ឬ​កើតចលាចល​ឡើយ។ 19 ពួកអ្នកទាំងនោះគួរតែនៅចំពោះលោកនៅពេលនេះ ហើយ​ចោទ​ប្រកាន់​ខ្ញុំ​បាទ ប្រសិន​បើពួក​គេ​មាន​រឿងអ្វី​ទាស់​នឹង​ខ្ញុំ​បាទមែន។ 20 ម្យ៉ាងវិញទៀត អ្នកទាំងនេះ ដែលបាន​ឃើញ​ខ្ញុំ​បាទ​មាន​ទោស​អ្វី នៅពេលខ្ញុំបានឈរនៅចំពោះក្រុមប្រឹក្សាជាន់ខ្ពស់របស់ជនជាតិយូដា សូម​ថា​មក​ចុះ 21 លើកលែង​តែការនេះមួយដែល​ខ្ញុំ​បាទ​បាន​ស្រែក​យ៉ាង​ខ្លាំងៗ​ ពេលខ្ញុំបាទឈរនៅក្នុង​ចំណោម​ពួក​គេ​ថា៖ «បង​ប្អូន​យក​ខ្ញុំ​មក​កាត់​ទោស​នៅ​ថ្ងៃ​នេះ ដោយសារតែមនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។ 22 បន្ទាប់មក លោក​ភេលិច​បាន​ជ្រាប​ច្បាស់​លាស់ ​អំពី​មាគ៌ា​នោះហើយ។ លោក​ប្រាប់​ពួក​គេ​ឲ្យផ្អាកត្រឹមនេះសិន ដោយ​ពោល​ថា៖ «ពេល​លោក​មេ​បញ្ជា​ការ​លូស៊ា​ចុះពីយេរូសាឡិមមក​ដល់ ខ្ញុំនឹងសម្រេចក្តីរបស់លោក»។ 23 បន្ទាប់មក លោក​បានបញ្ជា​ឲ្យ​មេទាហានយក​លោក​ប៉ូល​ទៅ​ឃុំ តែ​លោក​ទុក​ឲ្យ​លោក​ប៉ូល​មាន​សេរីភាព​ខ្លះៗ​ដែរ ដើម្បីកុំឲ្យមានការរារាំងមិត្ត​សម្លាញ់​របស់លោក ក្នុងការចូល​ទៅ​ជួយ​សេចក្តីខ្វះខាតរបស់លោក។ 24 ប៉ុន្មាន​ថ្ងៃ​ក្រោយមក លោក​ភេលិច​បាន​មក​ជា​មួយ​ភរិយា​របស់​លោក គឺ​​ទ្រូស៊ីល​ ជា​ជន​ជាតិ​យូដា លោក​បានចាត់គេឲ្យ​ទៅ​ហៅ​លោក​ប៉ូល​មក ហើយ​លោកបានស្ដាប់​គាត់អំពី​ជំនឿ​លើ​ព្រះគ្រិស្ដយេស៊ូ។ 25 ប៉ុន្តែ ពេល​លោក​ប៉ូល​វែកញែកជាមួយគាត់​អំពី​សេចក្ដី​សុចរិត អំពី​​ការគ្រប់គ្រងចិត្ត និង​អំពី​ការជំនុំជម្រះនឹងមកដល់ លោក​ភេលិច​មានការភ័យខ្លាច ហើយ​មានប្រសាសន៍​​ថា៖ «ឥឡូវ​នេះ ចូរ​អ្នក​ត្រឡប់​ទៅ​វិញ​សិន​ចុះ។ ប៉ុន្តែ ឱកាសក្រោយ ពេល​ខ្ញុំ​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត»។ 26 ក្នុងពេលដដែលនោះ លោក​សង្ឃឹម​ថាលោកប៉ូល​នឹង​ជូនប្រាក់ដល់លោក ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ប៉ូលមក​ ហើយជជែក​ជា​មួយលោក​ជា​រឿយៗ។ 27 ប៉ុន្តែ ពីរ​ឆ្នាំក្រោយមក លោក​ពរគាស-ភេស្ទុសបានធ្វើជាទេសា​ភិបាលជំនួស​លោក​ភេលិច។ ប៉ុន្តែ ​លោក​ភេលិច​ចង់​យក​ចិត្ត​សាសន៍​យូដា ដូច្នេះ លោក​បាន​​ទុក​លោក​ប៉ូល​ឲ្យបន្តនៅ​ជាប់គុកដដែល។