1 លោកប៉ូលបានសម្លឹងមើលទៅសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំបានរស់នៅនៅចំពោះព្រះជាម្ចាស់ មនសិកាត្រឹមត្រូវគ្រប់យ៉ាងរហូតមកដល់សព្វថ្ងៃ»។ 2 មហាបូជាចារ្យអណាណាសបានបង្គាប់ឲ្យអស់អ្នកដែលឈរជិតលោក វាយមាត់លោក។ 3 នោះ លោកប៉ូលមានប្រសាសន៍ទៅលោកថា៖ «ព្រះជាម្ចាស់នឹងវាយលោក ឱកំពែងលាបពណ៌សអើយ។ តើលោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យមែនទេ? តែលោកបែរជាបង្គាប់ឲ្យគេវាយខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ»។ 4 ពួកអ្នកដែលនៅទីនោះពោលថា៖ «តើអ្នកហ៊ានមើលងាយមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ?»។ 5 លោកប៉ូលតបថា៖ «បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាមហាបូជាចារ្យទេ។ ដ្បិត មានចែងទុកមកថា៖ «អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជនរបស់អ្នកឡើយ»។ 6 នៅពេលលោកប៉ូលឃើញថា មានមួយផ្នែកនៅក្នុងអង្គប្រជុំ ជាអ្នកខាងគណៈសាឌូស៊ី និងមួយផ្នែកទៀតខាងគណៈផារីស៊ី លោកក៏មានប្រសាសន៍ខ្លាំងៗនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាគណៈផារីស៊ីម្នាក់ ក៏ជាកូនរបស់គណៈផារីស៊ីដែរ។ ដោយព្រោះខ្ញុំបានជឿលើការរស់ពីស្លាប់ឡើងវិញ ដែលខ្ញុំកំពុងកាត់ទោសនៅពេលនេះ»។ 7 នៅពេលលោកមានប្រសាសន៍ដូច្នេះហើយ មានជម្លោះបានកើតឡើងរវាងពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី ហើយបណ្តាជនក៏បាក់បែកគ្នា 8 ដ្បិត ពួកខាងគណៈសាឌូស៊ីនិយាយថា គ្នានការស់ឡើងវិញ គ្មានពួកទេវតា និងគ្មានពួកអារក្សទេ ប៉ុន្តែ ពួកខាងគណៈផារីស៊ីវិញទទួលស្គាល់ថាមានទាំងអស់។ 9 ដូច្នេះ ក៏កើតមានសម្រែកឡូឡា ហើយមានពួកអាចារ្យខ្លះដែលនៅខាងគណៈផារីស៊ីបានក្រោកឡើងប្រកែកតវ៉ា ដោយមានប្រសាសន៍ថា៖ «យើងមិនឃើញបុរសនេះមានកំហុសអ្វីឡើយ។ ប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយបាននិយាយមកកាន់គាត់ទេដឹង?»។ 10 នៅពេលមានការឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការខ្លាចពួកគេហែកហួរសម្លាប់លោកប៉ូល។ ដូច្នេះ គាត់ក៏បញ្ជាឲ្យទាហាននាំលោកដោយប្រើកម្លាំងចេញពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ ហើយនាំលោកទៅបន្ទាយវិញ។ 11 នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកគង់នៅជិតលោក ហើយមានព្រះបន្ទូលថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតអ្នកបានធ្វើបន្ទាល់ពីខ្ញុំនៅក្រុងយេរូសាឡិមយ៉ាងណា អ្នកត្រូវធ្វើទីបន្ទាល់ពីខ្ញុំនៅក្រុងរ៉ូមដែរ»។ 12 នៅថ្ងៃបន្ទាប់ មានជនជាតិយូដាខ្លះបានផ្សំគំនិតគ្នា ហើយស្បថឲ្យត្រូវបណ្តាសាលើពួកគេថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ លុះត្រាតែពួកគេបានសម្លាប់លោកប៉ូលសិន។ 13 មានបុរសចំនួនជាងសែសិបនាក់ ដែលបានផ្សំគំនិតគ្នានេះ។ 14 ពួកគេបានទៅជួបពួកនាយកបូជាចារ្យ និងពួកចាស់ទុំជម្រាបថា៖ «យើងខ្ញុំបានស្បថថា នឹងមិនបរិភោគអាហារអ្វីឡើយ លុះត្រាតែយើងបានបានសម្លាប់ប៉ូលសិន។ 15 ដូច្នេះ ឥឡូវនេះ សូមក្រុមប្រឹក្សាជាន់ខ្ពស់ ប្រាប់លោកមេបញ្ជាការឲ្យនាំលោកមកជួប ធ្វើដូចជាអស់លោកចង់ពិនិត្យពិច័យមើលសំណុំរឿងរបស់គាត់ឲ្យបានច្បាស់លាស់ថែមទៀត។ ចំណែកយើងខ្ញុំវិញ យើងខ្ញុំបានរួចរាល់នឹងសម្លាប់គាត់ មុនពេលគាត់មកដល់ទីនេះ»។ 16 ប៉ុន្តែ ក្មួយប្រុសរបស់លោកប៉ូលបានដឹងចង់សម្លាប់លោក ដូច្នេះគាត់បានទៅ ហើយចូលក្នុងបន្ទាយ ហើយបានប្រាប់លោកប៉ូល។ 17 លោកប៉ូលបានហៅនាយទាហានម្នាក់មក ហើយប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិត គាត់មានរឿងចង់ជម្រាបលោក»។ 18 ដូច្នេះ នាយទាហានបានយកយុវជននោះ ហើយនាំគាត់ទៅជួបលោកមេបញ្ជាការ ហើយជម្រាបថា៖ «ប៉ូលជាអ្នកទោសបានហៅខ្ញុំបាទទៅជួបគាត់ ហើយសុំឲ្យខ្ញុំបាទនាំយុវជននេះមកជួបលោក។ គាត់មានរឿងចង់ជម្រាបលោក»។ 19 លោកមេបញ្ជាការបានដឹកដៃគាត់ទៅកន្លែងមួយដាច់ឡែក ហើយសួរគាត់ថា៖ «តើក្មួយមានរឿងអ្វីចង់ប្រាប់ពូ?»។ 20 យុវជននោះជម្រាបថា៖ «ជនជាតិយូដាបានព្រមព្រៀងគ្នាថា សុំលោកឲ្យបញ្ជូនលោកប៉ូលចុះទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ហាក់ដូចជាពួកគេចង់សាកសួរសំណុំរឿងរបស់គាត់ឲ្យកាន់តែច្បាស់ថែមទៀត។ 21 ប៉ុន្តែ សូមកុំជឿពួកគេឡើយ ព្រោះនៅទីនោះមានមនុស្សច្រើនជាងសែសិបនាក់ ពួនស្ទាក់ចង់សម្លាប់លោក។ ពួកគេបានស្បថមិនបរិភោគ ឬផឹកអ្វីឡើយ លុះត្រាណាតែពួកគេបានសម្លាប់លោកសិន។ នៅពេលនេះ ពួកគេរួចរាល់អស់ហើយ ចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។ 22 ដូច្នេះ លោកមេបញ្ជាការបានឲ្យយុវជននោះត្រឡប់ទៅវិញ បន្ទាប់ពីបានប្រាប់គាត់ថា៖ «កុំប្រាប់នរណាឲ្យសោះថា ក្មួយបានប្រាប់ពូរឿងនេះ»។ 23 បន្ទាប់មក លោកបានហៅនាយទាហានពីររូបមកប្រាប់ថា៖ «ចូរប្រុងប្រៀបយកទាហានពីររយនាក់ ទៅក្រុងសេសារា និងទ័ពសេះចិតសិបនាក់ ព្រមទាំងទ័ពលំពែងផង។ ចូរអ្នករាល់គ្នាចាកចេញនៅម៉ោងប្រាំបួនយប់នេះ 24 លោកក៏បានបង្គាប់ពួកគេឲ្យរៀបចំសត្វ ដែលលោកប៉ូលអាចជិះបានផង ហើយនាំគាត់ទៅជួបលោកទេសាភិបាលភេលិចដោយសុខសាន្ត»។ 25 ដូច្នេះ លោកបានសរសេរសំបុត្រមួយដូចតទៅនេះ៖ 26 «ខ្ញុំបាទឈ្មោះក្លូឌាស លូស៊ា សូមជម្រាបមកឯកឧត្ដមភេលិច ជាទេសាភិបាល សូមទានជ្រាប។ 27 បុរសនេះត្រូវបានជនជាតិយូដាចាប់ខ្លួន ហើយពួកគេបម្រុងនឹងសម្លាប់ចោល នៅពេលខ្ញុំបាទបានទៅជាមួយនឹងទាហានហើយជួយគាត់ ខ្ញុំបាទបានដឹងថា គាត់ជាជនជាតិរ៉ូម។ 28 ខ្ញុំបាទចង់ដឹងថា ហេតុអ្វីបានជាពួកគេចោទប្រកាន់គាត់ ដូច្នេះខ្ញុំបាទបានយកគាត់ចុះទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់របស់ពួកគេ។ 29 ខ្ញុំបាទបានដឹងថា ពួកគេគ្រាន់តែចោទប្រកាន់គាត់ អំពីបញ្ហាទាក់ទងទៅនឹងក្រឹត្យវិន័យរបស់គេប៉ុណ្ណោះ ដែលមិនសមនឹងមានទោសដល់ជីវិត ឬត្រូវជាប់ឃុំឃាំងឡើយ។ 30 បន្ទាប់មក មានគេប្រាប់ខ្ញុំបាទថា ជនជាតិយូដាបានផ្សំគំនិតគ្នាចង់សម្លាប់គាត់ ហេតុនេះហើយបានជាខ្ញុំបាទបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ ឲ្យនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង ជម្រាបលា»។ 31 ដូច្នេះ ពួកទាហានក៏ធ្វើតាមបញ្ជារបស់ពួកគេ។ ពួកគេបានយកលោកប៉ូល ហើយនាំគាត់ទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់។ 32 នៅថ្ងៃបន្ទាប់ មានទាហានភាគច្រើនបានចាកចេញ ទុកតែពលសេះឲ្យបន្តដំណើរជាមួយគាត់ ហើយពួកគេបានត្រឡប់ទៅបន្ទាយវិញ។ 33 នៅពេលពួកពលសេះបានទៅដល់ក្រុងសេសារា ហើយបានយកសំបុត្រទៅជូនលោកទេសាភិបាល ពួកគេបានប្រគល់លោកប៉ូលជូនលោកផងដែរ។ 34 ពេលលោកទេសាភិបាលបានអានសំបុត្ររួចហើយ គាត់បានសួរលោកប៉ូលថាមកពីស្រុកណា។ ពេលលោកជ្រាបថា គាត់មកពីស្រុកគីលីគា 35 លោកមានប្រសាសន៍ថា៖ «ខ្ញុំនឹងស្តាប់លោកទាំងស្រុង ពេលអ្នកចោទប្រកាន់លោកមកដល់ទីនេះ»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយកគាត់ទៅដាក់ទីស្នាក់របស់ព្រះបាទហេរ៉ូដ។