ជំពូក ២២

1 «បង​ប្អូន និង​ឪពុក​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ពាក្យ​ការពារខ្លួនរបស់​ខ្ញុំដែលនឹងនិយាយជាមួយបងប្អូននៅពេលនេះ​សិន»។ 2 នៅពេលបណ្តាជនបាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ជាមួយពួកគេជា​ភាសា​ហេព្រើរដូច្នេះ ពួកគេបាន​ស្ងៀម​ស្ងាត់​។ លោក​​មាន​ប្រសាសន៍​ថា៖ 3 «ខ្ញុំ​ជា​ជន​ជាតិ​យូដាម្នាក់ កើត​នៅ​ក្រុង​តើសុសក្នុង​ស្រុក​គីលីគា ប៉ុន្តែ ខ្ញុំ​បាន​មកទទួលការអប់រំនៅក្នុងទីក្រុងនេះ អង្គុយរៀនជាមួយលោកកាម៉ាលាល។ ខ្ញុំ​បាន​ទទួល​ការ​​យ៉ាង​តឹងរ៉ឹង​អំពី​ក្រឹត្យវិន័យ​នៃ​បុព្វបុរស​របស់​យើង។ ខ្ញុំ​បាន​ខ្នះខ្នែង​ចំពោះព្រះជាម្ចាស់ ដូច​បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។ 4 ខ្ញុំ​បាន​បៀតបៀន​អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវនេះ រហូត​ដល់​សម្លាប់​ពួក​គេ ហើយ​ចាប់​យកពួកគេទៅដាក់គុកទាំង​មនុស្ស​ប្រុស​ស្រី​ទៀត​ផង 5 ​​លោក​មហា​បូជាចារ្យ និង​ពួកចាស់ទុំទាំងអស់អាចធ្វើជា​សាក្សីបាន​។ ខ្ញុំ​បាន​ទទួល​លិខិត​ពី​លោក​ទាំង​នោះ​យក​ទៅ​ជូន​បង​ប្អូន​នៅ​ក្រុង​ដាម៉ាស ហើយ​ ខ្ញុំបាន​ទៅ​ទី​នោះ​ដើម្បី​ចាប់​ចង​ពួកគេយក​មក​​ក្រុង​យេរូសាឡិម ដើម្បីដាក់ទោស។ 6 ​ការនេះបានកើតឡើង នៅពេលខ្ញុំកំពុងធ្វើដំណើរហើយចូលទៅក្រុង​ដាម៉ាស​ប្រមាណ​ជា​ថ្ងៃ​ត្រង់ ស្រាប់​តែ​មាន​ពន្លឺ​មួយយ៉ាងខ្លាំង ចាំង​ពី​ស្ថានសួគ៌មក​ជុំវិញ​ខ្ញុំ។ 7 ខ្ញុំ​បានដួលដល់ដី ហើយ​បានឮ​សម្លេង​មួយ​ពោល​មក​ខ្ញុំ​ថា៖ «សូល​ សូល ហេតុ​អ្វីបាន​ជា​អ្នក​បៀតបៀន​ខ្ញុំ​?»។ 8 ខ្ញុំ​បាន​សួរ​​ថា៖ «ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​ជា​នរណា?»។ ព្រះអង្គបានមានបន្ទូលមក​ខ្ញុំ​ថា៖ «ខ្ញុំ​ជា​យេស៊ូ ជាអ្នក​ស្រុក​ណាសារ៉ែត ដែល​អ្នក​កំពុង​តែ​បៀតបៀន»។ 9 ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ បាន​ឃើញ​ពន្លឺ​នោះ ប៉ុន្តែ ពួកគេ​មិន​បាន​ឮ​ព្រះ​សូរសៀង​របស់ព្រះអង្គដែលមានបន្ទូលមកខ្ញុំទេ។ 10 ខ្ញុំ​បានទូលសួរ​ថា៖ «ព្រះអម្ចាស់​អើយ តើ​គួរឲ្យទូលបង្គំ​ធ្វើ​ដូច​ម្ដេច?»។ ព្រះអម្ចាស់បាន​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ហើយចូលទៅ​ក្រុង​ដាម៉ាស​ទៅ នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នក​គ្រប់យ៉ាង ដែល​​អ្នកត្រូវ​ធ្វើ»។ 11 ​ខ្ញុំ​ពុំ​អាច​មើល​អ្វី​ឃើញសោះ ព្រោះ​តែ​ពន្លឺ​ចាំងជះនោះ ហើយអស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​បាន​ដឹកដៃ​ខ្ញុំ​ចូលទៅ​ក្រុង​ដាម៉ាស។ 12 នៅ​ទី​នោះ ខ្ញុំបានជួប​បុរស​ម្នាក់​ឈ្មោះ​លោកអណាណាស ជា​អ្នក​គោរពកោតខ្លាចព្រះ​ស្រប​តាម​ក្រឹត្យវិន័យ ហើយមានកេរ្តិ៍ឈ្មោះល្អនៅក្នុងចំណោម​​ជន​ជាតិ​យូដា​គ្រប់ៗ​គ្នាដែលរស់​នៅទីនោះ។ 13 គាត់​មក​រក​ខ្ញុំ ហើយ​ឈរនៅជិតខ្ញុំ ថែមទាំងពោល​ថា៖ «បង​សូល​ សូម​ឲ្យបង​មើល​ឃើញ​វិញ​ចុះ»។ រំពេច​នោះ ខ្ញុំ​បានមើល​ឃើញ​គាត់។ 14 បន្ទាប់មក គាត់​បាន​ពោល​ថា៖ «ព្រះជាម្ចាស់​នៃ​បុព្វបុរស​របស់​យើង បាន​ជ្រើស​រើស​បង ​ឲ្យ​បង​ស្គាល់​ព្រះហឫទ័យ​របស់​ព្រះអង្គ ឲ្យ​បង​បាន​ឃើញ​ព្រះ​ដ៏​សុចរិត​ និង​ឲ្យ​បង​បាន​ឮ​ព្រះបន្ទូលដែលចេញពីព្រះឱស្ឋ​របស់​ព្រះអង្គ​ផ្ទាល់​។ 15 ​ព្រោះ បង​នឹង​ធ្វើ​​បន្ទាល់​ពី​ព្រះអង្គ នៅ​ចំពោះមុខ​មនុស្ស​ទាំង​អស់ អំពី​អ្វីដែល​បង​បាន​ឃើញ និង​បាន​ឮ។ 16 ឥឡូវនេះ តើ​បង​នៅចាំ​ដល់​កាល​ណា​ទៀត? ចូរ​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក ហើយលាងបាបរបស់បងចេញ ព្រមទាំងអំពាវនាវរកព្រះនាមទ្រង់ផង»។ 17 បន្ទាប់មក ខ្ញុំ​ត្រឡប់​មក​ដល់​ក្រុង​យេរូសាឡិម​វិញ ហើយ​កាលដែល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះវិហារ ពេលនោះ ខ្ញុំ​បានទទួល​និមិត្តមួយ។ 18 ខ្ញុំបានឃើញព្រះ​អង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រញាប់​​ហើយចាក​ចេញ​ពី​ក្រុង​យេរូសា​ឡិម​ភ្លាម​ទៅ ដ្បិត ពួកគេមិន​ព្រម​ទទួល​ទីបន្ទាល់​ដែល​អ្នក​និយាយ​អំពី​ខ្ញុំ​ទេ»។ 19 ខ្ញុំ​បានទូល​ថា៖ «ឱ​ព្រះអម្ចាស់អើយ ពួកគេ​បាន​ដឹង​​ហើយ​ថា ទូលបង្គំ​បានចាប់​ និងវាយអស់​អ្នក​ដែល​ជឿ​ព្រះអង្គនៅតាមសាលាប្រជុំទាំងអស់ ហើយ​យក​ទៅដាក់គុកផង។ 20 នៅ​ពេល​គេ​បង្ហូរឈាម​លោក​ស្ទេផាន ​ដែល​ជា​បន្ទាល់​របស់​ព្រះអង្គ ទូលបង្គំ​ក៏​នៅ​ទី​នោះដែរ ហើយ​បាន​យល់​ស្រប​ជា​មួយ​ពួក​គេ ទាំង​នៅ​យាម​សម្លៀកបំពាក់​របស់​ពួក​អ្នក ​ដែល​សម្លាប់លោក​។ 21 ប៉ុន្តែ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ទៅ​ចុះ ព្រោះ​យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយ»។ 22 ពួកគេបាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រង់​នេះ។ នោះពួកគេបាន​ស្រែក​ឡើង ហើយពោល​ថា៖ «សូម​កម្ចាត់​មនុស្ស​បែប​នេះ​ចេញពីផែនដីចោល​ទៅ ដ្បិត មិនគួរឲ្យវានៅរស់ទៀតទេ»។ 23 កាលដែលពួកគេកំពុងតែស្រែក ​បោះ​អាវ​របស់​ពួកគេ និង​បាច​ធូលី​ដី​ឡើង​លើ​ទៀត​ផងនោះ 24 លោក​មេ​បញ្ជា​ការបានបញ្ជាគេ​ឲ្យនាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយវិញ។ លោកបានបញ្ជា​ឲ្យគេ​វាយ​សួរ​ចម្លើយ ដើម្បីឲ្យលោកខ្លួនឯងអាច​ដឹងពី​មូល​ហេតុ​ដែល​នាំ​ឲ្យពួកគេស្រែក​ប្រឆាំងទាស់​នឹង​លោក​បែប​នេះ។ 25 នៅ​ពេល​ពួកគេបាន​យក​ខ្សែ​ចង​លោករួចហើយ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​នាយ​ទាហាន​ម្នាក់​ដែលឈរនៅ​ជិត​នោះ​ថា៖ «តើ​អស់​លោក​មាន​សិទ្ធិ​វាយ​អ្នក​ដែល​មាន​សញ្ជាតិ​រ៉ូម ដោយ​មិន​កាត់​ទោស​ជា​មុន​បានឬទេ?»។ 26 នៅពេលនាយ​ទាហាន​ឮ​ពាក្យ​នេះ លោកបាន​ទៅ​រកលោក​មេ​បញ្ជា​ការ​​ហើយជម្រាបគាត់ ដោយពោលថា៖ «តើ​លោក​នឹងធ្វើអ្វីជាមួយគាត់នេះ? ដ្បិត បុរស​នោះ​ជា​ជន​ជាតិ​រ៉ូម»។ 27 លោក​មេ​បញ្ជា​ការបាន​មក ហើយ​សួរ​លោក​​ថា៖ «សុំ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នក​ជា​ជន​ជាតិ​រ៉ូម​មែន​ឬ?»។ លោកប៉ូល​ឆ្លើយ​ថា៖ «បាទ»។ 28 លោក​មេ​បញ្ជា​ការ​បាន​ឆ្លើយថា៖ «ខ្ញុំ​បាន​ចាយប្រាក់ជា​ច្រើន ដើម្បី​ឲ្យបាន​សញ្ជាតិ​រ៉ូមនេះ»។ ប៉ុន្តែ លោក​ប៉ូល​តប​ថា៖ «ខ្ញុំបានកើតមក​មាន​សញ្ជាតិ​រ៉ូមតែម្តង»។ 29 ក្រោយមក អស់​អ្នក​ដែល​រៀប​នឹង​សួរ​ចម្លើយ​លោក បាន​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម។ លោក​មេ​បញ្ជា​ការ​ក៏​ភិតភ័យ​ដែរ នៅ​ពេល​លោកដឹង​ថា ​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ចាប់លោកចង។ 30 នៅ​ថ្ងៃ​បន្ទាប់ ​លោក​មេ​បញ្ជា​ការ​ចង់​ដឹង​សេចក្តីពិតពីមូល​ហេតុ ដែល​នាំ​ឲ្យ​ជន​ជាតិ​យូដា​ចោទ​ប្រកាន់​ទាស់នឹងលោក​ប៉ូល។ ដូច្នេះ លោកបាន​ឲ្យ​គេ​ស្រាយចំណង​ចេញ​ពី​លោក ហើយលោកបាន​បញ្ជា​ឲ្យ​ពួក​នាយក​បូជាចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​ជួបជុំ​គ្នា។ ហើយ​បាន​នាំ​លោក​ប៉ូល​ចុះ​មក​ ហើយដាក់លោកឲ្យឈរ​នៅ​ចំ​កណ្តាលអង្គ​ប្រជុំ។