ជំពូក ២១

1 នៅពេល ពេលពួកយើងបានចាកចេញពីពួកគេ និងបានចុះសំពៅ យើងបានធ្វើដំណើរ​តម្រង់​ឆ្ពោះ​ទៅក្រុងកូស ហើយ នៅ​ថ្ងៃ​បន្ទាប់ ​បាន​ទៅ​ដល់​ក្រុងកោះ​រ៉ូដូស ហើយ​ចេញ​ពីទីនោះទៅ​ដល់​ក្រុង​ប៉ាតារ៉ាទៀត។ 2 នៅពេលយើងឃើញ​សំពៅ​មួយ​ជិះឆ្លង​ទៅ​ស្រុក​ភេនីស យើង​បានជិះសំពៅ​នោះហើយ​ចេញដំណើរទៅទៀត។ 3 បន្ទាប់ពីមើលឃើញកោះ​គីប្រុសហើយ យើង​បានងាកទៅខាងឆ្វេងរបស់សំពៅនោះ យើងបានបន្ត​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ហើយ​បាន​ចូល​ចត​នៅ​ក្រុង​ទីរ៉ុស ដើម្បី​យក​ទំនិញ​ចេញ​ពី​សំពៅ។ 4 បន្ទាប់មក យើង​បាន​ជួប​ពួក​សិស្ស ហើយ​ស្នាក់​​ជា​មួយ​ពួក​គេ​ប្រាំពីរ​ថ្ងៃនៅទីនោះ។ តាម​រយៈព្រះវិញ្ញាណ​ ពួកគេបានឃាត់លោកប៉ូលមិនឲ្យទៅ​ក្រុង​យេរូសាឡិម​ឡើយ។ 5 ពេលយើងនៅទីនោះបានប្រាំពីរថ្ងៃហើយ យើង​ក៏ចាកចេញ​ ហើយបន្តដំណើរ​ទៅ​មុខ​ទៀត ហើយពួកគេ​ទាំង​អស់គ្នា រួមទាំង​ភរិយា និង​កូន​ចៅ​របស់​ពួកគេបានជូន​ដំណើរ​យើងរហូត​ដល់​​ក្រៅ​ទីក្រុង។ បន្ទាប់មក យើង​នាំ​គ្នា​លុត​ជង្គង់នៅមាត់សមុទ្រ អធិស្ឋាន​ 6 ហើយបាននិយាយលាគ្នាទៅវិញទៅមក។ បន្ទាប់មក យើងក៏បានចុះសំពៅ ហើយពួក​គេ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញអស់ទៅ។ 7 ពេលយើង​បាន​ចាកចេញពី​ក្រុង​ទីរ៉ុស​មក យើងក៏មកដល់​ក្រុង​ផ្ទោឡេម៉ៃស៍។ យើង​បាន​ចូល​ទៅ​ជម្រាប​សួរ​ពួក​បង​ប្អូន​នៅ​ក្រុង​ផ្ទោឡេម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។ 8 នៅ​ថ្ងៃ​បន្ទាប់ យើង​បន្ត​ដំណើរ​ដល់​ក្រុង​សេសារា។ យើង​បាន​ចូល​ផ្ទះ​លោក​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹងល្អ និង​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ក្រុម​ប្រាំពីរ​រូប​ ហើយ​យើង​ក៏​ស្នាក់​នៅ​ផ្ទះ​គាត់។ 9 លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់​ដែល​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ 10 នៅពេលយើង​បានស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ មាន​ព្យាការី​មួយ​រូប​បានធ្វើ​ដំណើរ​មក​ពី​ស្រុក​យូដាឈ្មោះ​អកាប៊ូស។ 11 លោកបាន​មករក​យើង ហើយ​ដកយក​ខ្សែ​ក្រវាត់​លោក​ប៉ូល​។ លោកបានយកវាមក​ចង​ជើង​ចង​ដៃ​របស់លោក ហើយពោល​ថា៖ «ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះបន្ទូល​ដូច្នេះថា ជនជាតិយូដានៅ​ក្រុង​យេរូសាឡិម​នឹង​ចង​ដៃ​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ពួកគេនឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជនជាតិដទៃ​ផងដែរ»។ 12 នៅពេលយើងបាន​ឮ​ការទាំងនេះហើយ ទាំង​យើង ទាំង​បង​ប្អូន​ដែលរស់​នៅ​ទី​នោះបាន​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ទេ។ 13 ដូច្នេះ លោក​ប៉ូល​ឆ្លើយថា៖ «ហេតុ​អ្វី​បាន​ជា​បង​ប្អូន​​យំហើយបំបាក់ទឹកចិត្​តខ្ញុំ​ដូច្នេះ? ដ្បិត ខ្ញុំរួចរាល់​ មិនគ្រាន់​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ឲ្យគេសម្លាប់នៅ​ក្រុង​យេរូសាឡិមថែម​ទាំង​ទៀតផង ព្រោះ​តែ​ព្រះនាម​របស់​ព្រះអម្ចាស់យេស៊ូ​»។ 14 លោកប៉ូលមិនចង់ឲ្យយើងហាម​ឃាត់​លោក​​ទេ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​ឲ្យ​ព្រះហឫទ័យ​​របស់​ព្រះអម្ចាស់​បានសម្រេចចុះ»។ 15 ប៉ុន្មានថ្ងៃក្រោយមក យើងយក​កាបូបរបស់យើង ហើយបានឡើងទៅ​ក្រុង​យេរូសាឡិម។ 16 មានពួក​សិស្ស​នៅ​ទីនោះ​ខ្លះ បាន​រួម​ដំណើរ​ជា​មួយ​យើងពីក្រុង​សេសារា។ ពួកគេបាន​នាំបុរស​ម្នាក់​ឈ្មោះ​ម៉្នាសុនមកជាមួយពួកគេ ​អ្នកនោះមកពី​កោះ​គីប្រុស និង​ជា​សិស្ស​តាំង​ដើម​ដំបូង​មក ហើយយើងបានស្នាក់នៅជាមួយគាត់ដែរ។ 17 ពេលយើងបានមក​ដល់​ក្រុង​យេរូសាឡិម ពួក​បង​ប្អូន​បាន​ទទួល​យើងដោយអំណរ។ 18 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បានធ្វើដំណើរជា​មួយ​យើង​ទៅ​រកលោក​យ៉ាកុប ​និងចាស់ទុំ​ទាំង​អស់បាន​ជួបជុំ​គ្នា​នៅ​ទី​នោះ​ដែរ។ 19 នៅពេលលោក​បាន​ជម្រាប​សួរ​ពួកគេហើយ លោក​បានរាយការណ៍ម្តងមួយៗអំពី​កិច្ចការ ​ដែល​ព្រះអម្ចាស់​បាន​ធ្វើក្នុង​ចំណោម​សាសន៍​ដទៃតាម​រយៈ​កិច្ចការ​របស់​លោក។ 20 ពេល​ពួកគេបាន​ឮ​ដូច្នេះ ពួកគេ​បានសរសើរដល់​ព្រះជាម្ចាស់ ហើយ​ពួកគេពោល​ទៅ​លោក​ថា៖ «បងប្អូនអើយ បងប្អូនឃើញទេ មានអ្នកជឿរាប់ម៉ឺននាក់ក្នុងចំណោម​ជន​ជាតិ​យូដា​។ ​ពួកគេទាំង​នោះប្តូរផ្តាច់ក្នុងការកាន់តាម​ក្រឹត្យវិន័យ​។ 21 ពួកគេ​បានដឹងឮពីបងថា បង​បាន​បង្រៀន​ដល់ជន​ជាតិ​យូដា​ទាំង​អស់ ​ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ​ឲ្យ​បោះបង់ចោល​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​បងបាន​ប្រាប់ពួក​គេ​មិន​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​កូន​ចៅ និង​មិន​ឲ្យ​កាន់​តាម​ទំនៀមទម្លាប់​ចាស់របស់ពួកគេឡើយ។ 22 តើគួរឲ្យយើង​ធ្វើ​ដូច​ម្ដេចវិញ? ពួក​គេ​ប្រាកដជា​ដឹង​ថា ​បង​នៅ​ទី​នេះ​មិន​ខាន។ 23 ដូច្នេះ សូម​ធ្វើអ្វី​តាម​ដែល​យើងប្រាប់ដល់បង​ចុះ។ យើងមានគ្នាប្រុសៗ​បួន​នាក់​ដែល​ជាប់​បំណន់។ 24 សូម​បង​នាំប្រុសៗទាំងនេះ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយឲ្យខ្លួនឯង​បាន​បរិសុទ្ធ​ជា​មួយ​គេ ដើម្បី​ឲ្យពួកគេ​បានកោរ​សក់របស់ពួកគេ​ផង។ ដូច្នេះ ​មនុស្សម្នានឹងដឹងថា អ្វីៗដែលពួកគេបាននិយាយពីបង​នោះ​មិន​ពិត​ទេ។ ពួកគេនឹងដឹងថាបង​ក៏​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ដែរ។ 25 ប៉ុន្តែ ទាក់ទងនឹងសាសន៍​ដទៃ​ដែល​បាន​ជឿ​ យើង​បាន​សរសេរ និងផ្តល់ការណែនាំរួច​ហើយ ថា​ដល់ពួកគេត្រូវ​ជៀសវាងពីអ្វីដែលបានថ្វាយដល់រូបព្រះ ពី​ឈាម ពី​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ​»។ 26 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​នាំ​បុរសទាំង​នោះ ហើយ​ទៅ​ធ្វើ​ពិធី​ជម្រះ​កាយខ្លួនលោក​ឲ្យ​បាន​បរិសុទ្ធ​ជា​មួយ​ពួកគេ លោក​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ ប្រកាសប្រាប់ពួកគេ​អំពី​ពេល​កំណត់​នៃថ្ងៃ​ជម្រះ​កាយឲ្យ​បាន​បរិសុទ្ធ​នេះ​នឹង​ត្រូវ​ចប់ រហូតទាល់តែ ពួកគេបានថ្វាយតង្វាយគ្រប់ៗគ្នា។ 27 លុះ​រយៈ​ពេល​មួយ​សប្ដាហ៍​នោះ​ជិត​ផុត មាន​ជន​ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​នៅ​ក្នុង​ព្រះវិហារ ក៏​បំបះបំបោរ​បណ្ដាជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​លោក។ 28 ពួក​គេ​ស្រែក​ឡើង​ថា៖ «បង​ប្អូន​ជន​ជាតិ​អុីស្រាអែល​អើយ សូម​ជួយ​ផង! ជន​នេះ​ហើយ​ដែល​បាន​ប្រៀនប្រដៅ​មនុស្សម្នា ​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រឆាំង​នឹង​ប្រជារាស្ត្រ​អុីស្រាអែល ប្រឆាំង​នឹង​ក្រឹត្យវិន័យ ហើយ​ប្រឆាំង​នឹង​ព្រះវិហារ។ គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះវិហារ គឺ​បង្អាប់បង្អោន​ទី​កន្លែង​ដ៏វិសុទ្ធ​នេះ»។ 29 គេ​ថា​ដូច្នេះ មក​ពី​គេ​បាន​ឃើញ​លោក​ត្រូភីម ជា​អ្នក​ក្រុង​អេភេសូ នៅ​ជា​មួយ​លោក​ប៉ូល​ក្នុង​ទីក្រុង ហើយ​គេ​ស្មាន​ថា លោក​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះវិហារ​ដែរ។ 30 មានការភ្ញាក់ផ្អើល​ពេញ​ទីក្រុងទាំងមូល ហើយប្រជាជន​រត់​មក​ជុំគ្នា ហើយ​បាន​ចាប់​លោក​ប៉ូល។ ពួកគេបាន​អូស​ចេញ​ពី​ព្រះវិហារ ហើយបាន​បិទ​ទ្វារ​ភ្លាម។ 31 នៅ​ពេល​ដែល​ពួក​គេ​ព្យាយាមចង់​សម្លាប់​លោក​ ដំណឹងបានឮទៅដល់​មេ​បញ្ជា​ការ​នៃកងទាហាននៅក្រុងយេរូសាឡិមទាំងមូលអំពីការចលាចលនេះ។ 32 ភ្លាមនោះ គាត់​នាំ​ពួក​ទាហាន និង​នាយ​ទាហាន ហើយរត់​ចុះទៅ​រក​បណ្ដាជន​។ នៅពេល​ប្រជាជន​បាន​ឃើញ​មេ​បញ្ជា​ការ និង​ពួក​ទាហានហើយ ពួកគេ​បានឈប់​វាយ​លោក​ប៉ូល។ 33 បន្ទាប់មក មេ​បញ្ជា​ការ​បាន​ចូល​ទៅ​ជិត ហើយបាន​ចាប់​លោកប៉ូល ព្រម​ទាំង​បញ្ជាឲ្យ​គេដាក់​ច្រវាក់​ពីរ​ថែមទៀតផង។ បន្ទាប់មក លោកបាន​សួរ​ថា លោក​ជា​នរណា ហើយលោកបាន​ធ្វើ​អ្វីខ្លះ។ 34 មានអ្នកខ្លះនៅក្នុង​ចំណោម​បណ្ដាជន​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ។ ហេតុដូច្នេះហើយបានជាលោកមេ​បញ្ជា​ការ​ពុំ​អាច​ដឹង​រឿង​ហេតុ​ច្បាស់​លាស់​ឡើយ ព្រោះសម្លេងទាំងនោះ លោកបាន​បញ្ជា​ឲ្យគេ​​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។ 35 នៅពេល​លោក​​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​បាន​សែង​លោក ដោយ​សារអំពើហឹង្សារបស់បណ្ដាជន​។ 36 ដ្បិត ហ្វូងមនុស្សបានដើរតាមក្រោយមក ហើយបន្ត​ស្រែក​ថា៖ «កម្ចាត់​វា​ទៅ​!»។ 37 នៅ​ពេល​ពួកគេ​រៀប​នឹង​យក​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ លោក​មាន​ប្រសាសន៍​ទៅ​មេ​បញ្ជា​ការ​ថា៖ «តើ​ខ្ញុំ​អាច​និយាយ​បន្តិច​​ជា​មួយ​លោកបាន​ឬ​ទេ?»។ មេ​បញ្ជា​ការមានប្រសាសន៍​ថា៖ «តើលោក​ចេះ​និយាយ​ភាសា​ក្រិក​ដែរមែនទេ? 38 តើលោក​មិន​មែន​ជា​ជន​ជាតិ​អេស៊ីប​ ដែល​បាន​បំបះបំបោរ ហើយនាំ​អ្នកធ្វើឃាត​បួនពាន់​នាក់​ចេញ​ទៅ​ទីរហោស្ថាន​ទេ​ឬ?»។ 39 លោក​ប៉ូល​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​ជន​ជាតិ​យូដា មកពី​ក្រុង​តើសុស ក្នុង​ស្រុក​គីលីគា​។ ខ្ញុំជាជនជាតិដ៏សំខាន់នៅក្នុងក្រុង។ សូម​លោក​​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។ 40 ពេលលោក​មេ​បញ្ជា​ការ​អនុញ្ញាតឲ្យលោកហើយ លោក​ប៉ូលបាន​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជាជន។ នៅពេលស្ងៀមស្ងាត់ហើយ​លោក​បានមាន​ប្រសាសន៍​ទៅពួក​គេ​ជា​ភាសា​ហេព្រើរ។ លោកមានប្រសាសន៍ថា៖