ជំពូក​ ២០

1 បន្ទាប់ពីភាពចលាចលនេះបានបញ្ចប់ លោក​ប៉ូលបានប្រាប់គេឲ្យហៅ​ពួក​សិស្ស​មក ហើយ​លើក​ទឹក​ចិត្តពួកគេ លោកបាន​លាពួក​គេ ហើយធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន។ 2 នៅពេលលោក​ធ្វើ​ដំណើរ​កាត់​តំបន់ទាំង​នោះ ហើយបាន​លើក​ទឹក​ចិត្ត​ដល់ពួកគេជា​ច្រើន​ លោក​បាន​ទៅ​ដល់​ស្រុក​ក្រិក។​ 3 បន្ទាប់មក លោក​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ខែ ជន​ជាតិ​យូដារៀបចំផែនការទាស់នឹងលោក ពេល​លោក​រៀបនឹង​ចុះ​សំពៅ​​ទៅ​ស្រុក​ស៊ីរី ដូច្នេះ លោក​បានសម្រេចចិត្ត​ត្រឡប់​ទៅ​វិញ ដោយកាត់​តាម​ស្រុក​ម៉ាសេដូន។ 4 អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​មកដល់អាស៊ីហើយ លោក​សូប៉ាត្រុស កូន​របស់​លោក​ពីរូស មកពី​ស្រុក​បេរា លោក​អើរីស្ដាក និង​លោក​សេគុនដុស អ្នកទាំងពីរគឺជាពួកអ្នកជឿដែលមកពី​ស្រុក​ថេស្សា​ឡូនិក លោក​កៃយុស​ជា​អ្នក​ស្រុក​ឌើបេ លោក​ធីម៉ូថេ និង​លោក​ទីឃីកុស ព្រម​ទាំង​លោក​ត្រូភីម មកពីស្រុក​អាស៊ី​។ 5 ប៉ុន្តែ អ្នក​ទាំង​នេះ​បាន​ចេញ​ដំណើរ​ទៅ​មុនយើង​ហើយ​រង់ចាំ​យើង​នៅ​ក្រុង​ត្រូអាស។ 6 ​យើង​បានចុះសំពៅពីភីលីព នៅក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ ហើយប្រាំ​ថ្ងៃ​ក្រោយ​មក យើង​បាន​ជួបពួកគេនៅ​ក្រុង​ត្រូអាស។ ​ពួក​គេស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ។ 7 នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ​ ពេលយើង​បាន​ជួបជុំ​គ្នា​ ដើម្បី​ធ្វើ​​កាច់​នំបុ័ង លោក​ប៉ូលបានមាន​ប្រសាសន៍​ទៅ​កាន់ពួកអ្នកជឿ។ ​លោក​គ្រោងនឹងចាក​ចេញ​នៅ​ថ្ងៃ​បន្ទាប់ ដូច្នេះហើយបានជាលោក​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​យប់។ 8 មាន​ចង្កៀង​ជា​ច្រើននៅក្នុង​បន្ទប់ជាន់លើ ជាកន្លែង​ដែល​យើង​ប្រជុំ​គ្នា​។ 9 នៅលើមាត់បង្អួចមានយុវជន​ម្នាក់​ឈ្មោះ អ៊ើទីកុសអង្គុយ ហើយបាន​លង់លក់យ៉ាងស្កប់ស្កល់។ ទោះបើលោកប៉ូលមានប្រសាសន៍យូរប៉ុណ្ណាក្តី ក៏យុវជននេះ នៅតែដេកដែរ ហើយបាន​ធ្លាក់​ពី​ជាន់​ទី​បី​នោះ​មក ហើយពេល​គេ​លើក​​ឡើង គាត់​បានស្លាប់​បាត់ទៅ​ហើយ។ 10 ប៉ុន្តែលោក​ប៉ូល​ចុះ​ទៅ​ក្រោម ឱន​ពី​លើ ហើយឱបគាត់។ បន្ទាប់មក លោក​ពោល​ថា៖ «សូម​​កុំ​បារម្ភ​ឲ្យ​សោះ ដ្បិត គាត់​នៅ​រស់​ទេ»។ 11 ក្រោយមក លោកបាន​ឡើង​ទៅ​លើ​វិញ ហើយបាន​កាច់​នំបុ័ង និង​បរិភោគផង។ ក្រោយពី លោក​មាន​ប្រសាសន៍​ជាមួយពួកគេយ៉ាងយូរ រហូត​ដល់​ភ្លឺហើយ ​លោកក៏​ចេញ​ដំណើរ​ទៅ។ 12 ពួកគេ​បាន​នាំ​យុវជន​មកវិញ ទាំងមាន​ជីវិត​ ហើយ​ពួក​គេ​បានទទួលការកម្សាន្តចិត្តយ៉ាងខ្លាំង។ 13 ពួកយើង​ផ្ទាល់ យើង​ចង់​ចុះ​សំពៅ​ទៅ​​ក្រុង​អាសុស មុនលោកប៉ូល ហើយចុះសំពៅទៅក្រុង​អាសុស​ ជាកន្លែងដែលយើងមានផែនការនឹងយកលោកប៉ូលរួមដំណើរជាមួយ។ 14 នេះគឺជាអ្វីដែល​លោកខ្លួនឯងផ្ទាល់ចង់ធ្វើ ដោយសារលោកមានគម្រោងធ្វើដំណើរតាមផ្លូវគោក។ នៅពេលលោកជួបពួកយើងនៅក្រុងអាសុស យើងបានទទួលលោកចូលមកក្នុងសំពៅ ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​មីទូឡែន។ 15 យើង​បាន​ចេញ​ពី​ទី​នោះ បន្ត​ដំណើរ​តាម​សមុទ្រ ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស​នៅ​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត យើង​ទៅ​ដល់​កោះ​សាម៉ូស ហើយ​នៅ​ថ្ងៃ​ទី​បី​យើង​ក៏​បាន​ទៅ​ដល់​ក្រុង​មីលេត។ 16 លោក​ប៉ូល​សម្រេច​ចិត្ត​មិន​ចូល​ក្រុង​អេភេសូ​ទេ ដើម្បី​កុំ​ឲ្យ​យឺត​ដំណើរ​នៅ​ស្រុក​អាស៊ី ដ្បិត​លោក​ប្រញាប់​ចង់​ទៅ​ដល់​ក្រុង​យេរូសាឡឹម ដើម្បីឲ្យទាន់​បុណ្យ​ថ្ងៃ​ទី​ហាសិប​ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។ 17 ពី​ក្រុង​មីលេត លោកបានចាត់គេឲ្យ​​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូ​ ហើយហៅពួកចាស់ទុំរបស់ក្រុមជំនុំមកជួបលោក។ 18 ពេលពួក​គេ​បាន​មក​ដល់លោក​ហើយ លោក​មាន​ប្រសាសន៍​ទៅពួក​គេ​ថា៖ «បង​ប្អូន​ដឹង​ស្រាប់​ហើយ តាំង​ពី​ថ្ងៃ​ដំបូង ​ដែល​ខ្ញុំ​ជាន់ជើងលើទឹកដី​ស្រុក​អាស៊ី ពីការដែលខ្ញុំបានចំណាយពេលវេលាជាមួយបងប្អូន។ 19 ខ្ញុំ​បាន​បន្តបម្រើ​ព្រះអម្ចាស់ ដោយ​ចិត្ត​ទន់ទាប និងទាំង​ទឹក​ភ្នែក ព្រមទាំង​ដោយលំបាក ដោយសារតែផែនការអាក្រក់របស់ជន​ជាតិ​យូដា។ 20 បងប្អូនដឹងហើយថា ខ្ញុំមិនបានឈប់ពីការប្រកាសដល់បងប្អូននូវអ្វីដែលមានប្រយោជន៍ឡើយ ហើយខ្ញុំបាន​បង្រៀន​បង​ប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះមួយទៅផ្ទះមួយ 21 ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ដល់​ទាំងជនជាតិយូដា​ និងជនជាតិ​ក្រិក អំពីការ​ប្រែ​ចិត្ត​​មក​រក​ព្រះជាម្ចាស់ និង​មាន​ជំនឿ​លើព្រះអម្ចាស់​​ព្រះយេស៊ូ​​របស់​យើង​។ 22 ឥឡូវ​នេះ មើល៍ ​ខ្ញុំនឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ដោយព្រះវិញ្ញាណ​បាន​បណ្តាល ​ខ្ញុំ​មិន​ដឹង​ថា នឹង​មាន​អ្វី​កើត​ឡើង​ដល់​ខ្ញុំនៅ​ទី​នោះ​ទេ 23 ​គ្រាន់​តែ​ដឹងថា ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដាស់តឿនដល់ខ្ញុំនៅគ្រប់ទាំង​ក្រុង​ដែលខ្ញុំទៅ ថាច្រវាក់ និងការឈឺចាប់រងចាំខ្ញុំនៅទីនោះ។ 24 ប៉ុន្តែខ្ញុំ​មិន​គិតថា​ជីវិត​របស់​ខ្ញុំ​មានតម្លៃសម្រាប់ខ្ញុំនោះទេ ប្រសិនបើខ្ញុំបញ្ចប់ការប្រណាំង និងបញ្ចប់ព័ន្ធកិច្ច​ដែល​ខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូ​ ដើម្បី​ឲ្យខ្ញុំ​ធ្វើបន្ទាល់អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់។ 25 ឥឡូវ​នេះ មើល៍​ ខ្ញុំ​ដឹង​ថា ខ្ញុំស្ថិតនៅ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់​គ្នា ​ទាំង​ប្រកាស​ដំណឹងល្អអំពី​ព្រះរាជ្យ បង​ប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។ 26 ដូច្នេះ​​ហើយ​​បាន​ជា​ខ្ញុំធ្វើបន្ទាល់ដល់​បង​ប្អូន​​នៅ​ថ្ងៃ​នេះ​ថា ខ្ញុំជាមនុស្សគ្មាន​កំហុស​ពី​ឈាម​របស់នរណាម្នាក់ឡើយ។ 27 ដ្បិត​​ ខ្ញុំ​មិនបានលាក់លៀម​ក្នុងការប្រកាសដល់បងប្អូនពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ 28 ដូច្នេះ ចូរ​ថែរក្សា​ខ្លួន​ឯង និង​ថែរក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បាន​ផ្ទុកផ្ដាក់​ឲ្យ​បង​ប្អូន ​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង​ប្អូន​ថែរក្សា​ហ្វូងចៀមនៅក្នុងក្រុមជំនុំរបស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បាន​ទិញ ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។ 29 ខ្ញុំ​ដឹង​​ថា បន្ទាប់ពី​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​​ចចកដ៏សាហាវ​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន ហើយ​វា​នឹង​មិនប្រណីដល់ហ្វូងចៀមឡើយ។ 30 ខ្ញុំដឹងថា សូម្បីតែ​អ្នក​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន​នឹងចូលមក ហើយនិយាយបង្ខូចសេចក្តីពិត ដើម្បី​ទាក់ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាមពួក​គេ​ទៀត​ផង។ 31 ដូច្នេះ ចូរប្រយ័ត្ន។ ដោយ​នឹក​ចាំ​ថា ក្នុងរយៈពេលបីឆ្នាំ ខ្ញុំមិនបានឈប់ក្នុងការដាស់​តឿន​បង​ប្អូន​គ្រប់គ្នា ​ដោយ​ទឹក​ភ្នែក​ទាំង​យប់ ទាំង​ថ្ងៃ។ 32 ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ទុកផ្តាក់​បង​ប្អូន​ដល់​ព្រះជាម្ចាស់ ហើយ​ផ្ញើ​នឹង​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ ដែល​អាច​នឹងសាង​បង​ប្អូន​ឡើង​ ព្រម​ទាំង​ប្រទានមរតកដល់បង​ប្អូនដែលបានញែកជាវិសុទ្ធ។ 33 ខ្ញុំ​មិន​ចង់​បាន​ប្រាក់ មាស​ឬ​សម្លៀកបំពាក់​អ្វី​របស់​នរណា​ឡើយ។ 34 បង​ប្អូន​ខ្លួនឯងក៏ដឹងដែរ​ថា ដៃទាំងពីររបស់ខ្ញុំ​នេះ បានធ្វើការ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំដែរ។ 35 ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ ខ្ញុំបានបង្ហាញគំរូដល់បង​ប្អូន​ពីរបៀបនៃការដែលបងប្អូនត្រូវជួយដល់អ្នកដែលខ្សោយ ហើយពីការដែលបងប្អូនត្រូវនឹក​ចាំ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​យេស៊ូ​ ជាព្រះបន្ទូលដែលព្រះអង្គផ្ទាល់មានបន្ទូលថា៖ «​ដែលឲ្យនោះ មាន​ពរ​ច្រើន​ជាង​ទទួល»។ 36 បន្ទាប់ពី លោកបាន​មាន​ប្រសាសន៍​​បែបនេះហើយ លោកបាន​លុត​ជង្គង់​ចុះ​ហើយបានអធិស្ឋាន​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា។ 37 មានការយំសោកជាខ្លាំង ហើយពួកគេបានឱបលោក​ប៉ូល ហើយ​ថើប​លោក​ទៀត​ផង។ 38 ជា​ពិសេស គេ​ព្រួយ​ចិត្ត​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក គេ​ក៏​ជូន​ដំណើរ​លោក​រហូត​ដល់​សំពៅ។