ជំពូក​ ១៩

1 នៅគ្រាដែល​លោក​អប៉ូឡូស​នៅ​ក្រុង​កូរិនថូស លោក​ប៉ូល​បាន​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប ហើយបាន​មក​ដល់​ក្រុង​អេភេសូរ លោក​បាន​ជួប​សិស្សខ្លះ 2 ហើយ​លោកប៉ូលបានសួរ​ថា៖ «តើ​បង​ប្អូន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធហើយ​ឬ​នៅ ពេលបងប្អូនជឿ?»។ ពួកគេ​តប​មក​លោក​វិញ​ថា៖ «អត់ទេ សូម្បីតែ​ឮ​អំពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ក៏យើងមិនធ្លាប់ឮដែរ»។ 3 លោកប៉ូល​សួរ​ថា៖ «ដូច្នេះ តើ​បង​ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹកបែបណា?»។ ពួកគេ​តប​ថា៖ «ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន»។ 4 ដូច្នេះ លោក​ប៉ូល​បានឆ្លើយ​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដោយពិធីជ្រមុជនៃការ​ប្រែ​ចិត្ត​។ លោកបានប្រាប់ដល់​ប្រជាជន​ថា ពួកគេត្រូវ​ជឿ​លើ​ព្រះអង្គ​ ដែល​យាង​មក​ក្រោយ​លោក នោះគឺព្រះយេស៊ូ​»។ 5 ពេលប្រជាជនបាន​ឮ​​ដូច្នោះ ពួក​គេបាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​ព្រះនាម​ព្រះអម្ចាស់យេស៊ូ។ 6 ក្រោយមក ពេលលោក​ប៉ូល​បាន​ដាក់​ដៃ​លើ​គេ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បានយាង​មកលើពួក​គេ ហើយ​ពួកគេបាន​និយាយ​ភាសាផ្សេងៗ និង​ថ្លែង​ទំនាយ​ផង។ 7 ពួកគេមាន​គ្នា​ទាំង​អស់​ប្រហែលជា​ដប់ពីរ​នាក់។ 8 លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​ក្លាហានអស់រយៈពេល​បី​ខែ ទាំងជជែកវែកញែក​ជា​មួយ​ពួក​គេ​ ហើយបញ្ចុះបញ្ចូលពួកគេអំពីព្រះរាជ្យ​របស់​ព្រះជាម្ចាស់។ 9 ប៉ុន្តែ នៅពេលមាន​ជនជាតិយូដា​ខ្លះ​​មាន​ចិត្តរឹង ហើយមិនស្តាប់បង្គាប់ ពួកគេចាប់ផ្តើមនិយាយអាក្រក់ពីផ្លូវ​របស់​ព្រះអម្ចាស់​នៅ​មុខបណ្តាជន​ផង​។ ដូច្នេះ លោក​ប៉ូលបានចាក​ចេញ​ពី​ពួក​គេ ហើយបាននាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយជជែកវែកញែកជាមួយពួកគេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលប្រជុំរបស់​ទីរ៉ាណុស។ 10 លោក​បានធ្វើដូច្នេះ​អស់រយៈ​ពេល​ពីរ​ឆ្នាំ ធ្វើឲ្យ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់បានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងជន​ជាតិ​យូដា និងជនជាតិក្រិក។ 11 ព្រះជាម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​​ជា​ច្រើនតាម​រយៈដៃ​លោក​ប៉ូល 12 ហើយសូម្បី​តែគេ​យក​កន្សែង​ និងអៀម​ដែល​បាន​ប៉ះ​លោក​ប៉ូលមក​ដាក់​ពី​លើ​អ្នក​ជំងឺ ​ជំងឺ​របស់គេនឹង​បាន​ជា ហើយ​វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពីពួក​គេ​ដែរ។ 13 ប៉ុន្តែ មាន​គ្រូ​ដេញអារក្សជាជនជាតិ​យូដា​ខ្លះ បានធ្វើដំណើរកាត់តាមតំបន់នេះ​។ ពួកគេអំពាវនាវរកព្រះនាមព្រះអម្ចាស់​យេស៊ូ ដើម្បីឲ្យពួកគេអាចមានអំណាច​ដេញ​វិញ្ញាណ​អាក្រក់​ ពេលពួកគេនិយាយ​ថា៖ «ក្នុងព្រះនាមព្រះយេស៊ូដែល​លោក​ប៉ូល​ប្រកាស ចូរ​ចេញ​ទៅ»។ 14 កូន​ប្រុស​ទាំង​ប្រាំពីរ​របស់​លោក​ស្កេវ៉ាដែល​ជាមហាបូជាចារ្យ​របស់​ជនជាតិ​យូដា​បាន​ធ្វើ​ការនេះ។ 15 វិញ្ញាណ​អាក្រក់​បាន​ឆ្លើយទៅពួកគេ​ថា៖ «យើង​ស្គាល់​ព្រះយេស៊ូ ហើយ​លោក​ប៉ូលក៏យើងស្គាល់​ដែរ ចុះ​ពួកឯង​វិញ​ជា​នរណា?»។ 16 ​វិញ្ញាណ​អាក្រក់ដែលនៅក្នុងនោះ​បាន​ស្ទុះ​មក​សង្កត់​ពួកគ្រូ​ដេញអារក្ស​ជាប់ ហើយ​​មានអំណាច​ជាងពួកគេ ហើយបានវាយឈ្នះលើពួកគេដែរ។ ដូច្នេះ ហើយបានជាពួកគេរត់ចេញពីផ្ទះនោះ ទាំងអាក្រាត និង​រង​របួស​ផង។ 17 រឿងនេះបានដឹងដល់មនុស្សគ្រប់គ្នា ទាំងជនជាតិយូដា និងជនជាតិក្រិក ដែលរស់នៅ​អេភេសូរ។ ពួកគេ​ខ្លាច​គ្រប់ៗ​គ្នា ហើយព្រះនាមរបស់ព្រះអម្ចាស់យេស៊ូត្រូវបានលើកតម្កើង។ 18 ហើយក៏មានពួក​អ្នក​ជឿ​ជា​ច្រើនបានមក ហើយបានប្រកាស​និងទទួលស្គាល់​អំពើអាក្រក់​ដែល​ពួកគេបានធ្វើជា​សាធារណៈ​។ 19 ​អស់​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាបធ្មប់​បាន​យក​ក្បួន​តម្រា​របស់​ពួកគេ​មកផ្តុំគ្នា ហើយ​ដុតរបស់នោះ​ចោល នៅ​មុខ​មនុស្សគ្រប់​គ្នា​ផង។ នៅពេលពួកគេ​បាន​រាប់ពីតម្លៃ​របស់​ទាំង​នោះ ​មាន​តម្លៃ​ប្រាំ​ម៉ឺន​កាក់ប្រាក់។ 20 ដូច្នេះ​ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮយ៉ាងទូលំទូលាយ និងប្រកបដោយអំណាចផង។ 21 ឥឡូវនេះ បន្ទាប់ពី​លោកប៉ូលបានបំពេញព័ន្ធកិច្ចរបស់លោកនៅអេភេសូរ​ហើយ លោកបានសម្រេចចិត្តនៅក្នុងវិញ្ញាណរបស់គាត់​ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃទៅ​ក្រុង​យេរូសាឡិម។ លោក​មាន​ប្រសាសន៍​ថា៖ «បន្ទាប់ពីខ្ញុំនៅទីនោះមួយរយៈ ខ្ញុំនឹង​ទៅ​ក្រុង​រ៉ូម​ទៀត»។ 22 លោកប៉ូល​បាន​ចាត់​អ្នកជំនួយ​របស់​លោក​ពីរ​រូប ទៅ​ស្រុក​ម៉ាសេដូន​មុន គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ាស្ទុស។ ប៉ុន្តែ លោក​ខ្លួនឯងស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​សិន។ 23 នៅ​គ្រា​នោះ មាន​ការ​រំខានជាខ្លាំងនៅអេភេសូរ ដោយព្រោះ​មាគ៌ានេះ។ 24 មានជាងប្រាក់​ម្នាក់​ឈ្មោះ​ដេមេទ្រាស ដែល​បាន​ធ្វើ​រូបចម្លាក់របស់​ព្រះនាង​ឌីអានពី​ប្រាក់ ធ្វើឲ្យមានការងារជាច្រើនសម្រាប់កម្មករ។ 25 ដូច្នេះ គាត់​បាន​ប្រមូល​កូន​ជាង​របស់​គាត់ និង​អស់​អ្នក​ដែល​មាន​មុខ​ងារដូច​គ្នា​មកជួបជុំគ្នា ហើយនិយាយ​ថា៖ «បង​ប្អូន​អើយ បង​ប្អូនដឹង​ហើយ​ថា មុខរបនេះ យើងរកបានកម្រៃច្រើនណាស់។ 26 សូមបង​ប្អូន​មកមើល ហើយស្តាប់ចុះ​ ឈ្មោះ​ប៉ូល​នេះ បាន​បញ្ចុះបញ្ចូល​ ហើយបង្វែរមនុស្សជាច្រើនឲ្យ​បែរចេញពីផ្លូវរបស់គេ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូ​រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ស្ទើរតែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​​ផង។ គាត់​ពោល​ថា គ្មាន​ព្រះ​ណាដែល​ធ្វើ​ដោយ​ដៃ​មនុស្សទេ។ 27 វាមិនត្រឹមតែជាគ្រោះថ្នាក់នោះទេ តែវានឹងធ្វើឲ្យមុខរបរបស់យើងគ្មានគេត្រូវការ ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះវិហារ​នៃ​ព្រះនាង​ឌីអាន គ្មានតម្លៃទៀតផង។ ​ដូច្នេះ ព្រះនាងនឹងបាត់ភាព មហិមា​របស់​ព្រះនាង ដែល​អ្នក​ស្រុក​អាស៊ី និង​ពិភព​លោក​ទាំង​មូល​ថ្វាយបង្គំ»។ 28 នៅពេលពួកគេ​បាន​ឮ​ការ​នេះ​ហើយ ពួកគេ​ខឹង​យ៉ាង​ខ្លាំង ហើយបាន​ស្រែក​ឡើង​ដោយនិយាយថា៖ «ព្រះនាង​ឌីអានរបស់​អ្នក​ក្រុង​អេភេសូរធំមហិមា​»។ 29 ទីក្រុងទាំងមូល​កើតការច្របូកច្របល់ ហើយបណ្តាជនបានដើរ​ជាមួយគ្នាឆ្ពោះទៅ​មហោ​ស្រព​។​ ពួកគេ​បានចាប់អ្នករួមដំណើរជាមួួយលោកប៉ូល គឺ​លោក​កៃយុស និង​លោក​អើរីស្ដាក​ ដែលមកពីអ្នក​ស្រុក​ម៉ាសេដូន។ 30 លោក​ប៉ូល​មាន​បំណងចូល​ទៅ​ក្នុងចំណោមបណ្តាជន ប៉ុន្តែ ពួក​សិស្ស​បាន​ទប់ស្កាត់​លោក​។ 31 សូម្បី​តែ​មន្ត្រី​នៅស្រុក​អាស៊ីខ្លះ​ដែល​ជា​មិត្តភក្ដិ​របស់​លោក ក៏​បាន​ចាត់​គេ​ឲ្យទៅ​អង្វរ​លោកយ៉ាងខ្លាំង មិន​ឲ្យ​ចូលទៅ​ក្នុងសាល​មហោស្រព​ទេ។ 32 អ្នក​ខ្លះ​ស្រែក​ពី​នេះ អ្នក​ខ្លះ​ស្រែក​ពី​នោះ ដ្បិត​ មាន​កើត​ច្របូកច្របល់​នៅក្នុងហ្វូងមនុស្ស​ទាំង​មូល។ មនុស្សភាគច្រើននៅក្នុងចំណោមពួកគេ មិន​ដឹងពីហេតុដែលពួកគេ​មក​ប្រជុំ​គ្នានោះឡើយ​។ 33 មានពួកបណ្តាជនខ្លះបានរាយការណ៍ លោក​អលេក្សានត្រុស​ ដែលជនជាតិយូដាបានរុញមក​ខាង​មុខ ហើយលោកអលេក្សានត្រុសបាន​លើក​ដៃរបស់គាត់​ធ្វើ​សញ្ញា ​ចង់​ពន្យល់ដល់អស់អ្នកដែលនៅក្នុងអង្គប្រជុំនោះ។ 34 ប៉ុន្តែ នៅពេលពួកគេដឹងថា គាត់​ជា​ជន​ជាតិ​យូដាពួកគេទាំងអស់គ្នាបាន​ស្រែក​ឡើងដោយសម្លេងតែមួយ​ព្រម​គ្នា​អស់​រយៈ​ពេល​ប្រហែលជា​ពីរ​ម៉ោង​ ដោយនិយាយថា៖ «ព្រះនាង​អរតេមីស​របស់​អ្នក​ក្រុង​អេភេសូរធំមហិមាណាស់»។ 35 នៅ​ពេលលេខាធិការ​ក្រុង​បាន​​ឲ្យបណ្ដាជន​នៅ​ស្ងៀម លោក​ពោល​ថា៖ «បង​ប្អូន​អ្នក​ក្រុង​អេភេសូរ​អើយ! តើ​នរណា​មិន​ដឹង​ថា ក្រុង​អេភេសូរជា​អ្នកថែរក្សាព្រះវិហាររបស់​ព្រះនាង​ឌីអាន​​ដ៏ធំមហិមា និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក់ធ្លាក់​ចុះ​ពី​ស្ថានសួគ៌​មក​នោះ? 36 ដូច្នេះ ការទាំងអស់នេះមិនអាចបដិសេធបានទេ សូម​បង​ប្អូន​ត្រូវនៅឲ្យ​ស្ងៀម​ កុំ​ធ្វើអ្វីប្រញាប់ប្រញាល់ពេក។ 37 ដ្បិត បង​ប្អូន​បាន​នាំ​អ្នក​ទាំង​នេះ​មកទីនេះ មកកន្លែងកាត់ក្តីនេះ មិនថាពួកគេ​មិន​មែនជា​ប្លន់​ព្រះវិហារ ឬ​ជាអ្នកដែល​ប្រមាថ​ព្រះនាង​របស់​យើង​ទេ។ 38 ដូច្នេះ ប្រសិន​បើ ​លោក​ដេមេទ្រាស និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​គាត់​មាន​រឿង​អ្វី​ទាស់​នឹង​នរណាម្នាក់ កន្លែងកាត់ក្តីបើកចំហរ ហើយក៏មាន​រាជ​ប្រតិភូនៅទីនោះដែរ។ ចូរឲ្យពួកគេប្តឹងផ្តល់គ្នាចុះ 39 ប៉ុន្តែ ប្រសិន​បើ​បង​ប្អូន​ចង់​តវ៉ា​អំពី​រឿង​អ្វី​ទៀត​នោះ គួរតែដោះស្រាយ​ពេល​មាន​អង្គ​ប្រជុំ​ពេញ​ច្បាប់ទៅ។ 40 ដ្បិត តាមពិតទៅ គេអាចនឹងប្តឹងយើងទាក់ទងនឹងការបះបោរដែលបានកើតឡើងនៅថ្ងៃនេះ។ គ្មានមូលហេតុណាសម្រាប់ការប្រជុំនេះទេ ហើយយើងក៏មិនអាចពន្យល់ពីវាបានដែរ»។ 41 នៅពេលគាត់​មាន​ប្រសាសន៍​ដូច្នេះហើយ គាត់បាន​ប្រាប់ឲ្យ​អង្គ​ប្រជុំ​បែកខ្ញែកគ្នាទៅ។