1 បន្ទាប់ពីការទាំងនេះមក លោកប៉ូលបានចាកចេញពីក្រុងអាថែន ហើយធ្វើដំណើរទៅក្រុងកូរិនថូស។ 2 នៅទីនោះ លោកបានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡា ជាអ្នកស្រុកប៉ុនតុស លោកទើបតែមកពីអ៊ីតាលីជាមួយភរិយារបស់លោកឈ្មោះនាងព្រីស៊ីល ព្រោះព្រះចៅក្លូឌាស បានចេញបញ្ជាឲ្យជនជាតិយូដាទាំងអស់ចេញពីក្រុងរ៉ូម។ លោកប៉ូលបានទៅជួបពួកគេ 3 ហើយដោយសារលោកប្រកបរបដូចគ្នា លោកបានស្នាក់ជាមួយពួកគេ ដ្បិត ពួកគេប្រកបរបធ្វើត្រសាល។ 4 ដូច្នេះ លោកប៉ូលបានជជែកតវ៉ាក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ។ លោកបញ្ចុះបញ្ចូលទាំងជនជាតិយូដា និងជនជាតិក្រិកឲ្យជឿ។ 5 ប៉ុន្តែ ពេលលោកស៊ីឡាស និងលោកធីម៉ូថេចុះពីស្រុកម៉ាសេដូនមកដល់ហើយ ព្រះវិញ្ញាណបានជំរុញលោកប៉ូលឲ្យធ្វើបន្ទាល់ដល់ជនជាតិយូដាថាព្រះយេស៊ូគឺជាព្រះគ្រិស្ត។ 6 ពេលជនជាតិយូដាបានប្រឆាំង និងជេរប្រមាថលោក លោកប៉ូលបានរលាស់អាវរបស់លោកដាក់ពួកគេ ហើយមានប្រសាសន៍ទៅពួកគេថា៖ «សូមឲ្យឈាមរបស់អ្នករាល់គ្នាបានធ្លាក់នៅលើក្បាលរបស់អ្នករាល់គ្នាចុះ ខ្ញុំគ្មានទោសទេ។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃ»។ 7 ដូច្នេះ លោកបានចាកចេញពីទីនោះហើយទៅផ្ទះរបស់លោកទីទិយុសយូស្ទូសជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់។ ផ្ទះគាត់នៅជាប់នឹងសាលាប្រជុំ។ 8 លោកគ្រីសប៉ុស ដែលជាអ្នកដឹកនាំនៅក្នុងសាលាប្រជុំ បានជឿដល់ព្រះអម្ចាស់ជាមួយអស់អ្នកដែលរស់នៅក្នុងផ្ទះរបស់គាត់ទាំងអស់គ្នាដែរ ហើយមានអ្នកក្រុងកូរិនថូសដែលបានស្ដាប់ជាច្រើនទៀតបានជឿ ព្រមទាំងបានជ្រមុជទឹកផងដែរ។ 9 ព្រះអម្ចាស់បានមានបន្ទូលមកលោកប៉ូលនៅយប់មួយក្នុងនិមិត្តថា «កុំខ្លាចអី! ប៉ុន្តែ ចូរប្រកាស ហើយមិនត្រូវនៅស្ងៀមឡើយ។ 10 ដ្បិត យើងនៅជាមួយអ្នកហើយ គ្មាននរណាអាចធ្វើបាបអ្នកបានទេ ដ្បិតយើងមានមនុស្សជាច្រើននៅក្នុងទីក្រុងនេះ»។ 11 លោកប៉ូលរស់នៅទីនោះ អស់រយៈពេលមួយឆ្នាំប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងចំណោមពួកគេ។ 12 ប៉ុន្តែ ពេលលោកកាលីយ៉ូកាន់ធ្វើជាអ្នកគ្រប់គ្រងនៅស្រុកអាខៃ ជនជាតិយូដាបានរួមគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅកន្លែងកាត់ក្ដី 13 ពួកគេនិយាយថា៖ «បុរសម្នាក់នេះបញ្ចុះបញ្ចូលមនុស្សឲ្យថ្វាយបង្គំព្រះជាម្ចាស់ ដែលផ្ទុយពីច្បាប់»។ 14 ប៉ុន្តែ ពេលលោកប៉ូលរៀបនឹងមានប្រសាសន៍ លោកកាលីយ៉ូបានមានប្រសាសន៍ទៅជនជាតិយូដាថា៖ «ជនជាតិយូដាអើយ តាមពិតទៅ ប្រសិនបើ ទាក់ទងនឹងប្រព្រឹត្តខុស ឬ បទឧក្រិដ្ឋ វាសមឲ្យខ្ញុំជជែកវែកញែកជាមួយអ្នករាល់គ្នា។ 15 តែបើរឿងនេះ គ្រាន់តែជជែកទាក់ទងនឹងពាក្យ អំពីឈ្មោះ ចូរដោះស្រាយខ្លួនឯងទៅ។ ខ្ញុំមិនកាត់ក្ដីឲ្យអ្នករាល់គ្នាអំពីរឿងទាំងនេះទេ»។ 16 លោកកាលីយ៉ូបានឲ្យពួកគេចេញពីកន្លែងកាត់ក្ដី។ 17 ដូច្នេះ ពួកគេទាំងអស់គ្នាបានចាប់លោកសូស្តែន ជាអ្នកដឹកនាំនៅក្នុងសាលាប្រជុំ ហើយបានមកវាយគាត់នៅមុខកន្លែងកាត់ក្ដី។ ប៉ុន្តែ លោកកាលីយ៉ូមិនខ្វល់នឹងអ្វីដែលពួកគេធ្វើទេ។ 18 បន្ទាប់ពី លោកប៉ូលបានស្នាក់នៅជាយូរថ្ងៃក្រោយមក លោកបានចាកចេញបងប្អូន ហើយចុះសំពៅទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡា។ មុនពេលលោកចេញពីកំពង់ផែកេងគ្រា លោកបានកោរសក់របស់លោក ដោយសារលោកបានស្បថ។ 19 ពេលពួកគេទៅដល់ក្រុងអេភេសូរ លោកប៉ូលទុកនាងព្រីស៊ីល និងលោកអគីឡានៅទីនោះ ប៉ុន្តែ លោកបានចូលទៅសាលាប្រជុំ ហើយបានជជែកវែកញែកមួយជនជាតិយូដា។ 20 នៅពេលពួកគេសុំឲ្យលោកប៉ូលស្នាក់នៅទីនោះមួយរយៈទៀត លោកបានបដិសេធ។ 21 ប៉ុន្តែ ពេលលោកចេញពីពួកគេ លោកពោលថា៖ «ខ្ញុំនឹងវិលមករកបងប្អូនវិញ ប្រសិនបើ ជាព្រះហឫទ័យរបស់ព្រះជាម្ចាស់» ។ រួចលោកចុះសំពៅចេញពីក្រុងអេភេសូរ។ 22 ពេលលោកប៉ូលទៅដល់ក្រុងសេសារា លោកបានឡើងទៅ ហើយសួរសុខទុក្ខក្រុមជំនុំនៅយេរូសាឡិម ហើយលោកចុះទៅដល់ក្រុងអន់ទីយ៉ូក។ 23 បន្ទាប់ពីបានស្នាក់នៅទីនោះមួយរយៈមក លោកប៉ូលបានចេញដំណើរ ហើយបានធ្វើដំណើរទៅតំបន់ស្រុកកាឡាទី និងស្រុកព្រីគា ហើយបានលើកទឹកចិត្តពួកសិស្សគ្រប់គ្នានៅទីនោះផង។ 24 ឥឡូវនេះ មានជនជាតិយូដាម្នាក់ ឈ្មោះអប៉ូឡូស មានកំណើតជាអ្នកស្រុកអលេក្សានទ្រា បានមកនៅក្រុងអេភេសូរ។ គាត់ជាមនុស្សមានវោហារ ហើយស្គាល់បទគម្ពីរយ៉ាងល្អិតល្អន់។ 25 លោកអប៉ូឡូសបានទទួលការអប់រំអំពីសេចក្តីបង្រៀនរបស់ព្រះអម្ចាស់។ លោកមានចិត្តក្លៀវក្លាខាងវិញ្ញាណ គាត់ប្រកាស និងបង្រៀនគេយ៉ាងច្បាស់លាស់ អំពីអ្វីៗព្រះយេស៊ូ ប៉ុន្តែ គាត់ដឹងត្រឹមតែពិធីជ្រមុជទឹករបស់លោកយ៉ូហានប៉ុណ្ណោះ។ 26 លោកអប៉ូឡូសបានបង្រៀនដោយសេចក្តីក្លាហានក្នុងសាលាប្រជុំ។ ប៉ុន្តែ ពេលនាងព្រីស៊ីល និងលោកអគីឡាបានឮគាត់បង្រៀនដូច្នេះ ពួកគេបានយកគាត់ទៅដោយឡែក ព្រមទាំងពន្យល់គាត់ឲ្យរឹតតែស្គាល់ផ្លូវរបស់ព្រះជាម្ចាស់ថែមទៀត។ 27 ពេលលោកអប៉ូឡូសមានបំណងធ្វើដំណើរទៅកាន់ស្រុកអាខៃ ពួកបងប្អូនបានលើកទឹកចិត្តលោក ហើយបានសរសេរសំបុត្រផ្ញើទៅពួកសិស្សនៅស្រុកអាខៃឲ្យស្វាគមន៍គាត់ផង។ ពេលលោកទៅដល់ លោកបានជួយជាច្រើន ដល់អ្នកដែលបានជឿ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់។ 28 ដ្បិត លោកអប៉ូឡូសឆ្លើយបដិសេធជនជាតិយូដានៅតាមទីសាធារណៈ ដោយបង្ហាញបទគម្ពីរថា ព្រះយេស៊ូគឺជាព្រះគ្រិស្ដមែន។