1 ឥឡូវនេះ នៅពេលពួកគេធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និងក្រុងអប៉ុឡូនា ហើយពួកគេបានទៅដល់ក្រុងថេស្សាឡូនិក ដែលជាក្រុងមួយមានសាលាប្រជុំរបស់សាសន៍យូដា។ 2 លោកប៉ូល តាមទម្លាប់របស់លោក បានចូលទៅពួកគេ ព្រមទាំងជជែកវែកញែកពីបទគម្ពីរជាមួយពួកគេពីបីថ្ងៃសប្ប័ទ។ 3 លោកបានបើកបទគម្ពីរ ហើយពន្យល់ប្រាប់គេថា ជាការសំខាន់ណាស់ដែលព្រះគ្រិស្ដត្រូវតែរងទុក្ខ និងរស់ពីស្លាប់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះយេស៊ូនេះហើយ ដែលខ្ញុំបានប្រកាសប្រាប់បងប្អូនថាជាព្រះគ្រិស្ត»។ 4 ជនជាតិយូដាខ្លះបានជឿ ហើយចូលមករួមជាមួយលោកប៉ូល និងលោកស៊ីឡាស មានទាំងជនជាតិក្រិកដែលកោតខ្លាចព្រះជាច្រើនផង ហើយក៏មានស្ត្រីៗអ្នកមានមុខមាត់ជាច្រើនចូលរួមដែរ។ 5 ប៉ុន្តែ ជនជាតិយូដាដែលមិនជឿ គេមានចិត្តច្រណែន ហើយប្រមូលជនពាលដែលនៅតាមផ្សារមកជួបជុំគ្នាជាមនុស្សមួយហ្វូង ហើយបង្ករឲ្យការប៉ះបោលនៅក្នុងក្រុង។ ពួកគេបានវាយសម្រុកចូលផ្ទះលោកយ៉ាសូន ដើម្បីចាប់ចង់លោកប៉ូល និងលោកស៊ីឡាស យកទៅឲ្យបណ្តាជន។ 6 ប៉ុន្តែ នៅពេលពួកគេរកលោកទាំងពីរមិនឃើញ ពួកគេចាប់អូសលោកយ៉ាសូន និងបងប្អូនខ្លះទៀត ទៅប្រគល់ឲ្យអាជ្ញាធរក្រុង ដោយស្រែកឡើងថា៖ «ពួកអ្នកដែលធ្វើឲ្យពិភពលោកទាំងមូលក្រឡាប់ចាក់ បានមកដល់ទីនេះហើយ។ 7 យ៉ាសូន បានទទួលពួកគេឲ្យស្នាក់នៅផ្ទះគាត់ គឺជាអំពើដែលខុសពីរាជក្រឹត្យរបស់ព្រះចៅអធិរាជសេសារ ពួកគេប្រកាសថា មានស្ដេចមួយអង្គទៀត គឺព្រះយេស៊ូ»។ 8 ពួកបណ្តាជន និងពួកអាជ្ញាធរក្រុងខឹងជាខ្លាំង ពេលពួកគេឮពីការនេះ។ 9 ប៉ុន្តែ បន្ទាប់មក ពួកអាជ្ញាធរបានសុំឲ្យលោកយ៉ាសូន និងអ្នកឯទៀតៗបង់ប្រាក់ធានា ទើបពួកគេដោះលែងឲ្យទៅវិញ។ 12 នៅយប់នោះ ពួកបងប្អូនបានបញ្ជូនលោកប៉ូល និងលោកស៊ីឡាសទៅក្រុងបេរា។ ពេលពួកគេទៅដល់ទីនោះ ពួកគេបានចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា។ 11 ឥឡូវនេះ ប្រជាជននៅក្រុងនេះ មានចិត្តល្អជាងជនជាតិយូដានៅក្រុងថេស្សាឡូនិក ដ្បិត ពួកគេបានទទួលព្រះបន្ទូលដោយយកចិត្តទុកដាក់ ហើយពិនិត្យពិចារណាបទគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។ 10 ដូច្នេះ បានជាមានមនុស្សជាច្រើនបានជឿ បូករួមទាំងប្រុសស្រីជនជាតិក្រិកដែលមានមុខមាត់ជាច្រើនផង។ 13 ប៉ុន្តែ ពេលជនជាតិយូដានៅក្រុងថេស្សាឡូនិកដឹងថា លោកប៉ូលកំពុងប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរនោះ ពួកគេក៏ទៅទីនោះដើម្បីនាំឲ្យមានបញ្ហាឡើង។ 14 រំពេចនោះ ពួកបងប្អូនបាននាំលោកប៉ូលទៅមាត់សមុទ្រ ប៉ុន្តែ លោកស៊ីឡាស និងលោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។ 15 អស់អ្នកដែលជូនដំណើរលោកប៉ូល បានជូនលោករហូតដល់ក្រុងអាថែន។ នៅពេលពួកគេចាកចេញពីលោកប៉ូល លោកប៉ូលបានផ្តាំឲ្យលោកស៊ីឡាស និងលោកធីម៉ូថេមករកលោកយ៉ាងប្រញាប់តាមដែលអាចធ្វើបាន។ 16 ឥឡូវនេះ ក្នុងពេលដែលលោកប៉ូលកំពុងរង់ចាំពួកគេនៅក្រុងអាថែន វិញ្ញាណរបស់លោកមានកំហឹងជាខ្លាំង ពេលគាត់ឃើញទីក្រុងពេញដោយរូបព្រះ។ 17 ដូច្នេះ លោកបានជជែកតវ៉ានៅក្នុងសាលាប្រជុំជាមួយជនជាតិយូដា និងជជែកតវ៉ាជាមួយអ្នកផ្សេងទៀតដែលកោតខ្លាចព្រះ ហើយលោកក៏ជជែកតវ៉ានៅតាមផ្សារ ជាមួយអស់អ្នកដែលនៅទីនោះដែរ។ 18 ប៉ុន្តែ ក៏មានអ្នកទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្ដូអ៊ីកបានជួបលោកដែរ។ អ្នកខ្លះពោលថា៖ «តើអ្នកដែលនិយាយផ្តេសផ្តាសនេះចង់និយាយអំពីរឿងអ្វី?» អ្នកខ្លះទៀតពោលថា៖ «មើលទៅគាត់ដូចជាអ្នកដែលប្រកាសប្រាប់មនុស្សពីព្រះសាសន៍ដទៃ» ព្រោះលោកប៉ូលបានប្រកាសអំពីព្រះយេស៊ូ និងអំពីការរស់ឡើងវិញ។ 19 ពួកគេបានយកលោកប៉ូល ហើយនាំគាត់នៅទួលអើរីយ៉ូស ហើយពោលថា៖ «តើយើងអាចដឹងពីសេចក្តីបង្រៀនថ្មី ដែលលោកកំពុងនិយាយបានទេ? 20 ដ្បិតលោកបាននាំអ្វីមួយដែលប្លែកមកដល់ត្រចៀករបស់យើង ដូច្នេះ យើងពិតជាចង់ដឹងថាការទាំងនេះមានន័យដូចម្តេច។ 21 (ឥឡូវនេះ អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនចំណាយពេលរបស់ពួកគេ ក្រៅពីនិយាយ ឬស្ដាប់រឿងអ្វីថ្មីៗឡើយ។ 22 ដូច្នេះ លោកប៉ូលក្រោកឈរនៅកណ្ដាលអង្គប្រជុំនៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំឃើញថា អស់លោកជាអ្នកកាន់សាសនាគ្រប់របៀបតែម្តង។ 23 ដ្បិត ពេលខ្ញុំដើរក្នុងទីក្រុង ហើយខ្ញុំសង្កេតឃើញមានវត្ថុដែលអស់លោកថ្វាយបង្គំ ហើយខ្ញុំបានឃើញអាសនៈមួយដែលមានចារឹកអក្សរថា៖ «សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់»។ ដូច្នេះ ខ្ញុំនឹងប្រកាសដល់អស់លោក នូវអ្វីដែលអស់លោកថ្វាយបង្គំព្រះដែលអស់លោកពុំស្គាល់។ 24 ព្រះជាម្ចាស់ដែលបានបង្កើតផែនដី និងបង្កើតអ្វីៗទាំងអស់នៅលើផែនដីនេះ ព្រោះព្រះអង្គជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលសង់ដោយដៃមនុស្សទេ។ 25 ព្រះអង្គក៏មិនត្រូវការឲ្យដៃមនុស្សបម្រើព្រះអង្គដែរ ព្រោះព្រះអង្គទ្រង់ផ្ទាល់ដែលបានប្រទានឲ្យមនុស្សមានជីវិត និងដង្ហើម ព្រមទាំងអ្វីៗគ្រប់យ៉ាងផ្សេងៗទៀត។ 26 ចេញពីមនុស្សម្នាក់ ព្រះអង្គបានធ្វើឲ្យប្រជាជាតិនានា រស់នៅពេញលើផែនដីទាំងមូល ទាំងកំណត់រដូវកាល និងកំណត់ព្រំដែននៃការរស់នៅរបស់ពួកគេដែរ 27 ដើម្បីឲ្យពួកគេអាចស្វែងរកព្រះជាម្ចាស់ ប្រសិនបើ ពួកគេស្វែងរកព្រះជាម្ចាស់ ប្រហែលជាពួកគេអាចនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះអង្គមិនគង់នៅឆ្ងាយពីយើងម្នាក់ៗឡើយ។ 28 ដ្បិត នៅក្នុងព្រះអង្គ យើងរស់ ហើយមានចលនា ព្រមទាំងមានជីវិតរស់ ដូចជាអ្នកកវីម្នាក់របស់អស់លោកផ្ទាល់បានពោលថា៖ «ដ្បិត យើងក៏ជាពូជរបស់ព្រះជាម្ចាស់ដែរ»។ 29 ដូច្នេះ បើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនគួរគិតថា ព្រះអង្គមានលក្ខណៈដូចរូបសំណាក់ ធ្វើពីមាស ប្រាក់ ឬថ្មដែលជាការរចនាតាមការនឹកឃើញរបស់មនុស្សនោះឡើយ។ 30 ដូច្នេះ ព្រះជាម្ចាស់បានទតរំលងនៅក្នុងសម័យកាលនៃភាពល្ងង់ខ្លៅ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបង្គាប់ឲ្យមនុស្សទាំងអស់នូវគ្រប់ទីកន្លែង បានប្រែចិត្ត។ 31 ពីព្រោះព្រះអង្គបានកំណត់ថ្ងៃមួយទុក នៅពេលព្រះអង្គជំនុំជម្រះផែនដីដោយសុចរិត តាមសេចក្ដីសុចរិត ដោយសារបុរសម្នាក់ដែលព្រះអង្គបានជ្រើសរើស។ ព្រះជាម្ចាស់បានបង្ហាញភស្តុតាងពីបុរសម្នាក់នោះដល់មនុស្សគ្រប់គ្នា ដោយប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ»។ 32 ឥឡូវ នៅពេលអ្នកក្រុងអាថែនបានឮពីការស់ពីស្លាប់ឡើងវិញដូច្នេះ មានអ្នកខ្លះក៏ចំអកលោកប៉ូល ប៉ុន្តែមានអ្នកខ្លះទៀតពោលថា៖ «យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះម្តងទៀត»។ 33 បន្ទាប់ពីនោះមក លោកប៉ូលបានចាកចេញពីពួកគេ។ 34 ប៉ុន្តែ មានអ្នកខ្លះបានចូលរួមជាមួយលោក ហើយបានជឿ មានលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស មានស្ត្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកផ្សេងទៀតដែលនៅជាមួយពួកគេផង។