1 លោកប៉ូលបានទៅដល់ក្រុងឌើបេ និងក្រុងលីស្ដ្រា ហើយមើល៍ នៅទីនោះ មានសិស្សម្នាក់ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីជនជាតិយូដាដែលបានជឿម្នាក់ ឪពុកគាត់ជាជនជាតិក្រិក។ 2 គាត់មានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមបងប្អូនដែលរស់នៅក្រុងលីស្ដ្រា និងក្រុងអ៊ីកូនាម។ 3 លោកប៉ូលបានយកគាត់ធ្វើដំណើរជាមួយលោក ដូច្នេះហើយ លោកបានយកគាត់ ហើយបានធ្វើពិធីកាត់ស្បែកឲ្យគាត់ ដោយយល់ដល់ជនជាតិយូដានៅស្រុកទាំងនោះ ដ្បិត ពួកគេបានដឹងថាឪពុកគាត់ជាជនជាតិក្រិកគ្រប់គ្នា។ 4 នៅពេលពួកគេធ្វើដំណើរតាមក្រុងនានា ពួកគេបានប្រកាសប្រាប់ក្រុមជំនុំនានាពីការណែនាំរបស់ពួកសាវក និងពួកចាស់ទុំដែលបានសរសេរនៅក្រុងយេរូសាឡិម ដើម្បីឲ្យពួកគេអនុវត្តតាម។ 5 ដូច្នេះ ហើយបានជាក្រុមជំនុំនានាបានទទួលការកម្លាចិត្តក្នុងជំនឿ និងមានចំនួនច្រើនឡើងជារៀងរាល់ថ្ងៃ។ 6 លោកប៉ូល និងគូកនរបស់លោកបានធ្វើដំណើរឆ្លងកាត់តំបន់នៃស្រុកព្រីគា និងកាឡាទី ប៉ុន្តែ ព្រះវិញ្ញាណដ៏វិសុទ្ធបានហាមមិនឲ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ។ 7 ពេលពួកគេទៅដល់ជិតស្រុកមីស៊ា ពួកគេមានបំណងទៅស្រុកប៊ីធូនា ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូបានរារាំងពួកគេមិនឲ្យទៅទេ។ 8 ដូច្នេះ ពួកគេក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ា ហើយពួកគេបានចុះទៅក្រុងរបស់ត្រូអាសវិញ។ 9 នៅពេលយប់ លោកប៉ូលបាននិមិត្តឃើញ មានអ្នកស្រុកម៉ាសេដូនម្នាក់បានឈរនៅទីនោះហៅលោក ហើយពោលថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូន ហើយជួយយើងខ្ញុំផង!»។ 10 ពេលលោកបានឃើញនិមិត្តហើយ រំពេចនោះ យើងក៏ចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងយល់ឃើញថា ព្រះជាម្ចាស់បានហៅយើងឲ្យទៅប្រកាសដំណឹងល្អដល់ពួកគេ។ 11 យើងបានចុះសំពៅចេញពីក្រុងត្រូអាសធ្វើដំណើរតម្រង់ឆ្ពោះទៅកោះសាម៉ូត្រាស ហើយនៅថ្ងៃបន្ទាប់ យើងបានទៅដល់ក្រុងនាប៉ូល។ 12 យើងបានចេញពីទីនោះ ធ្វើដំណើរទៅក្រុងភីលីព ជាទីក្រុងរបស់ស្រុកម៉ាស៊ីដូន ជាក្រុងសំខាន់ជាងគេ នៅក្នុងស្រុក ដែលស្ថិតនៅក្រោមអាណានិគមរ៉ូម ហើយយើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។ 13 នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុង ក្បែរទន្លេមួយ ដែលយើងគិតថា អាចអធិស្ឋាននៅកន្លែងនោះបាន។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ត្រី ដែលមកជួបជុំគ្នានៅទីនោះ។ 14 មានស្ត្រីម្នាក់ ឈ្មោះលីឌា ជាអ្នកលក់ក្រណាត់ពណ៌ស្វាយ ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ បានស្តាប់យើង។ ព្រះអម្ចាស់បានបើកចិត្តនាង ឲ្យយកចិត្តទុកដាក់នឹងអ្វីដែលលោកប៉ូលមានប្រសាសន៍។ 15 ពេលនាង និងក្រុមគ្រួសារនាងបានទទួលពិធីជ្រមុជទឹករួចហើយ នាងបានសូមយើង ដោយនិយាយថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាស្មោះត្រង់ព្រះអម្ចាស់មែន សូមអញ្ជើញ ហើយទៅស្នាក់នៅផ្ទះនាងខ្ញុំសិនទៅ»។ ហើយនាងបានអង្វរយើង។ 16 មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន មានស្រីម្នាក់ ដែលមានវិញ្ញាណភីថង់ចូលមកជួបយើង។ នាងបានធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកំរៃយ៉ាងច្រើន ពីការទាយ។ 17 នាងដើរតាមក្រោយលោកប៉ូល និងតាមយើង ទាំងស្រែកឡើង ហើយនិយាយថា៖ «លោកទាំងនេះជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត។ ពួកគេប្រកាសពីផ្លូវនៃការសង្គ្រោះ ដល់អ្នករាល់គ្នា»។ 18 នាងតែងតែធ្វើការនេះជាយូរថ្ងៃ។ ប៉ុន្តែ នាងរំខានដល់លោកប៉ូលជាខ្លាំង ក៏ងាកទៅក្រោយ ហើយមានប្រសាសន៍ទៅវិញ្ញាណថា៖ «យើងបង្គាប់ឯង ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!»។ ហើយវាក៏ចេញពីនាងភ្លាម។ 19 ពេលពួកម្ចាស់របស់នាងឃើញថា លែងមានសង្ឃឹមនឹងបានកំរៃអ្វីទៀត ពួកគេចាប់ខ្លួនលោកប៉ូល និងលោកស៊ីឡាស ទាំងអូសយកពួកគេចូលទៅជួបពួកអាជ្ញាធរតាមផ្សារ។ 20 នៅពេលពួកគេបាននាំពួកលោកជួបចៅក្រមហើយ ពួកគេពោលថា៖ «អ្នកទាំងនេះបង្កឲ្យមានចលាចល នៅក្នុងក្រុងរបស់យើង។ ពួកគេជាជនជាតិយូដា 21 ពួកគេប្រកាសទំនៀមទម្លាប់ ដែលខុសពីច្បាប់របស់រ៉ូម ក្នុងការទទួល ឬអនុវត្តតាម»។ 22 ដូច្នេះ បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងលោកប៉ូល និងលោកស៊ីឡាសដែរ។ ពួកចៅក្រមបានហែកសម្លៀកបំពាក់របស់ពួកគេ ហើយបញ្ជាឲ្យវាយពួកគេនឹងរំពាត់។ 23 ពេលបានវាយពួកគេច្រើនរំពាត់រួចហើយ ពួកគេក៏យកលោកទាំងពីរទៅដាក់ក្នុងគុក ហើយបានបញ្ជាឲ្យអ្នកយាមគុកយាមពួកគេដោយប្រុងប្រយ័ត្ន។ 24 បន្ទាប់ពី អ្នកយាមគុកបានទទួលបញ្ជានេះហើយ ពួកគេក៏យកលោកទាំងពីរទៅឃុំក្នុងគុកយ៉ាងជ្រៅ និងដាក់ខ្នោះនៅនឹងជើងរបស់ពួកគេផងដែរ។ 25 នៅពាក់កណ្ដាលយប់ លោកប៉ូល និងលោកស៊ីឡាសកំពុងអធិស្ឋាន និងច្រៀងទំនុកតម្កើងថ្វាយព្រះជាម្ចាស់ ហើយពួកអ្នកទោសផ្សេងៗទៀតក៏កំពុងតែស្ដាប់ពួកគេដែរ។ 26 រំពេចនោះ ក៏មានការរញ្ជួយផែនដីយ៉ាងខ្លាំង ធ្វើឲ្យកក្រើកដល់គ្រឹះនៅក្នុងគុក ហើយភ្លាមនោះ ទ្វារគុកទាំងអស់បានបើកឡើង ហើយច្រវាក់របស់មនុស្សគ្រប់គ្នាក៏របូតចេញអស់ដែរ។ 27 អ្នកយាមគុកបានភ្ញាក់ពីគេងឡើង ហើយបានឃើញទ្វារគុករបើក គាត់បានហូតដាវហើយរៀបនឹងសម្លាប់ខ្លួន ព្រោះគាត់គិតថាអ្នកទោសរត់បាត់អស់ហើយ។ 28 ប៉ុន្តែ លោកប៉ូលបានស្រែកឡើងដោយសម្លេងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនឯងអី ព្រោះយើងទាំងអស់គ្នានៅទីនេះទេ»។ 29 អ្នកយាមគុកហៅឲ្យគេយកភ្លើងមក ហើយចូលទៅក្នុងគុកជាប្រញាប់ប្រញាល់ហើយមានការភ័យខ្លាចជាខ្លាំង ក៏ក្រាបចុះនៅមុខលោកប៉ូល និងលោកស៊ីឡាស 30 ហើយបាននាំពួកគេចេញមកក្រៅ ហើយពោលថា៖ «លោកម្ចាស់! តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីឲ្យបានសង្គ្រោះ?»។ 31 ពួកគេឆ្លើយថា៖ «ចូរជឿលើព្រះអម្ចាស់យេស៊ូទៅ ហើយលោកនឹងបានសង្គ្រោះ ទាំងលោក និងក្រុមគ្រួសាររបស់លោកផងដែរ»។ 32 ពួកគេបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ រួមទាំងមនុស្សគ្រប់គ្នានៅក្នុងផ្ទះគាត់ដែរ។ 33 ពេលនោះ អ្នកយាមគុកបាននាំពួកគេមកលាងស្នាមរបួសទាំងយប់ ហើយគាត់ និងក្រុមគ្រួសាររបស់គាត់ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។ 34 គាត់បាននាំលោកប៉ូល និងលោកស៊ីឡាសឡើងទៅផ្ទះគាត់ ហើយបានរៀបចំម្ហូបអាហារជូនពួកគេ គាត់មានអំណរជាខ្លាំងជាមួយនឹងអស់អ្នកដែលនៅក្នុងផ្ទះរបស់គាត់ ដែលគាត់បានជឿដល់ព្រះជាម្ចាស់។ 35 លុះភ្លឺឡើង ពួកចៅក្រមបានចាត់គេឲ្យប្រាប់ពួកអ្នកយាមគុក ដោយនិយាយថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ»។ 36 អ្នកយាមគុកបានរាយការណ៍ពាក្យនេះទៅដល់លោកប៉ូល ដោយនិយាយថា៖ «ពួកចៅក្រមបានចាត់គេប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះសូមលោកចេញទៅឲ្យបានសុខសាន្តចុះ»។ 37 ប៉ុន្តែ លោកប៉ូលមានប្រសាសន៍ទៅពួកគេថា៖ «ពួកគេមានសិទ្ធិអ្វីក្នុងការវាយយើង ដោយមិនបានជំនុំជម្រះដូច្នេះ ហើយក៏យកយើងមកដាក់គុកទៀត ទាំងយើងជាជនជាតិរ៉ូម។ ឥឡូវនេះ តើពួកគេចង់ដោះលែងយើងដោយស្ងាត់ៗឬ? ទេ! ចូរឲ្យពួកគេមកដោយខ្លួនឯង ហើយដោះលែងយើង»។ 38 ពួកអ្នកយាមបានរាយការណ៍ទាំងនេះដល់ពួកចៅក្រម ហើយនៅពេលពួកគេបានឮថា លោកប៉ូល និងលោកស៊ីឡាសមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ពួកគេភ័យខ្លាចជាខ្លាំង។ 39 ពួកចៅក្រមបានមក ហើយសុំទោសពួកគេ ហើយដោះលែងពួកគេ ថែមទាំងសូមឲ្យពួកគេចេញពីក្រុងរបស់ពួកគេ។ 40 ដូច្នេះ លោកប៉ូល និងលោកស៊ីឡាសបានចេញពីគុក ហើយចូលទៅផ្ទះរបស់នាងលីឌា។ នៅពេលប៉ូល និងស៊ីឡាសបានឃើញពួកបងប្អូន ពួកគេក៏លើកទឹកចិត្តបងប្អូន ហើយបានចេញពីទីក្រុងនោះទៅ។