ជំពូក ១៤

1 កាលបានទៅដល់​ក្រុង​អ៊ីកូនាមហើយ នោះលោក​ប៉ូល និង​លោក​បារណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជន​ជាតិ​យូដាជាមួយគ្នា ហើយ​បានប្រកាស​រហូត​ដល់​ទាំងជន​ជាតិ​យូដា និង​ជន​ជាតិ​ក្រិក​ដ៏​ច្រើន​លើសលប់​បាន​ជឿ។ 2 ប៉ុន្តែ ជន​ជាតិ​យូដា​ដែល​មិន​ស្តាប់បង្គាប់បានចាក់រុកដល់គំនិតសាសន៍​ដទៃ និង​ធ្វើឲ្យពួកគេមានចិត្តជូរល្វីងទាស់នឹង​ពួក​បង​ប្អូន​។ 3 ដូច្នេះ ពួកគេបាន​ស្នាក់​នៅ​ទីនោះជា​យូរ​ថ្ងៃ ប្រកាសដោយក្លាហានដោយសារអំណាចមកពីព្រះជាម្ចាស់ ខណៈពេល​ព្រះអង្គបាន​បញ្ជាក់​ព្រះបន្ទូល​អំពី​ព្រះគុណ​របស់​ព្រះអង្គ។ ​ព្រះអង្គបានធ្វើការនេះ ដោយប្រទានឲ្យមាន​ទី​សម្គាល់​ និងការអស្ចារ្យតាមរយៈដៃរបស់លោកប៉ូល និងលោកបារណាបាស។ 4 ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​នៅ​ក្រុង​នោះ​បាន​បាក់​បែក​គ្នា ហើយអ្នក​ខ្លះ​នៅ​ខាង​សាសន៍​យូដា អ្នក​ខ្លះ​ទៀត​នៅ​ខាងពួក​សាវក។ 5 នៅពេលសាសន៍​ដទៃ និង​សាសន៍​យូដាបាន​រួម​គំនិត​គ្នា​ដើម្បីបញ្ចុះបញ្ចូល​មេ​ដឹក​នាំ​របស់​គេ ដើម្បី​ធ្វើ​បាប និង​ចង់ចោល​នឹងដុំថ្មសម្លាប់លោកប៉ូល និងបារណាបាស 6 ពួកគេបាន​ដឹងមុនពីការនោះ ហើយបាន​រត់​គេចទៅក្រុងផ្សេងៗក្នុង​ស្រុក​លូកៅនា ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំងនៅជុំវិញ​តំបន់នោះ 7 ហើយ ពួកគេប្រកាស​ដំណឹងល្អនៅ​ទី​នោះ។ 8 នៅ​ក្រុង​លីស្ដ្រា មាន​បុរសម្នាក់អង្គុយ ជើងរបស់គាត់គ្មានកម្លាំងទេ គាត់ស្វិតជើង តាំង​ពីក្នុងផ្ទៃរបស់ម្តាប់គាត់មកម្លេ៉ះ គាត់​មិន​អាច​ដើរ​បាន​ទេ។ 9 បុរសនេះបានឮ​លោក​ប៉ូល​មាន​ប្រសាសន៍។ លោក​ប៉ូល​សម្លឹង​មើល​គាត់ ហើយ​​ឃើញ​ថា គាត់​មាន​ជំនឿ​អាច​នឹង​ជាបាន។​ 10 ដូច្នេះ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ដោយសម្លេងខ្លាំងៗ​ថា៖ «ចូរក្រោក​ឈរឡើង!»។ ដូច្នេះ បុរស​នោះ​បានលោតឡើង ហើយបានដើរជុំវិញ។ 11 ពេល​បណ្តា​ឃើញអ្វី​ដែល​លោក​ប៉ូល​បាន​ធ្វើ ពួកគេ​បន្លឺសម្លេងរបស់ពួកគេ និយាយជា​ភាសា​លូកៅនា​ថា៖ «ព្រះ​បាន​យាងចុះ​មករកយើង ក្នុងទម្រង់ជាមនុស្ស»។ 12 ពួកគេ​ហៅ​លោក​បារណាបាស​ថា៖ «ព្រះ​សេយូស» ហើយ​ហៅ​លោក​ប៉ូល​ថា៖ «ព្រះ​ហ៊ើមេស»​ ព្រោះ​លោក​គឺជាអ្នកនាំក្នុងការនិយាយ​។ 13 បូជាចារ្យ​របស់​ព្រះ​សេយូស​ ដែល​មាន​វិហារ​នៅក្រៅ​ទីក្រុង បាន​ដឹក​គោ​ឈ្មោល​និងកម្រងផ្កានៅ​មាត់​ទ្វារ​ក្រុង ព្រោះ​គាត់​និងបណ្តាជនចង់​ធ្វើ​បូជាយញ្ញ​។ 14 ប៉ុន្តែ នៅពេលពួក​សាវក គឺលោក​បារណា​បា​ស​ និង​ប៉ូលបាន​ឮ​ពីការ​នេះ ពួកគេបាន​ហែក​សម្លៀកបំពាក់​ ហើយ​ចេញទៅក្រៅ​រកបណ្តាជន ទាំង​ស្រែក ឡើង 15 ហើយនិយាយ​ថា៖ «បងប្អូនអើយ ហេតុ​អ្វី​បាន​ជា​បង​ប្អូន​​ធ្វើ​ការទាំងនេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស ដែលមានអារម្មណ៍​ដូច​បង​ប្អូន​ដែរ។ យើង​ខ្ញុំ​នាំ​ដំណឹងល្អ​មកឲ្យ​បង​ប្អូន ដើម្បី​បង​ប្អូន​ងាក​ចេញ​ពី​របស់​ឥត​ប្រយោជន៍​នេះ ទៅ​រក​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្មរស់ ​ជា​ព្រះ​ដែល​បាន​បង្កើត​ស្ថានសួគ៌ ផែនដី និងសមុទ្រ ព្រមទាំង​អ្វីៗ​​ដែល​មាន​នៅក្នុង​នោះ​ផង។ 16 នៅ​ជំនាន់​មុនៗ ព្រះអង្គ​បាន​អនុញ្ញាត​ឲ្យ​ជាតិ​សាសន៍​នានាដើរ​តាមផ្លូវរបស់គេ​រៀងៗ​ខ្លួន។ 17 ​ប៉ុន្តែ ព្រះអង្គ​មិនមែនមិនបានទុកអង្គទ្រង់ដោយគ្មានសាក្សីឡើយ គឺព្រះអង្គបានធ្វើការល្អ ហើយប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ឲ្យ​រដូវ​កាលបង្កើតផល ប្រទានឲ្យមាន​អាហារ​ និង​មាន​អំណរ​ក្នុង​ចិត្ត​ផង»។ 18 ទោះ​បី​លោក​ប៉ូល និងលោកបារណាបាសមាន​ប្រសាសន៍​ទាំងនេះក្តី ក៏ពិបាកក្នុងការទប់បណ្តាជនពីការថ្វាយយញ្ញ​បូជាដល់ពួកគេដែរ។ 19 ប៉ុន្តែ មាន​ជន​ជាតិ​យូដា​ខ្លះមក​ពី​ក្រុង​អន់ទីយ៉ូក និង​ក្រុង​អ៊ីកូនាម បាន​បញ្ចុះបញ្ចូលបណ្តាជន​។ ពួកគេបានចោល​លោក​ប៉ូលនឹងដុំថ្ម ហើយ​អូសលោកចេញទៅ​ក្រៅ​ទីក្រុង ដោយគិតថា លោកស្លាប់ហើយ។ 20 ប៉ុន្តែ ពួក​សិស្ស​បានឈរ​នៅជុំវិញ​លោក លោក​បានក្រោក​ឡើង ហើយដើរ​ចូល​ទៅ​ទីក្រុង​វិញ។ ដល់ថ្ងៃបន្ទាប់ លោក​បាន​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណាបាស។ 21 បន្ទាប់ពីពួកគេបានប្រកាស​ដំណឹងល្អនៅ​ក្នុងទីក្រុងនោះ ហើយបានបង្កើតសិស្សជាច្រើន ពួកគេក៏ត្រឡប់ទៅក្រុង​លីស្ដ្រា ក្រុង​អ៊ីកូនាម និង​ក្រុង​អន់ទីយ៉ូក​វិញ។ 22 ពួកគេបន្ត​កម្លាចិត្តរបស់ពួក​សិស្ស​ និង​លើក​ទឹក​ចិត្ត​ពួកគេឲ្យបន្តក្នុង​ជំនឿ​ ដោយ​មាន​ប្រសាសន៍​ថា៖ «យើងត្រូវចូលទៅក្នុងនគររបស់ព្រះជាម្ចាស់តាមរយៈការឈឺចាប់ជាច្រើន»។ 23 នៅពេល ពួកគេ​បាន​តែងតាំង​ពួក​ចាស់ទុំ​នៅ​តាម​ក្រុមជំនុំ​នីមួយៗ ហើយបាន​អធិស្ឋាន​តម​អាហារផង ពួកគេបាន​ផ្ញើ​ពួក​សិស្សនឹង​ព្រះអម្ចាស់ជាព្រះ​ដែល​ពួកគេ​បាន​ជឿ។ 24 បន្ទាប់​មក​ ពួកគេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ពីស៊ីឌា ហើយបានមក​ដល់​ស្រុក​ប៉ាមភីលា។ 25 ពេលពួកគេ​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​ពើការួចហើយ ពួកគេបានចុះ​ទៅ​ក្រុង​អាតាលា។ 26 ពួកគេបាន​ចុះ​សំពៅនៅទីនោះ ​ត្រឡប់​មក​ក្រុង​អន់ទីយ៉ូក​វិញ ជាកន្លែងដែលគេបានប្រគល់ពួកគេទៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់ សម្រាប់បំពេញ​កិច្ចការ​ដែល​ពួកគេ​ទើប​នឹង​បាន​សម្រេច​នេះ។ 27 ពេលពួកគេបាន​មក​ដល់​ក្រុង​អន់ទីយ៉ូកវិញ បាន​ប្រមូល​ក្រុមជំនុំ​ឲ្យ​មក​ជួបជុំ​គ្នា ពួកគេបានរាយការណ៍​អំពី​អ្វីៗគ្រប់យ៉ាង ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​គេ និងពីការដែល​ព្រះអង្គ​បើក​ទ្វារនៃជំនឿដល់សាសន៍​ដទៃ។ 28 ពួកគេបានស្នាក់​នៅជា​មួយ​ពួក​សិស្ស​អស់​រយៈ​ពេល​ជា​យូរ​។