1 ឥឡូវនេះដល់ពេលដែលព្រះបាទហេរ៉ូដបានលូកព្រះហស្ត លើសមាជិកខ្លះនៃក្រុមជំនុំ ដើម្បីធ្វើបាបដល់ពួកគេ។ 2 ស្តេចបានសម្លាប់លោកយ៉ាកុបជាបងរបស់លោកយ៉ូហានដោយដាវ។ 3 បន្ទាប់ពីព្រះអង្គទតឃើញថា ការនេះបានធ្វើឲ្យជនជាតិយូដាពេញចិត្ត ទ្រង់បានបន្តចាប់លោកពេត្រុសថែមទៀត។ ពេលនោះ គឺនៅក្នុងអំឡុងពេលបុណ្យនំបុ័ងឥតមេ។ 4 បន្ទាប់ពីចាប់ខ្លួនលោកហើយ ស្ដេចយកគាត់ទៅដាក់គុក ហើយបានចាត់ទាហានបួនក្រុមនៅយាមលោក ស្តេចមានបំណងនឹងនាំលោកមកចំពោះមុខប្រជាជនក្រោយបុណ្យចម្លង។ 5 ដូច្នេះ លោកពេត្រុសក៏ជាប់នៅក្នុងគុក ប៉ុន្តែ អស់អ្នកដែលនៅក្រុមជំនុំបានអធិស្ឋានយ៉ាងអស់ពីចិត្តដល់ព្រះជាម្ចាស់សម្រាប់លោក។ 6 នៅយប់ មុនពេលដែលព្រះបាទហេរ៉ូដយកលោកទៅកាត់ទោស លោកពេត្រុសកំពុងគេងនៅចន្លោះទាហានពីរនាក់ ជាប់ច្រវាក់ពីរខ្សែផង ក៏មានទាហានយាមនៅខាងមុខទ្វារគុកដែរ។ 7 មើល៍ ទេវតារបស់ព្រះអម្ចាស់បានបង្ហាញខ្លួនដល់គាត់ភ្លាម ហើយមានពន្លឺភ្លឺពេញបន្ទប់ក្នុងគុក។ លោកប៉ះលោកពេត្រុសពីចំហៀង ហើយដាស់លោក ដោយនិយាយថា៖ «ចូរក្រោកឡើងឲ្យលឿន!» ហើយច្រវាក់របស់គាត់ធ្លាក់ចេញពីដៃរបស់លោក។ 8 ទេវតានិយាយទៅលោកថា៖ «សូមស្លៀកបំពាក់ ហើយពាក់ស្បែកជើងរបស់លោកផង»។ លោកពេត្រុសក៏ធ្វើតាម។ ទេវតាបាននិយាយមកលោកថា៖ «សូមពាក់អាវក្រៅរបស់លោក ហើយមកតាមខ្ញុំចុះ»។ 9 ដូច្នេះ លោកពេត្រុសដើរតាមទេវតា ហើយចេញទៅ។ លោកមិនបានដឹងថា អ្វីដែលទេវតាបានធ្វើនោះគឺជាការពិតឡើយ។ លោកគិតថា លោកកំពុងយល់សប្ដិ។ 10 បន្ទាប់ពី ពួកគេបានឆ្លងផុតកន្លែងយាមទីមួយ និងទីពីរហើយ ពួកគេបានមកដល់ទ្វារដែក ចេញទៅរកទីក្រុង វាបានបើកដោយឯកឯងឲ្យពួកគេ។ ពួកគេបានដើរចេញក្រៅ ហើយបានដើរទៅតាមផ្លូវនោះទៅ ហើយភ្លាមនោះ ទេវតាក៏បានចាកចេញបាត់ពីលោកបាត់ទៅ។ 11 នៅពេល លោកពេត្រុសបានដឹងខ្លួន លោកពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងហើយថា ព្រះអម្ចាស់ពិតជាបានចាត់ទេវតារបស់ព្រះអង្គ ហើយបានរំដោះខ្ញុំចេញពីដៃរបស់ស្ដេចហេរ៉ូដ និងចេញពីអ្វីៗគ្រប់យ៉ាងដែលប្រជាជនយូដាចង់ធ្វើ»។ 12 នៅពេលលោកបានយល់ច្បាស់ហើយ លោកបានទៅផ្ទះនាងម៉ារី ជាម្ដាយយ៉ូហានដែលហៅម៉ាកុសផងដែរ មានមនុស្សជាច្រើនបានជួបជុំគ្នា ហើយកំពុងអធិស្ឋាននៅទីនោះ។ 13 នៅពេលលោកគោះទ្វារ មានបម្រើស្ត្រីម្នាក់ ឈ្មោះនាងរ៉ូដាមកបើកឲ្យ។ 14 នៅពេលនាងស្គាល់សម្លេងរបស់លោកពេត្រុស នាងពុំបានបើកទ្វារឲ្យទេ ដោយនាងរំភើបខ្លាំងពេក ផ្ទុយទៅវិញ នាងបានរត់ចូលទៅក្នុងបន្ទប់វិញ នាងបានរាយការណ៍ថា លោកពេត្រុសកំពុងឈរនៅមាត់ទ្វារ។ 15 ដូច្នេះ ពួកគេប្រាប់នាងថា៖ «នាងវង្វេងស្មារតីហើយ»។ ប៉ុន្តែ នាងបានប្រកែកថាវាជាការពិត។ ពួកគេនិយាយថា៖ «ជាទេវតារបស់លោកទេ»។ 16 ប៉ុន្តែ លោកពេត្រុសនៅតែបន្តគោះទ្វារ ហើយនៅពេលពួកគេបើកទ្វារ ពួកគេបានឃើញលោក ហើយមានការភ្ញាក់ផ្អើលខ្លាំង។ 17 លោកពេត្រុសធ្វើសញ្ញាដល់ពួកគេដោយដៃរបស់គាត់ឲ្យគេនៅស្ងៀម ហើយបានប្រាប់ពួកគេពីការដែលព្រះអម្ចាស់បាននាំលោកចេញពីគុក។ លោកបានប្រាប់ថា៖ «សូមរាយការណ៍ទាំងនេះដល់លោកយ៉ាកុប និងពួកបងប្អូនផង»។ បន្ទាប់មក លោកបានចេញពីទីនោះ ហើយធ្វើដំណើរទៅកន្លែងផ្សេងទៀត។ 18 ឥឡូវនេះ ពេលថ្ងៃរះឡើង មានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងចំណោមពួកទាហាន ទាក់ទងនឹងអ្វីដែលបានកើតឡើងនឹងលោកពេត្រុស។ 19 បន្ទាប់មក ព្រះបាទហេរ៉ូដបានរកលោក តែរកលោកមិនឃើញ ស្ដេចសាកសួរពួកអ្នកយាម ហើយបានបង្គាប់គេឲ្យសម្លាប់ពួកគេ។ បន្ទាប់មក ស្ដេចយាងពីស្រុកយូដាចុះទៅក្រុងសេសារា ហើយគង់នៅទីនោះ។ 20 ឥឡូវនេះ ព្រះបាទហេរ៉ូដក្រោធនឹងអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនជាខ្លាំង។ ពួកគេបាននាំគ្នាចូលទៅគាល់ស្ដេច។ ពួកគេបានបញ្ចុះបញ្ចូលលោកបា្លសតុសជាអ្នកជំនួយស្តេចឲ្យជួយពួកគេ។ ដូច្នេះ ពួកគេបានទូលសូមសន្តិភាព ដោយសារប្រទេសរបស់ពួកគេបានទទួលស្បៀងអាហារពីនគរព្រះបាទហេរ៉ូដ។ 21 លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូដបានស្លៀកសម្លៀកបំពាក់របស់ស្តេច ហើយគង់លើបល្ល័ង្ក ស្តេចបានមានព្រះរាជឱង្ការទៅពួកគេ។ 22 ប្រជាជនបានស្រែកថា៖ «នេះជាសម្លេងរបស់ព្រះ មិនមែនសម្លេងរបស់មនុស្សទេ!» 23 ភ្លាមនោះ ទេវតារបស់ព្រះជាម្ចាស់បានប្រហារស្ដេច ព្រោះទ្រង់ពុំបានថ្វាយសិរីដល់ព្រះជាម្ចាស់។ ស្ដេចត្រូវដង្កូវស៊ី ហើយសុគតទៅ។ 24 ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចម្រើនឡើង និងកើនឡើងជាលំដាប់។ 25 ដូច្នេះ នៅពេលលោកបារណាបាស និងលោកសូលបានបញ្ចប់បេសកកម្មរបស់ពួកគេហើយ ពួកគេបានត្រឡប់ទៅក្រុងយេរូសាឡិមវិញ បានយកលោកយ៉ូហាន ដែលហៅថាម៉ាកុសទៅជាមួយពួកគេដែរ។