ជំពូក ១

1 នៅជំនាន់ដែលពួកចៅហ្វាយដឹកនាំ ស្រុក មានកើតទុរ្ភិក្សយ៉ាងខ្លាំង​ ហើយកាលនោះមានបុរសម្នាក់ជាអ្នកភូមិបេថ្លេហិម ក្នុងស្រុកយូដា គាត់បាននាំប្រពន្ធ និងកូនប្រុសទាំងពីរនាក់របស់គាត់ធ្វើដំណើរទៅរស់នៅក្នុងស្រុកម៉ូអាប់។ 2 ​បុរសនោះមានឈ្មោះថា លោកអេលីម៉ាឡេក ហើយភរិយារបស់គាត់មានឈ្មោះថា នាងណាអូមី។ កូនប្រុសទាំងពីររបស់គាត់គឺ លោកម៉ាឡូន និង លោកគីលីយ៉ូន ដែលគ្រួសារនេះជាអំបូរអេប្រាតា ក្នុងភូមិបេថ្លេហិមនៃស្រុកយូដា។ ពួកគេបានទៅដល់ស្រុកម៉ូអាប់ហើយរស់នៅទីនោះ។ 3 បន្ទាប់ពីលោកអេលីម៉ាឡេក ដែលជាស្វាមីរបស់ណាអូមីទទួលមរណភាពទៅ គាត់រស់នៅជាមួយកូនប្រុសទាំងពីររបស់គាត់។ 4 កូនប្រុសទាំងពីរបានយកស្រ្តីសាសន៍ម៉ូអាប់ធ្វើភរិយា ម្នាក់ឈ្មោះនាងអ៊របា និងម្នាក់ទៀតឈ្មោះនាងរស់។ ពួកគេរស់នៅទីនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។ 5 បន្ទាប់មក លោកម៉ាឡូន និងលោកគីលីយ៉ូនបានស្លាប់ទាំងពីរនាក់ ដោយទុកឲ្យនាងណាអូមីរស់នៅតែម្នាក់ឯងគ្មានប្តីគ្មានកូន។ 6 ពេលនោះ នាងណាអូមីបានសម្រេចចិត្តចាកចេញពីស្រុកម៉ូអាប់ ត្រឡប់ទៅស្រុកយូដា ជាមួយនឹងកូនប្រសារទាំងពីររបស់គាត់វិញ ដោយគាត់បានឮគេនិយាយថាព្រះអម្ចាស់បានប្រណីសណ្តោសដល់ប្រជាជនរបស់ព្រះអង្គ ដោយប្រទានឲ្យពួកគេមានអាហារបរិភោគគ្រប់គ្រាន់។ 7 ដូច្នេះ នាងបានចាកចេញពីស្រុកដែលនាងធ្លាប់រស់នៅជាមួយនឹងកូនប្រសារទាំងពីរនាក់ ហើយធ្វើដំណើរតាមផ្លូវត្រឡប់ទៅស្រុកយូដាវិញ។​ 8 នាងណាអូមីនិយាយទៅកូនប្រសារទាំងពីររបស់គាត់ថា៖ «ចូរកូនៗត្រឡប់ទៅផ្ទះម្តាយរៀងៗខ្លួនវិញចុះ! សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរសចំពោះនាង ដូចដែលនាងធ្លាប់មានចិត្តសប្បុរសចំពោះកូនប្រុសរបស់ម្តាយដែលបានស្លាប់ទៅ ហើយនិងម្តាយដែរ។ 9 សូមព្រះអម្ចាស់ប្រទានឲ្យមានប្តីថ្មី មានសុភមង្គល ក្នុងគ្រួសាររៀងៗខ្លួនផងចុះ»។ បន្ទាប់មកគាត់ថើបលាពួកនាង ហើយគេទ្រហោយំទាំងអស់គ្នា។ 10 កូនប្រសារទាំងពីរពោលទៅកាន់ម្តាយក្មេកថា៖ «ទេ! ពួកយើងនឹងទៅជាមួយម៉ែ ជាមួយជនជាតិរបស់ម៉ែដែរ»។ 11 ប៉ុន្តែ នាងណាអូមីតបថា៖ «ចូរត្រឡប់ទៅវិញចុះកូនស្រី! ហេតុអ្វីកូនចង់ទៅជាមួយម្តាយ? តើម្តាយនៅអាចបង្កើតកូនប្រុស​ ដែលអាចរៀបការជាមួយពួកឯងបានឬ? 12 ចូរត្រឡប់ទៅវិញចុះកូនស្រី! ចូរទៅតាមផ្លូវរៀងៗខ្លួន! ម្តាយចាស់ណាស់ហើយ មិនអាចមានប្តីទៀតបានទេ។ បើម្តាយនិយាយថា ម្តាយមានសង្ឃឹមមានប្តីនៅយប់នេះ ហើយបង្កើតបានកូនប្រុស 13 តើនាងអាចនៅចាំរហូតដល់គេពេញវ័យបានទេ? តើសុខចិត្តរស់នៅដោយឥតមានប្តីយ៉ាងនេះឬ? ទេ! កូនស្រីម្តាយ ធ្វើដូច្នេះមិនបានទេ! ព្រះអម្ចាស់ច្បាស់ជាងាកមកប្រឆាំងនឹងម្តាយ ធ្វើឲ្យម្តាយមានវាសនាជូរចត់ជាងកូនទាំងពីរទៅទៀត។ 14 ដូច្នេះ កូនប្រសារស្រីទាំងពីរក៏ទ្រហោយំសាជាថ្មី។ នាងអ៊រប៉ាបានថើបលាម្តាយក្មេកទៅ ចំណែកឯនាងរស់វិញ នាងសម្រេចចិត្តនៅជាមួយម្តាយក្មេក។ 15 នាងណាអូមីនិយាយទៅកាន់នាងថា៖ «ចូរស្តាប់ម្តាយ! ប្អូនថ្លៃរបស់កូន នាងបានត្រឡប់ទៅជនជាតិរបស់នាង និងទៅបម្រើព្រះរបស់នាងវិញហើយ ចូរកូនត្រឡប់ទៅជាមួយប្អូនស្រីរបស់កូនចុះ»។ 16 ប៉ុន្តែ នាងរស់បានតបថា៖ «សូមកុំឲ្យកូនចាកចេញពីអ្នកម្តាយឡើយ! ខ្ញុំនឹងទៅទីកន្លែងណាដែលអ្នកម្តាយទៅ! ខ្ញុំនឹងនៅកន្លែងដែលអ្នកម្តាយនៅដែរ! ជនជាតិរបស់អ្នកម្តាយគឺជាជនជាតិរបស់កូន ព្រះជាម្ចាស់របស់អ្នកម្តាយ គឺជាព្រះជាម្ចាស់របស់កូន។ 17 អ្នកម្តាយស្លាប់នៅទីណា កូនក៏ស្លាប់នៅទីនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ បើមិនពិតទេ​ សូមព្រះអម្ចាស់ដាក់ទោសមកលើកូនចុះ!» 18 ដោយឃើញនាងរស់ ប្តេជ្ញាចិត្តទៅជាមួយដូច្នេះ នាងណាអូមីក៏ឈប់ប្រកែកនឹងនាង។ 19 ដូច្នេះ ទាំងពីរនាក់ក៏ធ្វើដំណើររហូតដល់ភូមិបេថ្លេហិម។ នៅពេលដែលពួកគេទៅដល់ នោះអ្នកស្រុកទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស្ត្រីៗនិយាយគ្នាថា៖ «តើនេះគឺជាណាអូមីឬ?» 20 ប៉ុន្តែ គាត់ឆ្លើយទៅកាន់ពួកគេថា៖ «សូមកុំហៅខ្ញុំថា ណាអូមីទៀតអី​! សូមហៅខ្ញុំថា «ម៉ារ៉ា» វិញ ដ្បិត ព្រះអម្ចាស់ដ៏មានឬទ្ធានុភាពខ្លាំងបំផុតបានធ្វើឲ្យជីវិតរបស់ខ្ញុំជូរចត់យ៉ាងខ្លាំង។ 21 ពេលខ្ញុំចាកចេញទៅ ខ្ញុំមានអ្វីគ្រប់យ៉ាង ប៉ុន្តែ ព្រះអង្គបានធ្វើឲ្យខ្ញុំទៅជាបាតដៃទទេ។ ដូច្នេះ ហេតុអ្វីបានជាអ្នកហៅខ្ញុំថា ណាអូមី! មើល៍ព្រះអម្ចាស់បានកាត់ទោសខ្ញុំ ព្រះដ៏មានឬទ្ធានុភាពខ្ពស់បំផុតបានធ្វើឲ្យខ្ញុំរងទុក្ខបំផុត»។ 22 ដូច្នេះ នាងណាអូមី និងនាងរស់ដែលជាសាសន៍ម៉ូអាប់ ត្រូវជាកូនប្រសារបានចាកចេញពីស្រុកម៉ូអាប់។ ពួកគេបានមកដល់ភូមិបេថ្លេហិមនៅដើមរដូវចម្រូត។