ជំពូក ១០

1 នៅពេលដែលព្រះបាទអាដូនីសេដេក ស្តេចក្រុងយេរូសាឡិម បានឮថាលោកយ៉ូស្វេបានវាយយកក្រុងអៃ ហើយបានកម្ទេចទីក្រុងទាំងស្រុង (ដូចដែលអ្វីដែលលោកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចក្រុងនោះ) ស្តេចក៏បានឮពីរបៀបដែលប្រជាជនគីបៀនបានចងសន្តិភាពជាមួយអ៊ីស្រាអែល ហើយរស់នៅក្នុងចំណោមពួកគេ។​ 2 ប្រជាជនក្រុងយេរូសាឡិមភ័យខ្លាចជាខ្លាំងដោយសារតែគីបៀនជាក្រុងមួយដ៏ធំ ដូចជារាជធានីមួយ។​ ក្រុងនោះធំជាងក្រុងអៃ ហើយប្រុសៗនៅក្រុងនោះក៏ជាមនុស្សអង់អាចក្លាហានដែរ។ 3 ដូច្នេះ ព្រះបាទអដូនីសេដេកជាស្តេចក្រុងយេរូសាឡិម បានផ្ញើសាទៅព្រះបាទហូហាំជាស្តេចក្រុងហេប្រុន ទៅព្រះបាទពារ៉ាមស្តេចក្រុងយ៉ាមុត ទៅព្រះបាទយ៉ាភាស្តេចក្រុងឡាគីស ព្រះបាទដេបៀរស្តេចក្រុងអេក្លុនថា៖​ 4 «ចូរឡើងមកជួបខ្ញុំ និងជួយខ្ញុំផង។ ចូរយើងវាយក្រុងគីបៀន ព្រោះពួកគេបានចងសន្តិភាពជាមួយលោកយ៉ូស្វេ និងជាមួយជនជាតិអ៊ីស្រាអែលហើយ»។ 5 ស្តេចទាំងប្រាំរបស់សាសន៍អាម៉ូរី គឺស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ាមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន ទាំងស្តេចទាំង និងទាំងពលទាហានរបស់ពួកគេ។ ពួកគេរៀបគ្នាប្រឆាំងជាមួយក្រុងគីបៀន ហើយពួកគេវាយក្រុងនោះ។ ​ 6 អ្នកក្រុងគីបៀនបានផ្ញើសារទៅលោកយ៉ូស្វេ និងទៅពួកទាហាននៅគីលកាល។ ពួកគេនិយាយថា៖​ «សូមប្រញាប់ឡើងមក! កុំឲ្យដកដៃរបស់អ្នកពីអ្នកបម្រើរបស់អ្នកឡើយ។ សូមមកជួយយើងជាប្រញាប់។ សូមជួយយើងផង ដោយសារស្តេចទាំងឡាយនៃសាសន៍អាម៉ូរីដែលរស់នៅលើភ្នំបានប្រមូលគ្នាវាយប្រហារយើងហើយ»។ 7 លោកយ៉ូស្វេបានឡើងពីគីលកាល លោក និងពួកទាហានរបស់លោកមកជាមួយលោក និងអ្នកដែលប្រយុទ្ធផងដែរ។ 8 ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖​ «កុំខ្លាចពួកគេឡើយ។ យើងបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នកហើយ។ ក្នុងចំណោមពួកគេគ្មាននរណាម្នាក់អាចបញ្ឈប់ការវាយប្រហាររបស់អ្នកបានឡើយ។ 9 លោកយ៉ូស្វេបានឡើងមកជួយពួកគេយ៉ាងប្រញាប់ អស់រយៈពេលពេញមួយយប់ពីគីលកាល។ 10 ព្រះអម្ចាស់បានធ្វើឲ្យសត្រូវភ័ណ្ឌច្រឡំចំពោះជនជាតិអ៊ីស្រាអែល ហើយជនជាតិអ៊ីស្រាអែលបានសម្លាប់ពួកគេយ៉ាងរង្គាលនៅក្រុងគីបៀន ហើយដេញតាមពួកគេរហូតដល់ផ្លូវទៅបេត ហូរ៉ុន ហើយពួកគេបានសម្លាប់អ្នកទាំងនោះនៅលើផ្លូវទៅអាសេកា និងម៉ាកេដា។​ 11 នៅពេលដែលគេរត់់គេចពីជនជាតិអ៊ីស្រាអែល ចុះភ្នំពីបេតហេរ៉ុន ព្រះអម្ចាស់បានទម្លាក់ថ្មមួយយ៉ាងធំពីលើមេឃមកលើពួកគេតាមផ្លូវទៅអាសេកា ហើយពួកគេស្លាប់នៅទីនោះ។ មានមនុស្សស្លាប់ដោយសារថ្មច្រើនជាងអ្នកដែលត្រូវបានស្លាប់ដោយសារដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។​ 12 បន្ទាប់មក លោកយ៉ូស្វេបានទូលទៅព្រះអម្ចាស់នៅថ្ងៃដែលព្រះអម្ចាស់បានផ្តល់ជ័យជម្នះដល់ជនជាតិអ៊ីស្រាអែលលើសាសន៍អាម៉ូរី។ នេះជាអ្វីដែលលោកយ៉ូស្វេបានទូលទៅព្រះអម្ចាស់នៅមុខជនជាតិអ៊ីស្រាអែល៖ «ព្រះអាទិត្យ ចូរនៅស្ងៀមនៅត្រង់គីបៀន ហើយព្រះច័ន្ទចូរនៅច្រលងអាយាឡូនចុះ។ 13 ព្រះអាទិត្យក៏នៅស្ងៀម ហើយព្រះច័ន្ទក៏ឈប់ដើររហូតដល់ពួកគេបានសងសឹកនឹងខ្មាំងសត្រូវរបស់ពួកគេចប់។​ តើការនេះមិនបានកត់ទុកនៅក្នុងសៀវភៅរបស់យ៉ាស៊ើទេឬអី? ព្រះអាទិត្យឈរទ្រឹងនៅចំកណ្តាលមេឃ វាមិនបានដើរអស់រយៈពេលប្រហែលមួយថ្ងៃ។ 14 មិនដែលមានថ្ងៃណាដូចថ្ងៃនេះពីមុន ឬទៅក្រោយទៀតឡើយ គឺនៅពេលដែលព្រះអម្ចាស់ស្តាប់ពាក្យរបស់មនុស្ស។ ដ្បិតព្រះអម្ចាស់បានច្បាំងជំនួសសាសន៍អ៊ីស្រាអែល។ 15 លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោកត្រឡប់ទៅជំរំនៅគីលកាលវិញ។ 16 ហើយស្តេចទាំងប្រាំអង្គបានរត់គេច និងលាក់ខ្លួននៅក្នុងរូងភ្នំមួយនៅឯម៉ាកេដា។ 17 គេបានប្រាប់លោកយ៉ូស្វេថា៖ «ពួកគេរកស្តេចទាំងនោះឃើញហើយ! ស្តេចទាំងប្រាំអង្គបានលាក់ខ្លួននៅក្នុងរូងភ្នំមួយនៅឯម៉ាកេដា!»។ 18 លោកយ៉ូស្វេនិយាយថា៖ «ចូរប្រមៀលថ្មធំមួយដើម្បីបិតមាត់រូងភ្នំ ហើយដាក់ទាហាននៅទីនោះដើម្បីយាមពួកគេ។ 19 កុំឲ្យឈប់ឡើយ។ ត្រូវដេញតាមខ្មាំងសត្រូវរបស់អ្នក និងវាយប្រហារពួកគេ។ កុំអនុញ្ញាត្តឲ្យពួកគេចូលទៅក្នុងទីក្រុងរបស់ពួកគេឡើយ ដោយសារព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ»។ 20 លោកយ៉ូស្វេ និងកូនចៅអ៊ីស្រាអែលបានបញ្ចប់ជីវិតអ្នកទាំងនេះដោយការសម្លាប់រង្គាល រហូតដល់ពួកគេស្ទើរតែទាំងអស់បានស្លាប់ មានតែមនុស្សពីរបីនាក់ប៉ុណ្ណោះដែលរួចជីវិតគេចខ្លួនទៅក្រុងទាំងឡាយដែលមានកំពែង។ 21 បន្ទាប់មក ពួកទាហានទាំងអស់បានត្រឡប់ទៅវិញដោយសុខសាន្តទៅជួបលោកយ៉ូស្វេនៅម៉ាកេដា។ គ្មាននរណាម្នាក់ហ៊ាននិយាយពាក្យអ្វីមួយម៉ាត់ប្រឆាំងនឹងប្រជាជនអ៊ីស្រាអែលឡើយ។ 22 បន្ទាប់មក លោកយ៉ូស្វេបាននិយាយថា៖ «ចូរបើកម៉ាត់រូងភ្នំ ហើយចូរនាំស្តេចទាំងប្រាំមកជួបខ្ញុំ»។ ពួកគេបានធ្វើតាមអ្វីដែលលោកបាននិយាយ។ 23 ពួកគេបាននាំស្តេចទាំងប្រាំអង្គមកពីក្នុងរូងភ្នំមកជួបលោក មានស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ាមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន។ 24 នៅពេលដែលពួកគេបាននាំពួកស្តេចទាំងអស់មកជួបលោកយ៉ូស្វេ គាត់ក៏បានប្រជុំប្រជាជនអ៊ីស្រាអែលទាំងអស់។ លោកនិយាយទៅកាន់មេដឹកនាំរបស់ពួកទាហានដែលបានប្រយុទ្ធក្នុងសមរភូមិជាមួយលោកថា៖ «ចូរដាក់ជើងរបស់អ្នករាល់គ្នានៅលើករបស់ពួកគេទៅ»។ «ដូច្នេះពួកគេបានឡើងមក ហើយដាក់ជើងរបស់ពួកគេលើករបស់ស្តេចទាំងនោះ»។ 25 បន្ទាប់មក លោកបាននិយាយជាមួយពួកគេថា៖ «កុំភ័យខ្លាច និងកុំឲ្យស្រយុតចិត្តឡើយ។ ចូរមានកម្លាំង និងចិត្តក្លាហានចុះ។ នេះជាអ្វីដែលព្រះអម្ចាស់នឹងធ្វើជាមួយសត្រូវទាំងអស់របស់អ្នករាល់គ្នាដែលអ្នករាល់គ្នាត្រូវប្រយុទ្ធជាមួយពួកគេ។ 26 បន្ទាប់មក លោកយ៉ូស្វេបានវាយប្រហារ​ និងសម្លាប់ស្តេចទាំងនោះទៅ។ លោកបានព្យួរពួកគេនៅលើដើមឈើរហូតដល់ពេលល្ងាច។ 27 នៅពេលថ្ងៃលិច លោកយ៉ូស្វេបានបញ្ជាឲ្យគេដាក់ស្តេចទាំងនោះចុះពីដើមឈើ ហើយបោះពួកគេទៅក្នុងផ្នូរដែលពួកគេបានលាក់ខ្លួន។ ពួកគេបានដាក់ដុំថ្មមួយយ៉ាងធំនៅមាត់ផ្នូរ។ ថ្មទាំងនោះមានរហូតដល់សព្វថ្ងៃ។ 28 នៅថ្ងៃនោះលោកយ៉ូស្វេបានវាយយកម៉ាកាដាដោយរបៀបនេះឯង ហើយបានសម្លាប់អ្នកទាំងអស់នោះដោយដាវ ទាំងស្តេចរបស់អ្នកទាំងនោះផង។ លោកបានកម្ទេចពួកគេទាំងស្រុង និងកម្ទេចអ្វីៗដែលមានជីវិតនៅទីនោះដែរ។ លោកបានប្រព្រឹត្តចំពោះស្តេចស្រុកម៉ាកាដាដូចដែលលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូដែរ។ 29 លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានឆ្លងកាត់ពីម៉ាកាដាទៅលិបណា។ 30 ព្រះអម្ចាស់ក៏បានប្រទានក្រុងនោះ និងស្តេចរបស់ក្រុងនោះដល់ដៃជនជាតិអ៊ីស្រាអែលដែរ។ លោកយ៉ូស្វេបានវាយប្រហារគ្រប់ទាំងជីវិតទាំងអស់ដែលរស់នៅក្នុងក្រុងនោះជាមួយនឹងដាវរបស់លោក។ លោកមិនបានអនុញ្ញាត្តឲ្យនរណាម្នាក់មានជីវិតឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងនោះ ដូចជាស្តេចក្រុងយេរីខូដែរ។ 31 បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានឆ្លងកាត់ពីលីបណាទៅឡាគីស។ លោកបានបោះជំរំនៅទីនោះហើយប្រកាសសង្គ្រាមជាមួយក្រុងនោះ។ 32 ព្រះអម្ចាស់បានប្រគល់ក្រុងឡាគីសមកក្នុងដៃរបស់ជនជាតិអ៊ីស្រាអែល។ លោកយ៉ូស្វេបានវាយក្រុងនោះបាននៅថ្ងៃទីពីរ។ លោកបានវាយប្រហារដោយដាវលើគ្រប់ទាំងជីវិតទាំងអស់ដែលនៅក្នុងក្រុង ដូចដែលលោកបានធ្វើចំពោះក្រុងលីបណាដែរ។ 33 បន្ទាប់មក ព្រះបាទហោរ៉ាម ស្តេចស្រុកកេស៊ើរឡើងមកជួយក្រុងឡាគីស។ លោកយ៉ូស្វេវាយប្រហារស្តេច និងពួកទាហានដែលនៅជាមួយរហូតដល់គ្មាននរណាម្នាក់នៅរស់ឡើយ។ 34 បន្ទាប់មក លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោកឆ្លងកាត់ពីឡាគីសទៅអេក្លូន។ ពួកគេបោះជំរំនៅក្បែរនោះ និងប្រកាសសង្គ្រាមជាមួយក្រុងនោះ 35 ហើយវាយយកក្រុងនោះបាននៅថ្ងៃនោះឯង។ ពួកគេបានកម្ទេចអ្នកក្រុងនោះដោយដាវ ហើយពួកគេបានកម្ទេចអ្វីៗទាំងអស់នៅក្នុងក្រុងនោះ ដូចដែលលោកបានធ្វើចំពោះក្រុងឡាគីសដែរ។​ 36 បន្ទាប់មក លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ចេញពីអេក្លូនទៅហេប្រុន។ 37 ពួកគេបានប្រកាសសង្គ្រាមប្រឆាំងក្រុងនោះ។ ពួកគេវាយក្រុងនោះបាន ហើយកម្ទេចក្រុងនោះ និងអ្នកនៅក្រុងនោះដោយដាវ រួមទាំងស្តេច និងភូមិដែលនៅជុំវិញ គ្មាននរណាម្នាក់នៅរស់ឡើយ ដូចដែលលោកយ៉ូស្វេបានប្រព្រឹត្តចំពោះអេក្លូនដែរ។ លោកបានកម្ទេចក្រុងនោះ និងជីវិតដែលមាននៅក្នុងក្រុងនោះទាំងស្រុង។ 38 បន្ទាប់មក លោកយ៉ូស្វេត្រឡប់ក្រោយ ជាមួយពួកទាហានទាំងអស់ដែលទៅជាមួយលោក ហើយពួកគេឆ្លងទៅដេបៀរ ​ហើយប្រកាសសង្គ្រាមជាមួយក្រុងនោះ។ 39 លោកវាយបានក្រុងនោះ ហើយសម្លាប់ស្តេច ព្រមទាំងកម្ទេចភូមិដែលនៅជិតៗនោះ។ ពួកគេបានកម្ទេចអ្នកក្រុងនោះដោយដាវ និងបំផ្លាញអ្នកទាំងនោះទាំងស្រុងគ្រប់ទាំងជីវិតដែលនៅក្នុងក្រុងនោះដែរ។ លោកយ៉ូស្វេមិនទុកឲ្យនរណាាមានជីវិតឡើយ ដូចដែលលោកបានធ្វើចំពោះហេប្រូន និងដូចដែលលោកបានធ្វើចំពោះក្រុងលីបណា និងស្តេចក្រុងនោះដែរ។ 40 លោកយ៉ូស្វេកាន់កាប់ទឹកដីទាំងអស់ ទាំងតំបន់ភ្នំនេកេវ តំបន់ទំនាប និងជើងភ្នំ។ លោកមិនទុកឲ្យស្តេចណាមួយរបស់ពួកគេនៅមានជីវិតឡើយ។ លោកបានកម្ទេចគ្រប់ទាំងជីវិត ដូចដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលបានបង្គាប់។ 41 លោកយ៉ូស្វេបានកម្ទេចពួកគេដោយដាវចាប់ពីកាដេសបានា ដល់កាសា និងចាប់ពីតំបន់កូសែន ដល់គីបៀន។ 42 លោកយ៉ូស្វេបានវាយប្រហារស្តេចទាំងអស់ និងដណ្តើមយកទឹកដីរបស់ពួកគេក្នុងពេលតែមួយដោយសារព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលប្រយុទ្ធជំនួសពួកគេ។ 43 បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោកត្រឡប់ទៅជំរំនៅគីលកាលវិញ។