ជំពូក ២១

1 ឥឡូវ ប្រជាជនអ៊ីស្រាអែលបានធ្វើការសន្យានៅមីសប៉ា «គ្មានអ្នកណាម្នាក់ចំណោមយើង លើកកូនស្រីខ្លួនឲ្យរៀបការជាមួយពួកបេនយ៉ាមីនទេ»។ 2 ដូច្នេះ មនុស្សទាំងអស់បានទៅបេតអែល ហើយអង្គុយនៅចំពោះព្រះជាម្ចាស់ទីនោះរហូតដល់ល្ងាច ហើយពួកគេបានយំសោកសង្រេងយ៉ាងខ្លាំង។ 3 ពួកគេបានស្រែកទូលថា៖ «ឱព្រះជាម្ចាស់! ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ! ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះអ៊ីស្រាអែល? ហេតុអ្វីបានជាថ្ងៃនេះអ៊ីស្រាអែលត្រូវបាត់បង់កុលសម្ព័ន្ធដូច្នេះ?»។ 4 នៅថ្ងៃបន្ទាប់ ប្រជាជនបានក្រោកពីព្រលឹម ហើយសង់អាសនៈនៅទីនោះ ហើយបានថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ 5 ប្រជាជនអ៊ីស្រាអែលបានពោលឡើងថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល តើមានក្រុមណាមួយដែលមិនបានមកចូលរូមប្រជុំ នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់?» ដ្បិតពួកគេបានធ្វើការសន្យាដ៏សំខាន់មួយអំពីអ្នកណាដែលមិនបានមករកព្រះជាម្ចាស់នៅមីសប៉ានេះ។ ពួកគេនិយាយថា៖ «គេនឹងត្រូវសម្លាប់ជាប្រាកដ»។ 6 ប្រជាជនអ៊ីស្រាអែល មានសេចក្តីស្តាយស្រណោះចំពោះបេនយ៉ាមីន ដែលជាបងប្អូនរបស់គេ។ ពួកគេបាននិយាយថា៖ «ថ្ងៃនេះកុលសម្ព័ន្ធមួយ ត្រូវបានកាត់ចេញពីអ៊ីស្រាអែល។ 7 តើអ្នកណាផ្តល់ប្រពន្ធឲ្យពួកគេដែលនៅរស់ ចាប់តាំងពីយើងបានស្បថចំពោះព្រះជាម្ចាស់ថា យើងនឹងមិនអនុញ្ញាតអោយពួកគេណាម្នាក់រៀបការជាមួយកូនស្រីរបស់ទេ?» 8 ពួកគេបាននិយាយថា៖ «តើកុលសម្ព័ន្ធណាមួយដែលមិនបានឡើងមកចំពោះព្រះជាម្ចាស់នៅមីសប៉ា?» គេរកឃើញថា មិនមានអ្នកណាម្នាក់ពីភូមិយ៉ាបេស ក្នុងស្រុកកាឡាត បានមកចូលរួមប្រជុំទេ។ 9 ដ្បិតពេលដែលរៀបចំនួនមនុស្សឲ្យមានរបៀបនោះ ឃើញថា មិនមានប្រជាជនណាម្នាក់ពីភូមិយ៉ាបេស នៃស្រុកកាឡាត នៅទីនោះទេ។ 10 នោះអង្គប្រជុំបានចាត់មនុស្សដែលអង់អាចក្លាហានចំនួនមួយម៉ឺនពីរពាន់នាក់ ឲ្យទៅភូមិយ៉ាបេស ដោយបញ្ជាឲ្យទៅភូមិយ៉ាបេស ក្នុងស្រុកកាឡាត ហើយវាយប្រហារពួកគេ និងសម្លាប់ពួកគេ ទាំងមនុស្សស្រី ទាំងកូនក្មេងដោយមុខដាវ។ 11 «ត្រូវធ្វើដូច្នេះ ៈ អ្នកត្រូវសម្លាប់មនុស្សប្រុសទាំងអស់ និងរាល់ស្ត្រីដែលបានរួមដំណេកជាមួយមនុស្ស។» 12 ក្នុងចំណោមអ្នកភូមិយ៉ាបេស ស្រុកកាឡាត គេឃើញមានស្រ្តីក្រមុំព្រហ្មចារីចំនួនបួនរយនាក់ ដែលមមិនដែលរួមដំណេកជាមួយបុរស ហើយពួកគេបាននាំស្រ្តីក្រមុំទាំងនោះទៅជំរំស៊ីឡូ ក្នុងស្រុកកាណាន។ 13 សហគមន៍ទាំងមូលបានចាត់អ្នកនាំសារ ហើយបានប្រាប់ប្រជាជនបេនយ៉ាមីនដែលរស់នៅត្រង់ផ្ទាំងថ្មរីមម៉ូន នោះថា អ៊ីស្រាអែលបានផ្តល់សន្តិភាពឲ្យពួកគេហើយ។ 14 នៅពេលនោះប្រជាជនបេនយ៉ាមីន បានវិលត្រឡប់ ហើយពួកគេបានប្រគល់ស្រ្តីនៃអ្នកភូមិយ៉ាបេស ក្នុងស្រុកកាឡាតឲ្យពួកគេ ប៉ុន្តែ មានចំនួនស្ត្រីមិនគ្រប់សម្រាប់ពួកគេនោះទេ។ 15 ជនជាតិអ៊ីស្រាអែលសោកស្តាយចំពោះអ្វីដែលបានកើតឡើងចំពោះបេនយ៉ាមីនណាស់ ព្រោះព្រះជាម្ចាស់បានបំបែកពួកគេពីកុលសម្ព័ន្ធអ៊ីស្រាអែល។ 16 កាលនោះ ពួកមេដឹកនាំនៃសហគមន៍ទាំងមូលបាន ពោលថា៖ «តើយើងធ្វើដូចម្តេចដើម្បីឲ្យពួកបេនយ៉ាមីនដែលនៅរស់ អាចមានប្រពន្ធ ព្រោះថាស្ត្រីនៃបេនយ៉ាមីនត្រូវបានសម្លាប់អស់ហើយដូច្នេះ?» 17 ពួកគេបាននិយាយថា៖ «ពួកបេនយ៉ាមីនត្រូវបន្តពូជពង្សរបស់ខ្លួន ដូច្នេះកុលសម្ព័ន្ធនេះនឹងមិនត្រូវបំផ្លាញទេពីជនជាតិអ៊ីស្រាអែល។ 18 យើងមិនអាចឲ្យកូនស្រីរបស់យើងធ្វើជាប្រពន្ធរបស់ពួកគេទេ ព្រោះប្រជាជនអ៊ីស្រាអែលបានស្បថថាៈ «អ្នកណាដែលលើកកូនស្រីឲ្យធ្វើជាប្រពន្ធបេនយ៉ាមីន នឹងត្រូវបណ្តាសារ»។ 19 ដូច្នេះពួកគេបាននិយាយថា៖ «អ្នកដឹងហើយថា មានពិធីបុណ្បថ្វាយព្រះអម្ចាស់ប្រចាំឆ្នាំនៅស៊ីឡូ» (ដែលស្ថិតនៅខាងជើងបេតអែល ខាងកើតនៃផ្លូវដែលឡើងពីប៊ែតអែលទៅស៊ីគែម និងខាងត្បូងនៃលេបូណា)»។ 20 ពួកគេបានបញ្ជាប្រជាជនបេនយ៉ាមីនថា៖ «ចូរទៅ ហើយលាក់ខ្លួនជាសម្ងាត់ និងរង់ចាំក្នុងចម្ការទំពាំងបាយជូរចុះ។ 21 ចូលមើលលពេលវេលា នៅពេលដែលមានស្ត្រីចេញពីស៊ីឡូមករាំលេង ពេលនោះត្រូវស្ទុះចេញពីចម្ការទំពាំងបាយជូរ ហើយអ្នករាល់គ្នាគួរតែចាប់យកប្រពន្ធម្នាក់ពីចំណោមពួកស្រ្តីនៃស៊ីឡូ​ បន្ទាប់មកត្រឡប់ទៅទឹកដីបេនយ៉ាមីនវិញចុះ។ 22 នៅពេលដែលឪពុក ឬបងប្រុសរបស់ពួកនាងមកប្តឹងយើង យើងនឹងនិយាយទៅពួកគេថា៖ «សូមមេត្តាអនុគ្រោះ! អនុញ្ញាតឲ្យពួកគេផង ព្រោះយើងរកប្រពន្ធមិនបានគ្រប់ឲ្យពួកគេម្នាក់ៗទេក្នុងកុំឡុងពេលសង្រ្គាម។ អ្នករាល់គ្នាមិនមានកុំហុសទេ ព្រោះអ្នករាល់គ្នាក៏មិនបានលើកកូនស្រីអោយទៅពួកគេដែរ»។ 23 កូនចៅបេនយ៉ាមីនក៏ធ្វើដូច្នេះ។ ពួកគេបានចាប់ស្ត្រីពីចំណោមស្រ្តីក្រមុំ​​ ដែលបានកុំពុងរាំ តាមចំនួនប្រពន្ធដែលពួកគេត្រូវការ ហើយនាំយកពួកនាងទៅធ្វើជាប្រពន្ធរបស់ពួកគេ។ ពួកគេបានត្រឡប់ទៅកាន់ទឹកដីដែលជាមរតករបស់ពួកគេ។ ពួកគេបានសាងសង់ក្រុងឡើងវិញនិងរស់នៅទីនោះ។ 24 បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានចាកចេញពីទីនោះ ហើយវិលត្រឡប់ទៅផ្ទះ ក្រុមគ្រួសារ តាមកុលសម្ព័ន្ធនិងអំបូររបស់ខ្លួន និងទឹកដីជាមរតករបស់ពួកគេរៀងៗខ្លួនវិញ។ 25 ក្នុងគ្រានោះ មិនមានស្តេចក្នុងស្រុកអ៊ីស្រាអែល។ គ្រប់គ្នាធ្វើអ្វីៗតាមដែលខ្លួនយល់ឃើញថាត្រឹមត្រូវក្នុងភ្នែករបស់ខ្លួន។