ជំពូក ២

1 ទេវតានៃព្រះអម្ចាស់បានឡើងពីគីលកាល់ទៅបូគីម ហើយពោលថា៖ «យើងបាននាំអ្នកឡើងពីស្រុកអេស៊ីបមក ហើយបាននាំអ្នកទៅកាន់ទឹកដីដែលយើងបានសន្យាប្រគល់ឲ្យឪពុករបស់អ្នក។ យើងបាននិយាយថា៖ យើងនឹងមិនផ្តាច់សម្ព័ន្ធមេត្រីរបស់យើងជាមួយអ្នកឡើយ។ 2 អ្នកមិនត្រូវចងសម្ព័ន្ធមេត្រីជាមួយអស់អ្នកដែលរស់នៅក្នុងទឹកដីនេះឡើយ។ អ្នកត្រូវតែរំលំអាសនៈរបស់គេពួក។ ប៉ុន្តែ អ្នកមិនបានស្តាប់សម្លេងរបស់យើងទេ! ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ? 3 ដូច្នេះ ឥឡូវ យើងនិយាយថា៖ «យើងនឹងមិនបណ្តេញជនជាតិកាណានចេញពីមុខរបស់អ្នកទេ ប៉ុន្តែ ពួកគេនឹងក្លាយមកជាបន្លានៅខាងក្នុងអ្នកវិញ ហើយព្រះនានារបស់ពួកគេនឹងក្លាយមកជាអន្ទាក់សម្រាប់អ្នក»។ 4 នៅពេលទេវតារបស់ព្រះជាម្ចាស់បានមានព្រះបន្ទូលពាក្យទាំងនេះមកកាន់ ប្រជាជនអ៊ីស្រាអែលទាំងអស់រួចមក ប្រជាជនទបានស្រែកឡើងហើយទ្រហ៊ោរយំ។ 5 ពួកគេបានហៅទីកន្លែងនោះថា បូគីម។ នៅទីនោះ ពួកគេបានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ 6 ឥឡូវនេះ នៅពេលលោកយ៉ូស្វេបានចាត់ប្រជាជនទៅតាមផ្លូវរបស់ពួកគេ ប្រជាជនអ៊ីស្រាអែលបានទៅតាមកន្លែងរៀងៗខ្លួនដែលបានកំណត់ទុក ដើម្បីចាប់យកទឹកដីរបស់ពួកគេជាកម្មសិទ្ធិ។ 7 អំឡុងពេលដែលលោកយ៉ូស្វេនៅមានជីវិតនៅឡើយ ប្រជាជនគោរពបម្រើព្រះអម្ចាស់​ ហើយពួកចាស់ទុំដែលនៅមានជីវិតនៅឡើយ គឺអស់អ្នកដែលបានឃើញពីការអស្ចារ្យដ៏ឧដុង្គឧត្តមទាំងអស់របស់ព្រះអម្ចាស់ដែលទ្រង់បានធ្វើសម្រាប់អ៊ីស្រាអែល។ 8 លោកយ៉ូស្វេ ជាកូនរបស់នូន ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ បានទទួលមរណភាពក្នុងអាយុមួយរយដប់ឆ្នាំ។ 9 ពួកគេបានបញ្ចុះសពលោកនៅក្នុងព្រំដែននៃទឹកដីដែលបានកំណត់ទុកនៅក្នុងធីមណាត ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម នៅខាងជើងភ្នំកាអាស។ 10 មនុស្សជំនាន់នោះទាំងអស់បានប្រមូលគ្នាទៅឯឪពុករបស់ពួកគេ។ មនុស្សជំនាន់ផ្សេងទៀតក៏ធំធាត់ឡើង បន្ទាប់ពីពួកគេ គឺអ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ឬអ្វីដែលទ្រង់បានធ្វើសម្រាប់ជនជាតិអ៊ីស្រាអែល។​ 11 ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្រព្រះអម្ចាស់ ហើយពួកគេបានបម្រើព្រះបាល។ 12 ពួកគេបានបែកចេញពីព្រះអម្ចាស់ ព្រះរបស់ឪពុករបស់ពួកគេ ដែលបាននាំគេចេញពីទឹកដីអេស៊ីបមក។ ពួកគេបានទៅតាមព្រះផ្សេងៗ គឺព្រះនានារបស់ប្រជាជនបាននៅជុំវិញពួកគេ ហើយពួកគេបានក្រាបថ្វាយបង្គំព្រះទាំងនោះ។ ពួកគេបានបណ្តាលឲ្យព្រះជាម្ចាស់ព្រះពិរោធ 13 ព្រោះ ពួកគេបានបែកចេញពីព្រះជាម្ចាស់ ហើយគោរពព្រះបាល និងអាសថារ៉ូត។ 14 ព្រះពិរោធរបស់ព្រះអម្ចាស់បានឆេះឡើងជាមួយនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ហើយព្រះអង្គបានប្រគល់ពួកគេទៅពួកចោរព្រៃ ដែលប្លន់យកទ្រព្យសម្បត្តិពីពួកគេ។ ព្រះអង្គបានលក់ពួកគេជាទាសករ ដែលកាន់កាប់ដោយកម្លាំងសត្រូវរបស់ពួកគេដែលនៅជុំវិញពួកគេ ដូច្នេះ ពួកគេមិនអាចទប់ទល់នឹងខ្មាំងសត្រូវរបស់ពួកគេបានទៀតទេ។ 15 នៅគ្រប់ទីកន្លែងដែលជនជាតិអ៊ីស្រាអែលចេញទៅច្បាំង ព្រះហស្តរបស់ព្រះអម្ចាស់បានទាស់នឹងពួកគេ ដើម្បីឲ្យពួកគេបរាជ័យ ដូចដែលព្រះអង្គមានព្រះបន្ទូលព្រមានពួកគេ ហើយពួកគេបានធ្លាក់ទៅក្នុងគ្រោះថ្នាក់ដ៏គួរឲ្យភ័យខ្លាច ។ 16 បន្ទាប់មក ព្រះអម្ចាស់បានលើកពួកចៅហ្វាយឡើង ដែលសង្រ្គោះពួកគេពីដៃរបស់ពួកអស់អ្នកដែលបានលួចទ្រព្យសម្បតិ្តរបស់ពួកគេ។ 17 ប៉ុន្តែ ពួកគេនៅតែមិនស្តាប់ចៅហ្វាយរបស់ពួកគេ។ ពួកគេបានមិនស្មោះត្រង់ចំពោះព្រះអម្ចាស់ ហើយបានប្រគល់ខ្លួនរបស់ពួកគេដូចជាស្រីពេស្យារទៅព្រះនានា ហើយគោរពថ្វាយបង្គំពួកគេ។ ពួកគេឆាប់បែរចេញពីមាគ៌ារបស់ឪពុករបស់ពួកគេដែលធ្លាប់រស់នៅ គឺអស់អ្នកដែលធ្លាប់គោរពតាមបទបញ្ជារបស់ព្រះអម្ចាស់ ប៉ុន្តែ ពួកគេ ខ្លួនរបស់ពួកគេមិនបានប្រព្រឹត្តដូច្នេះទេ។ 18 នៅពេលព្រះអម្ចាស់លើកពួកចៅហ្វាយឡើងសម្រាប់ពួកគេ ព្រះអម្ចាស់បានេជួយចៅហ្វាយទាំងនោះ និងសង្គ្រោះពួកគេពីដៃខ្មាំងសត្រូវរបស់ពួកគេ ពេញមួយជីវិតរបស់ចៅហ្វាយនោះ។ ព្រះអម្ចាស់មានសេចក្តីអាណិតអាសូរដល់ពួកគេ នៅពេលដែលពួកគេស្រែកថ្ងូរដោយសារអស់អ្នកដែលសង្កត់សង្កិន និងធ្វើបាបពួកគេ។ 19 ប៉ុន្តែ ពេលដែលចៅហ្វាយនោះស្លាប់ទៅ ពួកគេបានបែរចេញ ហើយធ្វើការអាក្រក់​ ដែលលើសជាងពួកឪពុករបស់ពួកគេដែលធ្លាប់ប្រព្រឹត្តទៅទៀត។ ពួកគេបានទៅតាមព្រះដទៃ ដើម្បីបម្រើពួកគេ និងថ្វាយបង្គំពួកគេ។ ពួកគេបានបដិសេធការបោះបង់ចោលការប្រព្រឹត្តអាក្រក់របស់ពួកគេ ឬចរិតដែលរឹងចចេសរបស់ពួកគេ។ 20 ព្រះពិរោធរបស់ព្រះអម្ចាស់បានទាស់ប្រឆាំងនឹងអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ «ដោយសារតែប្រជាជាតិនេះបានបំបែកចំណែកនៃសម្ព័ន្ធមេត្រីដែលយើងបានបែងចែកទីកន្លែងសម្រាប់ឪពុករបស់ពួកគេ ដោយសារតែពួកគេមិនស្តាប់សម្លេងរបស់យើង 21 ពីពេលនេះទៅ យើងនឹងមិនបណ្តេញប្រជាជាតិណាមួយ ដែលលោកយ៉ូស្វេបានបន្សល់ទុក ក្រោយពេលគាត់ស្លាប់ទៅចេញពីមុខអ្នកឡើយ។ 22 យើងនឹងធ្វើដូច្នេះ ដែលយើងអាចល្បងលមើលជនជាតិអ៊ីស្រាអែល តើអ៊ីស្រាអែលនឹងរក្សា ឬមិនរក្សារផ្លូវរបស់ព្រះជាម្ចាស់ហើយដើរក្នុងវា ឬមិនដើរ ដូចដែលឪពុករបស់ពួកគេធ្លាប់បានរក្សាឬទេ»។ 23 នោះជាហេតុផល ព្រះអម្ចាស់បានទុកជាតិសាសន៍ទាំងនោះ ហើយ មិនប្រញាប់បណ្តេញពួកគេចេញ ហើយក៏មិនប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់លោកយ៉ូស្វេដែរ។