1 បន្ទាប់ពី លោកយ៉ូស្វេទទួលមរណភាព ប្រជាជនអ៊ីស្រាអែលបានទូលសួរព្រះអម្ចាស់ថា៖ «តើអ្នកណា នឹងត្រូវវាយប្រហារជនជាតិកាណានដំបូងគេ សម្រាប់យើង ដើម្បីប្រយុទ្ធប្រឆាំងពួកគេ?» 2 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យូដានឹងវាយប្រហារ។ មើល៍ យើងបានប្រគល់ឲ្យពួកគេគ្រប់គ្រងទឹកដីនេះ»។ 3 កុលសម្ព័ន្ធយូដានិយាយទៅកាន់កុលសម្ព័ន្ធស៊ីម្មាន ជាបងប្អូនរបស់ពួកគេថា៖ «ចូរឡើងមកជាមួយយើង ចូលទៅក្នុងទឹកដីរបស់យើងដែលបានចាត់តាំងឲ្យយើង ដែលជាមួយគ្នាយើងអាចប្រយុទ្ធប្រឆាំងនឹងជនជាតិកាណាន។ យើងនឹងទៅកាន់ទឹកដីដែលបានកំណត់សម្រាប់អ្នកជាមួយអ្នកដូចគ្នា»។ ដូច្នេះ កុលសម្ព័ន្ធស៊ីម្មានក៏ឡើងទៅជាមួយពួកគេ។ 4 កុលសម្ព័ន្ធយូដាបានវាយប្រហារ ហើយព្រះអម្ចាស់បានប្រទានឲ្យពួកគេមានជ័យជម្នះលើជនជាតិកាណាន និងជនជាតិពេរីស៊ីត។ ពួកគេបានសម្លាប់ខ្មាំងសត្រូវអស់មួយម៉ឺននាក់នៅបេសេក។ 5 ពួកគេបានរកឃើញស្តេចអាដូនី បេសេក នៅបេសេក ហើយពួកគេបានប្រយុទ្ធទាស់នឹងទ្រង់ ហើយពួកគេច្បាំងឈ្នះជនជាតិកាណាន និងជនជាតិពេរីស៊ីត។ 6 ប៉ុន្តែ ស្តេចអាដូនី បេសេកបានរត់ភៀសខ្លួន ហើយពួកគេបានដេញតាមទ្រង់ ហើយបានចាប់ទ្រង់បាន ហើយពួកគេបានកាត់មេដៃ និងមេជើងរបស់ទ្រង់។ 7 ស្តេចអាដូនី បេសេកបានមានបន្ទូលថា៖ «ស្តេចចិតសិបអង្គ ដែលបានកាត់មេដៃ និងមេជើងរបស់ពួកគេ ពួកគេបានប្រមូលអាហាររបស់ពួកគេពីក្រោមតុរបស់ខ្ញុំ។ ព្រះជាម្ចាស់បានសងចំពោះខ្ញុំ ដូចដែលខ្ញុំបានប្រព្រឹត្តដែរ»។ ពួកគេបាននាំស្តេចទៅក្រុងយេរូសាឡិម ហើយស្តេចបានសុគតនៅទីនោះ។ 8 កុលសម្ព័ន្ធយូដាបានប្រយុទ្ធប្រឆាំងនឹងក្រុងយេរូសាឡិមហើយវាយយកបានវា។ ពួកគេបានវាយប្រហារវាដោយមុខដាវ និងដុតកម្ទេចក្រុងនេះដោយភ្លើង។ 9 បន្ទាប់មកជនជាតិយូដា បានចុះទៅប្រយុទ្ធប្រឆាំងនឹងជនជាតិកាណានដែលរស់នៅតាមតំបន់ភ្នំ តំបន់ណេកិប និងតំបន់វាលទំនាបខាងលិច។ 10 យូដាបានវាយប្រឆាំងជនជាតិកាណានដែលរស់នៅក្នុងទីក្រុងហេប្រុន (ឈ្មោះក្រុងហេប្រុនកាលមុនមានឈ្មោះថា គារយ៉ាត អើបា) ហើយពួកគេបានប្រហារអំបូរ សេសាយ អំបូរអហីម៉ាន និងអំបូរតាល់ម៉ាយ។ 11 ពីទីនោះ ជនជាតិយូដា បានវាយប្រហារអ្នកស្រុកដែលរស់នៅក្នុងក្រុង ដេបៀរ (ឈ្មោះក្រុងដេបៀរធ្លាប់មានឈ្មោះថា គារយ៉ាត សេភើរ)។ 12 លោកកាលែបបានមានប្រសាសន៍ថា៖ «អ្នកណាក៏ដោយ ដែលវាយប្រហារក្រុងគារយ៉ាត សេភើរ និងយកវាបាន ខ្ញុំនឹងប្រគល់ អាក់សា កូនស្រីរបស់ខ្ញុំឲ្យគេ ធ្វើជាប្រពន្ធរបស់គាត់»។ 13 លោកអូធ្នាល កូនប្រុសរបស់លោកកេណាស (ប្អូនប្រុសរបស់លោកកាលែប) ចាប់យកបានក្រុងដេបៀរ ដូច្នេះ លោកកាលែបប្រគល់នាង អាក់សា ជាកូនស្រីរបស់លោក ឲ្យធ្វើជាភរិយារបស់គាត់។ 14 ភ្លាមៗនោះនាងអាក់សា បានមកឯលោកអ៊ូធ្នាល ហើយនាងបានបង្ខំគាត់ឲ្យសុំឪពុករបស់នាង ដើម្បីប្រគល់ដីស្រែឲ្យនាង។ ខណៈពេលដែលនាងចុះពីលើខ្នងលារបស់នាង លោកកាលែបបានសួរនាងថា៖ «តើពុកអាចជួយអ្វីដល់កូនបាន?» 15 នាងបានតបទៅលោកថា៖ «សូមឲ្យពរមួយដល់ខ្ញុំ។ ចាប់តាំងពី លោកឪពុកបានប្រគល់ដីនៅតំបន់ណេកិបដល់ខ្ញុំ ថែមទាំងឲ្យអណ្តូងទឹកដល់ខ្ញុំផង»។ ដូច្នេះ លោកកាលែប បានឲ្យអណ្តូងទឹកដែលនៅខាងលើ និងអណ្តូងទឹកនៅខាងក្រោមដល់នាង។ 16 ជនជាតិកែន ជាពូជពង្សឪពុកក្មេករបស់លោកម៉ូសេ បានឡើងពីក្រុងដើមលម៉ើ ជាមួយប្រជាជនយូដា ទៅក្នុងវាលរហោស្ថាននៃទឹកដីយូដា ដែលនៅក្នុងតំបន់ណេកិប ដើម្បីរស់នៅជាមួយប្រជាជនយូដា ជិតអ៊ើរ៉ាត។ 17 ប្រជាជនយូដាបានទៅជាមួយប្រជាជនស៊ីម្មាន ជាបងប្អូនរបស់ពួកគេ ហើយពួកគេបានវាយប្រហារជនជាតិកាណានដែលជាមនុស្សនៅតំបន់ សេផាត ហើយពួកគេបានបំផ្លាញវាទាំងស្រុង។ ឈ្មោះរបស់ទីក្រុងធ្លាប់បានហៅថា ហោម៉ា។ 18 ប្រជាជនយូដា ក៏ចាប់បានតំបន់កាសានិងដីជុំវិញវា ទីក្រុងអាសកេឡូននិងដីជុំវិញវា ហើយនិងទីក្រុងអេក្រុននិងដីជុំវិញវាដែរ។ 19 ព្រះអម្ចាស់បានគង់ជាមួយប្រជាជនយូដា ហើយពួកគេកាន់កាប់យកបានស្រុកតំបន់ភ្នំ ប៉ុន្តែ ពួកគេមិនអាចបណ្តេញមនុស្សដែលនៅតាមតំបន់ជ្រលងភ្នំបានទេ ព្រោះពួកគេមានរទេះចម្បាំងដែលធ្វើពីដែក។ 20 ហេប្រុនត្រូវបានប្រគល់ឲ្យលោកកាលែប (ដូចដែលលោកម៉ូសេបានប្រាប់) ហើយលោកបានបណ្តេញកូនប្រុសទាំងបីរបស់អណាក់ចេញពីទីនោះ។ 21 ប៉ុន្តែប្រជាជនបេនយ៉ាមីន មិនបានបណ្តេញជនជាតិយេប៊ូសដែលរស់នៅជាមួយប្រជាជនបេនយ៉ាមីនក្នុងទីក្រុងយេរូសាឡិមចេញទេ។ ដូច្នេះ ជនជាតិយេប៊ូសបានរស់នៅជាមួយប្រជាជនបេនយ៉ាមីនរហូតដល់សព្វថ្ងៃ។ 22 ផ្ទះរបស់លោកយូ៉សែប បានរៀបចំដើម្បីវាយប្រហារក្រុងបេតអែល ហើយព្រះជាម្ចាស់បានគង់ជាមួយពួកគេ។ 23 ពួកគេបានបញ្ជូនមនុស្សទៅស៊ើបមើលទីក្រុងបេតអែល (ទីក្រុងនោះពីមុនធ្លាប់បានហៅថា លូស)។ 24 ពួកអ្នកស៊ើបការណ៍បានឃើញមនុស្សកកំពុងចេញពីទីក្រុងមក ហើយពួកគេនិយាយទៅកាន់បុរសនោះថា៖ «ចូរបង្ហាញយើង ពីរបៀបដើម្បីចូលទៅក្នុងទីក្រុង ហើយយើងនឹងផ្តល់មេត្តាដល់អ្នក»។ 25 គាត់ក៏បានបង្ហាញផ្លូវចូលទៅក្នុងទីក្រុងដល់ពួកគេ ដូច្នេះហើយពួកគេបានវាយទីក្រុងជាមួយមុខដាវ ប៉ុន្តែ ពួកគេអនុញ្ញាតឲ្យបុរស និងគ្រួសាររបស់គាត់ទាំងអស់ចាក់ចេញទៅ។ 26 បន្ទាប់មក បុរសនោះបានចាកចេញទៅដីជនជាតិហេត ហើយសង់ក្រុងមួយ ហើយបានវាថា លូស ដែលជាឈ្មោះរហូតមកដល់សព្វថ្ងៃ។ 27 ប្រជាជនម៉ាណាសេ ក៏មិនបានបណ្តេញមនុស្សដែលរស់នៅក្រុងបេតសៀនិងភូមិនានារបស់វា ឬក្រុងតាណាក់ និងភូមិនានា ឬអស់អ្នកដែលនៅក្រុងដោរ ហើយនិងភូមិនានារបស់វា ឬអស់អ្នកដែលរស់នៅក្នុងក្រុងយីបឡាម និងភូមិនានារបស់វា ឬអ្នកដែលរស់នៅក្នុងក្រុងមេគីដោរ ព្រមទាំងភូមិនានារបស់វា ព្រោះ ជនជាតិកាណានត្រូវបានកំណត់ឲ្យរស់នៅក្នុងទឹកដីនោះ។ 28 នៅពេលដែលជនជាតិអ៊ីស្រាអែលមានកម្លាំង ពួកគេបានបង្ខំឲ្យជនជាតិកាណានបម្រើពួកគេជាមួយការងារដ៏ធ្ងន់ធ្ងរ ប៉ុន្តែ ពួកគេមិនធ្លាប់បានបណ្តេញជនជាតិនេះចេញទាំងស្រុងនោះទេ។ 29 ជនជាតិអេប្រាអ៊ីម ក៏មិនបានបណ្តេញជនជាតិកាណានដែលរស់នៅក្នុងក្រុងកេស៊ើរចេញដែរ ដូច្នេះ ជនជាតិកាណានបានបន្តរស់នៅក្នុងក្រុងកេស៊ើរក្នុងចំណោមពួកគេតទៅទៀត។ 30 ប្រជាជនសាប់យ៉ូឡូមក៏មិនបានបណ្តេញប្រជាជនដែលរស់នៅក្រុងគីត្រុន ឬមនុស្សដែលរស់នៅក្នុងក្រុង ណាហាឡូលចេញដែរ ដូច្នេះ ជនជាតិកាណានបន្តរស់នៅក្នុងចំណោមពួកគេ ប៉ុន្តែ កុលសម្ព័ន្ធសាប់យ៉ូឡូមបានបង្ខំជនជាតិកាណានបម្រើពួកគេដោយធ្វើការជាទម្ងន់។ 31 ហើយប្រជាជនអាស៊ើរ ពួកគេក៏មិនបានបណ្តេញមនុស្សដែលរស់នៅក្នុងអាក់កូ ឬមនុស្សដែលរស់នៅក្នុងស៊ីដូន ឬអស់អ្នកដែលរស់នៅក្នុងអាស់ឡាប់ អាក់ស៊ីប ហែលបា អាផែក និងរេហូបចេញដែរ។ 32 ដូច្នេះ ប្រជាជនអាស៊ើរក៏រស់នៅក្នុងចំណោមជនជាតិកាណាំត (អស់អ្នកដែលបានរស់នៅក្នុងទឹកដី) ព្រោះពួកគេមិនបានបណ្តេញជនជាតិទាំងនោះចេញទេ។ 33 ប្រជាជនណែបថាលី ក៏មិនបានបណ្តេញជនជាតិកាណានដែលរស់នៅក្នុងក្រុងបេតសេម៉េស និងអស់អ្នកដែលកំពុងរស់ក្រុងបេតអាណាតចេញដែរ។ ដូច្នេះ កុលសម្ព័ន្ធណែបថាលី បានរស់នៅក្នុងចំណោមជនជាតិកាណាន (មនុស្សដែលបានរស់នៅក្នុងស្រុកនៅ)។ ប៉ុន្តែ អ្នកដែលរស់នៅក្នុងក្រុងបេតសេម៉េស និងក្រុងបេតអាណាត ត្រូវបានបង្ខំឲ្យធ្វើការជាទម្ងន់។ 34 ជនជាតិអាម៉ូរីបានរុញច្រាន កុលសម្ព័ន្ធដាន់ ឲ្យរស់នៅតំបន់ភ្នំ គឺមិនអនុញ្ញាតឲ្យពួកគេចុះមករស់នៅតាមជ្រលងភ្នំឡើយ។ 35 ដូច្នេះ ជនជាតិអាម៉ូរីបានរស់នៅក្រុងហេរេស ក្នុងអាយ៉ាឡូន និងក្នុងក្រុងសាលប៊ីម ប៉ុន្តែកម្លាំងទ័ពនៃផ្ទះរបស់លោកយូ៉សែបបានជ័យជម្នះលើពួកគេ ហើយបានបង្ខំឲ្យពួកគេបម្រើគេដោយធ្វើការជាទម្ងន់។ 36 ព្រំប្រទល់របស់ជនជាតិអាម៉ារី បានរត់ពីភ្នំអាក្រាប៊ីម នៅសេឡាឡើងទៅក្នុងតំបន់ភ្នំ។