1 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «តើមាននរណាម្នាក់ក្នុងញាតិវង្សរបស់ព្រះបាទសូល ដែលនៅរស់រានមានជីវិត ដែលយើងអាចសម្តែងសេចក្តីសប្បុរសចំពោះគេ ដោយយល់ដល់សម្តេចយ៉ូណាថានឬទេ?» 2 កាលនោះគេបាននាំបុរសម្នាក់មកជួបព្រះរាជា គឺអ្នកបម្រើម្នាក់ក្នុងញាតិវង្សរបស់ព្រះបាទដាវីឌដែលមានឈ្មោះថា ស៊ីបា។ ព្រះបាទដាវីឌមានរាជឱង្ការសួរគាត់ថា៖ «តើអ្នកឬជាស៊ីបា?» គាត់ទូលស្តេចថា៖ «បពិត្រ! គឺទូលបង្គំនេះហើយ»។ 3 នោះ ព្រះរាជាមានរាជឱង្ការថា៖ «តើក្នុងវង្សញាតិរបស់ព្រះបាទសូល មិនមានអ្នកណាម្នាក់នៅមានជីវិត ដែលយើងអាចសម្តែងសេចក្តីសប្បុរសនៃព្រះចំពោះគេបានទេឬ?» លោកស៊ីបាទូលទៅស្តេចវិញថា៖ «សម្តេចយ៉ូណាថាន់ នៅមានបុត្រាមួយអង្គ ដែលពិការជើង»។ 4 ព្រះរាជាសួរលោកថា៖ «តើគេនៅឯណា?» លោកស៊ីបាទូលថា៖ គឺលោកស្នាក់នៅក្នុងផ្ទះរបស់លោកម៉ាកៀរ ជាកូនប្រុសរបស់លោកអាំមាល ក្នុងក្រុងឡូរដេបា»។ 5 នោះព្រះបាទដាវីឌបានចាត់គេឲ្យទៅរកគាត់ និងនាំពីផ្ទះរបស់លោកម៉ាកៀរ ជាកូនរបស់អាំមាល ពីក្រុងឡូរដេបាមក។ 6 សម្តេចមេភីបូសែត ជាបុត្ររបស់សម្តេចយ៉ូណាថាន់ និងជាចៅរបស់ព្រះបាទសូល បានចូលគាល់ព្រះបាទដាវីឌ លោកបានឱនចុះក្រាបមុខដល់ដីថ្វាយបង្គំស្តេច។ ព្រះបាទដាវីឌមានរាជឱង្ការសួរថា៖ «តើអ្នកឬជាមេភីបូសែត?» លោកទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា!» 7 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «កុំភ័យខ្លាចយើងធ្វើអ្វី យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ដោយយល់ដល់សម្តេចយ៉ូណាថាន់ ជាបិតារបស់អ្នក ហើយយើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មានដែលជារបស់ព្រះបាទសូល ជាជីតារបស់អ្នកឲ្យទៅអ្នកវិញ នោះអ្នកនឹងបរិភោគរួមតុជាមួយយើងជារៀងរាល់ថ្ងៃរហូតតទៅ»។ 8 សម្តេចចមេភីបូសែតក្រាបថ្វាយបង្គំ ហើយទូលស្តេចថា៖ «បពិត្រព្រះករុណា! តើទូលបង្គំនេះមានឋានៈជាអ្វី ដែលព្រះករុណាយកចិត្តទុកដាក់ជាមួយ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់មួយក្បាលតែប៉ុណ្ណោះ?» 9 ពេលនោះ ស្តេចបានត្រាស់ហៅលោកស៊ីបា ជាអ្នកបម្រើរបស់ព្រះបាទសូលមក ហើយមានរាជឱង្ការថា៖ គ្រប់ទាំងអ្វីៗទាំងអស់ ដែលជាសម្បត្តិរបស់ព្រះបាទសូលនិងញាតិរបស់ទ្រង់ យើងបានប្រគល់ឲ្យទៅចៅរបស់ចៅហ្វាយរបស់លោកហើយ។ 10 លោកនិងកូនចៅរបស់លោកព្រមទាំងអ្នកបម្រើរបស់លោកត្រូវនាំគ្នាធ្វើស្រែចំការនោះឲ្យលោក ហើយប្រមូលភោគផលទុកសម្រាប់គាត់ ដូច្នេះ ចៅហ្វាយរបស់លោកនឹងមានអាហារសម្រាប់បរិភោគ។ សម្រាប់សម្តេចមេភីបូសែត ចៅប្រុសចៅហ្វាយរបស់លោកត្រូវបរិភោគរួមតុជាមួយយើងជារៀងរាល់ថ្ងៃ»។ លោកស៊ីបាមានកូនប្រុសចំនួនដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។ 11 នោះគាត់ទូលស្តេចថា៖ «បពិត្រព្រះករុណា ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ នឹងប្រព្រឹត្តតាមបញ្ជាទាំងប៉ុន្មានដែលព្រះករុណាបង្គាប់មកទូលបង្គំ។ ស្តេចបន្ថែមទៀតថា៖ «ឯមេភីបូសែតដែលនឹងត្រូវបរិភោគរួមតុជាមួយយើងរាល់ថ្ងៃ គឺដូចជាបុត្រាមួយអង្គរបស់ពព្រះរាជាដែរ»។ 12 លោកមេភីបូសែតមានកូនប្រុសម្នាក់ ឈ្មោះមីកា។ មនុស្សទាំងអស់ដែលរស់នៅក្នុងផ្ទះរបស់លោកស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់លោកមេភីបូសែត។ 13 លោកមេភីបូសែតបានស្នាក់នៅក្រុងយេរូសាឡឹម ហើយលោកតែងតែរួមតុអាហារជាមួយស្តេច ជើងរបស់សម្តេចមេភីបូសែតទាំងពីរគឺពិការ។