ជំពូក ៨

1 គ្រានោះព្រះបាទដាវីឌ ត្រឡប់ពីវាយពួកសាសន៍ភីលីស្ទីន ហើយទ្រង់បានយកជ័យជម្នះលើពួកគេ។ ព្រះបាទដាវីឌដណ្តើមបានក្រុងកាថ និងភូមិនានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់ជនជាតិភីលីស្ទីន។ 2 ហើយទ្រង់ក៏បានវាឈ្នះជនជាតិម៉ូអាប់ ទ្រង់បានសម្លាប់ពួកគេដោយឲ្យពួកគេដេកលើដី ជាបីខ្សែ។ គឺពីរភាគបីត្រូវសម្លាប់ និងមួយភាគបីទុកឲ្យនៅរស់។ ដូច្នេះជនជាតិម៉ូអាប់ក្លាយទៅជាអ្នកបម្រើរបស់ព្រះបាទដាវីឌ ហើយចាប់ផ្តើមបង់សួយសារអាករទៅទ្រង់។ 3 ព្រះបាទដាវីឌ ក៏វាយឈ្នះហាដាដេស៊ើរ បុត្ររបស់ព្រះ‌បាទ​ហាដា‌រេស៊ើរ​ ស្តេចក្រុងសូបា ក្នុងអំឡុងពេលដែលព្រះបាទហាដាដេស៊ើរកំពុងតែកាន់កាប់តំបន់ទន្លេអ៊ឺប្រាតឡើងវិញ។ 4 ព្រះបាទដាវីឌចាប់បានទ័ពសេះរបស់ទ្រង់ចំនួន មួយពាន់ប្រាំពីររយ និងទ័ពថ្មើរជើងពីរម៉ឺននាក់។ ទ្រង់បានកាត់សសៃកែងជើងសេះទាំងអស់ ដោយទុកតែមួយរយក្បាលប៉ុណ្ណោះ។ 5 នៅពេលនោះជនជាតិស៊ីរីនៅក្រុងដាម៉ាសបានមកជួយព្រះបាទហាដាដេស៊ើរ បុត្រព្រះបាទសូបា ព្រះបាទដាវីឌសម្លាប់ពួកគេចំនួនពីរម៉ឺននាក់។ 6 ព្រះបាទដាវីឌបានដាក់ទេសាភិបាល ឲ្យត្រួតត្រាលើស្រុកស៊ីរី នៅក្រុងដាម៉ាស់ ហើយជនជាតិស៊ីរីបានធ្លាក់ជាចំណុះព្រះបាទដាវីឌ ហើយត្រូវនាំសួយសារអាករថ្វាយទ្រង់ផង។ ព្រះអម្ចាស់ប្រទានជ័យជម្នអឲ្យព្រះបាទដាវីឌ នៅគ្រប់កន្លែងដែលស្តេចទៅ។ 7 ព្រះបាទដាវីឌរឹបអូសយកខែលមាស ពីពួកបរិវាររបស់ព្រះបាទហាដាដេស៊ើរ ហើយនាំរបស់ទាំងនោះទៅក្រុងយេរូសាឡិម។ 8 ព្រះបាទដាវីឌក៏រឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងបេរូថាយ។ 9 កាលនោះ ព្រះបាទថូអ៊ី ជាស្តេចនៃស្រុកហាម៉ាស បានឮថាព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដាដេស៊ើរ 10 នោះទ្រង់ក៏ចាត់ព្រះបាទហាដូរ៉ាម បុត្ររបស់ទ្រង់ឲ្យមកចូលគាល់ព្រះបាទដាវីឌ ដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់ទ្រង់ ព្រោះព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដាដេស៊ើរ និងព្រះបាទហាដាដេស៊ើរផង ក៏ដោយសារព្រះបាទហាដាដេស៊ើរ ធ្វើសឹកសង្រ្គាមជាមួយព្រះបាទថូអ៊ី។ ព្រះបាទហាដូយ៉ាបាននាំទៅជាមួយទ្រង់នូវវត្ថុដែលធ្វើពីប្រាក់ មាស និងលង្ហិន។ 11 ព្រះបាទដាវីឌបានយករបស់ទាំងនោះទៅថ្វាយព្រះអម្ចាស់ ជាមួយគ្នានោះ ស្តេចថ្វាយប្រាក់ មាស ដែលបានពីជាតិសាសន៍នានាដែលបានពីការវាយឈ្នះពី 12 ជនជាតិស៊ីរី ជនជាតិម៉ូអាប់ ពីប្រជាជនអាំម៉ូន ពីពួកភីលីស្ទីន និង ពួកអាម៉ាឡេក រួមគ្នាជាមួយនឹងជ័យភ័ណ្ឌដែលរឹបអូសបានពីព្រះបាទហាដាដេស៊ើរ បុត្រព្រះបាទរេហូប ជាស្តេចស្រុកសូបា។ 13 ព្រះកិត្តិនាមរបស់ព្រះបាទដាវីឌកាន់តែល្បីល្បាញថែមទៀត នៅពេលដែលទ្រង់ត្រឡប់ពីច្បាំងឈ្នះជនជាតិស៊ីរី នៅជ្រលងភ្នំអំបិលវិញ ជាមួយកងទ័ពរបស់ពួកគេប្រាំបីពាន់នាក់។ 14 ទ្រង់បានដាក់ទេសាភិបាលត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមទាំងអស់មកជាចំណុះរបស់ព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យស្តេចដាវីឌមានជ័យជម្នះគ្រប់ទីកន្លែងដែលទ្រង់ទៅ។ 15 ព្រះបាទដាវីឌសោយរាជ្យលើអ៊ីស្រាអែលទាំងមូល ហើយទ្រង់គ្រប់គ្រងលើប្រជាជនដោយសុច្ចរិតនិងទៀងត្រង់។ 16 លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា មានមុខងារជាមេបញ្ជាការកងទ័ព ហើយលោកយេហូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំព្រះរាជសាររបស់ស្តេច។ 17 លោកសាដុក កូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមេឡែក កូនរបស់លោកអបៀថើរ មានមុខងារជាបូជាចារ្យ ចំណែកឯលោកសេរ៉ាយ៉ា ជាលេខាធិការ។ 18 លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និង ក្រុមពេលលេធីម ហើយចំណែកឯបុត្រាទាំងឡាយរបស់ព្រះបាទដាវីឌ មានមុខងារជាមេក្រុមលើអ្នកណែនាំរបស់ព្រះមហាក្សត្រ។