ជំពូក ២៥

ទំនុក​របស់​ស្ដេច​ដាវីឌ។ 1 សូមថ្វាយជីវិតរបស់ទូលបង្គំ ទៅចំពោះព្រះអម្ចាស់! 2 ព្រះអម្ចាស់របស់ទូលបង្គំអើយ ទូលបង្គំទុកចិត្តលើព្រះអង្គ។ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​អាច​មាន​ជ័យ‌ជម្នះលើ​ទូលបង្គំ​ឡើយ។ 3 សូមឲ្យ​អ្នក​ដែលសង្ឃឹម​លើព្រះ‌អង្គនឹង​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​មាន​តែ​អ្នក​មានចិត្តមិនល្អ ​ដែល​ត្រូវ​ខ្មាសវិញ។ 4 ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​​របៀបរបស់​ព្រះ‌អង្គ ព្រះអម្ចាស់អើយ សូម​បង្រៀន​ទូល‌បង្គំ​អំពី​ផ្លូវ​ច្រក របស់​ព្រះ‌អង្គ​ផង។ 5 សូម​នាំ ហើយ​បង្រៀន​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌អង្គ​​រាល់​ថ្ងៃ។ 6 ឱ​ព្រះ‌អម្ចាស់អើយ សូមនឹកចាំពីព្រះហឫទ័យហើយនិងសម្ព័ន្ឋមេត្រីដ៏ស្មោះត្រង់នៃព្រះអង្គផង ដ្បិតការទាំងនោះមានតាំងពីដើមហើយ។ 7 ឱព្រះអម្ចាស់អើយ! សូម​កុំ​នឹក​ចាំ​អំពើ​បាបដែល​ទូល‌បង្គំ​ប្រព្រឹត្ត​កាល​នៅ​ក្មេង ឬការបះបោរបស់​ទូល‌បង្គំ​ឡើយ សូមនឹកចាំអំពីសម្ព័ន្ឋមេត្រីដ៏ស្មោះត្រង់តាមរយៈ ការល្អរបស់ព្រះអង្គ។ 8 ព្រះអម្ចាស់គឺល្អហើយទៀងត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បង្រៀនមនុស្ស​បាប​ឲ្យ​ស្គាល់​ផ្លូវ​។ 9 ព្រះអង្គ​នាំ​មនុស្ស​បន្ទាបខ្លួន ឲ្យ​ដើរ​តាម​ដ៏ត្រឹមត្រូវ ព្រះអង្គ​បង្រៀន​គេ​ឲ្យ​ស្គាល់ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ 10 គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់ និងសេចក្ដី​ស្មោះ‌ត្រង់ ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សម្ព័ន្ឋមេត្រី និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។ 11 ឱ​ព្រះ‌អម្ចាស់អើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គសូម​អត់​ទោស​អំពើ​បាប ដ៏​ធ្ងន់​របស់​ទូល‌បង្គំ​ផង។ 12 តើមាន​​អ្នក​ណា​ដែល​កោត​ខ្លាចដល់​ព្រះ‌អម្ចាស់ឬទេ? ព្រះ‌អម្ចាស់ ​នឹង​បង្រៀន​អ្នក​នោះ ឲ្យ​ស្គាល់​ផ្លូវ​ដែល​គួរជ្រើស​រើស។ 13 ជីវិតរបស់អ្នកនោះនឹងបានទទួលការដែលល្អ ហើយកូនចៅរបស់គេនឹងទទួលទឹកដីជាមរតក។ 14 មេត្រី​ភាព​របស់​ព្រះ‌អម្ចាស់ គឺ​សម្រាប់​អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ស្គាល់ ​សម្ព័ន្ឋមេត្រីរបស់​ព្រះ‌អង្គ។ 15 ភ្នែក​ទូល‌បង្គំ​សម្លឹង​ទៅ​រក ព្រះ‌អម្ចាស់ជា‌និច្ច ដ្បិត​ព្រះ‌អង្គ​នឹង​ដោះ​ជើង​ទូល‌បង្គំឲ្យ​រួច​ពី​អន្ទាក់។ 16 សូម​បែរ​មកទូល‌បង្គំ ហើយ​ផ្តល់ក្តីមេត្តាឲ្យទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​នៅ​ឯកោ ហើយ​ពេញដោយទុក្ខព្រួយ។ 17 ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ទូល‌បង្គំ​បាន​កើន​ឡើង​ជា​ខ្លាំង សូម​នាំ​ទូល‌បង្គំ​ចេញ​ពី​ការខ្វាល់ខ្វាយរបស់​ទូល‌បង្គំ​ផង! 18 សូម​ទត​មើល​ទុក្ខ​វេទនា និង​ការ​នឿយ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​សូម​អត់​ទោសអំពើ​បាប​ របស់​ទូល‌បង្គំផង។ 19 សូមព្រះអង្គទតចុះ ដ្បិតសត្រូវទូលបង្គំមានចំនួនច្រើនណាស់ ហើយគេ​ស្អប់​ទូល‌បង្គំ ដោយ​ចិត្ត​សាហាវ​យ៉ាង​ណា។ 20 សូមការពារជីវិតរបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូល‌បង្គំ​ពឹង​ជ្រកក្នុង​ព្រះ‌អង្គ។ 21 សូម​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​ទៀង​ត្រង់រក្សា​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​សង្ឃឹម នៅក្នុង​ព្រះ‌អង្គ​ហើយ។ 22 ឱ​ព្រះជាម្ចាស់​អើយ សូម​រំដោះអុីស្រា‌អែលពី​ទុក្ខ​វេទនា ​ទាំង​ប៉ុន្មាន​របស់​ពួកគេ​ផង!