ជំពូក​ ២៤

ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។ 1 ផែនដី​ជា​របស់​ព្រះ‌អម្ចាស់ ហើយ​អ្វីដែលមាន​នៅលើ​ផែនដី ព្រម​ទាំង​អស់​អ្នក ដែល​រស់​នៅក្នុងពិភព​លោកផង។ 2 ដ្បិត​ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី​នៅ​លើ​សមុទ្រហើយ​បាន​តាំង​វា​យ៉ាង​មាំនៅ​លើ​ទន្លេ​នានា។ 3 តើ​អ្នក​ណា​អាច​ឡើង​ទៅ​លើ​ភ្នំ នៃ​ព្រះ‌អម្ចាស់​បាន? តើ​អ្នក​ណា​អាច​ឈរ​នៅ​​ទី​បរិសុទ្ធ របស់​ព្រះ‌ជាម្ចាស់​បាន? 4 ​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ជា​អ្នក​ដែល​មិន​បណ្ដោយ​ឲ្យ​ព្រលឹង​ខ្លួន ទៅ​តាម​សេចក្ដី​ភូត​ភរ ហើយ​មិន​ពោល​ពាក្យ​ស្បថ​បំពាន​ឡើយ។ 5 អ្នក​នោះ​នឹង​ទទួល​ព្រះ​ពរ​ពី​ព្រះ‌អម្ចាស់ និង​សេចក្ដី​សុចរិត​ពី​ព្រះអង្គ ដ៏​ជួយ​សង្គ្រោះ​របស់​ខ្លួន។ 6 អ្នក​ទាំងនេះ​ហើយ​ជា​ពួក​អ្នកដែល​ស្វែង​រក​ព្រះ‌អង្គ គឺ​អ្នក​ដែល​ស្វែង​រក​ព្រះ‌ភក្ត្រនៃ ​ព្រះជាម្ចាស់របស់​លោក​យ៉ាកុប។ សម្រាក 7 ចូរ​ងើប​ក្បាល​ឡើង និងគ្រប់ទាំងទ្វារ ចូរ​ងើបឡើង ដើម្បី​ឲ្យ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ ទ្រង់​យាង​ចូល​មក។ 8 តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌រុងរឿង​ជា​អ្នក​ណាទៅ? គឺ​ព្រះអម្ចាស់ដ៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ជា​ព្រះ‌អម្ចាស់​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្នុង​ចម្បាំង។ 9 ចូរ​ងើប​ក្បាល​របស់អ្នកឡើង! ឱ​ទ្វារ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​អើយ ចូរ​បើកឡើង ដើម្បី​ឲ្យ​មហា‌ក្សត្រ​ដ៏​ពេញ​សិរី‌រុងរឿង ព្រះអង្គ​យាង​ចូល​មកក្នុង! 10 តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌រុងរឿងនេះ​ជា​អ្នក​ណា? គឺ​ជាព្រះ‌អម្ចាស់​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ហើយ​ជា​មហា‌ក្សត្រ ដ៏​មាន​សិរី‌ល្អ។ សម្រាក