ជំពូក ២២

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «ក្ដាន់​ញី​នៅ​ពេល​ថ្ងៃ​រះ»។ ទំនុក​របស់​ស្ដេច​ដាវីឌ។ 1 ឱ​ព្រះជាម្ចាស់​នៃ​ទូលបង្គំ ឱ​ព្រះ​ជាម្ចាស់នៃ​ទូលបង្គំ​អើយ! តើហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោលទូលបង្គំ​ដូច្នេះ? ហេតុ​អ្វីបាន​ជា​ព្រះ‌អង្គ​គង់​ឆ្ងាយ​មិន​ជួយ​ទូល‌បង្គំ ឬ​ស្តាប់​ពាក្យ​ស្រែក​ថ្ងូរ​របស់​ទូល‌បង្គំ​ដូច្នេះ? 2 ​ព្រះជាម្ចាស់​អើយ ទូល‌បង្គំ​ស្រែក​អំពាវ​នាវ​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​ទេ ហើយនៅ​ពេល​យប់​ ទូលបង្គំក៏មិនបាននៅស្ងៀមដែរ! 3 ដ្បិត ​ព្រះអង្គបរិសុទ្ធ ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​សរសើរ​តម្កើង​ព្រះអង្គ។ 4 បុព្វ​បុរស​របស់​យើង​​តែងតែ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ពួក​លោក​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ជានិច្ច ហើយ​ព្រះអង្គ​ក៏​បាន​រំដោះ​ពួក​លោក។ 5 ពួក​គេ​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ ហើយក៏បានសង្គ្រោះ។ ពួក​គេ​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។ 6 ប៉ុន្តែ ​ទូលបង្គំ​វិញ គឺ​គេ​ចាត់​ទុក​ជា​ជន្លេន មិនមែនជាមនុស្សនោះទេ មនុស្ស‌ម្នា​នាំ​គ្នា​ជេរ​ប្រមាថ ហើយ​មាក់​ងាយ​ទូលបង្គំ។ 7 អស់​អ្នក​ដែល​ឃើញ​ទូលបង្គំ គេ​ចំអក​ឲ្យ​ទូលបង្គំ​គ្រប់ៗ​គ្នា គេ​ពេប‌ជ្រាយ​ដាក់​ទូលបង្គំ ព្រម​ទាំង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ​ផង។ 8 ពួកគេ​ពោល​ថា «គាត់​ផ្ញើ​វាសនា​លើ​ព្រះ‌អម្ចាស់​ហើយ ឲ្យ​ព្រះអង្គ​រំដោះ​គាត់​ទៅ បើ​ព្រះអង្គ​ស្រឡាញ់​គាត់ ឲ្យ​ព្រះអង្គ​សង្គ្រោះ​គាត់​ទៅ»។ 9 ដ្បិត គឺ​ព្រះ‌អង្គ​ដែល​បាននាំ​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយ មក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ទុក​ចិត្តព្រះ‌អង្គ តាំង​ពី​ទូល‌បង្គំ​នៅ​បៅ​ដោះម្តាយ​នៅ​ឡើយ។ 10 កាល​ពី​ទូលបង្គំ​កើត​មក ព្រះអង្គ​បាន​ទទួល​ទូលបង្គំ​ធ្វើ​ជា​កូន ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ តាំង​តែ​ពី​មុន​ពេល ដែល​ទូលបង្គំ​ស្គាល់​ពន្លឺ​ថ្ងៃ​ទៅ​ទៀត។ 11 សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ដ្បិត​ទុក្ខ​លំបាកបានមក​ជិត​ហើយ គ្មាន​អ្នក​ណា​ជួយ​ទូល‌បង្គំ​ទេ។ 12 មានគោ​ឈ្មោល​ជា​ច្រើន​បាន​ឡោម​ព័ទ្ធ​ទូល‌បង្គំ គឺ​គោ​ឈ្មោល​ខ្លាំង​ៗ​ពី​ស្រុក​បាសាននៅ​ជុំ​វិញ​ទូល‌បង្គំ។ 13 ពួកវាហា​មាត់​ធំ​ដាក់​ទូល‌បង្គំ ដូច​ជា​សិង្ហ​ដែល​គ្រហឹម​បម្រុង​នឹង​ហែក​ស៊ី។ 14 ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ​ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នា។ ចិត្ត​ទូល‌បង្គំប្រៀប​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន។ 15 កម្លាំង​ទូល‌បង្គំ​ស្ងួត ដូច​អំបែង​ឆ្នាំង អណ្ដាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម​មាត់ព្រះ‌អង្គ​ដាក់​ទូល‌បង្គំ ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់។ 16 ដ្បិត មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូល‌បង្គំជុំ​វិញ មនុស្ស​អាក្រក់​មួយ​ហ្វូង ដើរ​ក្រវែល​ជុំ‌វិញ​ទូល‌បង្គំ គេ​បាន​ចាក់​ទម្លុះ​ដៃ​ជើង​ទូល‌បង្គំ 17 ទូល‌បង្គំ​អាច​រាប់​ឆ្អឹង​ជំនីរ របស់​ទូល‌បង្គំ​បាន​ទាំង​អស់។ គេ​សម្លក់​សម្លឹង​មក​ទូល‌បង្គំ។ 18 ពួកគេ​យក​សម្លៀក‌បំពាក់​ទូលបង្គំ​ទៅ​ចែក​គ្នា និង​នាំ​គ្នា​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ទូលបង្គំ ។ 19 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ព្រះអង្គ​ជា​កម្លាំង​នៃ​ទូលបង្គំ សូម​ឆាប់នឹងយាងមកជួយទូលបង្គំផង! 20 សូម​សង្រ្គោះទូលបង្គំឲ្យ​រួច​ផុត​ពី​មុខ​ដាវ ហើយជួយជីវិត​ទូលបង្គំ​ឲ្យរួច​ផុត​ពី​ចង្កូម​របស់​ឆ្កែ​ទាំង​នេះ។ 21 សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មាត់​សិង្ហ និង​ពី​ស្នែង​ក្របីផង។ 22 ទូលបង្គំ​នឹងប្រកាសពី​ព្រះ‌នាម របស់​ព្រះអង្គ​ឲ្យ​បងប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គនៅ​ក្នុង ​អង្គ​ប្រជុំ។ 23 អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់​សូមសរសើរ​តម្កើង​ព្រះ‌អង្គ! អ្នក​ណា​ដែល​ជា​ពូជ‌ពង្ស​យ៉ាកុប ចូរ​លើក​តម្កើង​ព្រះ‌អង្គ! អ្នក​ណាដែល​ជា​ពូជ‌ពង្ស​អុីស្រា‌អែល​អើយ ចូរ​ស្ញប់​ស្ញែង​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ! 24 ដ្បិត ​ព្រះ‌អង្គ​មិន​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម មនុស្ស​ក្រក្រីមាន​ទុក្ខ​វេទនា​ឡើយ ព្រះអម្ចាស់មិន​បាន​លាក់​ព្រះ‌ភក្ត្រ​នឹង​គេ​ដែរ កាល​អ្នក​នោះ​បាន​ទូល​រក​ព្រះ‌អង្គ ព្រះជាម្ចាស់ព្រះ‌ សណ្ដាប់។ 25 សូម​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ ទូលបង្គំ​នឹង​លា​បំណន់ នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះ អង្គ។ 26 អ្នកដែល​ទន់‌ទាប​នឹង​បាន​បរិ‌ភោគ​ឆ្អែត អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អម្ចាស់ នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។ សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​រស់​នៅ​ជា​ដរាប។ 27 មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុក ដាច់​ស្រយាល​នៃ​ផែនដី នឹង​នឹក​ឃើញ​ពីព្រះ‌អម្ចាស់ ប្រជា‌ជាតិ​ទាំង​មូល នឹង​នាំ​គ្នា​ក្រាបថ្វាយ‌បង្គំ​ព្រះអង្គ។ 28 ដ្បិត ​ព្រះ‌រាជនៃព្រះអម្ចាស់ និង​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នានា។ 29 ពួក​អ្នក​ធំ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នាំ​គ្នា​បរិភោគ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី គឺ​មនុស្ស​លោក​ដែល​តែងតែ​ស្លាប់ក៏​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែរ។ 30 នឹង​មាន​ពូជ‌ពង្ស​មួយ​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌អង្គ គេ​នឹង​ថ្លែង​ប្រាប់អំពី​ព្រះ‌អម្ចាស់ ដល់​មនុស្ស​ជំនាន់​ក្រោយ។ 31 ពួកគេ​នឹង​មក ហើយ​ប្រកាស​អំពីសេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រាប់​មនុស្ស​មួយ​ពួក ដែល​មិន​ទាន់​កើតមក​នៅ​ឡើយ​ថា គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​នោះ។