ជំពូក ២១

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ 1 ឱ​ព្រះ‌អម្ចាស់អើយ ព្រះ​រាជាត្រេក​អរ​ណាស់ ចំពោះ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ហើយ​ព្រះ​រាជា​រីក‌រាយ​ជា​ខ្លាំង ចំពោះ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ! 2 ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះ‌រាជា បាន​ទទួល​អ្វីៗ​ដែល​ស្តេច​ប្រាថ្នា​ចង់​បាន គឺ​ព្រះអង្គ​ពុំ​បាន​បដិសេធ​ពាក្យ​ទូល‌អង្វររបស់​ព្រះ‌រាជា​ឡើយ។ សម្រាក 3 ដ្បិត ព្រះអង្គ​បាន​យាង​មក​ជួប​ព្រះ‌រាជា ព្រះអង្គ​បាន​យក​មកុដ​មាស​សុទ្ធ មក​បំពាក់​ព្រះ‌សិរសា​របស់​ព្រះ‌រាជា។ 4 ពេល​ព្រះ‌រាជា​ទូល​សូម​ជីវិត ព្រះអង្គបាន​ប្រទាន​ឲ្យ​ស្ដេច​មាន​ជីវិត និង​មាន​ជន្មាយុ​យឺន‌យូរ​​ទៅមុខទៀត។ 5 សិរី‌ល្អ​របស់ព្រះ​រាជា​ធំ​អស្ចារ្យ ដោយ‌សារការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ​រាជា​មាន​កិត្តិយស និង​អានុភាព។ 6 ដ្បិត​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​ព្រះ​រាជា មាន​ព្រះ​ពរ​ជានិច្ចព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ​រាជា​មាន​អំណរ​ដ៏​ពោរ‌ពេញ នៅ​ចំពោះ​ព្រះ‌អង្គ។ 7 ព្រះ‌រាជា​ពឹង​ផ្អែក​លើ​ព្រះ‌អម្ចាស់ ហើយ​ដោយ‌សារ​ព្រះ‌ហឫទ័យ​សប្បុរស ស្មោះ​ត្រង់​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត រាជ្យ​របស់​ព្រះ‌រាជា​នឹង​មិន​ត្រូវ​រលំ​សោះ​ឡើយ។ 8 ព្រះ‌ករុណា​នឹង​ចាប់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រើ​អំណាច​ចាប់​អស់​អ្នកដែល​ស្អប់​ព្រះអង្គ។ 9 នៅ​វេលា​ដែល​ព្រះ​ករុណា​យាង​មក​ដល់ ទ្រង់​នឹង​ធ្វើឲ្យ​គេ​បាន​ដូច​ជា​គុក​ភ្លើង​ដែល​ឆេះ​ក្តៅ ព្រះ‌យេហូវ៉ា​នឹង​លប​គេដោយ​ សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​គេ​អស់​ទៅ។ 10 ព្រះ​ករុណា​នឹង​បំផ្លាញ​ពូជ​វង្ស​របស់​គេ ឲ្យ​វិនាស​បាត់​ពី​ផែនដី ហើយ​កូន​ចៅ​របស់​គេ ពី​កណ្ដាល​ពួក​មនុស្ស​ជាតិ​ទៅ​ដែរ។ 11 ដ្បិត ពួក​គេ​ឃុប‌ឃិត​គ្នា​ធ្វើ​បាប​ព្រះ‌ករុណា តែ​ពួក​គេ​គ្មាន​កម្លាំង​អាច​សម្រេច តាម​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ! 12 ដ្បិត​ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ហើយ​ព្រះអង្គ​យឹត​ធ្នូ​បាញ់​ពួក​គេ​ចំ​ពី​មុខ។ 13 ​ព្រះ‌អម្ចាស់អើយ! សូមព្រះ‌អង្គ​បាន​ថ្កើង​ឡើងដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គយើង​ខ្ញុំ​នឹង​ច្រៀង​សរសើរ ពី​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។