ទំនុករបស់ស្តេចសាឡូម៉ូន។ 1 ព្រះជាម្ចាស់អើយ សូមប្រទានដល់ព្រះរាជានៅច្បាប់ដ៏សុចរិតរបស់ព្រះអង្គ ហើយសូមប្រទានសុចរិតរបស់ព្រះអង្គដល់បុត្រារបស់ព្រះរាជាផង។ 2 សូមឲ្យព្រះរាជាបានគ្រប់គ្រង លើប្រជារាស្ត្ររបស់ព្រះអង្គដោយសុចរិត ហើយគ្រប់គ្រងលើប្រជារាស្ត្រក្រីក្រ របស់ព្រះអង្គដោយយុត្តិធម៌។ 3 សូមឲ្យភ្នំធំៗផ្ដល់ភាពចម្រុងចម្រើន ដល់ប្រជារាស្ត្រ ហើយភ្នំតូចៗផ្ដល់ផលផ្លែជាសេចក្ដីសុចរិត។ 4 សូមឲ្យព្រះរាជាបានការពារក្ដីរបស់មនុស្សក្រីក្រ ក្នុងចំណោមប្រជារាស្ត្រ ជួយសង្គ្រោះពួកកូនរបស់មនុស្សកម្សត់ទុគ៌ត ហើយកម្ទេចពួកអ្នកជិះជាន់គេ ឲ្យខ្ទេចខ្ទីទៅ។ 5 សូមឲ្យគេបានកោតខ្លាចព្រះករុណា ក្នុងកាលដែលនៅមានព្រះអាទិត្យ ហើយដរាបណានៅមានព្រះច័ន្ទ គឺជារៀងរហូតគ្រប់ជំនាន់ផង។ 6 សូមឲ្យព្រះរាជាបានដូចជាភ្លៀងបង្អុរ មកលើវាលដែលច្រូតស្មៅហើយ គឺដូចជាភ្លៀងដែលស្រោចស្រពផែនដី។ 7 នៅក្នុងគ្រារបស់ព្រះរាជា សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើង ហើយសូមឲ្យសេចក្ដីសុខសាន្តមានជាបរិបូរណ៏ ដរាបទាល់តែលែងមានព្រះចន្ទ។ 8 ចាប់តាំងពីសមុទ្រម្ខាង រហូតដល់សមុទ្រម្ខាង ហើយចាប់ពីទន្លេអឺប្រាត រហូតដល់ចុងបំផុតផែនដី។ 9 សូមឲ្យមនុស្សដែលរស់នៅទីរហោស្ថាន នាំគ្នាក្រាបចុះនៅចំពោះព្រះអង្គ ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ក្រាបលិឍធូលីដី។ 10 សូមឲ្យស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងកោះនានានាំសួយសាអាករមកថ្វាយព្រះអង្គ សូមឲ្យស្ដេចទាំងឡាយនៅស្រុកសេបា និងស្រុកសាបា នាំបណ្ណាការមកថ្វាយដែរ។ 11 សូមឲ្យស្ដេចទាំងប៉ុន្មានក្រាបចុះ នៅចំពោះព្រះអង្គ ហើយជាតិសាសន៍ទាំងអស់នាំគ្នាបម្រើព្រះអង្គ! 12 ដ្បិតព្រះរាជារំដោះមនុស្សកម្សត់ទុគ៌តឲ្យរួច ពេលគេស្រែករកព្រះអង្គ គឺទាំងមនុស្សក្រីក្រ និងអ្នកដែលគ្មានទីពឹង។ 13 ព្រះរាជាអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ហើយក៏សង្គ្រោះជីវិតមនុស្សកម្សត់ទុគ៌តនោះ។ 14 ព្រះរាជាលោះជីវិតពួកគេ ឲ្យរួចពីការសង្កត់សង្កិន និងអំពើឃោរឃៅ ឈាមរបស់គេ មានតម្លៃណាស់នៅចំពោះព្រះអង្គ។ 15 សូមឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ ហើយសូមឲ្យគេយកតង្វាយជាមាស ពីស្រុកសេបា មកថ្វាយព្រះអង្គ សូមឲ្យមានមនុស្សអធិស្ឋានឲ្យព្រះរាជាជានិច្ច ហើយថ្វាយព្រះពរដល់ព្រះអង្គជាដរាបរាល់ថ្ងៃ។ 16 សូមឲ្យមានស្រូវជាបរិបូរណ៏នៅក្នុងស្រុក ភោគផលទាំងនោះទ្រេតចុះឡើងនៅលើកំពូលភ្នំ។ សូមឲ្យដើមឈើមានផលផ្លែ ដូចដើមឈើនៅភ្នំល្បាណូន ហើយសូមឲ្យមនុស្សចម្រើនឡើងនៅក្នុងទីក្រុង ដូចស្មៅនៅតាមទីវាល។ 17 សូមឲ្យព្រះនាមព្រះរាជាស្ថិតស្ថេរ អស់កល្បជានិច្ច សូមឲ្យកិត្តិនាមព្រះរាជា នៅគង់វង្សដូចព្រះអាទិត្យ សូមឲ្យមនុស្សម្នាបានពរដោយសារព្រះរាជា អស់ទាំងជនជាតិនឹងហៅព្រះរាជា ថាជាអ្នកមានពរ។ 18 សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃសាសន៍អុីស្រាអែលជាព្រះតែមួយព្រះអង្គគត់ ដែលធ្វើការដ៏អស្ចារ្យ។ 19 សូមលើកតម្កើងព្រះនាម ដ៏រុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច សូមឲ្យផែនដីទាំងមូល មានពេញដោយសិរីល្អរបស់ព្រះអង្គ! អាម៉ែន ហើយអាម៉ែន។ 20 ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ ចប់តែប៉ុណ្ណេះ។