ជំពូក ៧១

1 ឱ​ព្រះ‌អម្ចាស់អើយ ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។ 2 សូម​រំ​ដោះ​ទូល‌បង្គំ ហើយ​សង្គ្រោះទូល‌បង្គំ​ឲ្យ​រួច ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ទូល‌បង្គំ ហើយ​សង្គ្រោះទូល‌បង្គំ​ផង! 3 សូម​ធ្វើ​ជា​ថ្ម​ដាជ្រក​កោន​ដល់​ទូល‌បង្គំ ជា​កន្លែង​ដែល​ទូល‌បង្គំចូល​មក​រក​ថ្ម​ដា​នេះ​ជា‌និច្ច ព្រះ‌អង្គ​បាន​ចេញ​បញ្ជា​ឲ្យ​សង្គ្រោះ​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម​ដា និង​ជា​បន្ទាយ​របស់​ទូល‌បង្គំ។ 4 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃរបស់​មនុស្ស​អាក្រក់ គឺ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​ទុច្ចរិត និង​ការសាហាវ​នេះ​ផង! 5 ដ្បិត ឱព្រះ‌អម្ចាស់‌ អើយ ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​ទី​ទុក​ចិត្ត​របស់​ទូល‌បង្គំ តាំង​ពី​ក្មេង​មក។ 6 ទូល‌បង្គំ​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ​តាំង​ពី​កំណើត គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយ ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច។ 7 ទូល‌បង្គំ​ជា​ប្រផ្នូល​ដល់​មនុស្ស​ជា​ច្រើន តែ​ព្រះ‌អង្គ​ជា​ជម្រក​ដ៏​មាំ‌មួន​របស់​ទូល‌បង្គំ។ 8 មាត់​ទូល‌បង្គំ​ពេញ​ដោយ​ពាក្យ សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​ដោយ​ពាក្យ​លើក​តម្កើង ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ។ 9 សូម​កុំ​លះ​បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​ចាស់​ជរា ហើយ​កុំ​បោះ‌ បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​កម្លាំង​ទូល‌បង្គំ​អន់‌ថយនេះ​ឡើយ។ 10 ដ្បិត​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និយាយ​ដើម​ពី​ទូល‌បង្គំ ហើយ​អស់​អ្នក​ដែល​ចាំ​មើល​ជីវិត​ទូល‌បង្គំ គេ​ប្រឹក្សា​គ្នា 11 គេ​ពោល​ថា «ព្រះ​បាន​បោះ‌បង់​ចោល​វា​ហើយ ចូរ​ដេញ​តាម ហើយ​ចាប់​វា​មក! ដ្បិត​គ្មាន​អ្នក​ណា​ជួយ​រំដោះ​វា​បាន​ទេ»។ 12 ឱ​ព្រះ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង! 13 សូម​ឲ្យ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា ធ្វើ​ឲ្យ​ទូល‌បង្គំឈឺ​ចាប់ គ្រប​ដណ្ដប់​ដោយពាក្យ​ដំណៀល និង​អាប់‌យស។ 14 រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​មាន​សង្ឃឹម​ជា‌និច្ច ហើយ​នឹង​រឹត​តែ​សរសើរ​តម្កើង​ព្រះ‌អង្គ​ថែម​ទៀត។ 15 មាត់​ទូល‌បង្គំ​នឹង​ថ្លែង​ប្រាប់​ពី​កិច្ច​ការ​ដ៏​សុចរិត និង​ពី​កិច្ច​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ ដ្បិត​កិច្ច​ការ​នោះ​មាន​ចំនួន​ច្រើនឥត​គណនា។ 16 ទូល‌បង្គំ​នឹង​ចូល​មក​ដោយ​ព្រះ‌ចេស្តា​របស់ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ ហើយ​នឹង​តំណាល​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ គឺ​របស់​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ។ 17 ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​នៅ​ក្មេងរហូត​មក ហើយ​ទូល‌បង្គំ​នៅ​តែ​ប្រកាស ពី​កិច្ច​ការដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ដដែល។ 18 ឱ​ព្រះ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ជា​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយក៏​ដោយ ដើម្បីឲ្យ​ទូល‌បង្គំ​បាន​ប្រកាស ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដល់​មនុស្សជំនាន់​ក្រោយ គឺ​ពី​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដល់មនុស្ស​ទាំង​អស់​ដែល​ត្រូវ​កើត​មក។ 19 ឱ​ព្រះ​អើយ សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ផ្ទៃ​មេឃ ព្រះ‌អង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជាច្រើន ឱ​ព្រះ​អើយ តើ​មាន​អ្នក​ណា​ដូច​ព្រះ‌អង្គ? 20 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យទូល‌បង្គំ ឃើញ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ មាន​ជីវិត​ជា​ថ្មី​ឡើង​វិញ ព្រះ‌អង្គ​នឹង​នាំ​ទូល‌បង្គំ​ឡើង​ចេញ ពី​ទី​ជម្រៅ​នៃ​ផែនដី​មក​វិញ។ 21 ព្រះ‌អង្គ​នឹង​ចម្រើនឲ្យ​ទូល‌បង្គំ កាន់​តែ​មាន​កិត្ដិយស​ឡើង ហើយកម្សាន្ត​ចិត្ត​ទូល‌បង្គំ​ជា​ថ្មី។ 22 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​ពិណ ព្រោះព្រះ‌ ហឫ‌ទ័យ ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ជនជាតិ​អុីស្រា‌អែល​អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ ដល់​ព្រះ‌អង្គ​ដោយ​ចាប់​ស៊ុង។ 23 កាល​ទូល‌បង្គំ​ច្រៀង​សរសើរតម្កើង​ព្រះ‌អង្គ បបូរ​មាត់​ទូល‌បង្គំស្រែកហ៊ោ​ដោយ​អំណរ ហើយ​ព្រលឹង​ទូល‌បង្គំ​ដែល​ព្រះ‌អង្គ​បាន​លោះ ក៏បន្លឺ​សំឡេង​ឡើង​ដោយ​អំណរ​ដែរ។ 24 ឯ​អណ្ដាត​ទូល‌បង្គំ​នឹង​ថ្លែង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា ចង់​ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់គេ​ត្រូវ​អាម៉ាស់ ហើយ​អាប់​យស។