ជំពូក ១៤៥

ទំនុក​ជា​បទ​សរសើរ​របស់​ស្តេច​ដាវីឌ។ 1 ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ហើយសូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។ 2 ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ‌ពរ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ ហើយ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។ 3 ព្រះ‌អម្ចាស់​ធំ ហើយ​គួរ​សរសើរ​តម្កើង​យ៉ាង​ក្រៃ‌លែង ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ នោះ​រក​យល់​មិន​បាន។ 4 មនុស្ស​ជំនាន់​មួយ​នឹង​សរសើរ ពី​ស្នា​ព្រះហស្ដ​របស់​ព្រះ‌អង្គ ប្រាប់​មនុស្ស​ជំនាន់​មួយ​ទៀត ហើយ​គេ​នឹង​ប្រកាស​ពី​កិច្ច​ការ ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ 5 ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​អំពី​ឫទ្ធា‌នុភាព ដ៏​រុង‌រឿង​ឧត្តម និង​អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ 6 គេ​នឹង​ថ្លែង​ប្រាប់​ពី​ឫទ្ធានុភាព​នៃ​ស្នា​ព្រះ‌ហស្ដ ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​នឹង​ប្រកាស ពី​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ។ 7 គេ​នឹង​បញ្ចេញ​ព្រះ​កិត្តិ‌នាម​នៃ​ព្រះ‌ហឫ‌ទ័យ សប្បុរស​ជា​បរិបូរ​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ស្រែក​ច្រៀង ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ 8 ព្រះ‌អម្ចាស់​ប្រកប ដោយ​ព្រះហឫ​ទ័យ​ប្រណី​សន្ដោស និង​អាណិត​អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​ពោរ​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស។ 9 ព្រះ‌អម្ចាស់​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។ 10 ព្រះ‌អម្ចាស់​អើយ អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ នឹង​ថ្វាយ​ព្រះពរ​ព្រះ‌អង្គ។ 11 គេ​នឹង​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ ហើយ​រៀប​រាប់​ពីព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ។ 12 ដើម្បី​ឲ្យ​ពួក​កូន​មនុស្ស​ស្គាល់ ពីកិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ និង​ពី​សិរី‌ល្អ​ដ៏​រុង​រឿង​នៃ​ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ។ 13 ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​អំណាច​របស់​ព្រះ‌អង្គ ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​តរៀង​ទៅ។ 14 ព្រះ‌អម្ចាស់​ទ្រទ្រង់​អស់​អ្នក​ដែល​ដួល ក៏​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន​ចុះ ឲ្យ​ងើប​ឡើង​វិញ។ 15 ភ្នែក​របស់​មនុស្ស​ទាំង​អស់ទន្ទឹង​រង់​ចាំ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។ 16 ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។ 17 ព្រះ‌អម្ចាស់សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ របស់​ព្រះ‌អង្គ​ដែរ។ 18 ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដោយ​ពិត​ត្រង់។ 19 ព្រះ‌អង្គ​បំពេញ​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ព្រះ‌អង្គក៏​ឮ​សម្រែក​របស់​គេ ហើយ​សង្គ្រោះ​គេ។ 20 ព្រះ‌អម្ចាស់​ការពារ​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌អង្គ តែព្រះ‌អង្គ​នឹង​បំផ្លាញ អស់​ទាំង​មនុស្ស​អាក្រក់​វិញ។ 21 មាត់​ទូល‌បង្គំ​នឹង​ពោល​ពាក្យ សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ហើយ​សូម​ឲ្យ​មនុស្ស​ទាំង‌អស់ ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ‌នាម​ដ៏​បរិសុទ្ធ របស់​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។