ទំនុករបស់ស្ដេចដាវីឌ។ 1 សូមឲ្យព្រះអម្ចាស់ ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់ដៃទូលបង្គំឲ្យចេះធ្វើសង្គ្រាម ហើយម្រាមដៃទូលបង្គំឲ្យចេះច្បាំង។ 2 ព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាអ្នកដែលរំដោះទូលបង្គំ ក៏ជាខែលរបស់ទូលបង្គំ ហើយទូលបង្គំពឹងជ្រកនៅក្នុងព្រះអង្គ គឺជាព្រះដែលបានដាក់ជនជាតិនានានៅក្រោមអំណាចទូលបង្គំ។ 3 ព្រះអម្ចាស់អើយ តើមនុស្សជាអ្វីបានជាព្រះអង្គ យកចិត្តទុកដាក់នឹងគេ តើកូនមនុស្សជាអ្វីបានជាព្រះអង្គ នឹកគិតដល់គេដូច្នេះ? 4 មនុស្សប្រៀបបាននឹងខ្យល់មួយដង្ហើមប៉ុណ្ណោះ ថ្ងៃអាយុរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។ 5 ព្រះអម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃ ហើយយាងចុះមក សូមពាល់ភ្នំទាំងប៉ុន្មាន ដើម្បីឲ្យមានផ្សែងហុយឡើង។ 6 សូមបញ្ចេញផ្លេកបន្ទោរ ហើយកម្ចាត់កម្ចាយពួកគេ សូមបាញ់ព្រួញរបស់ព្រះអង្គ ទៅបំបាក់ទ័ពពួកគេ។ 7 សូមលាព្រះហស្តចុះពីស្ថានលើមក សូមសង្គ្រោះ ហើយរំដោះទូលបង្គំ ឲ្យរួចផុតពីទឹកដ៏ធំ គឺពីកណ្ដាប់ដៃពួកសាសន៍ដទៃ។ 8 ដែលមាត់របស់គេពោលតែពាក្យកុហក ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីកុហក។ 9 ព្រះជាម្ចាស់ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ដោយដេញពិណខ្សែដប់ 10 ព្រះអង្គហើយដែលប្រទានឲ្យ ពួកស្តេចមានជ័យជម្នះ ក៏សង្គ្រោះដាវីឌជាអ្នកបម្រើព្រះអង្គ ឲ្យរួចពីដាវដ៏សាហាវ។ 11 សូមសង្គ្រោះ ហើយរំដោះទូលបង្គំ ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ ដែលមាត់របស់គេពោលតែពាក្យកុហក ហើយដៃស្តាំរបស់គេ ជាដៃស្ដាំនៃសេចក្ដីភូតភរ។ 12 សូមឲ្យកូនប្រុសៗរបស់យើង បានដូចជារុក្ខជាតិ ដុះលូតលាស់ពេញកម្លាំង ក្នុងវ័យនៅក្មេងរបស់គេ ហើយកូនស្រីៗរបស់យើង បានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង។ 13 សូមឲ្យជង្រុករបស់យើងបានពេញ ដោយស្បៀងអាហារគ្រប់មុខ សូមឲ្យហ្វូងចៀមរបស់យើង កើតកូនទាំងពាន់ទាំងម៉ឺន ចម្រើនឡើងនៅតាមវាលស្មៅ។ 14 សូមឲ្យគោស្ទាវរបស់យើងមានកម្លាំងខ្លាំង គ្មានសត្រូវចូលរុករាន ឬលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសម្រែកភ័យអាសន្ន នៅតាមផ្លូវរបស់យើងដែរ។ 15 មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក មានពរហើយប្រជាជនណា ដែលយកព្រះអម្ចាស់ទុកជាព្រះរបស់ខ្លួន។