ជំពូក ១២២

ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​ដាវីឌ។ 1 ខ្ញុំ​មាន​អំណរ​ណាស់ កាល​គេ​ប្រាប់​ខ្ញុំ​ថា៖ «មក​យើង នាំ​គ្នា​ទៅ​ដំណាក់ របស់​ព្រះ‌អម្ចាស់» 2 ​ក្រុង​យេរូ‌សាឡិម​អើយ ជើង​របស់​យើង​ឈរ​នៅ​ក្នុង​ច្រក​ទ្វារ របស់​អ្នក​ហើយ។ 3 យេរូ‌សាឡិម​អើយ អ្នក​ត្រូវ​បាន​សង់​ឡើង ជា​ក្រុង​មួយចង​ភ្ជាប់​គ្នា​យ៉ាង​រឹង​មាំ! 4 ជា​កន្លែង​ដែល​កុល​សម្ព័ន្ធ​នានា គឺ​កុល‌សម្ព័ន្ធ​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ឡើង​ទៅ​តាម​ច្បាប់ របស់​សាសន៍​អុីស្រា‌អែល ដើម្បី​អរ ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់។ 5 ដ្បិត​នៅ​ទី​នោះ មាន​តាំង​បល្ល័ង្ក​វិនិច្ឆ័យ ជា​បល្ល័ង្ក​នៃ​រាជ‌វង្ស​របស់​ព្រះ​បាទ​ដាវីឌ។ 6 ចូរ​អធិស្ឋានសូម​ឲ្យ​ក្រុង​យេរូ‌សាឡិម បាន​សេចក្ដី​សុខ «សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ បាន​ចម្រុង​ចម្រើន។ 7 សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ខាង​ក្នុង​កំផែង​របស់​អ្នក ហើយ​សូម​ឲ្យ​មាន​សន្ដិសុខ នៅ​ក្នុង​បន្ទាយ​របស់​អ្នក»។ 8 ដ្បិត ដោយ​យល់​ដល់​បង​ប្អូន និង​ញាតិ​មិត្ត​របស់​ខ្ញុំ ខ្ញុំ​នឹង​ពោល​ថា «សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​អ្នក»។ 9 ដោយ​យល់​ដល់​ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ខ្ញុំ​នឹង​ស្វែង​រក​សេចក្ដី​ល្អឲ្យ​អ្នក។