ជំពូក ១១៦

1 ខ្ញុំ​ស្រឡាញ់​ព្រះ‌អម្ចាស់ ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ និង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ។ 2 ដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ ដូច្នេះ ខ្ញុំ​នឹង​អំពាវ‌នាវ​រក​ព្រះ‌អង្គ​អស់​មួយ​ជីវិត។ 3 អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​នៅជុំវិញខ្ញុំ ការ​ឈឺ​ចាប់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ បានរឹត​រួត​ខ្ញុំ ខ្ញុំ​រង​ទុក្ខ​វេទនា ហើយ​ថប់​បារម្ភ។ 4 ខ្ញុំ​បាន​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​សូម​អង្វរ សូម​រំដោះ​ព្រលឹង​ទូល‌បង្គំ​ផង»។ 5 ព្រះ‌អម្ចាស់ ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ ប្រណី​សន្ដោស ហើយ​សុចរិត ព្រះ​នៃ​យើង​ប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ ករុណា។ 6 ព្រះ‌អម្ចាស់ជួយ​ការពារ​មនុស្ស​ឆោត​ល្ងង់ កាល​ខ្ញុំ​ត្រូវ​គេ​បន្ទាប‌បន្ថោក ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។ 7 ឱ​ព្រលឹង​ខ្ញុំ​អើយ! ចូរបែរមក​រក ទី​សម្រាក​របស់​ខ្លួន​វិញ​ទៅ ដ្បិត​ព្រះ‌អម្ចាស់បាន​ប្រព្រឹត្ត​នឹង​អ្នក ដោយ​ព្រះ​គុណ​ហើយ។ 8 ដ្បិតព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ ជូត​ទឹក​ភ្នែកឲ្យ​ខ្ញុំហើយ​ការ​ពារ​ជើង​ខ្ញុំ​មិន​ឲ្យជំពប់​ដួល។ 9 ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់។ 10 ខ្ញុំ​បាន​ជឿ ទោះ​ជា​ពេល​ដែល​ខ្ញុំ​ពោល​ថា៖«ខ្ញុំ​មាន ​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់»។ 11 ខ្ញុំ​បាន​ពោលទាំង​ប្រញាប់​ប្រញាល់​ថា «មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត​កុហក»។ 12 តើ​ខ្ញុំ​នឹង​តប​ស្នង​អ្វី​ដល់​ព្រះ‌អម្ចាស់ ចំពោះ​អស់​ទាំង​ព្រះ‌គុណ ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ? 13 ខ្ញុំ​នឹង​លើក​ពែង​នៃ​ការ​សង្គ្រោះ​ឡើង ហើយ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់។ 14 ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​ប៉ុន្មាន របស់​ព្រះ‌អង្គ។ 15 ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់មាន​តម្លៃ​វិសេស​ណាស់ នៅចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។ 16 ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​ទូល‌បង្គំ​ហើយ។ 17 ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញបូជា នៃ​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់។ 18 ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ 19 នៅ​ក្នុង​ព្រះ‌លាន​នៃ​ព្រះ​ដំណាក់ របស់​ព្រះ‌អម្ចាស់ នៅ​កណ្ដាល​អ្នក ​ក្រុង​យេរូ‌សាឡិម​អើយ។ សរសើរព្រះអម្ចាស់។