ជំពូក ៣០

1 នេះ​ជា​ពាក្យ​ទូន្មាន​របស់​លោក​អេគើរ ជា​កូន​របស់​លោក​យ៉ាកេ គឺ​សេចក្ដី​ដែល​លោក​ថ្លែង​ទៅ​កាន់​លោក​អ៊ីធាល និង​លោក​យូកាល។ 2 ជាការពិត ខ្ញុំ​ជា​មនុស្ស​ល្ងង់​ជាង​គេ​ទាំង​អស់ ខ្ញុំ​គ្មាន​តម្រិះ​ខាង​លោកីយ៍​នេះ​ទេ។ 3 ខ្ញុំ​មិន​បាន​រៀន​អំពី​ប្រាជ្ញា​ទេ តែ​ខ្ញុំ​ស្គាល់​ចំណេះដឹង ​អំពី​ព្រះជាម្ចាស់​ដ៏វិសុទ្ធ។ 4 តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ? តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ? តើ​អ្នក​ណា​បាន​ដក​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួនបាន? តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន? តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី? ហើយ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌អង្គ តើ​មាន​ព្រះ‌នាម​ជា​អ្វី? ពិតណាស់អ្នកនឹងដឹង! 5 គ្រប់ទាំងព្រះបន្ទូលអាចទុកចិត្តបាន ព្រះជាម្ចាស់ជាខែលការពារអស់អ្នកណា ដែលនៅក្រោមព្រះគុណរបស់ព្រះអង្គ។ 6 កុុំឲ្យថែមអ្វីទៅលើព្រះបន្ទូលព្រះអង្គឡើយ ព្រោះព្រះជាម្ចាស់នឹងទូទាត់ជាមួយអ្នក ហើយអ្នកនឹងមានឈ្មោះថាអ្នកកុហកផងដែរ។ 7 ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទូល​សូមការពីរ នឹងសម្រេចឲ្យនោះផង មុន​ពេល​ទូលបង្គំ​ស្លាប់ 8 សូម​ដកការឥតប្រយោជន៍និងការកុហកពីទូលបង្គំ។ សូម​កុំ​ឲ្យ​ទូលបង្គំ​ក្រ​ពេក ឬ​ក៏​មាន​ពេក​ដែរ គឺ​សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អាហារ​​គ្រប់​គ្រាន់​បាន​ហើយ។ 9 ដ្បិតទូលបង្គំ​មាន​ទ្រព្យ​ច្រើន​ពេក ​ទូលបង្គំចេញឆ្ងាយ​ពី​ព្រះអង្គ ដោយ​ពោល​ថា«តើព្រះ‌អម្ចាស់​ជា​នរណា?» ឬ​បើ​ទូលបង្គំ​ក្រ​ពេក ទូលបង្គំ​បែរ​ជា​លួច​គេ ហើយ​បង្អាប់​ព្រះ‌នាម​ព្រះជាម្ចាស់​។ 10 កុំ​មួល​បង្កាច់​អ្នក​បម្រើនៅចំពោះ​ចៅហ្វាយ​ឡើយ បើមិនដូច្នេះអ្នកបម្រើ​នោះ​ដាក់​បណ្ដាសា​អ្នក ហើយ​អ្នក​ត្រូវ​ទទួល​ទោស។ 11 មនុស្សជំនាន់ខ្លះ​ដាក់​បណ្ដាសា​ឪពុក ហើយ​មិន​ដែល​ដឹង​គុណ​ម្ដាយ​ដែរ។ 12 មានមនុស្សខ្លះ​ស្មាន​ថា ខ្លួន​ជា​មនុស្ស​បរិសុទ្ធ ក៏​ប៉ុន្តែ គេ​មិន​ដែល​ជម្រះ​អំពើ​សៅហ្មង​ចេញ​ពី​ខ្លួន​ឡើយ។ 13 មានមនុស្សជំនាន់​ខ្លះ ​ភ្នែករបស់ពួកគេមើលទៅកាន់ទីខ្ពស់ ហើយ​មើល‌ងាយ​អ្នក​ដទៃដោយប្រើក្រខ្សែភ្នែកធំៗ! 14 មានមនុស្ស​ខ្លះ​មាន​ធ្មេញ​មុត​ដូច​ដាវ ថ្គាម​ដូច​កាំបិត គេ​ប្រុង​តែ​ត្របាក់​លេប​មនុស្ស​ក្រីក្រ​ឲ្យ​វិនាស​សូន្យ​ពី​ផែនដី ហើយ​លុប​បំបាត់​មនុស្ស​មានទុក្ខលំបាក​ឲ្យ​អស់​ពី​ចំណោម​មនុស្ស​លោក។ 15 ឈ្លើង​មាន​កូន​ញី​ពីរ ពួកវា​ស្រែក​ថា «សូមឲ្យ​ហើយ សូមឲ្យ​» មាន​ការ​បី​មុខ ដែល​មិន​ចេះ​ស្កប់​ចិត្ត ក៏​មានទី​បួន​ផង គឺ​មិន​ដែលនិយាយថា៖ «ល្មមហើយ» 16 គឺ​ស្ថាន​មច្ចុរាជ ស្ត្រីដែល​អារ ទឹកដី​ដែលមិនចេះស្កប់ជាមួយនឹងទឹក ហើយ​ភ្លើង​ដែល​ឆេះ​មិន​ចេះ​អស់​មិន​ចេះ​ហើយក៏មិនដែលនិយាយថា «ល្មមហើយ!» 17 អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។ 18 មាន​ការបី​​យ៉ាង ដែលគួរឲ្យអស្ចារ្យសម្រាប់ទូលបង្គំ ហើយមានទីបួនផងដែលទូលបង្គំមិនអាចយល់ៈ 19 គឺ​ផ្លូវ​ដែល​ឥន្រ្ទី​ហើរ​លើ​មេឃ ផ្លូវ​ដែល​សត្វ​ពស់​លូន​លើ​ថ្ម ហើយជាផ្លូវ​សំពៅ​នៅ​កណ្ដាល​សមុទ្រ និង​ផ្លូវ​ដែល​នាំ​ឲ្យ​បុរស​ទៅ​រក​ស្រី​ក្រមុំ។ 20 ស្ត្រី​ផិត​ក្បត់ តែងតែ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​នាង​បរិភោគ រួច​ជូត​មាត់ ទាំង​ពោល​ថា «ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ទេ»។ 21 នៅក្រោមការទាំង​បី​យ៉ាង​ ដែល​ធ្វើ​ឲ្យ​ក្រឡាប់​ផែនដី ហើយនៅក្រោមការទីបួន ដែល​ផែនដី​ទ្រាំ​មិន​បាន។ 22 ទាសករដែលបានឡើង​​សោយ​រាជ្យ មនុស្ស​ល្ងង់​មាន​អាហារ​បរិភោគគ្រប់គ្រាន់។ 23 ស្ត្រី​ចិត្ត​អាក្រក់​មាន​ប្ដី និង​អ្នក​បម្រើ​យក​ប្ដី​របស់​ចៅហ្វាយ​ស្រី។ 24 មាន​សត្វ​បួន​យ៉ាង ដែល​តូច​ជាង​គេ​នៅ​លើ​ផែនដី តែ​ជា​សត្វ​មាន​ប្រាជ្ញា​វាង‌វៃ គឺ: 25 ស្រមោច​ជា​សត្វ​ដែល​គ្មាន​កម្លាំង តែ​ចេះ​ប្រមូល​អាហារ​គរ​ទុក​នៅ​រដូវ​ក្ដៅ 26 ទន្សាយ​ជា​សត្វ​ខ្សោយមិនអស្ចារ្យអីទេ តែ​ពួកវាចេះ​ធ្វើ​រូង​នៅ​ក្រោម​ផ្ទាំង​ថ្ម។ 27 កណ្ដូប​ជា​សត្វ​គ្មាន​ស្ដេច តែ​ចេះ​លើក​គ្នា​ជា​ក្រុម​ជា​ពួក ដូច​កង‌ទ័ព​ដ៏​មាន​របៀប​រៀប​រយ។ 28 ជីង‌ចក់​ជា​សត្វ​ដែល​គេ​អាច​ចាប់​បាន​នឹង​ដៃ តែ​ពួកវារស់​នៅ​ក្នុង​វាំង​របស់​ស្ដេច។ 29 មាន​បី​មុខ ដែល​មាន​ដំណើរ​រុងរឿងក៏​មាន​បួន​ផង ដែល​មាន​ដំណើរ​យ៉ាង​ល្អ 30 គឺ​សិង្ហជា​សត្វ​ខ្លាំង​ពូកែ លើស​ជាង​អស់​ទាំង​ពួក​សត្វ វា​មិន​ព្រម​ចៀស​ផ្លូវ​ដល់​សត្វ​ណា​ឡើយ 31 សេះ​ចម្បាំង ពពែ​ឈ្មោល ហើយ​មហា‌ក្សត្រជា​អ្នក​ដែលមានទាហាននៅក្បែរជានិច្ច។ 32 បើ​ឯង​បាន​ប្រព្រឹត្ត​បែប​ចម្កួត ដោយ​លើក​តម្កើងខ្លួន​ឡើង ឬ​បើ​អ្នកបាន​គិតនឹងប្រព្រឹត្ត​ការអាក្រក់ ចូរ​យក​ដៃ​ខ្ទប់​មាត់​ចុះ។ 33 បើ​អ្នក​ចម្រាញ់​ទឹក​ដោះ​គោ អ្នក​នឹង​បាន​ខ្លាញ់​ទឹក​ដោះ បើ​វាយ​ច្រមុះ នឹង​ចេញ​ឈាម ហើយ​បើ​បញ្ឆេះ​កំហឹង នឹង​បង្កឲ្យមាន​ជំលោះ។