ជំពូក ៩

1 ខ្ញុំបានឃើញព្រះអម្ចាស់ឈរនៅក្បែរអាសនា ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ។ ហើយកិនកំម្ទេចមេដឹកនាំរបស់ពួកគេទាំងអស់ រួចអស់អ្នកដែលនៅសល់យើងនឹងសម្លាប់ពួកគេដោយមុខដាវ។ គ្មាននរណាម្នាក់អាចរត់ចេញ ហើយក៏គ្មាននរណាម្នាក់គេចផុតបានឡើយ។ 2 ទោះបើគេជីកទម្លុះទៅដល់ស្ថានមនុស្សស្លាប់ក៏ដោយ ក៏ដៃរបស់យើងនឹងអូសយកមកវិញ។ ហើយទោះបើគេប្រឹងឡើងទៅដល់ស្ថានសួគ៌ ក៏យើងទាញទម្លាក់មកវិញដែរ។ 3 ទោះបើពួកគេទៅពួននៅលើកំពូលភ្នំកើមែលក៏ដោយ ក៏យើងនឹងរកពួកគេហើយចាប់យកមកវិញ។ ទោះបើពួកគេលាក់ខ្លួនពីភ្នែករបស់យើងដល់បាតសមុទ្រក៏ដោយ ក៏យើងប្រើពស់ឲ្យទៅខាំពួកគេដែរ។ 4 ទោះបើពួកគេត្រូវចាប់ទៅជាឈ្លើយនៅពីមុខខ្មាំងសត្រូវ ក៏យើងនឹងបញ្ជាដាវឲ្យទៅតាមសម្លាប់ពួកគេដែរ។ យើងនឹងតាមមើលពួកគេដើម្បីឲ្យពួកគេវេទនា ហើយមិនឲ្យពួកគេមានក្តីសុខឡើយ»។ 5 ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលបានពាល់ផែនដី ហើយផែនដីក៏រញ្ជួយ និងអ្នកដែលនៅផែនដីក៏នាំគ្នាសោកសៅកាន់ទុក្ខ ផែនដីទាំងមូលនឹងកក្រើកឡើងដូចទឹកទន្លេ ហើយក៏ស្ងប់ទៅវិញដូចជាទន្លេដែលនៅអេស៊ីប។ 6 ព្រះអង្គសង់ព្រះដំណាក់ដ៏ខ្ពស់នៅលើស្ថានសួគ៌ ហើយព្រះអង្គដាក់លំហអាកាសនៅពីលើផែនដី។ ព្រះអង្គហៅទឹកសមុទ្រហើយចាក់ស្រោចស្រពមកលើផែនដី ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។ 7 កូនចៅអុីស្រាអែលអើយ តើយើងមិនចាត់ទុកអ្នកដូចជាជនជាតិអេត្យូពី ទេឬអី? នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់។ តើមិនមែនជាយើងដែលបាននាំជនជាតិអុីស្រាអែលចេញពីអេស៊ីប​ និងពួកភីលីស្ទីនចេញពីកាប់ថោរ ព្រមទាំងនាំជនជាតិស៊ីរីចេញពីគៀរទេឬ? 8 មើល៍! ព្រះនេត្រនៃព្រះអម្ចាស់នឹងទតមើលនគរដែលមានបាប ហើយនឹងបំផ្លាញនគរនេះឲ្យវិនាសបាត់ពីផែនដី ប៉ុន្តែយើងនឹងមិនបំផ្លាញកូនចៅលោកយ៉ាកុបទាំងអស់ទេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 9 មើល៍! យើងនឹងបញ្ជាហើយរែងពូជពង្សអុីស្រាអែលក្នុងចំណោមប្រជាជាតិទាំងអស់ ដូចគេរែងអង្ករនៅក្នុងកញ្រែ្ចង តែមិនមានគ្រាប់ថ្មតូចណាមួយធ្លាក់ដល់ដីឡើយ។ 10 អស់មនុស្សដែលមានបាបក្នុងប្រជារាស្រ្តរបស់យើងនឹងត្រូវស្លាប់ដោយមុខដាវ អ្នកទាំងនោះពោលថា ទុក្ខវេទនានឹងមិនចូលមកជិត ឬកើតមានដល់ពួកយើងឡើយ។​​ 11 នៅថ្ងៃនោះ យើងនឹងលើកទីលំនៅរបស់ដាវីឌ​​ដែលបាន ដួលរលំនោះឡើងវិញ និងជួសជុលកន្លែងធ្លុះធ្លាយឲ្យជិត។ យើងនឹងលើកកន្លែងដែលខូចបង់ឡើង ហើយសង់ខ្ទមនោះឲ្យបានល្អដូចដើមវិញ។ 12 ដើម្បីឲ្យជនជាតិអុីស្រាអែលចាប់យកអេដុមដែលនៅសល់ និងទឹកដីបស់ប្រជាជាតិទាំងអស់ ដែលជាកម្មសិទ្ធរបស់យើងកាលពីដើម នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដែលព្រះអង្គបានធ្វើការទាំងនេះ។ 13 ព្រះអម្ចាស់មានព្រះបន្ទូលថា មើល៍! ថ្ងៃនោះជិតមកដល់ហើយ កាលណាគេច្រូតស្រូវរួចរាល់ហើយនោះអ្នកភ្ជូររាស់នឹងមកភ្ជូរភ្លាម ហើយអ្នកដែលជាន់ផ្លែទំពាំងបាយជូរនឹងតាមទាន់អ្នកដែលសាបព្រោះពូជ។ ទឹកទំពាំងបាយជូរនឹងហូរស្រក់តាមភ្នំធំៗ​ ហើយអស់ទាំងភ្នំតូចៗ ក៏នឹងហូរមកដែរ។ 14 យើងនឹងនាំប្រជាជនអុីស្រាអែល ជាប្រជារាស្រ្តរបស់យើងដែលជាប់ជាឈ្លើយឲ្យមកវិញ។ ពួកគេនឹងសង់ទីក្រុងដែលខូចទាំងប៉ុន្មានឡើងវិញដើម្បីស្នាក់នៅ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ ពួកគេធ្វើចម្ការហើយក៏បរិភោគផលផ្លែពីចម្ការនោះដែរ។ 15 យើងនឹងឲ្យពួកគេរស់នៅលើទឹកដីរបស់ខ្លួន ហើយគ្មាននរណាអាច បណ្តេញពួកគេចេញពីទឹកដី ដែលយើងបានប្រគល់ឲ្យទៅពួកគេបានឡើយ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។