ជំពូក ៨

1 នេះគឺជាអ្វីដែលព្រះអម្ចាស់ជាព្រះបានបង្ហាញខ្ញុំ។ មើល៍! មានកន្ត្រក់មួយពេញដោយផ្លែឈើនៅរដូវក្តៅ! 2 ព្រះអង្គមានព្រះបន្ទូលថា «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំក៏ទូលទៅព្រះអង្គថា «មានកន្រ្តក់មួយពេញដោយផ្លែឈើនៅរដូវក្តៅ»។ រួចព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «ចុងបញ្ចប់បានមកដល់ប្រជាជនអុីស្រាអែល ដែលជារាស្ត្ររបស់យើង យើងនឹងមិនអធ្យាស្រ័យឲ្យគេទៀតទេ។ 3 នៅថ្ងៃនោះ បទចម្រៀងដែលច្រៀងនៅក្នុងវិហារហ្លួង និងត្រឡប់ជាសម្រែកទ្រហោយំ មានសាកសពជាច្រើននឹងត្រូវគេបោះចោលនៅកន្លែងស្ងាត់ជ្រងំគ្រប់ទីកន្លែង!» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 4 ចូរស្តាប់ចុះ អស់អ្នកណាដែលជិះជាន់មនុស្សកម្សត់ ហើយធ្វើឲ្យអ្នកក្រីក្រចេញពីទឹកដី។ 5 ពួកគេនិយាយថា «តើពេលណាទើបផុតបុណ្យចូលខែថ្មី ដើម្បីឲ្យយើងបានលក់ស្រូវ? តើពេលណាទើបផុតបុណ្យសប្ប័ទ ដើម្បីឲ្យយើងបានលក់ភោជ្ជសាលី? យើងនឹងបង្រួមរង្វាស់ឲ្យតូចហើយដំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេដោយបំបាត់ភ្នែកជញ្ជីងទៀតផង។ 6 អ្នករាល់គ្នាបានទិញមនុស្សក្រីក្រដោយប្រាក់ និងមនុស្សកម្សត់ ដោយស្បែកជើងមួយគូរ សូម្បីតែអង្កាមក៏អ្នករាល់គ្នាលក់ដែរ»។ 7 ព្រះអម្ចាស់បានស្បថដោយអំនួតរបស់លោកយ៉ាកុបថា «ប្រាកដណាស់ យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយដែលគេបានប្រព្រឹត្តឡើយ»។ 8 តើនឹងមិនមានរំញ្ជួយផែនដី ហើយគ្រប់គ្នាដែលរស់នៅលើផែនដី តើមិនកាន់ទុក្ខទេឬ? ផែនដីទាំងមូលនឹងកក្រើកឡើងដូចជាទន្លេនីល រួចក៏ស្ងប់ទៅវិញ ដូចទន្លេនៅអេស៊ីបដែលជន់ឡើងរួចក៏ស្រកទៅវិញ។ 9 ការទាំងនោះនឹងកើតឡើងនៅពេលថ្ងៃ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ យើងនឹងធ្វើឲ្យមានព្រះអាទិត្យលេចបាត់ នៅពេលថ្ងៃត្រង់ ហើយធ្វើឲ្យផែនដីងងឹតសូន្យនៅពេលមេឃស្រឡះ 10 យើងនឹងធ្វើឲ្យពិធីបុណ្យរបស់អ្នក ត្រឡប់ទៅជាពិធីកាន់ទុក្ខ ហើយបទចម្រៀងរបស់អ្នក ត្រឡប់ទៅជាពាក្យទំនួញវិញ។ យើងនឹងធ្វើឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ និងកោសក់ផង។ យើងនឹងធ្វើឲ្យមានការកាន់ទុក្ខ ដូចគេកាត់ទុក្ខកូនតែមួយ ហើយនៅថ្ងៃចុងបញ្ចប់អ្នករាល់គ្នាស្គាល់តែភាពល្វីងជូរចត់។ 11 ព្រះអម្ចាស់ ជាព្រះមានព្រះបន្ទូលថា មើល៍! ថ្ងៃនោះនឹងមកដល់ យើងនឹងបញ្ជូនការអត់ឃ្លានឲ្យដល់ទឹកដីអ្នក មិនមែនជាការអត់ឃ្លានខាងអាហារ ឬស្រែកទឹកនោះទេ គឺជាការស្រែកឃ្លានដែលមិនបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់។ 12 ពួកគេនឹងដើរចុះឡើងពីសមុទ្រម្ខាងទៅសមុទ្រម្ខាង ហើយនឹងរត់ពីទិសខាងជើង រហូតដល់ទិសខាងកើត ដើម្បីស្វែងរកព្រះបន្ទូលនៃព្រះអម្ចាស់ តែពួកគេរកមិនឃើញឡើយ។ 13 នៅថ្ងៃនោះ ក្រមុំស្អាតៗ និងកំលោះៗនឹងអស់កម្លាំងដោយសារស្រែកទឹក។ 14 អស់អ្នកដែលស្បថដោយអំពើបាបរបស់សាម៉ារី នោះគេនឹងដួលស្លាប់ហើយក្រោកឡើងវិញមិនរួចឡើយ»។