ជំពូក ១

1 ជូនចំពោះ​លោក​ថេវភីល ក្នុង​សៀវភៅ​ទី​មួយ​ដែលខ្ញុំ​បានសរសេរ ប្រាប់ពី​អ្វីៗទាំងអស់ដែល​ព្រះយេស៊ូបាន​ចាប់ផ្ដើមធ្វើ ហើយ​​​បង្រៀនកន្លងមក 2 រហូត​ដល់​ថ្ងៃ​​​ដែលព្រះអង្គឡើង​ទៅ​ស្ថានសួគ៌ ​បន្ទាប់​ពី ​ព្រះអង្គ​បាន​បង្គាប់តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធទៅដល់​ក្រុម​សាវក​ ដែល​ព្រះអង្គ​បាន​ជ្រើស​រើស។ 3 បន្ទាប់ពី ព្រះអង្គបានរងទុក្ខ​លំបាក ព្រះអង្គបាន​បង្ហាញថា​ ទ្រង់នៅមានព្រះជន្មរស់ដល់ពួកគេ ជាមួយភស្តុតាងបញ្ជាក់ជាច្រើនផង។ ដិ្បត អស់រយៈពេល​សែសិប​ថ្ងៃ ព្រះអង្គបានបង្ហាញដល់ពួកគេ ហើយព្រះអង្គមានព្រះបន្ទូល​អំពី​ព្រះរាជ្យនៃព្រះជាម្ចាស់​។ 4 នៅពេលព្រះអង្គបានជួបជុំជាមួយពួកគេ​ ទ្រង់ក៏បង្គាប់ពួកគេមិនឲ្យចាកចេញ​ពី​ក្រុង​យេរូសាឡិម​ឡើយ ប៉ុន្តែត្រូវ​រង់ចាំសេចក្តី​សន្យា​របស់​ព្រះបិតា ពីអ្វីដែលព្រះអង្គបានមានបន្ទូលថា៖ ​«អ្នក​រាល់​គ្នាបានឮពីខ្ញុំ​ហើយ 5 គឺលោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជដោយ​ទឹក ប៉ុន្តែអ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​វិញ នៅក្នុងប៉ុន្មានថ្ងៃទៀត»។ 6 នៅពេលពួកគេ​បានប្រជុំគ្នា ពួកគេទូល​សួរ​ព្រះអង្គថា៖ «​ព្រះអម្ចាស់អើយ តើ​នេះគឺជាពេល ដែលព្រះអង្គ​នឹង​ស្តារព្រះរាជ្យដល់អ៊ីស្រាអែល​ឡើង​វិញ​ឬ?​» 7 ព្រះអង្គមានព្រះបន្ទូលទៅពួកគេថា៖ «អំពីពេលវេលា ឬរដូវកាលដែលព្រះបិតាបានកំណត់ដោយសិទ្ធិ​អំណាច​ព្រះអង្គ​ផ្ទាល់​ នោះអ្នករាល់គ្នាមិនចាំបាច់ត្រូវដឹងទេ។ 8 ប៉ុន្តែអ្នក​រាល់​គ្នា​នឹង​ទទួល​អំណាច​ នៅពេល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធយាង​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយអ្នក​រាល់​គ្នា​នឹង​ធ្វើ​​បន្ទាល់​ពី​ខ្ញុំ ទាំងនៅ​ក្នុង​ក្រុង​យេរូសាឡិម នៅក្នុង​​ស្រុកយូដា​ និង​​សាម៉ារីទាំង​មូល ព្រមទាំងរហូត​ដល់​ចុងបំផុតផែនដីផង»។ 9 នៅពេលព្រះអម្ចាស់យេស៊ូ​បានមាន​ព្រះបន្ទូល​​សេចក្តីទាំងនេះ ​នៅពេលពួកគេកំពុងតែមើលទៅខាងលើ ព្រះអង្គ​ត្រូវបាន​លើ​ឡើង ហើយមាន​ពពក​មក​បាំង​ព្រះអង្គ​ចេញពី​ភ្នែករបស់ពួក​គេ។​ 10 កាលដែល​ពួក​គេ​កំពុង​តែ​សម្លឹង​មើល​ទៅ​សា្ថានសួគ៌យ៉ាងយកចិត្តទុកដាក់ នៅពេលដែលព្រះអង្គ​យាង​ឡើង​ទៅ​ រំពេចនោះ ​មាន​បុរស​ពីរ​នាក់​ស្លៀក​​ពាក់​សឈរនៅជិតពួកគេ​។ 11 ពួកគេនិយាយ​ថា៖ «អ្នក​ស្រុក​កាលីឡេ​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​​មើល​ទៅ​ស្ថានសួគ៌ដូច្នេះ? ព្រះយេស៊ូ​ដែលត្រូវបានលើកឡើងពីអ្នករាល់គ្នាទៅស្ថានសួគ៌ នឹងត្រឡប់មកវិញក្នុងសភាពដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញព្រះអង្គ​យាង​ឡើង​ទៅ​ស្ថានសួគ៌​ដែរ»។ 12 បន្ទាប់មក ពួក​បាន​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវទៅ​ក្រុង​យេរូសាឡិម​វិញ ដែលនៅជិតក្រុងយេរូសាឡិម ជាដំណើរនៅថ្ងៃសប្ប័ទ។ 13 នៅពេលពួកគេបានមកដល់ហើយ ពួកកេបានឡើងទៅបន្ទប់​ខាង​លើជា​កន្លែង​ដែលពួក​គេ​ធ្លាប់​ស្នាក់​នៅ។ មានដូចជា ​លោក​ពេត្រុស លោក​យ៉ូហាន លោក​យ៉ាកុប លោក​អនទ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូឡូមេ លោក​ម៉ាថាយ លោក​យ៉ាកុប​ជា​កូន​លោក​អាល់ផាយ លោក​ស៊ីម៉ូន​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​លោក​យ៉ាកុប។ 14 ពួក​គេ​ទាំងអស់គ្នារួម​ចិត្ត​គំនិត​គ្នាតែមួយ ក្នុងសេចក្តីឧស្សាហ៍បន្តអធិស្ឋាន។ ក៏មានទាំងពួកស្រីៗដែរ មាន​នាង​ម៉ារីជា​ម្តាយ​របស់​ព្រះយេស៊ូ ហើយក៏​មាន​បង​ប្អូន​របស់​ព្រះអង្គ​ផង​ដែរ។ 15 នៅពេលនោះ លោក​ពេត្រុសបាន​​ឈរ​ឡើង ​នៅ​កណ្ដាលចំណោម​​បង​ប្អូន​ដែលមានគ្នា១២០នាក់ ​​ហើយ​មានប្រសាសន៍ថា៖ 16 «បងប្អូនអើយ! ពិតជាសំខាន់ណាស់ដែលបទ​គម្ពីរសម្រេច ដូចដែលព្រះវិញ្ញាណ​បាន​ថ្លែង​ទុក​ជា​មុន តាម​រយៈ​ព្រះឱស្ឋរបស់ព្រះបាទ​ដាវីឌទាក់ទងនឹងលោក​យូដាស ដែលបាន​នាំ​គេ​មក​ចាប់​ព្រះយេស៊ូ។ 17 ដ្បិតលោកយូដាស​ជាម្នាក់នៅក្នុងក្រុម​របស់​យើង ហើយ​ក៏បាន​ទទួល​ចំណែក​នៅក្នុងព័ន្ធកិច្ច​​ដែរ»។ 18 (ឥឡូវនេះ បុរសម្នាក់នេះបានទិញដីចម្ការមួយកន្លែងដោយប្រើ​ប្រាក់​ដែលគាត់បានទទួលមកពី​អំពើ​អាក្រក់របស់គាត់​ ហើយគាត់បាន​ដួល​ផ្កាប់​មុខ​ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅនៅទីនោះ។ 19 អស់អ្នកដែលរស់នៅ​ក្រុង​យេរូសាឡិម​ដឹង​រឿង​នេះ​ផងដែរ ដូច្នេះ ​គេបាន​ហៅ​ចម្ការ​នោះតាម​ភាសា​របស់​គេ​ថា៖ «អាកិលដាម៉ា» ដែល​មាន​ន័យ​ថា៖ «ចម្ការ​ឈាម»)។ 20 «ដ្បិតមានសេចក្តីចែកទុកនៅក្នុង​កណ្ឌគម្ពីរ​ទំនុកតម្កើង​​ថា៖ «ចូរ​ឲ្យចម្ការ​របស់​គេក្លាយ​ទៅ​ជា​ទី​ចោលស្ងាត់​ជ្រងំ ហើយ សូម្បីតែមនុស្សម្នាក់រស់នៅទីនោះក៏គ្មានផង» ​«ចូរ​ឲ្យម្នាក់​ទៀត​ជំនួសតំណែងនៃការដឹកនាំ​របស់​គាត់»។ 21 ដូច្នេះ វាគឺជាការចាំបាច់ ដែលបុរសម្នាក់នៅក្នុងចំណោមយើង ដែលបានចូលរួមជាមួយយើង ដែលគ្រប់ពេលព្រះអម្ចាស់យេស៊ូបានយាងចេញ ហើយចូលមកក្នុងចំណោមយើង 22 ចាប់តាំងពីពិធីជ្រមុជលោកយ៉ូហាន រហូត​ដល់​ថ្ងៃដែលត្រូវបានលើកឡើងចេញពីយើង ត្រូវធ្វើ​បន្ទាល់​អំពីការ​រស់​ឡើង​វិញរបស់ព្រះអង្គជាមួយយើង»។ 23 ពួកគេ​បាន​នាំ​បុរសពីរ​នាក់​មក គឺលោក​យ៉ូសែប ដែលហៅ​ថាបារ​សាបាស​ផង និងយូស្ទូសផង​ និង​លោក​ម៉ាត់ធាស។ 24 ពួកគេបាន​អធិស្ឋាន​ដោយនិយាយថា៖ «ឱ​ព្រះអម្ចាស់អើយ! ព្រះអង្គ​ជ្រាប​ដួងចិត្ត​​របស់​មនុស្ស​ទាំង​អស់ ដូច្នេះ សូម​បង្ហាញដល់អ្នកពីរនាក់នេះ តើព្រះអង្គ​ជ្រើស​រើស​អ្នក​ណា 25 ដើម្បី​ជំនួស​នៅក្នុងព័ន្ធកិច្ច និងមុខងារជាសាវកនេះ ​ដោយសារលោកយូដាសបានធ្វើខុសហើយបានទៅ​ឯ​កន្លែង​របស់​គាត់»។ 26 ពួកគេបានចាប់​ឆ្នោត​សម្រាប់អ្នកទាំងពីរហើយឆ្នោតបានត្រូវ​លើ​លោក​ម៉ាត់ធាស ហើយ​លោកក៏ជាសមាជិក​ក្នុង​ក្រុម​សាវកទាំង​ដប់​មួយ​រូប​ដែរ។