1 នៅពេលដែលព្រះបាទអើរ៉ាត ជាស្ដេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប បានឮថាជនជតិអ៊ីស្រាអែលកំពុងតែធ្វើដំណើរតាមផ្លូវស្រុកអថារីម ស្ដេចក៏ចេញមកច្បាំងនឹងអ៊ីស្រាអែល ហើយបានចាប់ពួកគេខ្លះជាឈ្លើយ។ 2 ពួកអ៊ីស្រាអែលបានស្បថនឹងព្រះអម្ចាស់ថា៖ «ប្រសិនបើ ព្រះអង្គប្រទានឲ្យពួកយើងមានជ័យជម្នះលើជនជាតិនេះ នោះពួកយើងនឹងបំផ្លាញក្រុងទាំងប៉ុន្មានរបស់ពួកគេឲ្យខ្ទេច»។ 3 ព្រះអម្ចាស់បានស្តាប់តាមពាក្យរបស់អ៊ីស្រាអែល ហើយព្រះអង្គបានប្រទានឲ្យពួកគេមានជ័យជម្នះលើជនជាតិកាណាន។ ពួកអ៊ីស្រាអែលបានបំផ្លាញពួកគេ និងទីក្រុងទាំងឡាយរបស់ពួកគេអស់។ 4 ពួកអ៊ីស្រាអែលបានធ្វើដំណើរពីភ្នំហោរតាមផ្លូវទៅសមុទ្រកក់ដើម្បីវាងស្រុកអេដុម ប៉ុន្ដែ នៅតាមផ្លូវប្រជាជនបាក់ទឹកចិត្តជាខ្លាំង។ 5 ពេលនោះប្រជាជនក៏និយាយប្រឆាំងនឹងព្រះអម្ចាស់ និងលោកម៉ូសេដោយពោលថា៖ «ហេតុអ្វីបានជាអ្នកនាំពួកយើងចេញមកពីស្រុកអេស៊ីបឲ្យស្លាប់នៅទីរហោស្ថានដូច្នេះ? នៅទីនេះគ្មាននំប៉័ង គ្មានទឹក ហើយពួកយើងធុញនឹងអាហារដ៏គម្រក់នេះណាស់»។ 6 នោះ ព្រះអម្ចាស់បានបញ្ជូនពស់ពិសមកក្នុងចំណោមប្រជាជន។ ពស់បានចឹកប្រជាជន ហើយប្រជាជនជាច្រើននាក់បានស្លាប់។ 7 ប្រជាជនបានមកជួបលោកម៉ូសេហើយនិយាយថា៖ «ពួកយើងបានធ្វើបាប ពីព្រោះពួកយើងបាននិយាយប្រឆាំងនឹងព្រះអម្ចាស់ និងលោក។ សូមលោកអធិស្ឋានដល់ព្រះអម្ចាស់ សូមព្រះអង្គយកពស់ទាំងនេះចេញឲ្យឆ្ងាយពីពួកយើងទៅ»។ ដូូច្នេះ លោកម៉ូសេក៏បានអធិស្ឋានសម្រាប់ប្រជាជន។ 8 ព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «ចូរធ្វើពស់មួយ ហើយដាក់នៅលើបង្គោល។ អស់អ្នកណាដែលត្រូវពស់ចឹក បានមកមើលពស់នោះ គេនឹងមិនស្លាប់ទេ»។ 9 ដូច្នេះ លោកម៉ូសេបានធ្វើពស់ពីពីលង្ហិន ហើយយកវាទៅដាក់នៅលើបង្គោលមួយ។ នៅពេលពស់ចឹកនរណាម្នាក់ ប្រសិនបើ គេបានសម្លឹងមើលពស់លង្ហិននោះ គេមិនស្លាប់ឡើយ។ 10 កូនចៅអ៊ីស្រាអែលក៏បានបន្តធ្វើដំណើរទៀត ហើយបានទៅបោះជំរំនៅអូបូត។ 11 ពួកគេបានធ្វើដំណើរពីទីនោះទៅបោះជំរំនៅអីយេអាបារីមក្នុងទីរហោរស្ថាន ដែលជាប់ព្រំប្រទល់ខាងកើតស្រុកម៉ូអាប់។ 12 ហើយពួកគេបានធ្វើដំណើរចេញពីទីនោះ ទៅបោះជំរំនៅជ្រលលងភ្នំសេរេឌ។ 13 បន្ទាប់មក ពួកគេបានធ្វើដំណើរចេញពីទីនោះទៀត ទៅបោះជំរំនៅត្រើយម្ខាងស្ទឹងអើណូន ជាស្ទឹងដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមទីរហោស្ថាន។ ស្ទឹងអើណូនបង្កើតបានជាព្រំប្រទល់របស់ស្រុកម៉ូអាប់ គឺជាព្រំប្រទល់រវាងស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។ 14 ហេតុនេះហើយបានជាមាននិយាយនៅក្នុងសៀវភៅសង្គ្រាមរបស់ព្រះអម្ចាស់ពី៖ «ស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និងជ្រលងភ្នំអើណូន 15 ព្រមទាំងជម្រាលភ្នំដែលលជ្រាលទៅក្រុងអើរ ហើយចុះទៅរហូតដល់ព្រំប្រទល់ស្រុកម៉ូូអាប់»។ 16 ពួកគេបានធ្វើដំណើរចេញពីទីនោះ ទៅបោះជំរំនៅប្អៀរ គឺត្រង់អណ្ដូងទឹកដែលព្រះអម្ចាស់បានមានបន្ទូលទៅលោកម៉ូសេថា៖ «ចូរប្រមូលកូនចៅអ៊ីស្រាអែលមក យើងនឹងឲ្យទឹកពួកគេផឹក»។ 17 បន្ទាប់មក ពួកកូនចៅអ៊ីីស្រាអែលបានច្រៀងចម្រៀងថា៖ 18 «អណ្ដូងអើយ! ចូរផុសទឹកចេញមក! ចូរយើងច្រៀងអំពីអណ្ដូងនោះ។ ជាអណ្ដូងដែលអ្នកដឹកនាំរបស់យើងបានជីក ជាអណ្ដូងដែលពួកអ្នកត្រកូលខ្ពស់បានជីក ដោយដំបងរាជ និងដំបងរបស់ពួកគេ»។ បន្ទាប់មក ពួកគេបានធ្វើដំណើរពីទីរហោស្ថានទៅដល់ម៉ាថាណា។ 19 ពីម៉ាណាថា ពួកគេបានធ្វើដំណើរទៅដល់ណាហាលាល ពីណាហាលាលទៅបាម៉ុត 20 ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់។ ទីនោះគឺជាកំពូលភ្នំពីស្កា ដែលមើលទៅឃើញទីរហោស្ថាន។ 21 បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានបានចាត់អ្នកនាំសារទៅព្រះបាទស៊ីហុនស្ដេចជនជាតិអាម៉ូរី ឲ្យទូលស្ដេចថា៖ 22 «សូមអនុញ្ញាតឲ្យយើងខ្ញុំដើរឆ្លងកាត់ស្រុករបស់ព្រះអង្គផង។ ពួកយើងនឹងមិនងាកមើលស្រែ ឬចម្ការទំពាំងបាយជូរទេ។ ពួកយើងក៏មិនផឹកទឹកពីអណ្ដូងរបស់ព្រះអង្គដែរ គឺពួកយើងនឹងដើរតាមផ្លូវធំរបស់ស្ដេច រហូតទាល់តែពួកយើងបានដើរផុតព្រំប្រទល់ស្រុករបស់ព្រះអង្គ។ 23 ប៉ុន្តែព្រះបាទស៊ីហុនមិនអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលដើរឆ្លងកាត់ព្រំស្រុករបស់ខ្លួនទេ។ លើសពីនោះទៀត ព្រះបាទស៊ីហុនបានប្រមូលកងទ័ពទាំងអស់របស់ព្រះអង្គទៅវាយប្រហារជនជាតិអ៊ីស្រាអែលនៅទីរហោស្ថាន។ ស្ដេចបានមកច្បាំងនឹងជនជាតិអ៊ីស្រាអែលនៅត្រង់យ៉ាហាស់។ 24 ជនជាតិអ៊ីស្រាអែលបានវាយប្រហារកងទ័ពរបស់ព្រះបាទស៊ីហុនដោយមុខដាវ ហើយដណ្ដើមយកស្រុករបស់ពួកគេចាប់ពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក គឺមកដល់ស្រុករបស់ជនជាតិអាំម៉ូន រីឯព្រំប្រទល់របស់ជនជាតិអាំម៉ូន មានកំពែងរឹងមាំណាស់។ 25 ដូច្នេះ ជនជតិអ៊ីស្រាអែលវាយយកបានទីក្រុងទាំងអស់របស់ជនជាតិអាម៉ូរី ហើយបានរស់នៅក្នុងក្រុងទាំងនោះ រួមទាំងក្រុងហែសបូន និងភូមិទាំងអស់របស់ក្រុងនោះផង។ 26 ក្រុងហែសបូន គឺជាទីក្រុងរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី ដែលបានច្បាំងនឹងស្ដេចមុនរបស់ជនជាតិម៉ូអាប់។ ព្រះបាទស៊ីហុន បានវាយដណ្ដើមយកទឹកដីរបស់ស្ដេចនោះរហូតដល់ស្ទឹងអើណូន។ 27 ហេតុនេះហើយបានជាមានពួកអ្នកសរសេរកកំណាព្យបានសរសេរថា៖ «ចូរមកក្រុងហែសបូន! ចូរសង់ទីក្រុងរបស់ព្រះបាទស៊ីហុនឡើងវិញ ចូរសង់ទីក្រុងនេះម្ដងទៀត! 28 បន្ទាប់ពីមានភ្លើងឆេះពីក្រុងហែសបូន អណ្ដាតភ្លើងពីទីក្រុងរបស់ព្រះបាទស៊ីហុនដែលឆេះបំផ្លាញក្រុងអើររបស់ស្រុកម៉ូអាប់ និងម្ចាស់នៃទីខ្ពស់ៗរបស់ស្ទឹងអើណូន។ 29 ជនជាតិម៉ូអាប់អើយ! អ្នកវេទនាហើយ! ប្រជាជនរបស់ព្រះកេម៉ូសអើយ! អ្នកវិនាសហើយ។ ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួនរត់ភៀសខ្លួន ហើយកូនស្រីរបស់ខ្លួនត្រូវក្លាយជាអ្នកទោសរបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី។ 30 ប៉ុន្តែ ពួកយើងមានជ័យជម្នះលើព្រះបាទស៊ីហុន។ ក្រុងហែសបូនត្រូវវិនាសរហូតដល់ឌីបូន។ យើងបានកម្ទេចពួកគេរហូតដល់ណូផា គឺរហូតដល់មេឌីបា»។ 31 ដូច្នេះ ជនជាតិអ៊ីស្រាអែលបានរស់នៅក្នុងស្រុករបស់ជនជាតិអាម៉ូរី។ 32 បន្ទាប់មក លោកម៉ូសេបានចាត់មនុស្សឲ្យទៅអង្កេតមើលក្រុងយ៉ាស៊ើរ។ ពួកគេបានចាប់យកភូមិទាំងឡាយរបស់ក្រុងនោះ ហើយក៏បានបណ្ដេញជនជាតិអាម៉ូរីចេញពីទីនោះដែរ។ 33 បន្ទាប់មក ពួគគេបានត្រឡប់មកវិញ ហើយបានធ្វើដំណើរឡើងទៅស្រុកបាសាន។ ព្រះបាទអុក ជាស្ដេចនស្រុកបាសាន បានលើកទ័ពចេញមកច្បាំងនឹងពូកគេនៅអេទ្រី។ 34 ពេលនោះព្រះអម្ចាស់បានមានបន្ទូលមកលោកម៉ូសេថា៖ «កុំខ្លាចគេឡើយ! ដ្បិត យើងបានឲ្យអ្នកមានជ័យជម្នះលើស្ដេចនេះហើយ ហើយក៏ប្រគល់កងទ័ពទាំងអស់របស់គេ និងស្រុករបស់គេឲ្យអ្នកដែរ។ ចូរប្រព្រឹត្តចំពោះគេ ដូចដែលបានប្រព្រឹត្តចំពោះព្រះបាទស៊ីហុន ស្ដេចរបស់ជនជាតិអាម៉ូរីនៅក្រុងហែសបូនដែរ។ 35 ដូចេ្នះ ពួកគេបានសម្លាប់ស្ដេចនោះ និងកូនៗរបស់ស្ដេច ព្រមទាំងកងទ័ពរបស់ស្ដេចទាំងអស់ចោល គឺគ្មាននរម្នាក់នៅរស់ឡើយ។ ហើយជនជាតិអ៊ីស្រាអែលបានចាប់យកស្រុកនោះ។